អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ជនភៀសខ្លួន​ខ្មែរ​៣​នាក់​បន្ថែម​ទៀត​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន

0:00 / 0:00

អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ជនភៀសខ្លួន​ខ្មែរ​ចំនួន​៣​នាក់​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍​ថៃ នៅ​រសៀល​ថ្ងៃ​ទី២ កុម្ភៈ។ ជនភៀសខ្លួន និង​ជា​សកម្មជន​គណបក្ស​ប្រឆាំង​ចាត់ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​ការ​អនុវត្ត​តាម​ការ​ស្នើសុំ​របស់​រដ្ឋាភិបាល​ខ្មែរ។

ជនភៀសខ្លួន​ទាំង​បី​នាក់​ដែល​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ជា​សកម្មជន​គណបក្ស​ភ្លើងទៀន​រួម​មាន លោក​លឹម សុខា លោក គង់ រ៉ៃយ៉ា និង​លោក ផន ផាន់ណា។ អាជ្ញាធរ​ថៃ​បាន​ចោទប្រកាន់​ពួកគេ​ពី​បទ​ស្នាក់នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់។

មន្ត្រី​គណបក្ស​ភ្លើងទៀន ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក ខឹម មុន្នីកុសល ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី២ កុម្ភៈ ថា ប៉ូលិស​ថៃ​បាន​ចូលចាប់​ខ្លួន លោក ផន ផាន់ណា នៅ​បន្ទប់​ស្នាក់នៅ​ក្នុង​ខេត្ត​រាក់យ៉ង (Rayorng) ហើយ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ការិយាល័យ​ប៉ូលិស​អន្តោ​ប្រវេសន៍​ថៃ​នៅ​ទីក្រុង​បាងកក នៅ​យប់​ថ្ងៃ​ទី២ កុម្ភៈ។ ចំណែក​លោក គង់ រ៉ៃយ៉ា និង​លោក លឹម សុខា ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​ក្នុង​ទីក្រុង​បាងកក។

លោក ខឹម មុន្នីកុសល៖ «ហើយ​មួយទៀត​ឥឡូវនេះ​ពួក​យើង​ស្ថានភាព​ជនភៀសខ្លួន នៅ​បាងកក​នេះ​តឹងតែង​ណាស់ ជាពិសេស​នៅ​អគារ​ដែល​ខ្ញុំ​កំពុង​ស្នាក់នៅ​ប៉ូលិស​យាមល្បាត​នៅ​ខាងក្រោម​តែម្ដង យើង​ហ៊ាន​តែ​ចុះ​ទៅ​គឺ​ចាប់​ចុះ​ទៅ​គឺ​ចាប់​តែម្ដង​។ សូម​ឱ្យ​រដ្ឋាភិបាល​ថៃ​នឹង​មេត្តា​គោរព​សិទ្ធិ​ជនភៀសខ្លួន ហើយ​ឈប់​ធ្វើបាប​ពួក​យើង ហើយ​ឈប់​តាម​យាយី​ការ​រស់នៅ​របស់​ជនភៀសខ្លួន ដែល​ពួក​យើង​កំពុងតែ​ជួប​ការ​លំបាក​ស្រាប់»។

អតីត​សកម្មជន​គណបក្ស​ភ្លើងទៀន ខេត្ត​កំពង់ចាម លោក គង់ រ៉ៃយ៉ា ថ្លែង​ថា ប៉ូលិស​ថៃ​បាន​បញ្ជូន​លោក និង​គ្រួសារ​ទៅ​ឃុំខ្លួន​នៅ​ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍​នៅ​ទីក្រុង​បាងកក​(Bangkok)​ភ្លាមៗ​ក្រោយ​ពេល​ចាប់ខ្លួន​។ លោក​ចាត់​ទុក​ការ​ចាប់ខ្លួន​នេះ​ថា ជា​ការ​សហការ​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោយសារ​លោក​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ជា​បន្តបន្ទាប់។

