តុលាការកំពូលកាត់ក្ដីឱ្យលោក ថាច់ សេដ្ឋា ជាប់ពន្ធនាគារ ៣ឆ្នាំ ដូចតុលាការថ្នាក់ក្រោមដែរ
2024.08.09
ក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល បានតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ដែលផ្ដន្ទាទោសអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ឱ្យជាប់ពន្ធនាគារ ៣ឆ្នាំពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងញុះញង់ឱ្យមានការរើសអើង» ទុកជាបានការដដែល។ ប្រពន្ធលោក ថាច់ សេដ្ឋា ចាត់ទុកការសម្រេចរបស់តុលាការកំពូលនេះ ជារឿងអយុត្តិធម៌ និងបង្កើតការឈឺចាប់ដល់គ្រួសារ។ រីឯមន្ត្រីសិទ្ធិមនុស្សថា នេះជាសំណុំរឿងនយោបាយ ជាជាងផ្លូវច្បាប់។
ចៅក្រមតុលាការកំពូលនៅថ្ងៃទី៩ ខែសីហា បានច្រានចោលបណ្ដឹងសាទុក្ខរបស់អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដោយសំអាងថា សាលក្រម ផ្ដន្ទាទោសលោក ថាច់ សេដ្ឋា ដោយសាលាដំបូងរាជធានីភ្នំពេញឱ្យលោកជាប់ពន្ធនាគារ ៣ឆ្នាំ រឿងលោកនិយាយរិះគន់ប្រវត្តិ ៧មករា និងការសង់ស្តូបវៀតណាមនៅកម្ពុជាថា ជារឿងត្រឹមត្រូវ។
សាលាដំបូងរាជធានីភ្នំពេញកាលពីខែតុលា ឆ្នាំ២០២៣ បានផ្ដន្ទាទោសអនុ ប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ឱ្យជាប់ពន្ធនាគារ ៣ឆ្នាំ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងញុះញង់ឱ្យមានការរើសអើង» តាមមាត្រា ៤៩៤ -៤៩៥ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។ ក្រៅពីកាត់ទោសឱ្យលោក ថាច់ សេដ្ឋា ជាប់ពន្ធនាគារ ៣ឆ្នាំ តុលាការដែលស្ថិតនៅក្រោមបញ្ជារបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏បានបង្គាប់ឱ្យលោកបង់ប្រាក់ពិន័យចំនួន ៤លានរៀល ឬស្មើនឹង ១ពាន់ដុល្លារ។
ប្រពន្ធរបស់លោក ថាច់ សេដ្ឋា គឺលោកស្រី ថាច់ សុខបូរ៉ានី ចាត់ទុកការសម្រេចរបស់តុលាការកំពូលនេះថា ជារឿងអយុត្តិធម៌ និងបង្កើតការឈឺចាប់ដល់គ្រួសាររបស់លោកស្រី។ លោកស្រីរៀបរាប់ថា អ្នកដែលនិយាយដើម្បីការពារទឹកដី បែរជា ជាប់គុក រីឯអ្នកធ្វើអំពើអាក្រក់ បែរជារួចខ្លួន។
