តុលាការ​​កំពូល​​តម្កល់​​សំណុំ​រឿង​​សកម្មជន​​បក្ស​ប្រឆាំង​​លោក គង់ សំអាន ទុក​ជា​បាន​ការ​ដដែល

0:00 / 0:00

តុលាការ​កំពូល​សម្រេច​តម្កល់​សំណុំរឿង​សកម្មជន​បក្ស​ប្រឆាំង​លោក គង់ សំអាន ទុក​ជា​បាន​ការ​ដដែល​នៅ​ព្រឹក​ថ្ងៃទី៤ ខែឧសភានេះ។ មេធាវី​ការពារក្ដី និង​សង្គម​ស៊ីវិល​យល់​ថា ការ​សម្រេច​បែប​នេះ​ជា​រឿង​អយុត្តិធម៌ ដែល​មិន​ស្រប​តាម​ច្បាប់។

នៅ​ព្រឹក​ថ្ងៃទី៤ ខែឧសភា នេះ​តុលាការ​កំពូល​បាន​បើក​សវនាការ ​លើបណ្ដឹង​សាទុក្ខ​សំណុំរឿង​លោក គង់ សំអាន ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ស្រុក​មេមត់ ខេត្តត្បូងឃ្មុំ ដោយ​លោក​បាន​ប្ដឹង​ប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ​ថ្នាក់ក្រោមដែល​បាន​កាត់ទោ​សឱ្យ​លោក​ជាប់​ពន្ធនាគារ​៧​ឆ្នាំ​ កាល​ពី​ឆ្នាំ​២០២០។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក គង់ សំអាន គឺលោក សំ សុគង់ លើក​ឡើង​ថាការ​សម្រេច​របស់​តុលាការ​កំពូល​នេះ​តម្កល់​សាល​ដីកា​សាលាឧទ្ធរណ៍​ត្បូងឃ្មុំជារឿង​ដែល​មិន​ត្រឹមត្រូវ​ហើយ​ការ​លើក​ឡើង​នោះ​ជា​ការ​បំភ្លៃ​អង្គរ​ហេតុ​ដែល​មិន​ស្រប​ទៅ​នឹង​អង្គរ​ច្បាប់​ជាក់​ស្ដែង។ លោកបន្តថា សាលា​ដំបូង​ខេត្តត្បួងឃ្មុំ​គួរ​តែ​ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​កូន​ក្ដី​របស់​លោក៖ «ខ្ញុំ​មាន​ការ​សោកស្ដាយ​ដែល​តុលាការ​កំពូល​បាន​សម្រេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុកជា​បាន​ការ ដោយ​សារ​តែយើង​មើល​ទាក់ទងទៅ​នឹង​អង្គហេតុ​ក៏ដូចជា​អង្គហេតុ​ហ្នឹង​ យើង​ឃើញថា​មូលហេតុ​ដែល​នាំ​ឱ្យ​ប្ដឹង​ជំទាស់​ យើង​យល់​ឃើញ​ថា សាលាឧទរណ៍​ក៏​ដូចជា​សាលាដំបូង​ ខេត្តត្បួងឃ្មុំ​បាន​បងភ្លាយ​អង្គហេតុ មិន​ជាប់​ពាក់​ព័ន្ធ​នឹង​អង្គច្បាប់ »

លោក សំ សុគង់ បានលើឡើង​បន្ថែម​ថាសវនាការ​ថ្ងៃនេះ​ដែល​មាន​លោក គង់ ស្រ៊ីម ជា​ប្រធាន​ចៅក្រម​ប្រឹក្សា​ជំនុំ​ជម្រះបាន​សម្រេច​បដិសេធ​បណ្ដឹង​សាទុក្ខ​របស់​លោក គង់ សំអាន ដោយ​ចាត់​ទុក​ការ​សម្រេច​​របស់​សាលាឧទ្ធរណ៍​ខេត្តត្បូងឃ្មុំដែល​បាន​កាត់​ទោស​ឱ្យ​លោក​ជាប់ពន្ធនាគារ ៧ឆ្នាំ ក្នុង​សំណុំរឿង​ «រួមគំនិតក្បត់» ដដែល​នេះជា​រឿង​អយុត្តិធម៌។

