ពលរដ្ឋ​មួយ​ចំនួន​ប្រកាស​មិន​គាំទ្រ​រដ្ឋាភិបាល​ថ្មី​ដែល​លោក ហ៊ុន សែន ត្រៀម​បង្កើត

មាន ឫទ្ធិ
2018-08-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពេល​ប្រជុំ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៥។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពេល​ប្រជុំ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៥។
RFA

ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ប្រកាស​ថា ពួកគេ​មិន​គាំទ្រ​ការ​បង្កើត​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន នោះ​ទេ។ ពលរដ្ឋ​លើកឡើង​ថា របប​ថ្មី​នេះ​កើត​ចេញ​ពី​ការបោះឆ្នោត​ក្លែងក្លាយ ដែល​រៀបចំ​ដោយ​របប​លោក ហ៊ុន សែន ដោយ​ពុំ​មាន​បក្ស​ប្រឆាំង​ដ៏​ធំ​ជាងគេ​ចូលរួម​ប្រកួតប្រជែង ហើយ​មិន​ឆ្លុះ​បញ្ចាំ​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​ពលរដ្ឋ​នោះ​ឡើយ។ ដូច្នេះ រដ្ឋាភិបាល​បែបនេះ អាច​ដឹកនាំ​ប្រទេស​ទៅជា​របប​ផ្ដាច់ការ ដែល​នឹង​មាន​ការ​កៀប​សង្កត់ និង​បំបិទ​សិទ្ធិ​សេរី​ប្រជាពលរដ្ឋ​កាន់តែ​ខ្លាំង​ជាង​សព្វថ្ងៃ​ទៅទៀត។

ប្រជាពលរដ្ឋ​ដែល​មិន​ពេញចិត្ត​ការ​បោះឆ្នោត​កន្លង​មក​នេះ លើកឡើង​ថា ពួកគាត់​មិន​ចង់បាន​របប​ផ្ដាច់ការ​ទេ ព្រោះ​របប​នេះ​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ក្រីក្រ​ទៅ ហើយ​អ្នក​ដែល​ធូរធារ មានតែ​ពួក​អ្នកមាន​លុយ​មានអំណាច ដែល​ជា​ក្រុម​បក្សពួក​របស់​មេដឹកនាំ​ផ្ដាច់ការ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ម្នាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ សីហា ថា បើទោះបីជា​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ប្រកាស​លទ្ធផល​ឆ្នោត​បឋម​ហើយ​ក្ដី ក៏​សមាជិក​ក្នុង​គ្រួសារ​របស់​ពួកគេ​មិន​គាំទ្រ​ឲ្យ​លោក ហ៊ុន សែន បង្កើត​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ប្រទេស​បន្ត​ទៅ​ទៀត​ឡើយ ដោយសារ​ការបោះឆ្នោត​នេះ ធ្វើឡើង​មិនបាន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌​នោះ​ទេ។ពលរដ្ឋ​រូប​នេះ​អះអាង​ទៀត​ថា ពួកគេ​នឹង​នាំគ្នា​តវ៉ា​ប្រឆាំង​ប្ដូរ​ស្លាប់​ជាមួយ​របប​លោក ហ៊ុន សែន ប្រសិនបើ​បុរស​ខ្លាំង​ខាង​រំលោភ​សិទ្ធិ​មនុស្ស​រូប​នេះ​នៅតែ​រឹងទទឹង​បង្កើត​រដ្ឋាភិបាល​ថ្មី​ដោយ​មិន​រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ ដែល​មាន​គណបក្សប្រឆាំង​ចូលរួម​ប្រកួតប្រជែង​នោះ។ «»

