រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​កំពុង​ជួប​ប្រជុំ​នៅ​ឡាវ​ក្នុង​គ្រា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​កំពុង​កើន​កម្ដៅ

2024.11.21
រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​កំពុង​ជួប​ប្រជុំ​នៅ​ឡាវ​ក្នុង​គ្រា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​កំពុង​កើន​កម្ដៅ កិច្ចប្រជុំថ្នាក់ដឹកនាំការពារជាតិ​នៃ​ប្រទេស​អាស៊ាន នៅទីក្រុង​វៀងចន្ទន៍ (Vientiane) នៃ​ប្រទេស​ឡាវ (Laos) កាលពីថ្ងៃទី២០ វិច្ឆិកា ២០២៤។
រូប៖ ហ្វេសប៊ុក​ក្រសួង​ការពារជាតិ

បញ្ហា​ដណ្ដើម​អធិបតេយ្យ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នៅ​តែ​ជា​ប្រធានបទ​ក្ដៅ​នៅ​ក្នុង​ជំនួប​ប្រចាំ​ឆ្នាំ​របស់​ប្រមុខ​ការពារ​ជាតិ​អាស៊ាន និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​វៀងចន្ទន៍ (Vientiane) នៃ​ប្រទេស​ឡាវ (Laos)។ ក្រុម​អ្នក​ជំនាញ​ព្រមាន​ចំពោះ​ប្រទេស​តូចៗ​នៅ​ក្នុង​តំបន់​រួម​ទាំង​កម្ពុជា​ផង​ថា អាច​នឹង​ទាញ​ឱ្យ​អាស៊ាន​ធ្លាក់​ក្នុង​អន្ទាក់​ភូមិសាស្ត្រ​នយោបាយ​កាន់​តែ​ជ្រៅ បើ​គ្មាន​ជំហរ​នយោបាយ​ឯករាជ្យ​ច្បាស់លាស់ និង​បន្ត​អនុញ្ញាត​ឱ្យ​ចិន​អាច​បញ្ជ្រាប​ឥទ្ធិពល​យោធា​កាន់​តែ​ខ្លាំង​ក្នុង​តំបន់។

ប្រមុខ​ការពារ​ជាតិ​អាស៊ាន​ក្នុង​នោះ​ក៏​មាន​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ សីហា ផង​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​ឡាវ ដើម្បី​ជជែក​ពិភាក្សា​ផ្ដោត​លើ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​ក្នុង​ពេល​ដែល​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​កាន់​តែ​ឡើង​កម្ដៅ​ខ្លាំង ខណៈ​សហគមន៍​អាស៊ាន​ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ពី​ការ​បែកខ្ញែក​ដែល​ធ្វើ​ឱ្យ​មហាអំណាច​ចិន ពង្រីក​ឥទ្ធិពល​យោធា​កាន់​តែ​ខ្លាំង​ក្នុង​តំបន់​អាស៊ាន​តាមរយៈ​ប្រទេស​ដែល​ជា​សមាជិក​ដែល​ពឹង​ផ្អែក​ចិន​ខ្លាំង។

កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី១៨ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ប្រចាំ​ឆ្នាំ២០២៤នេះ ធ្វើ​ឡើង​ក្រោម​ប្រធានបទ «អាស៊ាន​រួមគ្នា​ដើម្បី​សន្តិភាព សន្តិសុខ និង​ភាព​ធន់» ដែល​ប្រមុខ​ក្រសួង​ការពារ​អាស៊ាន​ផ្ដោត​សំខាន់​លើ​កិច្ច​ពិភាក្សា​រួម​គ្នា ដើម្បី​រិះរក​វិធី​សម្រាប់​បង្កើន​ភាព​ជឿជាក់​ផ្ដល់​ទំនុក​ចិត្ត​ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​លើក​កម្ពស់​សមត្ថភាព​កងទ័ព​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ក្របខ័ណ្ឌ​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ជា​ដៃគូ​ក្នុង​គោលដៅ​លើកកម្ពស់​សន្តិសុខ និង​ភាព​ធន់​ក្នុង​តំបន់។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ កាល​ពី​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា។

