មេធាវីការពារក្ដីសង្ឃឹមថា តុលាការនឹងលើកលែងការចោទប្រកាន់លោក ថាច់ សេដ្ឋា ១ថ្ងៃមុនប្រកាសសាលក្រម
2023.09.20

មេធាវីការពារក្ដីអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា សង្ឃឹមថាសាលាដំបូងរាជធានីភ្នំពេញនឹងលើកលែងបទចោទប្រកាន់កូនក្ដីរបស់លោក។ មន្ត្រីអង្គការសង្គមស៊ីវិល ស្នើឱ្យតុលាការដោះលែងអនុប្រធានគណបក្សប្រឆាំងរូបនេះ ឱ្យមានសេរីភាពវិញ។
មេធាវីការពារក្ដីលោក ថាច់ សេដ្ឋា សង្ឃឹមថា សាលាដំបូងរាជធានីភ្នំពេញ នឹងលើកលែងបទចោទប្រកាន់ជុំវិញសំណុំរឿងចេញសែកស្អុយ ឬចេញសែកដោយគ្មានទឹកប្រាក់លើកូនក្ដីរបស់ខ្លួន នៅថ្ងៃទី២១ ខែកញ្ញា។
មេធាវីការពារលោក ថាច់ សេដ្ឋា លោក សឺន ជុំជួន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២០ ខែកញ្ញាថា ដោយសារនៅពេលកាត់សេចក្ដីកន្លងមក ភាគីដើមបណ្ដឹងមិនមានភស្តុតាងគ្រប់គ្រាន់ ហើយលោក ថាច់ សេដ្ឋា ក៏បានដាក់ប្រាក់តម្កល់គ្រប់គ្រាន់ ទាក់ទងនឹងការចេញសែកស្អុយហើយនោះ ដូច្នេះ លោកសង្ឃឹមថា សាលាដំបូងនឹងចេញសាលក្រមលើកលែងបទចោទប្រកាន់ទៅលើលោក ថាច់ សេដ្ឋា។
លោក សឺន ជុំជួន៖ «ដោយសារតែការពិភាក្សាកន្លងមក យើងពិនិត្យឯកសារទៅលើភស្តុតាងហ្នឹង វាមានភស្តុតាងមិនគ្រប់គ្រាន់ ឬក៏បង្ហាញអំពីភាពនៃច្បាប់ដើមអីជាដើម អ៊ីចឹងយើងសង្ឃឹមថា តុលាការនឹងពិចារណាហើយឱ្យកូនក្ដីរួចពីបទចោទ»។
ទោះជាយ៉ាងណាក្ដី នៅថ្ងៃប្រកាសសាលក្រមនៅថ្ងៃទី២១ ខែកញ្ញា សាលាដំបូងរាជធានីភ្នំពេញ ក៏នឹងបើកសវនាការលើកដំបូងជុំវិញបទចោទប្រកាន់ ២ផ្សេងទៀត គឺបទញុះញង់បង្កឱ្យមានស្ថានភាពវឹកវរក្នុងសង្គម និងបទញុះញង់ឱ្យមានការរើសអើងពូជសាសន៍ ទៅលើលោក ថាច់ សេដ្ឋា ផងដែរ។ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោកបែបនេះ ដោយផ្អែកទៅលើការថ្លែងសាររបស់លោក ថាច់ សេដ្ឋា ក្នុងពេលបំពេញទស្សនៈ និងជួបអ្នកគាំទ្រគណបក្សភ្លើងទៀន នៅប្រទេសជប៉ុនកាលចុងឆ្នាំ២០២២ និងនៅប្រទេសកូរ៉េខាងត្បូង កាលពីដើមឆ្នាំ២០២៣។ ទោះយ៉ាងនេះក្ដី កាលពីខែឧសភាកន្លងទៅ លោក ថាច់ សេដ្ឋា ក៏បានបដិសេធបទចោទប្រកាន់ទាំងពីរនេះដែរ ដោយលោកអះអាងថា ការលើកឡើងរបស់លោកគ្រាន់តែជាការចែករំលែកចំណេះដឹងប្រវត្តិសាស្ត្រតែប៉ុណ្ណោះ។
ស្ថិតក្នុងវ័យ ៧០ឆ្នាំទៅហើយនោះ លោក ថាច់ សេដ្ឋា ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញ ចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៦ ខែមករា ហើយការចាប់ខ្លួននេះនៅពេលលោកមានជំងឺធ្ងន់ធ្ងរប្រចាំកាយជាច្រើន រួមមានជំងឺខ្សោយបេះដូង លើសជាតិអាស៊ីដ និងលើសជាតិស្ករជាដើម។ ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរនេះ គ្រួសារលោក ថាច់ សេដ្ឋា តែងទទូចដល់តុលាការដោះលែងលោកឱ្យមានសេរីភាពឡើងវិញដើម្បីមានឱកាសរស់នៅជួបជុំគ្រួសារ និងព្យាបាលជំងឺនៅខាងក្រៅពន្ធនាគារ។
ជុំវិញរឿងនេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ដោយសារសំណុំរឿងលោក ថាច់ សេដ្ឋា ត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថា ជារឿងនយោបាយ ដូច្នេះរដ្ឋាភិបាលនឹងទទួលបានការសាទរពីសហគមន៍អន្តរជាតិ ប្រសិនបើតុលាការសម្រេចលើកលែងបទចោទប្រកាន់ និងដោះលែងឱ្យលោក ថាច់ សេដ្ឋា ឱ្យមានសេរីភាពវិញ។
លោក អំ សំអាត៖ «អាជ្ញាធរពាក់ព័ន្ធទាំងអស់រួមទាំងរដ្ឋាភិបាល លោកគួរតែពិនិត្យនិងពិចារណាផង ជាពិសេស សម្រាប់សកម្មជនគណបក្សនយោបាយ សកម្មជនសិទ្ធិមនុស្ស ដែលយើងឃើញថាកន្លងមក ក៏ជាវប្បធម៌ល្អដែរ ដែលមានការបន្ធូរបន្ថយនូវបរិយាកាសតានតឹងផ្នែកនយោបាយ ឬក៏សិទ្ធិមនុស្ស ឬក៏លទ្ធិប្រជាធិបតេយ្យហ្នឹង គឺមានការសម្របសម្រួលដោះលែងឱ្យពួកគេមានសេរីភាពវិញ អាហ្នឹងក៏វាម្យ៉ាងដែរ ដើម្បីបើកលំហលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។
គិតមកដល់ថ្ងៃពុធ ទី២០ កញ្ញា លោក ថាច់ សេដ្ឋា បានឃុំនៅនៅពន្ធនាគារព្រៃស (ម១) អស់រយៈពេល ២៣៥ថ្ងៃមកហើយ។ ក្រុមអង្គការជាតិ និងអន្តរជាតិព្រមទាំងប្រទេសប្រជាធិបតេយ្យ ចាត់ទុកការចោទប្រកាន់លោក ថាច់ សេដ្ឋា ជាបន្តបន្ទាប់មកនេះ គឺជារឿងនយោបាយសុទ្ធសាធ និងទាមទារឲ្យដោះលែងអ្នកនយោបាយចាស់វស្សារូបនេះវិញជាបន្ទាន់ ដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