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត អះអាង​ថា ការ​បោះឆ្នោត​កាល​ពី​ខែ​កក្កដា​នោះ មិន​អាច​ទទួល​យក​ជា​ការ​បា​នទេ ព្រោះ​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ រៀបចំ​ដោយ​របប​លោក ហ៊ុន សែន ដើម្បី​ឲ្យ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បន្ត​អំណាច​របស់​ខ្លួន​ទៅ​មុខ​ទៀត។ ពលរដ្ឋ​រូប​នេះ​បន្ថែម​ទៀត​ថា របប​លោក​ហ៊ុន សែន ដឹកនាំ​ប្រទេស​ជាង​៣០​ឆ្នាំ​ហើយ ប៉ុន្តែ​គ្រួសារ​របស់​ពួកគាត់​កាន់តែ​ក្រ​ទៅ ហើយ​រស់នៅ​គ្មាន​សិទ្ធិ​សេរីភាព​នោះ​ទេ ដូច្នេះ​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ​មិន​គាំទ្រ​ឲ្យ​របប​ផ្ដាច់ការ​បែបនេះ​ដឹកនាំ​ប្រទេស​របស់​ខ្លួន​បន្ត​ទៅ​មុខ​ទៀត​នោះ​ទេ។ «»

ឆ្លើយតប​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​ពលរដ្ឋ​ដែល​ព្រួយបារម្ភ​នេះ​ថា ជា​ក្រុម​បក្ស​ប្រឆាំង​មួយ​ចំនួន​តូច​ដែល​មិន​ដឹង​ខ្យល់​អី គឺ​មិន​អាច​យក​ជា​ការ​បាន​នោះ​ទេ ព្រោះ​មាន​ចំនួន​ពលរដ្ឋ​ជាច្រើន​លើសលប់​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​របស់​ខ្លួន​ដឹកនាំ​ប្រទេស​ទៅ​ហើយ។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូប​នេះ​អះអាង​ទៀត​ថា គណបក្ស​របស់​ខ្លួន​ដឹកនាំ​ប្រទេស ដើរ​នៅ​លើ​ផ្លូវ​ត្រូវ ហើយ​ធ្វើ​ឲ្យ​សង្គមជាតិ​រីកចម្រើន​ទៅវិញ​ទេ។ «»

លោក ហ៊ុន សែន គ្រោង​បង្កើត​រដ្ឋាភិបាល​ថ្មី​ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​ដោយ​គ្មាន​គណបក្សប្រឆាំង​ដ៏​ធំ​ជាងគេ​ចូលរួម​ប្រកួត​នោះ នៅ​ដើមខែ​កញ្ញា ឆ្នាំ​២០១៨ ហើយ​រដ្ឋាភិបាល​ថ្មី​នេះ មាន​គណៈរដ្ឋមន្ត្រី​ប្រមាណ​៣០​នាក់ ហើយ​មាន​ឋានៈ​ចាប់ពី​រដ្ឋមន្ត្រី​ដល់​នាយករដ្ឋមន្ត្រី ចំណែក​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​នីមួយៗ មិន​បាន​រាប់​បញ្ចូល​ដូច​កាលពីមុន​នោះ​ទេ ហើយ​មន្ត្រី​ទាំងនេះ​នឹង​ត្រូវ​តែងតាំង​ផ្សេង​ដាច់ដោយឡែក ក្រោយពី​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​រួច។

ប៉ុន្តែ​ប្រជាពលរដ្ឋ​ខេត្ត​កណ្ដាល​ម្នាក់ទៀត ថ្លែង​ថា ពួកគាត់​គ្មាន​សង្ឃឹមថា រដ្ឋាភិបាល​ថ្មី​នេះ​ដឹកនាំ​ប្រទេស​រីកចម្រើន​ទៅ​រួច​នោះ​ទេ ព្រោះ​អ្នក​ទាំងនោះ​ជា​មន្ត្រី​មុខ​ដដែលៗ ហើយ​កន្លងមក​សូម្បីតែ​ផ្លូវ​នៅមុខ​ផ្ទះ​របស់​ពួកគាត់ ក៏​អាជ្ញាធរ​មិន​អើពើ​ជួសជុល​ឲ្យ​បាន​ស្រួល​ផង ចុះ​ទម្រាំ​ការអភិវឌ្ឍន៍​ផ្សេងៗ​ទៀត ដូចជា​តម្លៃ​កសិផល​ចុះថោក និង​គ្មាន​ទីផ្សារ​សម្រាប់​លក់​ជាដើម តើ​មន្ត្រី​ទាំងនោះ​ដោះស្រាយ​ជូន​ពួកគាត់​យ៉ាងណា​ទៅ ព្រោះ​មន្ត្រី​ទាំងនោះ​បាន​បោក​ពួកគាត់​ជាច្រើន​អាណត្តិ​មក​ហើយ តែ​ជីវភាព​ពួកគាត់​នៅតែ​ក្រីក្រ​ដដែល។ «»