លោក គង់ រ៉ៃយ៉ា៖ «ដោយសារតែ​ការ​រស់​របស់ខ្ញុំ​មិន​មាន​បញ្ហា​ជាមួយ​អ្នកជិតខាង​ទេ អ៊ីចឹង​ហើយ​ទើប​ធ្វើ​ឱ្យ​គេ​មាន​គំនុំ​គេ​ខឹង​ចាប់ខ្លួន​ខ្ញុំ​។ ហើយ​មួយវិញទៀត​គឺ​ខ្ញុំ​មិនដឹង​ថា ហេតុ​អី​បានជា​គេ​ដឹង​កន្លែង​ខ្ញុំ​ស្នាក់​នៅ​ទេ ប្រហែលជា​អាច​តាមដាន​តាម​លេខ​ទូរស័ព្ទ​តាមដាន​តាម​បណ្ដាញ​សង្គម​ដែល​ខ្ញុំ​ប្រើប្រាស់»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២ កុម្ភៈ។

ជុំវិញ​រឿង​នេះ​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី យល់ឃើញ​ថា ការ​ចាប់ខ្លួន​នេះ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ពីព្រោះ​ពួកគេ​ជា​ជនភៀសខ្លួន ដែល​ទទួល​ស្គាល់​ដោយ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR) នៅ​ទីក្រុង​បាងកក។

លោក យិន ម៉េងលី៖ «ដូច​ខ្ញុំ​បាន​លើក​អ៊ីចឹង យោង​ទៅ​លើ​ការ​ធ្វើ​បត្យាប័ន រឿង​ហេតុផល​នយោបាយ​គេ​អត់​ឱ្យ​មាន​បញ្ហា​ទេ ហើយ​ហេតុផល​ការ​បញ្ចេញមតិ​ក៏​អត់​មាន​បញ្ហា​ដែរ។ ហេតុផល​នយោបាយ​ធ្វើ​ម៉េច​កុំ​ឱ្យ​តែ​ប៉ះពាល់​រូបរាងកាយ​របស់​គេ កុំ​ប្រើប្រាស់​ហិង្សា ប៉ុន្តែ​ហេតុផល​នយោបាយ​ការ​យល់ឃើញ​ការ​បញ្ចេញមតិ​ទាំងអស់​នេះ​ហើយ​គឺជា​ហេតុផល​នយោបាយ»។

ការ​ចាប់ខ្លួន​នេះ​ធ្វើឡើង​ស្របពេល​កៀក​ថ្ងៃ​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្រោង​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ថៃ នៅ​ថ្ងៃទី​៧ កុម្ភៈ​ខាងមុខ​។ ថ្មីៗ​នេះ​ក្រុម​ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​បាន​ប្រកាស​ត្រៀម​ធ្វើបាតុកម្ម​ប្រឆាំង​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត ជា​បន្តបន្ទាប់។

សព្វថ្ងៃ​មាន​ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​ជាង ១០០​នាក់ ដែល​ជា​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង សកម្មជន​ការងារ​សង្គម និង​សកម្មជន​ដីធ្លី​ជាដើម​។ ក្រោយ​ស្ងប់ស្ងាត់​មួយ​រយៈ​ដែល​ពួកគេ​ប្រឈម​ការ​ចាប់​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា តែ​នៅ​រយៈពេល​ចុងក្រោយ​នេះ សមត្ថកិច្ច​ថៃ​ដែល​រដ្ឋាភិបាល​ប្រទេស​នេះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​ជនភៀសខ្លួន​ខ្មែរ​ជា​បន្តបន្ទាប់ បញ្ជូន​ទៅ​កម្ពុជា​វិញ ហើយ​ក្រៅ​ពី​នេះ ក៏​មាន​ភៀសខ្លួន​ផ្សេង​ទៀត ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ធ្វើបាប​នៅ​ប្រទេស​ថៃ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។