តំណាង​ពលរដ្ឋ​ជាង​ ១ពាន់​នាក់ ដាក់​ញត្តិ​ស្នើ​សុំ​ក្រសួង​មហាផ្ទៃ ឱ្យឈប់​ផ្ដល់​អត្ត​សញ្ញាណ​ប័ណ្ណ​ជន​អន្តោ​ប្រវេសន៍

0:00 / 0:00

ពលរដ្ឋ​ចំនួន​ ៥នាក់ ដែល​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ ១.៥០០នាក់ នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែ​កញ្ញា​នេះ បាន​នាំ​គ្នា​ដាក់​ញត្តិ​ស្នើ​សុំ​ក្រសួង​មហាផ្ទៃ ឱ្យឈប់​​ផ្ដល់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោ​ប្រវេសន៍។ មន្ត្រី​សង្គម​ស៊ីវិល គាំ​ទ្រ​ញត្តិ​របស់​ក្រុម​ប្រជាពលរដ្ឋ ហើយ​ថា ការ​ស្នើ​សុំ​នេះ មិន​មែន​ជា​ការ​រើស​អើង​ជាតិ​សាសន៍​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ការ​ដែល​គិត​ពី​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ការ​ការពារ​បូរណភាព​ទឹកដី។

តំណាង​ក្រុម​យុវជន លោក ថេល ធីលែន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ញត្តិ​ដែល​លោក​បាន​ដាក់​ជូន​ក្រសួង​មហាផ្ទៃ បាន​ភ្ជាប់​ស្នាម​មេ​ដៃ និង​លេខ​អត្ត​សញ្ញាណ​ប័ណ្ណ​ពី​ប្រជាពលរដ្ឋ​ ១.៥០០នាក់ ​គាំទ្រ​​ស្នើ​សុំ​​ឱ្យ​​ក្រសួង​មហាផ្ទៃ បញ្ឈប់​ការ​ផ្ដល់​លិខិត​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍។ លោក ថេល ធីលែន បន្ថែម​ថា បច្ចុប្បន្ន​មាន​ជន​ជាតិ​វៀតណាម​រាប់​ពាន់​នាក់ កំពុង​សម្រុក​ចូល​មក​កម្ពុជា តាម​ច្រក​របៀង​ព្រំដែន ដើម្បី​មក​ធ្វើ​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍ ហើយ​នេះ​គឺជា​ការ​គំរាម​កំហែង​ដល់​សុវត្ថិភាព​ប្រទេស​ជាតិ ពី​ព្រោះ​ជនជាតិ​វៀតណាម​មិន​ដែល​បោះបង់​គំនិត​ឈ្លាន​ពាន​ទឹកដី​កម្ពុជា​នោះ​ទេ។ ជា​មួយ​គ្នា​នេះ លោក ថេល ធីលែន បន្ថែម​ថា ប្រសិទ្ធិ​ភាព​ក្នុង​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​នៅ​កម្ពុជា ខុស​ពី​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​នៅ​ប្រទេស​អាមេរិក (United State) ព្រោះ​ជន​អន្តោប្រវេសន៍​នៅ​កម្ពុជា​ភាគ​ច្រើន​ជា​ជនជាតិ​ចិន និង​វៀតណាម ហើយ​ពួកគេ​ទាំង​នោះ ភាគ​ច្រើន​រក​ស៊ី​ខុស​ច្បាប់ និង​តែងតែ​បង្ក​បញ្ហា​ដល់​សង្គម​ជាតិ៖ « ភាគ​ច្រើន​អ​សន្តិសុខ និង​បញ្ហា​នានា​របស់​សង្គម​គឺ​កើត​ចេញ​ពី​ជន​អន្តោប្រវេសន៍​វៀតណាម​ហើយ​និង​ចិន​នេះ​ឯង ដូចជា​គ្រឿង​ញៀន ពេស្យាចារ ចោរកម្ម ការ​ជួញ​ដូរ​មនុស្ស ការ​លាង​លុយ​កខ្វក់​នានា​ហ្នឹង សុទ្ធ​តែ​កើត​ចេញ​ពី​ជន​អន្តោប្រវេសន៍។ យើង​ផ្ដល់​សិទ្ធិ​ឱ្យ​គាត់​កាន់​តែ​ទូលំទូលាយ​ទៀត អញ្ចឹង​សង្គម​ជាតិ​យើង​ប្រាកដ​ជា​មាន​ហានិភ័យ និង​បញ្ហា​ជា​ច្រើន​ប៉ះពាល់​ដល់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង»