ទន្ទឹម​នឹង​ការ​បើក​កិច្ច​ប្រជុំ​នេះ ជម្លោះ​ដណ្ដើម​អធិបតេយ្យ​រវាង​បណ្ដា​ប្រទេស​អាស៊ាន​មួយ​ចំនួន ដូចជា ហ្វីលីពីន (Philippines) វៀតណាម (Vietnam) ម៉ាឡេស៊ី (Malaysia) និង​ប្រ៊ុយណេ (Brunei) ជាមួយ​ចិន កំពុង​ក្លាយ​ជា​ប្រធានបទ​ក្ដៅ នៅ​ពេល​ដែល​ប្រទេស​ចិន​កំពុង​បង្កើន​សកម្មភាព​យោធា និង​ការ​ធ្វើ​សមយុទ្ធ​នៅ​តាម​សមុទ្រ​ខាងត្បូង។ ប្រការ​នេះ អ្នក​ជំនាញ​បាន​ព្រមាន​ថា បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង និង​ការ​ប្រកួតប្រជែង​ដណ្ដើម​ភូមិសាស្ត្រ​នយោបាយ​រវាង​អាមេរិក និង​ចិន គឺ​ដើម​ចម​សំខាន់​ដែល​បង្ក​ឱ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់ និង​ធ្វើ​ឱ្យ​អាស៊ាន​កាន់​តែ​បែកខ្ញែក​មិន​ទុក​ចិត្ត​គ្នា។

អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក រ៉ូ វណ្ណៈ ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា​ថា មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ទាំងអស់​គួរតែ​រួម​គ្នា​ជា​ធ្លុង​មួយ​ដែល​មិន​អាច​ឱ្យ​ភាគី​មហាអំណាច​មួយ​បំបែក​បាន​តាមរយៈ​ការ​ជជែក​អំពី​ការ​ពង្រឹង​សហគមន៍​អាស៊ាន​ឱ្យ​កាន់​តែ​រឹងមាំ ដើម្បី​អាច​មាន​ឥទ្ធិពល​ក្នុង​ការ​ជជែក​ចរចា​ស្វែងរក​ដោះស្រាយ​ជាមួយ​មហាអំណាច​ចិន និង​មហាអំណាច​អាមេរិក។លោក​បន្ថែម​ទៀត​ថា សមាជិក​អាស៊ាន​មួយ​ចំនួន​ដែល​មាន​សេដ្ឋកិច្ច​ទន់ខ្សោយ​ដូចជា កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា ជាដើម​ហាក់​បន្ត​នយោបាយ​លម្អៀង​ទៅ​ប្រទេស​ចិន​ខ្លាំង​ក្នុង​គោលបំណង​យក​ចិន​ជា​ចន្ទល់​ការពារ​អំណាច ដែល​នឹង​ក្លាយ​ជា​កូន​អុក​របស់​ចិន​សម្រាប់​បម្រើ​មហិច្ឆតា​ភូមិសាស្ត្រ​នយោបាយ​ចិន ដើម្បី​ទប់ទល់​នឹង​អាមេរិក។

លោក រ៉ូ វណ្ណៈ៖ «ចិន​កំពុង​តែ​រះ​ឡើង​យ៉ាង​ស្រួចស្រាល់​ហើយ​មាន​មហិច្ឆតា​ជំនួស​សហរដ្ឋអាមេរិក​ក្នុង​តំបន់ និង​មាន​មហិច្ឆតា​រុញ​សហរដ្ឋអាមេរិក​ចេញ​ពី​តំបន់​ប៉ាស៊ីហ្វិក ដើម្បី​ឱ្យ​ចិន​អាច​ក្លាយ​ជា​មហាអំណាច​អនាតុរភាព​តំបន់​បាន។ អ៊ីចឹង​វា​ជា​ជម្លោះ​ប្រកួតប្រជែង​សន្តិសុខ​តំបន់​មួយ​ដ៏​ស្រួចស្រាល់ អ៊ីចឹង​ប្រទេស​តូចៗ​ត្រូវ​តែ​ចង​គ្នា​ជា​ប្លុក​មួយ ដើម្បី​ឱ្យ​មាន​ទម្ងន់​ទឹក​មាត់ ដើម្បី​អាច​ជជែក​ចរចា​រវាង​ចិន​ក្ដី និង​ជាមួយ​សហរដ្ឋអាមេរិក​ក្ដី​ក្នុង​ការ​ទាមទារ​ឱ្យ​បាន​ការ​គិតគូរ​ពី​ផលប្រយោជន៍​នៅ​ក្នុង​សន្តិសុខ​ក្នុង​តំបន់​អាស៊ាន មាន​ន័យ​ថា ប្រទេស​តូចៗ​ដូច​កម្ពុជា​ក្ដី ឡាវ និង​សមាជិក​អាស៊ាន​ដទៃ​ទៀត​ក្ដី គឺ​ត្រូវ​ព្យាយាម​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​មហា​អំណាច​ចិន និង​មហាអំណាច​អាមេរិក​ប្រទាំង​ប្រទូស្ត​គ្នា​ផ្នែក​សន្តិសុខ និង​ផ្នែក​យោធា​នៅ​ក្នុង​តំបន់​អាស៊ាន​ជា​រួម និង​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដាច់​ដោយ​ឡែក»

