សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់មួយចំនួនរបស់គណបក្សសង្គ្រោះជាតិ សំដែងការឈឺចាប់ជាខ្លាំង ចំពោះការប្លន់យកតំណែងរបស់ពួកគាត់ ពីរបបក្រុងភ្នំពេញ ដែលបានរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងមកនេះ។ ពួកគាត់សោកស្ដាយណាស់ ដែលមិនបានបម្រើរាស្ត្រ និងចាត់ចែងការអភិវឌ្ឍន៍ឃុំសង្កាត់ តាមការចង់បានរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រឆាំង កាលពី ៣ឆ្នាំមុន។
ចៅសង្កាត់ និងមេឃុំ ព្រមទាំងសមាជិកនៃក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅភៀសខ្លួននៅក្រៅប្រទេស បង្ហាញជំហររឹងមាំ និងប្តេជ្ញាតស៊ូ ជាមួយប្រជាពលរដ្ឋខ្មែរ នៅក្នុងប្រទេស ដើម្បីទទួលបានការអភិវឌ្ឍន៍ ពិតប្រាកដនៅកម្ពុជា នៅថ្ងៃអនាគត។ ការប្ដេជ្ញា របស់ក្រុមប្រឹក្សាឃុំសង្កាត់ទាំងនេះ ធ្វើឡើងនៅចំថ្ងៃទី៤ ខែមិថុនា ដែលជាខួបលើកទី៣ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំ២០១៧ កន្លងមកនេះ។
ចៅសង្កាត់សាលាកំរើក នៅខេត្តសៀមរាប លោក ជិន សុខង៉េង បានបង្ហោះសារនៅគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៤ ខែមិថុនាថា លោកនៅចាំមិនភ្លេចទេ កាលពី ៣ឆ្នាំមុន ដែលគណបក្សសង្គ្រោះបានទទួលការគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោត ពាក់កណ្ដាលប្រទេស។ ក៏ប៉ុន្តែលោកអះអាងថា ជាអកុសល គណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយគណបក្សកាន់អំណាច ដែលទង្វើនេះ គឺជាការរំលោភរដ្ឋធម្មនុញ្ញ និងឆន្ទៈរបស់ម្ចាស់ឆ្នោត៖ «ការរំលាយនេះ គឺជាការរំលោភសិទ្ធិពលរដ្ឋ រំលោករដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ ក្នុងនាមខ្ញុំ តំណាងឲ្យម្ចាស់ឆ្នោត ខ្ញុំសូមរក្សាគោលជំហររឹងមាំ ស្មោះត្រង់ជាមួយពលរដ្ឋខ្មែរ និងប្រទេសជាតិ។ ខ្ញុំនៅតែឈរជាមួយពលរដ្ឋខ្មែរ តស៊ូជាមួយគ្នា ដើម្បីលទ្ធិប្រជាធិបតេយ្យ ដើម្បីសិទ្ធិសេរីភាព ដើម្បីឲ្យពលរដ្ឋខ្មែរទទួលបានការអភិវឌ្ឍន៍ពិតប្រាកដ »។
កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ខែមិថុនា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិទទួលបាន អាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់សរុបចំនួន ៥.០០៧អាសនៈ ក្នុងនោះតំណែងជាមេឃុំ និងចៅសង្កាត់ទទួលបានជាង ៥រយ (៥០០) អាសនៈ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេសសរុបចំនួន ៦ពាន់ ៥រយ ៣ អាសនៈ (៦.៥០៣)។