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ អះអាង​ថា កម្ពុជា​មិន​អាច​អភិវឌ្ឍ ដោយ​គ្មាន​ជំនួយ និង​កម្ចី​ពី​បរទេស​បាន​ឡើយ។

លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា បើសិនជា​របប​លោក ហ៊ុន សែន មិន​កែប្រែ​ស្ថានការណ៍ និង​វិល​មក​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​វិញ​ទេ​នោះ ប្រទេស​កម្ពុជា​នឹង​ក្លាយទៅជា​ប្រទេស​ឯកោ និង​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច ពី​សហគមន៍​អន្តរជាតិ មិន​ខុស​ពី​ប្រទេស​ផ្ដាច់ការ​មួយ​ចំនួន ដែល​អាមេរិក​ដាក់ទណ្ឌកម្ម​នោះ​ឡើយ។ «»

គិត​ត្រឹម​ថ្ងៃ​ទី៩ សីហា ទើប​តែ​មាន​រដ្ឋាភិបាល​ចំនួន ៦​ប្រទេស ដែល​ប្រកាន់​របប​កុម្មុយនិស្ត ឬ​មេដឹកនាំ​បច្ចុប្បន្ន​មាន​ចរិត​បែប​ផ្ដាច់ការ​និយម បាន​ប្រកាស​គាំទ្រ​ការបោះឆ្នោត ថ្ងៃ​ទី​២៩ កក្កដា រួមមាន រុស្សី ចិន វៀតណាម ឡាវ ហ្វីលីពីន និង​ថៃ ស្រប​ពេល​ដែល​ប្រទេស​ប្រជាធិបតេយ្យ ដែល​មាន​សេដ្ឋកិច្ច​រឹងមាំ ដូចជា សហរដ្ឋអាមេរិក សហគមន៍​អឺរ៉ុប អូស្ត្រាលី ជាដើម កំពុង​ពិចារណា​វិធានការ​ឆ្លើយតប អាច​ជា​ទណ្ឌកម្ម ឬ​បន្ថែម​ទណ្ឌកម្ម​លើ​របប​ក្រុងភ្នំពេញ ដោយសារ​ប្រទេស​ទាំងនោះ ចាត់ទុកថា របប​ក្រុងភ្នំពេញ បាន​រៀបចំ​ការបោះឆ្នោត​មិន​សេរី ត្រឹមត្រូវ និង​មិន​យុត្តិធម៌៕

ព័ត៌មាន (2)
Share

ហេង យ័ន

ពី Linz, Austria

ចំពោះលោក​ហុង លីម,ដំណាក់កាលនេះលោកមិនគួរលើកមេដឺកនាំថ្មីក្មេងមកជំនួសគណបក្សសគជទេ!ធ្វើអោយសគជបែកបាក់ខ្លាំងណាស់!
ខ្ញុំមិនមែនសមាជិកសគជទេ តែខ្ញុំគាំទ្រ!ឧ.ហ ពេលប្រទេសកំពុងកើតសង្រ្គាម,គេមិនដែលប្តូរមេទ័ពចាស់ដែលមានបទពិសោធន៍ស្គាល់ភូមិសាស្រ្ត,ដាក់ក្មេងយកទៅច្បាំងនោះទេ!

Aug 15, 2018 12:45 PM

Dan

ពី L.A.

ទោះមិនគាំទ្រក៍ហ៉ុនសែមនៅតែកាន់អំណាចដដែល ហ៊ានធ្វើអីគាត់ បានត្រឹមតែជេរគាត់តែប៉ុណ្ណឹង

Aug 15, 2018 07:11 AM

គេហទំព័រ​ទាំងមូល