អ្វី​ដែល​ពិភព​លោក​កំពុង​តាមដាន​នោះ គឺ​កិច្ច​ប្រជុំ (ADMM Plus) លើក​ទី១១ រវាង​ប្រមុខ​ការពារ​ជាតិ​អាស៊ាន​ទាំង ១០ប្រទេស ជាមួយ​ក្រុម​ប្រមុខ​ការពារ​ជាតិ​នៃ​ប្រទេស​សំខាន់ៗ​មួយ​ចំនួន​ដូចជា អាមេរិក ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និង​ចិន។ គេ​នៅ​មិន​ទាន់​ដឹង​ថា លោក ទៀ សីហា អាច​នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​មហាអំណាច​ទាំង​នេះ ហើយ​ថា​តើ​លោក​គ្រោង​នឹង​លើក​យក​បញ្ហា​អ្វី​ទៅ​និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ទាំង​នេះ​ឡើយ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា។

នៅ​មុន​ពេល​ចូលរួម​កិច្ច​ប្រជុំ​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក ឡូយដ៍ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន និង​អូស្ត្រាលី បាន​លើកឡើង​ពី​កង្វល់​យ៉ាង​ខ្លាំង​ជុំវិញ​ការ​បង្ក​អស្ថិរភាព​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​បូព៌ា ក្នុង​នោះ​រួម​ទាំង​ទង្វើ​ដ៏​គ្រោះថ្នាក់​ប្រព្រឹត្ត​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រឆាំង​នឹង​នាវា​ហ្វីលីពីន និង​រដ្ឋ​ជាប់​ឆ្នេរ​សមុទ្រ​ចិន​ខាងត្បូង​ដទៃ​ទៀត។ ជា​ការ​ឆ្លើយតប អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​ចោទ​អាមេរិក​ថា ជា​ប្រភព​នៃ​អស្ថិរភាព​ក្នុង​តំបន់។ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន អេ.ភី នៅ​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា។ សារព័ត៌មាន​ដដែល​នេះ ឱ្យ​ដឹង​ថា ពុំ​មាន​ជំនួប​ទ្វេភាគី​ណា​មួយ​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក ឡូយដ៍ អូស្ទីន និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន លោក តុង ជុន (Dong Jun) ក្នុង​ពេល​ចូល​រួម​ប្រជុំ​នេះ​ទេ។

កាល​ពី​ឆ្នាំ២០២៣ ប្រធានាធិបតី​ឥណ្ឌូណេស៊ី (Indonesia) លោក ចូកូ វីដូដូ (Joko Widodo) បាន​អំពាវនាវ​ឱ្យ​អាស៊ាន​ត្រូវ​ឯកភាព​គ្នា ដើម្បី​កុំ​ឱ្យ​ក្លាយ​ជា​កូន​អុក ឬ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​ភូមិសាស្ត្រ​នយោបាយ​របស់​ប្រទេស​មហាអំណាច​ណា​មួយ។ លោក​ជំរុញ​ដល់​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ត្រូវ​ឯកភាព​គ្នា​តាមរយៈ​យុទ្ធសាស្ត្រ​សម្របសម្រួល និង​បាន​ព្រមាន​ចំៗ​ដល់​សមាជិក កុំ​កាច់​ចង្កូត​អាស៊ាន​ទៅ​កាន់​សង្វៀន​ប្រកួតប្រជែង​នៃ​ប្រទេស​មហាអំណាច​ដែល​នាំ​ឱ្យ​មាន​ការ​បំផ្លិចបំផ្លាញ​អាស៊ាន។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី មាន​ប្រសាសន៍​ថា និន្នាការ​របស់​អាស៊ាន​ក្នុង​ការ​គាំទ្រ​មហា​អំណាច​ចិន និង​អាមេរិក​ពុំ​មាន​តុល្យភាព​គ្នា​ឡើយ ដែល​ធ្វើ​ឱ្យ​អាស៊ាន​ពិបាក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កំពុង​កើន​ឡើង​កម្ដៅ​ដូចជា បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាដើម។ ទន្ទឹម​គ្នា​នេះ​លោក​ថា កម្ពុជា​ហាក់​ក្លាយ​ជា​ទីតាំង​ស្នូល និង​ធ្វើ​ឱ្យ​សមាជិក​អាស៊ាន​ផ្សេង​ទៀត​តែង​សម្ដែង​ក្ដី​កង្វល់​ក្នុង​ការ​ទាញ​ឱ្យ​អាស៊ាន​ចូល​ក្នុង​អន្ទាក់​ភូមិសាស្ត្រ​នយោបាយ ដោយសារ​តែ​កម្ពុជា​បង្កើន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​យោធា និង​សន្តិសុខ​ជាមួយ​ចិន​កាន់តែ​ស៊ី​ជម្រៅ។