លោកស្រី ថាច់ សុខបូរ៉ានី៖ «សួរថា ពួកគាត់ជាតុលាការពួកគាត់ដេកម៉ាស៊ីនត្រជាក់ស្រួល កូនគាត់រៀនបានសាលាល្អៗ សួរថា មិនអាណិតពួកខ្ញុំទេអី សួរថា ពួកខ្ញុំទឹកភ្នែកតាំងពីមុនមករហូតដល់ឥឡូវទឹករហូត! ទឹកភ្នែកពួកខ្ញុំ ពួកគាត់សប្បាយចិត្តខ្លាំងណាស់អី។ ទឹកភ្នែកខ្មែរគ្នាឯង ឃើញខ្មែរឯងទឹកភ្នែក ពួកគាត់សប្បាយចិត្តខ្លាំងណាស់អី និយាយប៉ះពាល់យួនមិនបានទេ គឺចាប់ដាក់គុក ឆ្ងល់ដល់ថ្នាក់ហ្នឹង យួនក៏មានឥទ្ធិពលខ្លាំងម្ល៉េះ។ ខ្ញុំឈឺចាប់ខ្លាំងណាស់រាល់ថ្ងៃ ឈឺចាប់មែនទែន»។
លោកស្រី ថាច់ សុខបូរ៉ានី ថា លោក ថាច់ សេដ្ឋា កំពុងរស់នៅយ៉ាងឈឺចាប់ក្នុងពន្ធនាគារ ដោយប្រឈមនឹងស្ថានភាពដ៏លំបាក នៃជំងឺធ្ងន់ ដូចជា ជំងឺលើសឈាម និងជំងឺបេះដូង។ លោកស្រីបានស្នើសុំដល់តុលាការ ឱ្យពិចារណាដោះលែងប្ដីរបស់លោកស្រី និងអ្នកទោសមនសិការទាំងអស់ ឱ្យមានសេរីភាពឡើងវិញ ពីព្រោះប្ដីរបស់លោកស្រី និងអ្នកផ្សេងទៀត មិនបានធ្វើខុសដូចការចោទប្រកាន់ឡើយ និងដើម្បីជួយសង្គមជាតិទាំងអស់គ្នា។
លោកស្រី ថាច់ សុខបូរ៉ានី៖ «គាត់មិនបានធ្វើខុសអីសោះ ចាប់គាត់ទៅជាញុះញង់ បន្តិចទៅចេញសែកស្អុយ គាត់មិនបានចេញបទចោទថា គាត់ចេញ អត់បានចេញទេ គាត់សុំតែក្រដាសដើម ក៏គ្មានឱ្យគាត់ផង ថតចម្លងមួយសន្លឹកចាប់គាត់ដាក់គុក រហូតដល់មួយឆ្នាំកន្លះហើយ បែរជារើសអើងគេហៅថា ញុះញង់បំពុលសង្គមទៀត។ ចេះតែដាក់តែម្ដង។ អត់ខ្លាចទេ។ ដូចខ្ញុំគ្រួសារអត់ខ្លាចទេ អត់ខ្លាចតែម្ដង ត្រូវតែទៅមុខទៀត អត់ខ្លាចទេ។ ចង់និយាយថា ខ្ញុំដូចតែរូបភាពគាត់អ៊ីចឹង ខ្លួនមួយមិនដឹងថា ថ្ងៃណាងាប់ទេ ងាប់ដើម្បីជាតិក៏បានដែរ ខ្ញុំលែងខ្លាចងាប់ខ្លាចអីហើយ ឥឡូវវាហួសហេតុពេកហើយ»។
ការប្រកាសសាលដីការបស់តុលាការកំពូល អំពីសំណុំរឿង «ញុះញង់» របស់លោក ថាច់ សេដ្ឋា នៅថ្ងៃនេះ មានការចូលរួមស្ដាប់របស់មន្ត្រីតំណាងសភាអឺរ៉ុប មន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ តំណាងអង្គការលីកាដូ អាហុក និងសកម្មជនបក្សភ្លើងទៀនជាដើម។
សកម្មជនបក្សភ្លើងទៀន លោកស្រី ម៉ី សុផន ដែលចូលស្ដាប់ការប្រកាសសាលដីកាបាននិយាយថា សេចក្ដីសម្រេចនេះ គឺជារឿងអយុត្តិធម៌ដដែលៗ តាំងពីសាលាដំបូងរាជធានីភ្នំពេញ ដល់តុលាការកំពូល និងជារឿងនយោបាយសុទ្ធសាធ។ លោកស្រីថា ការនិយាយរបស់លោក ថាច់ សេដ្ឋា កន្លងមក មិនមែនជាការញុះញង់ ឬក៏រើសអើងពូជសាសន៍នោះទេ ប៉ុន្តែ គឺជាសិទ្ធិបញ្ចេញមតិរបស់លោកក្នុងនាមជាអ្នកនយោបាយ និងយោងតាមឯកសារសិក្សា ដែលមានលក់ជាសាធារណៈ ដើម្បីការពារជាតិសាសន៍ខ្មែរ។