ចំណែកលោកស្រី គង់ ម៉ូលី ជាកូន​លោក គង់ សំអាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៤ ខែឧសភា នេះថា លោកស្រី​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះការ​សម្រេច​របស់​តុលាការ​កំពូល​នេះព្រោះ​ឪពុក​របស់​ខ្លួន​មិន​បាន​ប្រព្រឹត្តខុស​ច្បាប់​ដូចការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ។ លោកស្រី ស្នើឱ្យ​តុលាការ​ទម្លាក់​ចោលការចោទ​ប្រកាន់ព្រោះ​ឪពុក​លោកស្រី​ជាគ្រូ​បង្រៀន​ដែល​ស្រឡាញ់​មាតុភូមិ​ពិត​ប្រាកដ​មិន​មែន​ជា​ជន​ក្បត់ជាតិដូចការ​ចោទ​ប្រកាន់​នោះ​ទេ៖ « សំណូមពរ​ឱ្យ​ខាង​រដ្ឋាភិបាល​គួរ​ចរចា​កុំ​យក​គ្នា​ជា​សត្រូវ​ ព្រោះគាត់​ជា​មនុស្ស​ស្លូតបូត​មិន​សមណា​យក​គាត់​ទៅ​ឃុំឃាំង​ដោយ​អយុត្តិធម៌​ទាំង​នោះ​ទេ។ សូមឱ្យ​ដោះលែង​គាត់ ឱ្យ​គាត់​មាន​សេរីភាព​ឡើង​វិញ »

ជុំវិញ​រឿង​នេះមន្រ្តីកាពារសិទ្ធិមនុស្ស​នៅ​សមាគមអាដហុក​លោក សឹង សែនករុណា បាន​លើក​ឡើង​ថាការ​សម្រេច​បដិសេធ​របស់​តុលាការ​ជុំវិញ​ពាក្យ​បណ្ដឹង​សាទុក្ខ​របស់​លោក គង់ សំអាន នេះ​ជា​រឿង​នយោបាយ​ដែល​កម្ពុជា​កំពុង​តែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង។ លោកបន្តថា ការ​សម្រេច​របស់​តុលាការ​នេះមិន​ស្រប​តាម​ច្បាប់​នោះ​ទេព្រោះ​លោក គង់ សំអាន ជាអ្នក​នយោបាយ​ដែល​អនុវត្ត​តួនាទី​ស្រប​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ៖ « ចឹង​ករណី​នេះ​យើង​យល់​ថា ស្ថានភាព​បែប​នេះ​លោក គង់ សំអាន មិន​ទទួល​បាន​នូវ​យុត្តិធម៌​ទេ ហើយ​មួយ​ទៀត ក្នុង​នាម​យើង​សង្គម​ស៊ីវិល​ធ្លាប់​លើក​ឡើងដែ​រ ដើម្បី​សម្រួល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ​ថ្នាក់​ដឹកនំា​នយោបាយ​ក៏ដូចជា​គណបក្ស​កាន់​អំណាច​ដែល​នាំ​រដ្ឋាភិបាល គួរ​តែ​ពិនិត្យ​នឹង ​កែប្រែ​ស្ថានភាព​នេះពី​ស្ថានភាព​តានតឹង​រង់​ការ​រិះគន់​ពី​អន្តរជាតិ​នឹង​ក៏គួរ​តែ​បើក​លំហរ​នៃ​សិទ្ធិសេរីភាព​ផ្នែក​នយោបាយ ក៏ដូចជា​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ​ផង​ដែរ »

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង លោក គង់ ស្រ៊ីម ប្រធាន​ចៅក្រម​ប្រឹក្សា​ជំនំជម្រះដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅថ្ងៃទី៤ ខែឧសភា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។

សាលាដំបូង​ខេត្ត​ត្បូង​ឃ្មុំ បានកាត់ទោសឱ្យសកម្មជនបក្សសង្គ្រោះជាតិ​ ចំនួន៧​នាក់ ក្នុង​សំណុំ​រឿង​ «រួម​គំនិត​ក្បត់» ក្នុងនោះមាន​ជន​​ជាប់ចោទ​២​នាក់ជាប់​ពន្ធនាគារ៥ឆ្នាំ និង​៥​នាក់​ទៀតជាប់​​ពន្ធនាគារ​៧​​ឆ្នាំ កាលពីខែ​កុម្ភៈ ឆ្នាំ​២០២០ កន្លងទៅ។ ក្នុងចំណោមជនជាប់​ចោទ​ទាំង​៧​រូប​នោះ គឺ​មាន​​តែ​​លោក គង់ សំអាន ម្នាក់​គត់​ដែលជាប់​ពន្ធនាគារ ក្រៅពីនោះ គឺ​តុលាការ​បាន​អនុញ្ញាត​ឱ្យ​ពួកគេ​​នៅក្រៅឃុំ​បណ្ដោះអាសន្ន​និងខ្លះទៀតកំពុងរស់​នៅក្រៅ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។