អនុប្រធានគណបក្សភ្លើងទៀនលើកឡើងថា ស្ថានភាពកាត់ក្ដីរបស់តុលាការកំពូល ក្នុងសំណុំរឿងបក្សកាន់អំណាច និង គ.ជ.ប ប្ដឹងលោក ករណីបរិហារកេរ្តិ៍ គឺមានសភាពធូរស្រាលជាងការកាត់ក្ដីនៅតុលាការជាន់ទាប។ លោក សុន ឆ័យ លើកឡើងដូច្នេះ ក្រោយពីលោកចេញពីបំភ្លឺ ក្នុងសវនាការ នៅតុលាការកំពូលថ្ងៃទី១៧ ខែកុម្ភៈ។
លោក សុន ឆ័យ ឱ្យអ្នកសារព័ត៌មានដឹងក្រោយចូលបំភ្លឺនៅតុលាការកំពូលថា លោកគ្មានចេតនាមូលបង្កាច់លើគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឡើយ។ អនុប្រធានគណបក្សភ្លើងទៀន រូបនេះ នៅតែរក្សាជំហររបស់ខ្លួនថា ការរិះគន់បញ្ហាបោះឆ្នោតថ្នាក់ក្រោមជាតិកាលពីខែមិថុនា កន្លងមក មិនមែនជាការបរិហារកេរ្តិ៍គណបក្សប្រជាជនកម្ពុជា និងគ.ជ.បឡើយ។ លោក សុន ឆ័យប្រាប់តុលាការកំពូល ថា ការសម្រេចក្ដីរបស់សាលាដំបូង និងសាលាឧទ្ធរណ៍រាជធានីភ្នំពេញ កន្លងមក មិនបានគោរពសិទ្ធិបញ្ចេញមតិរបស់លោក ដែលត្រូវបានការពារដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិទេ។
លោក សុន ឆ័យ៖«ខ្ញុំមិនដែលមានមតិជាសាធារណឬក៏ក្នុងកិច្ចប្រជុំណាដែលនិយាយដៀលប្រមាថមួលបង្កាច់ចោទប្រកាន់អ្នកណាទេចុះហេតុដូចម្ដេចបានជាខ្ញុំមកចោទប្រកាន់ពេលនេះគួរតែយកមកពិចារណាហើយរឿងនេះជារឿងតវ៉ារឿងបោះឆ្នោតសុទ្ធសាធអត់មានរឿងខ្ញុំឈ្មោះប្រកែកជាមួយអ្នកណាផ្ទាល់ខ្លួនក៏អត់មានរឿងការបោះឆ្នោតហើយវាគួរតែឆ្លើយបំភ្លឺ»។
ប្រធានប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក ជីវ កេង បានសវនាការ ជំនុំជម្រះលើសំណុំរឿង បទបរិហារកេរ្តិ៍ ដែលបក្សកាន់អំណាច និង គ.ជ.ប បានប្ដឹងលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ នៅថ្ងៃទី១៧ ខែកុម្ភៈ។ គណបក្សកាន់អំណាច និង គ.ជ.ប បានប្ដឹងលោក សុន ឆ័យ ក្រោយពេល លោក សុន ឆ័យ បានរិះគន់ថា ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ កន្លងទៅថា មិនបានឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋ មានការបំភិតបំភ័យ និងលួចបន្លំសន្លឹកឆ្នោតជាដើម។ កន្លងមកតុលាការជាន់ទាបបានសម្រេចឱ្យលោក សុន ឆ័យ បង់ប្រាក់ជំងឺចិត្តទៅគណបក្សប្រជាជនកម្ពុជា ប្រមាណ១លានដុល្លារ ហើយក៏ត្រូវបង់ប្រាក់ជំងឺចិត្តមួយចំនួនទៀតទៅ គ.ជ.ប ផងដែរ ដោយតុលាការចោទប្រកាន់ថា លោក សុន ឆ័យ រិះគន់បញ្ហាបោះឆ្នោតកន្លងទៅជាការបរិហារកេរ្តិ៍ បក្សកាន់អំណាច និង គ.ជ.ប។ តុលាការបានដាក់វិធានការ រក្សាទុកផ្ទះ និងដីរបស់លោក សុន ឆ័យ ពីកន្លែងដើម្បីសងសំណងដើមបណ្ដឹង។
