ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្វាយរៀងសម្រេចដាក់ប្រធានគណបក្សសង្គ្រោះជាតិខេត្តនេះ គឺ លោក ម៉ៅ វិបុលឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការចំនួន២បទល្មើសបន្ថែមទៀត។មន្ត្រីបក្សប្រឆាំងរូបនេះចាត់ទុកការចោទប្រកាន់នេះថាជាការធ្វើទុកទុក្ខបុកម្នេញផ្នែកនយោបាយដោយអយុត្តិធម៌។
នេះជាសេចក្ដីសម្រេចថ្មីមួយទៀតក្នុងចំណោមដីកាជាច្រើនផ្សេងទៀត ដែលតុលាការខេត្តស្វាយរៀងបានចោទប្រកាន់មកលើលោក ម៉ៅ វិបុល។ អំឡុងពេលយុទ្ធនាការបង្ក្រាបបក្សប្រឆាំងកាលពីខែវិច្ឆិកាឆ្នាំ២០១៩ លោកត្រូវបានស្នងការនគរបាលខេត្តស្វាយរៀងហៅទៅសាកសួរផងនិងចៅក្រមនៃសាលាដំបូងខេត្តកោះហៅផងដោយចោទប្រកាន់ពីបទរួមគំនិតក្បត់ជាតិ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
ប្រធានគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀងដែលកំពុងភៀសខ្លួននៅក្រៅប្រទេសលោក ម៉ៅ វិបុល ថ្លែងនៅថ្ងៃទី៩ មិថុនាថា លោកមិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់តុលាការនោះឡើយ។ លោកបន្តថា ដោយសារលោកបានសម្ដែងមតិតាមហ្វេសប៊ុករិះគន់ភាពអសកម្មរបស់រដ្ឋាភិបាលក្រុងភ្នំពេញ ទើបមន្ត្រីតុលាការបានកោះហៅលោកទៅសាកសួរជាបន្តបន្ទាប់ក៏ប៉ុន្តែលោកមិនបានបង្ហាញខ្លួនតាមការកោះហៅនោះឡើយ ។លោកចាត់ទុកដីកាចុងក្រោយរបស់តុលាការខេត្តស្វាយរៀងនេះថា ជាការធ្វើឡើងផ្គាប់ចិត្តលោក ហ៊ុន សែន ដើម្បីបានរក្សាអំណាចរបស់ខ្លួនប៉ុណ្ណោះ៖ «សង្គមលោកហ៊ុនសែនគឺចោទប្រជាពលរដ្ឋដែលគ្មានកំហុសទៅឱ្យមានកំហុសចំពោះអ្នកធ្វើខុសគាត់មិនដែលចោទប្រកាន់នោះទេ ដូចអ្នកបំផ្លាញព្រៃឈើ បណ្ដោយឱ្យអន្តោប្រវេសន៍ចូលមកកម្ពុជា និងអ្នកប្រព្រឹត្តអំពើពុករលួយជាច្រើនអាជ្ញាធរមិនដែលចោទប្រកាន់ទេ។ គេចោទតែអ្នកដែលហ៊ាននិយាយការពិតជួយសង្គមជួយពលរដ្ឋបញ្ហានេះដែលលោកហ៊ុន សែន ព្រួយបារម្ភដែលដឹងរឿងពិត។ អ៊ីចឹងគាត់ប្រឌិតរឿងយកមកចោទមន្ត្រីបក្សប្រឆាំងនិងពលរដ្ឋដែលស្នេហាជាតិដែលចង់និយាយចេញពីបេះដូងហ្នឹងគាត់ថាគេធ្វើខុស » ។
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្វាយរៀងលោក លាង រិទ្ធី បានបញ្ជាក់នៅក្នុងលិខិតជូនដំណឹងចុះថ្ងៃទី២៩ ឧសភាថា លោក មៅ វិបុល មានស្រុកកំណើតនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដោយចោទប្រកាន់ពីចំនួន២បទល្មើសគឺ បទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឱ្យរើសអើង ប្រព្រឹត្តទៅនៅខេត្តស្វាយរៀង។ លោកចៅក្រមរូបនេះ គ្រោងបញ្ជូនសំណុំរឿងនេះទៅតំណាងអយ្យកា ដើម្បីធ្វើសេចក្ដីសន្និដ្ឋានស្ថាពរ មុននឹងសម្រេចថា ត្រូវបញ្ជូនទៅជំនុំជម្រះ ឬក៏អត់។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា លោកមិនបានដឹងសំណុំរឿងនេះយ៉ាងណានោះទេ ក៏ប៉ុន្តែលោកថាក្នុងប្រទេសប្រជាធិបតេយ្យការសម្ដែងមតិគឺជាសិទ្ធិសេរភាពរបស់ប្រជាពលរដ្ឋស្របច្បាប់ដែលពុំមានការចោទប្រកាន់តាមផ្លូវតុលាការនោះឡើយ៖ «ប៉ុន្តែខ្ញុំគត់សំគាល់រឿងមួយថាមួយរយៈចុងក្រោយនេះឃើញថាអតីតសកម្មជនបក្សសង្គ្រោះជាតិមានការចាប់ខ្លួនជាបន្តបន្ទាប់ឡើងវិញដែរទាក់ទងនឹងបទល្មើសចាសៗឡើងវិញជាបន្តបន្ទាប់ផងដែរ។រឿងនេះមានការរិះគន់ជាបន្តបន្ទាប់ផងដែរថា ការចាប់ខ្លួនឬការចោទប្រកាន់ហ្នឹងវាអាចជារឿងនយោបាយច្រើនជាងផ្លូវច្បាប់ » ។
ថ្មីៗនេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសឱ្យអាជ្ញាធរតាមចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងទាំងឡាយណា ដែលធ្វើសកម្មភាពនយោបាយតាមបញ្ជាពីថ្នាក់ដឹកនាំគណបក្សនេះនៅក្រៅប្រទេស។
ភ្លាមៗ ក្រោយពីការប្រកាសនេះយ៉ាងហោចណាស់មានសកម្មជនគណបក្សប្រឆាំងចំនួន ៣នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ក្នុងចំណោមសកម្មជនជិត ២០នាក់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួននៅក្នុងឆ្នាំ២០២០ នេះ។ ចំណែកសកម្មជនបក្សប្រឆាំងចំនួន ១៦នាក់ទៀត រងការវាយរបួសក្បាល និងដៃ ពីជនមិនស្គាល់មុខ ហើយសមត្ថកិច្ចមិនទាន់ចាប់ជនល្មើសណាម្នាក់មកផ្ដន្ទាទោសបាននៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។