សាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់បទល្មើសថ្មីមួយទៀត គឺបទញុះញង់លើអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ស្របពេលតុលាការកំពូលគ្រោងនឹងប្រកាសសាលដីកាសុំនៅក្រៅឃុំបណ្ដោះអាសន្ន។ មន្ត្រីសង្គមស៊ីវិលដែលតាមដានដំណើររឿងនេះ រិះគន់ថា ការចោទប្រកាន់លើលោក ថាច់ សេដ្ឋា មានចរិតនយោបាយច្រើនជាងការអនុវត្តច្បាប់។
តុលាការសម្រុកបើកសវនាការលើអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ក្នុងសំណុំរឿងពីរផ្សេងគ្នានៅថ្ងៃតែមួយ។ សំណុំរឿងទី១ នៅព្រឹកថ្ងៃទី២៨ ខែមេសា តុលាការកំពូលបើកសវនាការសួរ ដេញដោលលើអង្គច្បាប់ នៃសំណើសុំនៅក្រៅឃុំរបស់លោក ថាច់ សេដ្ឋា។ សំណុំរឿងទី២ នៅពេលថ្ងៃដដែលនេះសាលាដំបូងរាជធានីភ្នំពេញ បានសាកសួរលោក ថាច់ សេដ្ឋា និងបានចោទប្រកាន់បទល្មើសថ្មីមួយទៀតគឺ បទញុះញង់ ទាក់ទងការបំពេញទស្សនកិច្ចរបស់លោកទៅប្រទេសជប៉ុន កាលពីចុងឆ្នាំ២០២២។ បទចោទថ្មីនេះធ្វើឱ្យមានការភ្ញាក់ផ្អើលចំពោះសាច់ញាតិ និងមេធាវីរបស់លោក ថាច់ សេដ្ឋា។
មន្ត្រីសង្គមស៊ីវិលរិះគន់ថា ចំណាត់ផ្លូវច្បាប់លើលោក ថាច់ សេដ្ឋា បែបនេះ ហាក់មានចេតនាមិនចង់ឱ្យអ្នកនយោបាយជាន់ខ្ពស់របស់គណបក្សភ្លើងទៀនអាចនៅក្រៅឃុំ ដើម្បីចូលរួមប្រកួតប្រជែង ការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដានោះទេ។
លោក ថាច់ សេដ្ឋា ស្ថិតក្នុងសំលៀកបំពាក់ពណ៌ស្លាទំ ដុះពុកមាត់បានចូលទៅបំភ្លឺក្នុងបន្ទប់សវនាការ នៃតុលាការកំពូលនៃសំណើសុំនៅក្រៅឃុំ។ ជីវិតក្នុងពន្ធនាគារជាង១០០ថ្ងៃមកនេះ លោក ថាច់ សេដ្ឋា ហាក់សុខភាពទ្រុឌទ្រោមជាងមុន ចំណែកសក់ និងពុកមាត់ក៏វែងជាងមុនដែរ។
មេធាវីការពារក្ដីលោក ថាច់ សេដ្ឋា ម្នាក់គឺលោកមេធាវី សឺន ជុំជួន រំពឹងថា តុលាការកំពូលនឹងពិចារណាឱ្យកូនក្ដីរបស់លោកអាចនៅក្រៅឃុំ។ លោកមេធាវីបន្តថា កូនក្ដីរបស់លោកពេលនេះមានជំងឺបេះដូងធ្ងន់ធ្ងរ ហើយកូនក្ដីរបស់លោកថា ក៏មានថវិកាជាង ៣ម៉ឺនដុល្លារសម្រាប់តម្កល់នៅតុលាការត្រៀមសងឱ្យដើមបណ្ដឹង។