មេធាវីការពារក្ដីលោក សុន ឆ័យ លោកមេធាវី កែត ឃី លើកឡើងថា ប្រសិនបើតុលាការកាត់ក្ដីដោយយុត្តិធម៌ តុលាការកំពូលនឹងបង្វិលសំណុំរឿងនេះទៅសាលាឧទ្ធរណ៍កាត់ក្ដីឡើងវិញ។ លោកមេធាវីលើកឡើងទៀតថា កូនក្ដីរបស់លោកគ្មានចេតនានិយាយធ្វើឱ្យប៉ះពាល់កិត្តិយសគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប ទេ។
លោក កែត ឃី៖«ចេតនារបស់ឯកឧត្ដម សុន ឆ័យ គឺមិនមានចេតនានិយាយឱ្យប៉ះពាល់ដល់គណបក្សប្រជាជនទេ អ៊ីចឹងការដែលនិយាយដោយគ្មានចេតនាគឺមិនមែនកំហុសទេ»។
បើទោះជាសំណុំរឿងចូលដៃតុលាការកំពូលហើយក្ដី ក៏អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ចង់ឃើញបក្សកាន់អំណាចដោះស្រាយបញ្ហានេះដោយការជជែកគ្នាដដែល។
ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅតែរក្សាជំហរមិនចរចា ឬទទួលយកការសូមទោសពីលោក សុន ឆ័យ។ លោក សុខ ឥសាន ប្រកាសទុកលទ្ធភាពឱ្យតុលាការជាអ្នកសម្រេចសេចក្ដីលើរឿងនេះ។
លោក សុខ ឥសាន៖«មកដល់ពេលនេះ លែងត្រូវការសេចក្ដីសូមទោសពីជនជាប់ចោទហើយបាទ ពីព្រោះហួសពេលហើយ ពីព្រោះមុនដាក់ពាក្យប្ដឹងទៅតុលាការជំហររបស់គណបក្សប្រជាជនសុំឱ្យឯកឧត្ដម សុន ឆ័យ គាត់ទទួលស្គាល់ការពិត ហើយគាត់មិនព្រមទទួលស្គាល់ការពិតមានតែឱ្យតុលាការរកការពិតឱ្យ»។
បើទោះជាមន្ត្រីបក្សកាន់អំណាចរក្សាជំហរ ដោះស្រាយបញ្ហានេះតាមផ្លូវច្បាប់ក្ដី ប៉ុន្តែ ប្រព័ន្ធតុលាការកម្ពុជា រងការរិះគន់ថា ត្រូវបានគណបក្សប្រជាជនកម្ពុជា ប្រើជាអាវុធ ដើម្បីបង្ក្រាបបក្សប្រឆាំង ហើយតុលាការក៏តែងតែសម្រេចក្ដីទៅតាមការចង់បានរបស់លោក ហ៊ុន សែន ផងជានិច្ច។
អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស សង្កេតឃើញថា ការសម្រេចក្ដីរបស់តុលាការជាន់ទាប និងការទាសំណងជំងឺពីលោក សុន ឆ័យ កន្លងមក គឺតុលាការ ដាក់បន្ទុកធ្ងន់ធ្ងរលើលោក សុន ឆ័យ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ចង់ឃើញមានការជជែករវាងអ្នកនយោបាយ លើរឿងនេះជាជាងការយកតុលាការមកកាត់សេចក្ដីរឿងរ៉ាវអ្នកនយោបាយដូច្នេះ។
លោក កន សាវាង្ស៖ « គេហៅថា ការជជែករឿងនយោបាយថែមទៀត ដើម្បីឱ្យមានការស្ងប់ចិត្តទាំងសង្ខាងរួមទាំង គ . ជ . ប ផងដែរ ព្រោះការទារសំណងនេះមិនអាចមានការបំបិទការលើកឡើងបញ្ហា ការព្យាយាមដោះស្រាយបញ្ហា ហើយការចាស់ទុំផ្នែកនយោបាយទាំងថ្នាក់លើថ្នាក់ក្រោមឱ្យមានការចូលរួមស្មើភាពគ្នានេះជារឿងមួយ ដែលធ្វើឱ្យមានការទទួលស្គាល់ជាជាងការប្រើប្រាស់យន្តការតុលាការ»។
តុលាការកំពូលមានពេល១សប្ដាហ៍ដើម្បីសម្រេចថា នឹងរក្សាការចោទប្រកាន់របស់តុលាការជាន់ទាប ឬច្រានចោលការសម្រេចរបស់តុលាការជាន់ទាប ឬក៏បញ្ជូនសំណុំរឿងនេះទៅសាលាឧទ្ធរណ៍កាត់ក្ដីឡើងវិញ។ តុលាការកំពូលនឹងប្រកាសសាលដីកាសំណុំរឿងនាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។