លោកស្រី មុី សុផន៖ «ការរើសអើងដូចជាមិនរើសអើងជាតិសាសន៍ទេ ពីព្រោះលោកពូគាត់និយាយ គឺដើម្បីការពារប្រទេសខ្លួនឯង និងអ្វីដែលជា តាមឯកសារនឹងយោង ព្រោះអីដែលគាត់និយាយហ្នឹង វាមានលក់នៅគ្រប់កន្លែង សូម្បីខ្ញុំក៏ទិញមើលដែរ»។
មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុកលោក យី សុខសាន្ត ដែលដានតាមការប្រកាសសាលដីកានៅថ្ងៃនេះ ក៏លើកឡើងដែរថា ការចោទប្រកាន់ និងកាត់ទោសលោក ថាច់ សេដ្ឋា ឱ្យជាប់ពន្ធនាគាររឿងចេញសែកស្អុយ និងរឿង «ញុះញង់» នេះ គឺជារឿងនយោបាយ ច្រើនជាងការអនុវត្តច្បាប់យុត្តិធម៌។
លោកថា ប្រសិនបើតុលាការចង់ឱ្យប្រជាពលរដ្ឋគាំទ្រ គួរតែកាត់ក្ដីដោយយុត្តិធម៌ ដោយផ្អែកលើឯកសារ និងភស្តុតាងជាក់លាក់ ទើបធ្វើឱ្យប្រជាពលរដ្ឋ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជឿទុកចិត្តបាន។ ប៉ុន្តែលោកថា ការកាត់សេចក្ដីរបស់តុលាការកម្ពុជា មិនដឹងយកអ្វីជាស្តង់ដារឡើយ។
លោក យី សុខសាន្ត៖ «ខ្ញុំលើកឧទាហរណ៍ដូចលោក ថាច់ សេដ្ឋា ដែលលោកបានបញ្ជាក់ថា គាត់បានសរសេរថា ការកកើតនៃគណបក្សប្រជាជនដោយគាត់យោងថា លើឯកសារនេះមួយ មានទំព័រអ៊ីចេះមានទ័ពអ៊ីចុះ ប៉ុន្តែ តុលាការអត់បានយកអាហ្នឹងថា តើបានទៅស្រាវជ្រាវទេថា តើឯកសារនឹងមានមែនពិត ឬអត់? ពន្យល់គាត់អត់ស្ដាប់ទេ»។
លោក ថាច់ សេដ្ឋា ធ្លាប់បានអះអាងថា អ្វីដែលលោកបាននិយាយអំពីប្រវត្តិ ៧មករា និងការសង់ស្តូបវៀតណាមនៅកម្ពុជា មិនមែនជាការញុះញង់នោះទេ ប៉ុន្តែ លោកធ្វើអត្ថាធិប្បាយ ក្នុងនាមជាអ្នកសិក្សាម្នាក់ និងជាគ្រូបង្រៀនប្រវត្តិសាស្ត្រ ដែលលោកត្រូវតែនិយាយការពិត ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយ បានដឹងអំពីប្រវត្តិសាស្ត្រពិត ទាក់ទងនឹងប្រទេសកម្ពុជារបស់ខ្លួន។
នៅថ្ងៃនេះដែរ លោក ថាច់ សេដ្ឋា បាននិយាយផ្ដាំផ្ញើតាមប្រពន្ធរបស់លោក គឺលោកស្រី ថាច់ សុខបូរ៉ានី ទៅកាន់អ្នកនយោបាយ និងប្រជាពលរដ្ឋខ្មែរឱ្យរួបរួម បន្តធ្វើការតស៊ូ ដើម្បីប្រទេសជាតិកុំរាថយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។