អ្នកជាប់ឃុំបក្សប្រឆាំងមួយចំនួនរក្សាជំហរមិនសុំទោសលោក ហ៊ុន សែន ដើម្បីបាននៅក្រៅឃុំ
2023.06.01

សកម្មជនបក្សប្រឆាំងមួយចំនួន ដែលកំពុងជាប់ឃុំនៅតែរក្សាជំហររឹងមាំមិនសុំទោសលោក ហ៊ុន សែន ដើម្បីបានចេញក្រៅឃុំនោះទេ បើទោះជាមានមនុស្សចូលទៅទៅអូសទាញពួកគាត់ដល់ពន្ធនាគារឱ្យថតវីដេអូសុំទោសលោក ហ៊ុន សែន ក្ដី។ អ្នកវិភាគនយោបាយលើកឡើងថា ជំហររបស់មន្ត្រីបក្សប្រឆាំងបែបនេះ គឺជាស្មារតីច្បាស់លាស់ ដែលហ៊ានលះបង់ក្ដីសុខផ្ទាល់ខ្លួនហើយពួកគេនឹងក្លាយជាគំរូរឹងមាំដល់អ្នកនយោបាយផ្សេងទៀត។
សកម្មជនបក្សប្រឆាំង ដែលកំពុងជាប់ពន្ធនាគារប្រាប់ប្រពន្ធរបស់ពួកគាត់កុំឱ្យបារម្ភថា ពួកគាត់ឱនក្បាលសុំទោសលោក ហ៊ុន សែន បើទោះជាការសុំទោសនេះទទួលបានសេរីភាពក្ដី។ ជំហររបស់ សកម្មជនបក្សប្រឆាំង ដែលកំពុងជាប់ឃុំបែបនេះ ខណៈអ្នកទោសមនសិការជិត ៣០នាក់ បានសុំទោសលោក ហ៊ុន សែន ជាបន្តបន្ទាប់ជាថ្នូរបាននៅក្រៅឃុំជួបជុំប្រពន្ធកូនឡើងវិញ។
ប្រពន្ធរបស់សកម្មជនគណបក្សសង្គ្រោះជាតិ លោក វឿង សំណាង គឺលោកស្រី ទៀង ចិន្តា ឱ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី១ ខែមិថុនាថា នៅរយៈពេលចុងក្រោយនេះ នៅពេលលោកស្រី ទៅសួរសុខទុក្ខប្ដីនៅពន្ធនាគារ ហើយប្ដីលោកស្រីនៅតែស្មោះត្រង់ជាមួយគណបក្សសង្គ្រោះជាតិដដែល។ លោកស្រីទៀង ចិន្ដា ឱ្យដឹងថា ប្ដីលោកស្រី នៅតែរក្សាឆន្ទៈរបស់ខ្លួនគឺមិនសុំទោសលោក ហ៊ុន សែន ដើម្បីបាននៅក្រៅឃុំឡើយ។
លោកស្រី ទៀង ចិន្ដា៖ «ជំហររបស់គាត់ (លោក វឿង សំណាង) គឺនៅដដែល គាត់នៅតែតស៊ូបន្តដំណើរឆ្ពោះទៅគោលដៅដែលគាត់គិតទុក។ គាត់អត់សុំទោសដោយសារតែគាត់មានកំហុសអីអ៊ីចឹងគាត់អត់មានត្រូវការសុំទោសអីអ៊ីចឹងណា»។
ស្រដៀងគ្នានេះដែរ ភរិយាសមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ លោក កាក់ កុម្ភារ គឺលោកស្រី ព្រំ ចន្ថា ឱ្យដឹងដែរថា ប្ដីលោកស្រី នៅតែរក្សាជំហរ មិនសុំទោសដើម្បីបានទទួលបានសេរីភាពឡើយ ព្រោះប្ដីលោកស្រីបញ្ជាក់ថា ការសុំទោសលោក ហ៊ុន សែន ពេលនេះ ស្មើនឹងប្ដីលោកស្រី ទទួលស្គាល់កំហុសទាំង