ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកជំនាញឃ្លាំមើលលើការបោះឆ្នោត អត្ថាធិប្បាយពីការចាប់ចងបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិ ថាជាការរំលោភសិទ្ធិតំណាងរាស្ត្រជាប់ឆ្នោត ដែលពលរដ្ឋបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនពួកគាត់រួចហើយ។
ប៉ុន្តែ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា វិញ បានហៅបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតដែលត្រូវចាប់ខ្លួននោះ ថាជាក្រុមអនាធិបតេយ្យ មិនទាន់ស្បថចូលកាន់តំណែងជាតំណាងរាស្ត្រទេ។
អភ័យឯកសិទ្ធិនៃអ្នកតំណាងរាស្ត្រ ត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញ ជាពិសេសក្នុងមាត្រ៨០ និង៨២។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា និកហ្វិច (Nicfec) លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ពន្យល់ថា អ្នកដែលបានចុះបញ្ជីឈរឈ្មោះជាតំណាងរាស្ត្រឲ្យពលរដ្ឋបោះឆ្នោតក្នុងមណ្ឌលនៃខេត្តនីមួយៗ ហើយត្រូវប្រកាសលទ្ធផលថាជាប់ឆ្នោតដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយនោះ គឺចាត់ទុកថា ជាតំណាងរាស្ត្រស្របច្បាប់ពិតប្រាកដ។
លោកបន្តថា ក្នុងរឿងនេះអាចមានការកត់សម្គាល់ពីរករណីសំខាន់ គឺទីមួយ ជាសីលធម៌សង្គម តំណាងរាស្ត្រនេះឯងត្រូវបានទទួលការគោរពពីប្រជាពលរដ្ឋឲ្យធ្វើជាតំណាងរបស់ពួកគេ។ ទីពីរ សភាសព្វថ្ងៃបានដំណើរការទៅ ហើយករណីនេះហាក់បានផ្តល់អភ័យឯកសិទ្ធិទៅលើអ្នកតំណាងរាស្ត្រខាងគណបក្សសង្គ្រោះជាតិ នោះរួចទៅហើយ បើទោះពួកគាត់មិនទាន់ចូលប្រជុំសភា ធ្វើការជាមួយគណបក្សជាប់ឆ្នោតម្ខាងទៀតក៏ដោយ៖ «ទីមួយ គាត់ត្រូវបានបោះឆ្នោតដោយរាស្ត្រ គឺគាត់ជាតំណាងរាស្ត្រ ហើយទីពីរ សភាដំណើរការហ្នឹង គឺបញ្ជាក់ថា រដ្ឋធម្មនុញ្ញចែងថា មានសមាជិក ១២០ ឡើងទៅ បានន័យថា គេបូកទាំងចំនួនរបស់គណបក្សសង្គ្រោះជាតិ។ អ៊ីចឹង នេះជាតំណាងរាស្ត្រពិតប្រាកដ ហើយបើជាតំណាងរាស្ត្រពិតប្រាកដ គឺមានអភ័យឯកសិទ្ធិហើយ»។
មាត្រា៨២ នៃរដ្ឋធម្មនុញ្ញចែងថា រដ្ឋសភាបើកសម័យប្រជុំដំបូង ៦០ថ្ងៃយ៉ាងយូរ ក្រោយពេលបោះឆ្នោតតាមការកោះប្រជុំរបស់ព្រះមហាក្សត្រ។
មុនចាប់ផ្តើមការងាររបស់ខ្លួន រដ្ឋសភាត្រូវប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ ត្រូវបោះឆ្នោតជ្រើសរើសដាច់ខាតដោយឡែកពីគ្នា នូវប្រធាន អនុប្រធានរដ្ឋសភា និងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់រដ្ឋសភា ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកទាំងមូល។ រដ្ឋសភា ត្រូវអនុម័តបទបញ្ជាផ្ទៃក្នុង ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកទាំងមូល។