លោកមេធាវី សឺន ជុំជួន៖ «ក្នុងនាមជាសហមេធាវីការពារសិទ្ធិឱ្យជនត្រូវចោទធម្មតាយើងតែងតែមានក្ដីសង្ឃឹមក្នុងការការពារសិទ្ធិជនត្រូវចោទហើយសង្ឃឹមថា តុលាការនឹងពិចារណាអ្វីដែលជាការលើកឡើងរបស់មេធាវីគឺនឹងត្រូវបានដោះលែងឱ្យគាត់(លោក ថាច់ សេដ្ឋា)នៅក្រៅឃុំជាបណ្ដោះអាសន្ន»។
ស្រដៀងគ្នានេះដែរ ប្រពន្ធលោក ថាច់ សេដ្ឋា គឺលោកស្រី ថាច់ សុខបូរ៉ានី ស្នើទៅតុលាការកំពូលគួរអនុញ្ញាតឱ្យប្ដីលោកអាចនៅក្រៅឃុំ ដើម្បីឱ្យប្ដីលោកស្រីមានពេលគ្រប់គ្រាន់ព្យាបាលជំងឺបេះដូង។
លោកស្រី ថាច់ សុខបូរ៉ានី៖ «អ៊ីចឹងគ្រាន់តែសំណូមពរសុំឱ្យតុលាការយោគយល់អាណិតគាត់(លោក ថាច់ សេដ្ឋា)ជំងឺបេះដូងរើឡើងធ្វើទុក្ខហើយហ្នឹងអាណិតក្រុមគ្រួសារពួកខ្ញុំដោះលែងគាត់មកជួបជុំគ្រួសារវិញកុំឱ្យបែកបាក់ប្ដីប្រពន្ធគាត់មកផ្ទះមកសំបែងអីគាត់ថែសុខភាព»។
សមត្ថកិច្ចបានចាប់ខ្លួន លោក ថាច់ សេដ្ឋា កាលពីនៅថ្ងៃទី១៦ មករា ដោយចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ឬចេញសែកអត់លុយ។ សំណុំរឿងទី១ នេះ តុលាការកំពូលគ្រោងប្រកាសសាលដីកា នាថ្ងៃទី៣ ខែឧសភា ខាងមុខ។
មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc)លោក យី សុខសាន្ត សង្កេតឃើញថា ភាគីម្ចាស់បំណុលហាក់មិនចង់ឱ្យលោក ថាច់ សេដ្ឋា មានឱកាសសងបំណុលទេ តែហាក់ចង់ឱ្យលោក ថាច់ សេដ្ឋា ជាប់ឃុំទៅវិញ។ លោកបន្តទៀតថា សំណុំរឿងនេះមានចរិតនយោបាយជាងការអនុវត្តច្បាប់។
លោក យី សុខសាន្ត៖ «នៅពេលកូនបំណុលចូលខ្លួនសង ដូចជាខាងម្ចាស់បំណុលមិនចូលខ្លួនសកម្មក្នុងការទាមទារបែរជាខាងតុលាការរកភស្តុតាងដើម្បីដាក់បន្ទុកហាក់ដូចជាមិនចង់ឱ្យនៅក្រៅឃុំ ឬមួយមិនចង់ទទួលយក។ នេះជាការកត់សម្គាល់គួរណាស់តែនៅពេលគេសងហើយយកសំណងហ្នឹងមកដោះស្រាយទៅ ហេតុអីបានជាទុកឱ្យមានបញ្ហាមកដល់ពេលនេះ»។
ចំណែកសំណុំរឿងទី២ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក ថាច់ សេដ្ឋា មួយករណីទៀតពីបទញុះញង់ តាមមាត្រា៤៩៤ និងមាត្រា៩៩៥ នៃក្រមព្រហ្មទណ្ឌ។ បទចោទថ្មីនេះ លោក ថាច់ សេដ្ឋា អាចប្រឈមជាប់ពន្ធនាគារពី០៦ខែ ទៅ២ឆ្នាំ ប្រសិនបើតុលាការរកឃើញថា លោកមានទោស។