វិទ្យុអាស៊ីសេរី​នៅ​ពុំ​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ ដើម្បី​ផ្ដល់​ការ​បកស្រាយ​អំពី​ញត្តិ​នេះ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី១៩ ខែ​កញ្ញា។ ទោះ​ជា​យ៉ាងណា មន្ត្រី​រដ្ឋបាល​ក្រសួង​មហាផ្ទៃ បាន​ទទួល​យក​ញត្តិ​របស់​ក្រុម​ប្រជាពលរដ្ឋ​កាល​ពី​ព្រឹក​ថ្ងៃ​ទី១៩ ខែកញ្ញា ដោយ​តំណាង​ប្រជាពលរដ្ឋ​ទាំង​៥នាក់ ដើរ​យក​ញត្តិ​ទៅ​ដាក់​ដល់​ការិយាល័យ​រដ្ឋបាល​ក្រសួង​មហាផ្ទៃ​តែ​ម្ដង ប៉ុន្តែ​មន្ត្រី​រដ្ឋបាល​ក្រសួង​មហាផ្ទៃ​មិន​បាន​ឆ្លើយ​តប​ចំពោះ​ញត្តិ​នេះ​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ។

ជុំវិញ​រឿង​នេះ​ដែរ អ្នក​នាំ​ពាក្យ​សមាគម​អាដហុក លោក សឹង សែនករុណា យល់​ឃើញ​ថា ការ​ដាក់​ញត្តិ​របស់​ក្រុម​យុវជន​នេះ គឺជា​ការ​បំពេញ​ភារកិច្ច​ក្នុង​នាម​ជា​ពលរដ្ឋ ដែល​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​មាត្រា៣៥ ដែល​បាន​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ ហើយ​សេចក្ដី​ស្នើ​ទាំង​ឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះ​ស្រាយ​យ៉ាង​ម៉ត់ចត់​ពី​អង្គការ​រដ្ឋ។ លោក សឹង សែនករុណា បន្ថែម​ថា រដ្ឋាភិបាល​គួរ​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​ស្នើ​របស់​ក្រុម​ប្រជាពលរដ្ឋ​នេះ ហើយ​ក្រសួង​ពាក់ព័ន្ធ​គួរ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ជន​អន្តោប្រវេសន៍ ជាជាង​ការ​ចេញ​លិខិត​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍​ទាំងនេះ។ បន្ថែម​ពី​នេះ លោក សឹង សែនករុណា លើក​ឡើង​ថា ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​ទាំង​នេះ មិន​មែន​ជា​ការ​រើស​អើង​ជាតិសាសន៍​អ្វី​នោះ​ទេ ប៉ុន្តែ​គឺជា​ការ​គិតគូរ​ពី​បូរណភាព​ទឹកដី និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ តាម​រយៈ​ការ​កាត់​បន្ថយ​សកម្មភាព​ខុស​ច្បាប់​របស់​ជន​អន្តោប្រវេសន៍​តែ​ប៉ុណ្ណោះ៖ « លក្ខណៈ​ជា​សកល ថ្វី​ត្បិត​តែ​គេ​មិន​ឱ្យ​មាន​ការ​រើស​អើង​មែន ប៉ុន្តែ​បញ្ហា​នេះ​វា​ហាក់​ដូច​ជា​មិន​មាន​ន័យ​បញ្ជាក់​ទៅ​លើ​បញ្ហា​រើស​អើង​ទេ ពី​ព្រោះ​ជនជាតិ​វៀតណាម​គេ​មាន​ប្រទេស​របស់​គេ​ដែរ យើង​ក៏​មាន​ប្រទេស​របស់​យើង ហើយ​ពលរដ្ឋ​យើង​ក៏​គេ​មាន​សិទ្ធិ​ក្នុង​ការ​ស្រលាញ់​ប្រទេស ស្រលាញ់​ទឹកដី គេ​ចង់​រក្សា​ទឹក រក្សា​ដី​ប្រទេស​ហ្នឹង​ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​ផង​ដែរ»

បន្ទាប់​ពី​ដាក់​ញត្តិ​នៅ​ក្រសួង​មហាផ្ទៃ លោក ថេល ធីលែន បាន​ប្រកាស​ថា លោក​នឹង​ប្រមូល​ផ្ដុំ​ប្រជាពលរដ្ឋ​តវ៉ា​ដោយ​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល បញ្ឈប់​ផ្ដល់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោ​ប្រវេសន៍ និង​ស្នើ​សុំ​កុំ​ឱ្យ​បង្រៀន​អក្សរ​សាស្ត្រ​វៀតណាម នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រោយ​ពី​ពិធី​ភ្ជុំ​បិណ្ឌ​នេះ។ កន្លង​មក ប្រជា​ពលរដ្ឋ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ភ្លើង​ទៀន បាន​បង្ហាញ​ក្ដី​បារម្ភ​ថា ការ​ផ្ដល់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោ​ប្រវេសន៍​នេះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ និង​ធ្វើ​ឱ្យ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចូល​មក​រស់​នៅ​កម្ពុជា​កាន់​តែ​ច្រើន​ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។