តំណាងរាស្ត្រទាំងអស់ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ដូចមានខ្លឹមសារចែងក្នុងឧបសម្ពន្ធទី៥នៃរដ្ឋធម្មនុញ្ញ។
ទាក់ទងនឹងការស្បថមុនចូលកាន់តំណែងរបស់អ្នកតំណាងរាស្ត្រនោះ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានហៅបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតដែលត្រូវចាប់ខ្លួននោះថា ជាក្រុមអនាធិបតេយ្យ ដែលតែងតែដើរញុះញង់ឲ្យកើតមានអំពើហិង្សា បង្កឲ្យមានអស្ថិរភាពក្នុងសង្គមជាតិទាំងមូល៖ «អ្នកដែលហៅគាត់តំណាងរាស្ត្រហ្នឹងខុសហើយ ខុសច្បាប់ រួចនែក! ឲ្យទៅសច្ចាប្រណិធានហ្នឹង គឺឲ្យស្បថក្នុងវាំង ព្រោះថាបើមិនឲ្យគាត់ស្បថមិនកើតទេ ព្រោះអ្នកតំណាងរាស្ត្រទាំងអស់ហ្នឹង បើគាត់មិនស្បថទេ គាត់ធ្វើផ្ដេសផ្ដាស គាត់បម្រើជនបរទេស យកលុយបរទេសមកប្រើប្រាស់សម្លាប់រដ្ឋាភិបាលសម្លាប់រាស្ត្រខ្លួនឯង មិនងាប់ហើយទេ? អ៊ីចឹងហើយបានគេឲ្យគាត់ទៅស្បថសិន មុននឹងតាំងខ្លួនធ្វើតំណាងរាស្ត្រ»។
ទាក់ទងបញ្ហានេះដែរ លោក សឺន ស៊ូប៊ែរ្តិ៍ ជាឧត្តមក្រុមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ និងធ្លាប់ជាអនុប្រធានរដ្ឋសភាផងនោះ មានប្រសាសន៍ថា ភាពជាតំណាងរាស្ត្រ សំខាន់ត្រង់ថាប្រជាពលរដ្ឋបានបោះឆ្នោតឲ្យគ្រប់សំឡេងក្លាយជាតំណាងរាស្ត្របាន។ ចំណែកការចូលសភាដំបូងក្រោមអធិបតីភាពព្រះមហាក្សត្រ ការចូលវាំងធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែងនោះ គឺគ្រាន់តែជាពិធីការបំពេញបន្ថែមតាមរបៀបរដ្ឋបាលនៃរដ្ឋសភាប៉ុណ្ណោះ៖ «បើទោះជាយ៉ាងម៉េចក៏ដោយ លទ្ធផលនៃការបោះឆ្នោត បានតែងតាំងគេជាតំណាងរាស្ត្រទៅហើយ គ្រាន់តែសភាមិនទាន់ផ្តល់ស្អីៗហ្នឹងឲ្យគេ ប៉ុន្តែគេជាតំណាងរាស្ត្រទៅហើយ មិនមែនគ្រាន់តែបានសុពលភាពវាមានតម្លៃធំជាងទេ សុពលភាពគ្រាន់តែជានីតិវិធីនៃរដ្ឋសភាប៉ុណ្ណឹង ប៉ុន្តែធំ គឺប្រជាពលរដ្ឋបោះឆ្នោតឲ្យម្ចាស់ឆ្នោត អាហ្នឹងធំជាងគេ»។
តំណាងរាស្ត្រម្នាក់ៗអាចមានសំឡេងគាំទ្រជាមធ្យមប្រមាណ ៥ម៉ឺនសំឡេង ទៅតាមចំនួនប្រជាពលរដ្ឋក្នុងតំបន់ដែលអ្នកតំណាងរាស្ត្របានឈរឈ្មោះ។
ចំណែក លោកបណ្ឌិត ហង្ស ពុទ្ធា វិញ មានប្រសាសន៍ដែរថា សមាជិកសភាត្រូវចូលស្បថដើម្បីបំពេញសុពលភាពជាតំណាងរាស្ត្រ ប៉ុន្តែច្បាប់មិនបានកំណត់ថា តំណាងរាស្ត្រណាមិនចូលស្បថ ត្រូវបាត់បង់អភ័យឯកសិទ្ធិ ឬបាត់បង់ភាពជាតំណាងរាស្ត្រ ដែលគេបានបោះឆ្នោតឲ្យនោះទេ៖ «យើងមើលចំណុចមួយទៀត ព្រះមហាក្សត្រយាងជាអធិបតីភាព គឺថាមិនមែនយាងទៅផ្តល់សុពលភាពទេ យាងទៅផ្តល់តួនាទីទេ គ្រាន់តែយាងជាអធិបតីទេ ប៉ុន្តែអ្នកខ្លះគាត់បកស្រាយថា ព្រះមហាក្សត្រយាងទៅផ្តល់សុពលភាពបានទៅជាតំណាងរាស្ត្រ អត់ទេ ច្បាប់អត់ចែងអ៊ីចឹងទេ អ៊ីចឹងព្រះមហាក្សត្រគ្រាន់តែជានិមិត្តរូបយាងជាអធិបតីទេបាទ»។