លោក សេង វណ្ណលី៖ «បើ​យើង​និយាយ​ទៅ​កម្ពុជា​គឺ​ជា​ប្រទេស​ដែល​គេ​មើល​ឃើញ​ថា មាន​ភាព​ជិតដិត​ខ្លាំង​បំផុត​លើ​គ្រប់​វិស័យ សេដ្ឋកិច្ច សង្គម នយោបាយ ក៏​ដូចជា​វិស័យ​សន្តិសុខ និង​យោធា ប្រការ​នេះ​ហើយ​ដែរ​ធ្វើ​ឱ្យ​អាស៊ាន​មាន​ការ​ព្រួយបារម្ភ​ជំរុញ​ឱ្យ​មាន​ការ​ជជែក​លើ​ការ​បញ្ចប់​កិច្ច​ព្រមព្រៀង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង (Code of Conduct) ហៅ​កាត់​ថា (COC) នៅ​តែ​បន្ត​រាំងស្ទះ​អត់​ទាន់​បិទ​បញ្ចប់​ការ​ចរចា​នៅ​ឡើយ​ទេ។ ថ្វីត្បិត​តែ​កាល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​កម្ពុជា​រំពឹង​ថា (COC) នឹង​បញ្ចប់​ការ​ចរចា នឹង​ចូល​ជា​ធរមាន​នៅ​ឆ្នាំ២០២២ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ (COC) មិន​ទាន់​បញ្ចប់ (Finalize) នៅ​ឡើយ​ចំណុច​នេះ​ហើយ​ដែរ​បង្កើត​ឱ្យ​មាន​ការ​ខ្ទើត​ចិត្ត ឬ​ការ​បង្កើត​ភាព​ចម្រូងចម្រាស​ការ​មិន​ទុក​ចិត្ត​គ្នា​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន»

ក្រុម​អ្នក​ជំនាញ​ពន្យល់​ថា យុទ្ធសាស្ត្រ​របស់​ចិន​ក្នុង​ការ​ប្រជែង​មហា​អំណាច​ពិភព​ជាមួយ​អាមេរិក គឺ​ចិន​ចង់​មិន​ឃើញ អាស៊ាន​រួបរួម​គ្នា​ជា​ធ្លុង​មួយ​នោះ​ទេ​ព្រោះ​ចិន​អាច​នឹង​ពិបាក​បញ្ជ្រាប និង​ពង្រីក​ឥទ្ធិពល​សេដ្ឋកិច្ច និង​យោធា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​មាន​សេដ្ឋកិច្ច​ទន់ខ្សោយ​ដែល​មាន​មេដឹកនាំ​និយម​របប​ផ្ដាច់ការ។ អ្នកឃ្លាំមើល​តម្លៃ​ថា ការស្វែងរក​ដំណោះស្រាយ​សម្រាប់​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​អាច​នឹង​នៅតែ​ជា​ចំណុច​ក្ដៅ​ក្នុង​រយៈពេល​យូរ​អង្វែង ដែល​នឹង​បង្ក​ឱ្យ​កើត​មាន​អសន្តិសុខ​ក្នុង​តំបន់​ជា​បន្តបន្ទាប់ ប្រសិន​បើ​សមាជិក​អាស៊ាន​នៅ​តែ​បន្ត​បែកខ្ញែក​គ្នា និង​មិន​ប្រកាន់​ជំហរ​នយោបាយ​អព្យាក្រឹត្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ប៉ូលិស​ថៃ​ស៊ើបអង្កេត​ឃើញ​ថា ករណី​ធ្វើឃាត​លើ​លោក លិម គិមយ៉ា មាន​ការ​រៀបចំ​ជា​ប្រព័ន្ធ ដោយ​មាន​មេខ្លោង​នៅ​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។