ចំណែកមេឃុំឫស្សីក្រោកម្នាក់ទៀត របស់គណបក្សសង្គ្រោះជាតិ នៅក្នុងខេត្តបន្ទាយមានជ័យ អ្នកស្រី ឡាញ់ ថាវរី មានប្រសាសន៍ប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា អ្នកស្រី ឈឺចាប់ណាស់ ដែលតំណែងរបស់អ្នកស្រី ត្រូវបានដកហូតដោយអយុត្តិធម៌បែបនេះ។ អ្នកស្រីបន្តថា របបលោក ហ៊ុន សែន មានក្តីបារម្ភខ្លាចគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតដឹកនាំប្រទេស ទើបគណបក្សប្រជាជនកម្ពុជា ប្លន់យកអំណាចរបស់ក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ៖ « ខ្ញុំមានអារម្មណ៍សោកស្ដាយ នៅពេលតំណែងខ្ញុំ ត្រូវបានរំលោភបំពាន និងប្លន់ដោយគណបក្សប្រជាជនកម្ពុជា។ មានតែពលរដ្ឋទេ ដែលអាចដកតំណែងខ្ញុំបាន។ នាងខ្ញុំនៅតែតស៊ូ និងរង់ចាំគណបក្សសង្គ្រោះជាតិ រស់ឡើងវិញ ដើម្បីទៅបំរើប្រជាពលរដ្ឋខ្ញុំ ដែលបានបោះឆ្នោតគាំទ្រ និងទុកចិត្តខ្ញុំ ដឹកនាំនៅក្នុងឃុំឫស្សីក្រោក »។
ទាក់ទងនឹងការលើកឡើងរបស់មន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការរំលាយគណបក្សសង្គ្រោះជាតិនេះ គឺធ្វើឡើងដោយគោលការណ៍ច្បាប់ មិនមែនជាការរំលោភបំពានរដ្ឋធម្មនុញ្ញឡើយ។ លោកបន្តថា កាលណាគណបក្សណាមួយ ដែលត្រូវបានរំលាយ ជាស្វ័យប្រវត្តិ គឺតំណាងរាស្ត្រនិងសមាជិកគណបក្សនោះ នឹងរលាយទៅជាមួយដែរ៖ « ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា របបប្រជាធិបតេយ្យសេរីពហុបក្ស គឺប្រព័ន្ធសមាមាត្រ។ នៅពេលដែលគណបក្សណាមួយមានអាសនៈក្នុងរដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាឃុំ សង្កាត់ ពេលណាដែលគណបក្សនោះរលាយ គឺតំណែងទាំងនោះ គឺរលាយទៅឯង ពេលនោះ គេអត់គិតពីឆន្ទៈរាស្ត្រទេ គឺប្រព័ន្ធហ្នឹងវាផ្ដល់លក្ខណៈអ៊ីចឹង »។
ទោះបីជាមានការអះអាងពីមន្ត្រីគណបក្សកាន់អំណាចយ៉ាងនេះក៏ដោយ ទាំងអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងអង្គការសហប្រជាជាតិ ព្រមទាំងសហគមន៍អន្តរជាតិ បានរិះគន់ទង្វើរបស់របបក្រុងភ្នំពេញថា បានរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យធ្ងន់ធ្ងរនៅកម្ពុជា។ ទង្វើរបស់ មេដឹកនាំឯកបក្សលោក ហ៊ុន សែន នេះហើយ ដែលជាហេតុនាំឲ្យសហភាពអឺរ៉ុប សម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ដែលនឹងចាប់អនុវត្ត នៅខែសីហាខាងមុខនេះ។
កាលពីថ្ងៃទី៣ ខែមិថុនា គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសថា ការដកតំណែងរបស់ក្រុមប្រឹក្សាឃុំសង្កាត់នេះ គឺជាការបំផ្លាញឆន្ទៈប្រជាពលរដ្ឋ ការបំពានច្បាប់ និងរំលោភរដ្ឋធម្មនុញ្ញយ៉ាងកម្រោល និងឥតអៀនខ្មាស។ សេចក្ដីថ្លែងការណ៍បន្តថា ទោះបីជារបបឯកបក្សរំលាយគណបក្សសង្គ្រោះជាតិ និងដកហូតមុខតំណែងមេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងអស់ក៏ដោយ ក៏ពួកគាត់ នៅតែរក្សាឆន្ទៈស្មោះត្រង់នឹងម្ចាស់ឆ្នោត ហើយបន្តការតស៊ូលះបង់ ដោយមិនខ្លាចការគំរាមកំហែង បំភិតបំភ័យ និងការធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាពពីសំណាក់អាជ្ញាធររបបក្រុងភ្នំពេញឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។