អតីតប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា សម្រេចបង្កើតគណបក្សនយោបាយថ្មីមួយទៀត បន្ទាប់ពីបក្សចាស់របស់លោក ត្រូវបានលោក សួង សុភណ្ឌ យកទៅគ្រប់គ្រង នៅពេលលោកកំពុងជាប់នៅក្នុងពន្ធនាគារ។
លោក សួន សេរីរដ្ឋា ឲ្យអាស៊ីសេរីដឹងថា មានឈ្មោះពីរសម្រាប់គណបក្សថ្មីរបស់លោក ដែលនឹងត្រូវដាក់ឲ្យគណៈស្ថាបនិកបក្ស និងក្រុមប្រឹក្សានយោបាយ បោះឆ្នោតជ្រើសនៅចុងសប្ដាហ៍នេះ។ ឈ្មោះថ្មីទាំងពីនោះ ទី១ ដាក់ថា «គណបក្សខ្មែរកែទម្រង់» ហើយឈ្មោះទី២ ដាក់ថា «គណបក្សផ្ដល់អំណាចពលរដ្ឋ» ដែលស្ថិតក្រោមបាវចនារួមថា «ជាតិ ទឹកដី សេរីភាព»៖ «អ្វីដែលយើងរៀបចំធ្វើនេះ គឺដើម្បីបន្តបេសកកម្មនយោបាយទាំងអស់ ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់ក្រុមអ្នកគាំទ្រនៅក្នុងអតីតគណបក្សអំណាចខ្មែរ ដែលពីមុនយើងបានដំណើរការ។ អ៊ីចឹង ! អ្វីដែលបានបានរៀបនេះ គ្រាន់តែជាឈ្មោះនិងស្លាកសញ្ញាថ្មី ដើម្បីសុំឲ្យក្រសួងមហាផ្ទៃទទួលស្គាល់តែប៉ុណ្ណោះ តែអ្វីផ្សេងៗ ទាំងអស់គឺនៅដដែល»។
នៅសប្ដាហ៍ក្រោយនេះ លោក សួន សេរីរដ្ឋា នឹងដាក់ពាក្យស្នើសុំបង្កើតគណបក្សថ្មី ក្រោមឈ្មោះថ្មី និងស្លាកថ្មី នៅក្រសួងមហាផ្ទៃទៅតាមផ្លូវច្បាប់។
លោក សួន សេរីរដ្ឋា ត្រូវបានតុលាការចោទប្រកាន់លោក ចំនួន ៣បទល្មើស កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ គឺបទញុះញង់កុំឱ្យយោធិនស្ដាប់បង្គាប់ បទធ្វើឱ្យខូចទឹកចិត្ត និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីលោកបញ្ចេញមតិតាមហ្វេសប៊ុក (Facebook) របស់លោក កាលពីយប់ថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០១៧ នោះ ទាក់ទងនឹងការបញ្ជាកងទ័ព ឱ្យទៅត្រៀមប្រយុទ្ធនឹងកងទ័ពឡាវ។
ក្រោយមក អតីតប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ត្រូវបានដោះលែង កាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ក្រោយព្រះមហាក្សត្រ ត្រាស់បង្គាប់ឲ្យលើកលែងទោស នៅថ្ងៃដដែលនោះ បន្ទាប់ពីបានសរសេរលិខិតសុំទោសទៅលោក ហ៊ុន សែន។ ក្នុងលិខិតចុះថ្ងៃទី២៣ ខែសីហានោះ លោក សួន សេរីរដ្ឋា សុំអភ័យទោសជាលើកទីពីរ និងសោកស្ដាយនូវរាល់កំហុសឆ្គងកន្លងមក ហើយសន្យាថា លោកនឹងមិនសរសេរ ឬនិយាយអ្វីដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសជាតិ និងលោក ហ៊ុន សែន ដោយគ្មានការពិចារណាតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