ដែលប្ដីលោកស្រីមិនបានប្រព្រឹត្តិខុសដូចការចោទប្រកាន់របស់តុលាការ។ លោកស្រី ព្រំ ចន្ថា ឱ្យដឹងទៀតថា នៅក្នុងពន្ធនាគារមានមនុស្សមួយចំនួន បានទៅទាក់ទងឱ្យប្ដីលោកស្រីសុំទោសលោក ហ៊ុន សែន ក្នុងនោះក៏មាន អតីតមេដឹកនាំបាតុកម្មនៅប្រទេសកូរ៉េ លោក យឹម ស៊ីណន ផងដែរ ដែលសព្វថ្ងៃ លោកជាអនុរដ្ឋលេខាធិការក្រសួងការងារ។ លោក យឹម ស៊ីណន ឡើងធំ ព្រោះលោកជាអ្នកបោះមេនាំឱ្យអ្នកជាប់ឃុំសុំទោសលោក ហ៊ុន សែន។
លោកស្រី ព្រំ ចន្ថា៖ «កាលហ្នឹងលោក យឹម ស៊ីណន គាត់ចូលទៅហ្នឹង (ពន្ធនាគារ) ហើយគាត់បានបញ្ចុះបញ្ចូលអីឱ្យពួកគាត់ចេញ ហើយគាត់ក៏បានបញ្ចុះបញ្ចូលគ្រួសារខ្ញុំដែរ តែគ្រួសារខ្ញុំអត់ទេ គឺនៅដដែល បើឱ្យដោះដូរយកសេរីភាពដោយសារតែខ្លួនមិនខុសសោះក៏ទៅអត់រួចដែរ បើសុំទោសទៅស្មើយើងខុសចា៎ គាត់ (លោក កាក់ កុម្ភារ) មិនអាចធ្វើបានទេ»។
នៅរយៈពេលចុងក្រោយនេះ មានការរៀបចំឱ្យអ្នកជាប់ឃុំជាសកម្មជនគណបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិល ធ្វើវីដេអូចេញពីពន្ធនាគារ សុំទោសលោក ហ៊ុន សែន ហើយអ្នកទាំងនោះតែងតែត្រូវបានតុលាការដោះលែង ឬត្រូវបានលោក ហ៊ុន សែន ស្នើទៅព្រះមហាក្សត្រលើកលែងពួកគេ។ គិតមកដល់ពេលនេះក្រុមអ្នកសុំទោស ដើម្បីបានរួចខ្លួនទាំងនោះមានជិត៣០នាក់ហើយ។ អ្នកខ្លះមិនត្រឹមសុំទោសយករួចខ្លួនទេ ប៉ុន្តែ ថែមទាំងត្រូវបានបង្ខំសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានការងារក្នុងក្របខ័ណ្ឌរដ្ឋ ឬតួនាទីក្នុងជួររដ្ឋាភិបាល។
ជុំវិញរឿងនេះ អ្នកវិភាគនយោបាយជើងចាស់ លោកបណ្ឌិត ឡៅ ម៉ុងហៃ សរសេរឌឺដងតាមហ្វេសប៊ុករបស់លោកថា ថ្មីៗ នេះ ដូចឃើញគុកជាមជ្ឈមណ្ឌលកែប្រែដ៏មានប្រសិទ្ធភាព។ លោកបន្តទៀតថា អ្នកជាប់ឃុំឃាំងខ្លះនៅទីនោះបានកែប្រែមែន។
ឆ្លើយតបរឿងនេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា គណបក្សប្រជាជនកម្ពុជា មិនបានរៀបចំឱ្យអ្នកជាប់ឃុំរូបណាសុំទោសលោក ហ៊ុន សែន ឡើយ។ លោកអះអាងទៀតថា ការសុំទោសលោក ហ៊ុន សែន ជាទឹកចិត្តរបស់អ្នកជាប់ឃុំដឹងខ្លួនខុស ក៏សុំទោស ហើយលោក ហ៊ុន សែន តែងតែសន្ដោសប្រណីដល់អ្នកខុសទាំងនោះ។