មេធាវីការពារក្ដីលោក ថាច់ សេដ្ឋា ម្នាក់ទៀតគឺលោកមេធាវី កែត ឃី ឱ្យវិទ្យុអាស៊ីសេរីដឹងនៅល្ងាចថ្ងៃទី២៨ ខែមេសា ថា សមត្ថកិច្ចដឹកលោក ថាច់ សេដ្ឋា មកសាលាដំបូងរាជធានីភ្នំពេញពេលនេះដើម្បីសាកសួរជុំវិញសំណុំរឿងថ្ងៃមួយទៀត ពាក់ព័ន្ធករណីញុះញង់ កាលពីលោក ថាច់ សេដ្ឋា ធ្វើដំណើរទៅប្រទេសជប៉ុន ជួបអ្នកគាំទ្រគណបក្សភ្លើងទៀនកាលចុងឆ្នាំ២០២២។ លោកឱ្យដឹងទៀតថា តុលាការក្រុងភ្នំពេញសម្រេចចេញដីកាឃុំខ្លួនថ្មីមួយទៀតលើលោក ថាច់ សេដ្ឋា ក្នុងសំណុំរឿងញុះញង់នេះដែរ។
មេធាវី កែត ឃី៖ «គេប្ដឹងគាត់ គាត់និយាយនៅជប៉ុនបទញុះញង់បង្កឱ្យមានភាពរើសអើងធ្វើវឹកវរសង្គម»។
បើទោះជាតុលាការបន្ថែមបទចោទលើលោក ថាច់ សេដ្ឋា ទាក់ទងការធ្វើដំណើរទៅជួបអ្នកគាំទ្រនៅប្រទេសជប៉ុនក្ដី ក៏កាលពីលោក ថាច់ សេដ្ឋា ត្រឡប់ចូលប្រទេសកម្ពុជាវិញ ឬសមត្ថកិច្ច ឬតុលាការមិនបានបង្ហាញការចោទប្រកាន់ឱ្យលោក ថាច់ សេដ្ឋា ពាក់ព័ន្ធបញ្ហារឿងនេះទេ។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់ថា ការចោទប្រកាន់លើលោក ថាច់ សេដ្ឋា ក្នុងសំណុំរឿងថ្មី នៅពេលនេះជាការបន្ថែមទោសឱ្យអនុប្រធានគណបក្សភ្លើងទៀនរូបនេះ ជាប់ទោសកាន់ធ្ងន់ធ្ងរថែមទៀត។ ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិលរូបនេះ ចង់ឃើញអ្នកនយោបាយជាពិសេសគណបក្សកាន់អំណាចគួរបង្កបរិយាកាសល្អមុនការបោះឆ្នោតដើម្បីអាចឱ្យពលរដ្ឋចូលរួមការបោះឆ្នោតដោយគ្មានការភ័យខ្លាច។
លោក រស់ សុដ្ឋា៖ «បន្ថែមទោសហ្នឹងបញ្ហាហ្នឹងកាន់តែធ្ងន់ធ្ងរទៅ ខ្ញុំដល់អ៊ីចឹងគ្មានអីទេ មានតែរំលឹកដាស់តឿនទៅអ្នកនយោបាយទាំងអស់ ត្រូវធ្វើម៉េចគិតគូរអំពីជាតិសាសន៍របស់ខ្លួនរងទុក្ខវេទនាយូរឆ្នាំយូរខែមកហើយ»។
លោក ថាច់ សេដ្ឋា ជាអ្នកនយោបាយមានកំណើតខ្មែរក្រោមដ៏លេចធ្លោម្នាក់ក្នុងចំណោមក្បាលម៉ាស៊ីនគណបក្សភ្លើងទៀន ៤រូប ដែលកំពុងជាប់ឃុំ ក្នុងនោះ រួមមានប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ចាម លោក តូច ថឹង ប្រធានចលនាយុវជនគណបក្សភ្លើងទៀនលោក ខឿន វីរ៉ាត់ ព្រមទាំងអនុប្រធានចលនាស្ត្រីអ្នកស្រី នូ សិទ្ធារី ផងដែរ។
គិតមកដល់ថ្ងៃសុក្រទី២៨ មេសា លោក ថាច់ សេដ្ឋា បានឃុំនៅនៅពន្ធនាគារព្រៃស (ម១) អស់រយៈពេល ១០២ថ្ងៃមកហើយ។ លោក ថាច់ សេដ្ឋា ដែលមានអាយុ ៦៩ឆ្នាំ កំពុងមានជំងឺប្រចាំកាយមួយចំនួនដូចជា ជំងឺបេះដូង ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។