លោក សឺន ស៊ូប៊ែរ្តិ៍ មានប្រសាសន៍ទៀតថា តំណាងរាស្ត្រម្នាក់ៗជាតំណាងឲ្យប្រជាពលរដ្ឋទូទាំងប្រទេស និងមានតម្លៃធំធេងណាស់ ព្រោះគេតែងតាំងដោយការបោះឆ្នោតជាសកល ហើយការមើលងាយណាមួយរំលោភលើសិទ្ធតំណាងរាស្ត្រ គឺដូចគ្នានឹងការប្រមាថមើលងាយប្រជាពលរដ្ឋទូទៅដែរ៖ «យកតំណាងរាស្ត្របានន័យថា តំណាងពលរដ្ឋព្រះរាជាណាចក្រកម្ពុជា ទាំងមូល យកទៅឃុំយកទៅអី អត់មានផ្តល់កិត្តិយសឲ្យគេ អាហ្នឹងជាកំហុសធំហើយ»។
មាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថា តំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្ររូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសម្ដែងយោបល់ ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួននោះឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកសភាណាមួយនៃរដ្ឋសភា នឹងអាចកើតឡើងទៅបាន លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។
លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជា កំពុងរំលោភទៅលើមាត្រានេះ ដោយចោទទៅលើបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារ ដោយចោទប្រកាន់ភ្ជាប់នឹងបទល្មើសផ្សេងៗក្រោយកើតអំពើហិង្សានៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា នោះ។
លោកបន្តថា បេក្ខជនតំណាងរាស្ត្រដែលមិនចូលធ្វើការក្នុងសភា អាចបាត់បង់ផលប្រយោជន៍ពីរយ៉ាង គឺអត់ទទួលបានប្រាក់ខែ និងទីពីរ គឺគាត់អត់មានសិទ្ធិក្នុងការកោះហៅមន្ត្រីរដ្ឋាភិបាលមកសាកសួរនូវរឿងហេតុផ្សេងៗ ទាក់ទងនឹងការងារប្រទេសជាតិដែលខ្លួនចង់ដឹង ឬមានមន្ទិលសង្ស័យលើបញ្ហាអ្វីមួយ៖ «ពីព្រោះគាត់ស្នើត្រូវស្នើតាមប្រធានរដ្ឋសភា ហើយបើគាត់អត់ចូលធ្វើការក្នុងសភា គាត់មិនអាចស្នើតាមប្រធានសភាបាន អ៊ីចឹងគាត់បាត់បង់ផលប្រយោជន៍ពីរយ៉ាងហ្នឹង ហើយគំរូរបៀបនេះមានសមាជិកសភាម្នាក់នៅប្រទេសអង់គ្លេស គាត់ថា គាត់ចង់ចំណាយពេលច្រើនក្នុងការធ្វើការរបៀបការិយាធិបតេយ្យនៅក្នុងសភា គាត់ឈរឈ្មោះ គាត់ចំណាយពេលជួបជាមួយប្រជាពលរដ្ឋ អ៊ីចឹងឲ្យតែគាត់ឈរឈ្មោះ គឺគាត់ជាប់ហើយ គាត់អត់ចូលធ្វើការក្នុងសភាទេ គាត់មានអភ័យឯកសិទ្ធិ គាត់មានតួនាទីជាតំណាងរាស្ត្រ»។
ទាំង លោក សឺន ស៊ូប៊ែរ្តិ៍ និងលោក ហង្ស ពុទ្ធា មានប្រសាសន៍ដូចគ្នាថា បើចាត់ទុកអ្នកតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ដែលជាប់ឆ្នោតថាអត់មានអភ័យឯកសិទ្ធិ ដូច្នេះសភាដែលកំពុងដំណើរការសព្វថ្ងៃនេះ ក៏មិនស្របច្បាប់ដែរ ព្រោះរដ្ឋធម្មនុញ្ញចែងថា រដ្ឋសភាត្រូវមានសមាជិកយ៉ាងតិច ១២០រូប ចំណែកគណបក្សប្រជាជនកម្ពុជា ដែលចូលធ្វើការនៅក្នុងសភាតែម្នាក់ឯងនោះ ពុំមានសមាជិកគ្រប់តាមចំនួនកំណត់នេះឡើយ។ យ៉ាងដូច្នេះហើយ ទើបគណបក្សសង្គ្រោះជាតិ តែងតែហៅសភាសព្វថ្ងៃនេះថា ជាសភាមិនគ្រប់ទឹក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