លោក សុខ ឥសាន៖ «ការលើកលែងទោស ឬបន្ធូរបន្ថយ ឱ្យទណ្ឌិត ឬជនជាប់ចោទរបស់ប្រមុខរាជរដ្ឋាភិបាល មិនមែនជាការខុសអីទេ បាទ! ហើយបើអ្នកណាថា ខុសអ្នកជាប់គុកកុំសុំទោសទៅ អត់មានការលើកលែងទោសទេ សុខចិត្តនៅជាប់តទៅទៀតទៅ»។
ទោះយ៉ាងណាក្ដី ទន្ទឹមនឹងមានអ្នកជាប់ឃុំសុំទោសលោក ហ៊ុន សែន ជាថ្នូរ ដើម្បីទទួលបានសេរីភាពបែបនេះ ក៏មានអ្នកឃុំមួយចំនួនទៀតបន្តភាពរឹងមាំរបស់ខ្លួនដែរ។
អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា អ្នកជាប់ឃុំដែលមិនសុំទោសលោក ហ៊ុន សែន គឺអ្នកតស៊ូដ៏រឹងប៉ឹង ដើម្បីបុព្វហេតុជាតិ ដោយទ្រាំលំបាកខ្លួនឯង តែមិនប្ដូរឆន្ទៈឱនក្បាលសុំទោសលោក ហ៊ុន សែន។ លោក គឹម សុខ បន្តទៀតថា នៅក្នុងសង្គមខ្មែរសព្វថ្ងៃទាល់តែមានមនុស្សឆន្ទៈខ្ពស់បែបនេះ ទើបអាចជំរុញឱ្យប្រទេសកម្ពុជាមានការផ្លាស់ប្ដូរជាវិជ្ជមាននាពេលខាងមុខ។
លោក គឹម សុខ៖ «តម្លៃនៃអ្នកតស៊ូក្នុងបុព្វហេតុប្រទេសជាតិ ដោយឆន្ទៈ ពលិកម្ម មិនរាថយ លះបង់ខ្ពស់មិនកាត់ថ្លៃបានទេ ហើយថា តម្លៃនឹងត្រូវតបស្នងពួកគាត់យ៉ាងម៉េច គឺស្ថិតលើស្ថានភាពរបស់ប្រទេសជាតិ ហើយប្រទេសជាតិយើងនៅតែស្មុគស្មាញតម្លៃរបស់គាត់បានពីការគោរពរបស់ប្រជាពលរដ្ឋ ប៉ុន្តែ បើប្រទេសបានជោគជ័យ គឺពួកគាត់ហ្នឹងហើយ ជាចលករដ៏សំខាន់»។
អង្គការលីកាដូ ឱ្យដឹងថា មកដល់ពេលនេះ មានទោសមនសិការចំនួន ៥៦នាក់កំពុងជាប់ឃុំ ព្រោះការបំពេញការងាររបស់ពួកគេ អ្នកទាំងនោះ រួមមាន អ្នកនយោបាយ សកម្មជនដីធ្លី អ្នកការពារសិទ្ធិសហជីព និងអ្នកសារព័ត៌មានជាដើម។ ប្រពន្ធសកម្មជនបក្សប្រឆាំងលោកស្រី ព្រំ ចន្ថា ឱ្យដឹងថា មន្ត្រីស្ថានទូតប្រទេសលោកសេរីមួយចំនួនបានលើកទឹកចិត្តលោកស្រីថា ប្រទេសរបស់ពួកគេ ទម្រាំមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដូចសព្វថ្ងៃនេះ គឺមានអ្នកតស៊ូមតិច្រើនណាស់បានលះបង់ជីវិត និងសេរីភាពរបស់ខ្លួនដើម្បីឱ្យប្រទេសជាតិមានការផ្លាស់ប្ដូរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។