តុលាការកំពូលបានបញ្ជាក់សាជាថ្មីថា ការហាមមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន ១១៨រូប ធ្វើនយោបាយ រយៈពេលប្រាំឆ្នាំគឺផ្អែកលើមាត្រា ៤៥ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយទាំងស្រុង។
លោក ឌិត មន្ទីរ ដែលជាប្រធានតុលាការកំពូលផង និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជាផងនោះ បានចេញលិខិតបកស្រាយច្បាប់មួយកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ដែលវិទ្យុអាស៊ីទើបទទួលបានកាលពីថ្ងៃទី២៤ ខែកក្កដា បានរៀបរាប់ថា ចំណុចទី៣ នៃសេចក្ដីសម្រេចរបស់សាលដីកា តុលាការកំពូលដែលបានហាមឃាត់បុគ្គលថ្នាក់ដឹកនាំគណបក្ស នយោបាយចំនួន ១១៨រូប មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល ប្រាំឆ្នាំនោះគឺយោងទៅតាមច្បាប់ស្ដីពីគណបក្ស នយោបាយដែលមិនបានចែងរៀបរាប់ថា សកម្មភាពអ្វីខ្លះដែលចាត់ទុកថាជាសកម្មភាពនយោបាយនោះទេ។
លិខិតដដែលបន្តថា តុលាការកំពូលមិនអាចបកស្រាយដោយរៀបរាប់ថា សកម្មភាពនយោបាយណាខ្លះជាសកម្មភាពនយោបាយ នោះឡើយ។ ប៉ុន្តែតុលាការកំពូលយល់ឃើញថា ការបង្កើតគណបក្សនយោបាយ ការធ្វើសកម្មភាពឃោសនាគាំទ្រ ឬប្រឆាំងនឹងគណបក្សណាមួយគឺជាសកម្មភាពនយោបាយ។
ហើយសកម្មភាពផ្សេងៗទៀតដែលអាចចាត់ទុកថាជាសកម្មភាពនយោបាយ ឬមិនមែន អាស្រ័យលើឆន្ទានុសិទ្ធិរបស់ស្ថាប័នដែលមានសមត្ថកិច្ចដោះស្រាយ វិវាទនោះជាអ្នកសម្រេច។
លិខិតបកស្រាយច្បាប់លោក ឌិត មន្ទីរ គឺជាការឆ្លើយតបទៅនឹងសំណើរបស់ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានស្នើសុំឲ្យតុលាការកំពូលបកស្រាយសាលដីការបស់តុលាការកំពូលលេខ ៣៤០ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក ប្រ៊ែដ អាដាម (Brad Adams) នៃអង្គការសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) និយាយថា លោក ឌិត មន្ទីរ ដែលជាប្រធានតុលាការកំពូល តួនាទីរបស់គាត់ត្រូវអព្យាក្រឹត្យ និងមិនលំអៀង ប៉ុន្តែគាត់បែរជាចូលរួមយ៉ាងសកម្មក្នុងបក្សនយោបាយជួយដល់គណបក្សប្រជាជនកម្ពុជា ក្នុងការរំលាយប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈរម្លាយគណបក្សសង្គ្រោះជាតិ ចាប់មេបក្សដាក់គុក ដកអាសនៈតំណាងរាស្ត្រ និងមេឃុំ ព្រមទាំងហាមប្រាមមិនអោយសមាជិកបក្សប្រឆាំង ១១៨រូប ធ្វើនយោបាយទៀត។
ឥឡូវនេះ គាត់ថែមទាំងចេញមុខបកស្រាយយ៉ាងទូលំទូលាយនូវនិយមន័យនៃពាក្យថា សកម្មភាពនយោបាយ ដោយផ្ដល់ឆន្ទានុសិទ្ធិដល់ស្ថាប័នពាក់ព័ន្ធអោយបកស្រាយអ្វីទៅជា «សកម្មភាពនយោបាយ» តាមអំពើចិត្តទៀត។ លោក ប្រ៊ែដ អាដាម ថា ទង្វើរបស់លោក ឌិត មន្ទីរ ប្រធានតុលាការកំពូល និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា នោះ គឺមានទំនាស់ផលប្រយោជន៍ធ្ងន់ណាស់សម្រាប់យុត្តិធម៌សង្គមក្នុងរបបប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
