យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ថ្ងៃ​ទី៤ គណបក្ស​ភ្លើង​ទៀន​ហែ​ក្បួន​ធំ​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ​មាន​មនុស្ស​ចូលរួម​រាប់ពាន់​នាក់

0:00 / 0:00

យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ក្នុង​ថ្ងៃ​ទី៤ នេះ ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ភ្លើង​ទៀន​ បន្ត​ហែក្បួន​ទ្រង់ទ្រាយ​ធំ ​នៅ​ខេត្ត​ជាប់​ព្រំ​ដែនថៃ និង​ខេត្ត​សៀមរាប ដែល​មាន​មនុស្ស​ចូលរួម​រាប់​ពាន់​នាក់។ រីឯ​គណបក្ស​នយោបាយ​មួយ​ចំនួន​ទៀត​ធ្វើ​យុទ្ធនាការ និង​ផ្សព្វផ្សាយ​គោល​នយោបាយ​របស់​ខ្លួន ​នៅ​តាម​មូលដ្ឋាន​ទ្រង់​ទ្រាយ​តូចៗ ក្នុង​ខេត្ត​មួយ​ចំនួន។

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ថ្ងៃ​ទី៤ នេះ គណបក្ស​ភ្លើង​ទៀន គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ និង​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​បន្តធ្វើសកម្មភាព​ឃោសនា​រក​សំឡេង​ឆ្នោត​ជួប​ជាមួយ​ពលរដ្ឋ និង​ក្រុម​អ្នក​គាំទ្រ នៅ​តាម​បណ្តាខេត្ត​មួយ​ចំនួន ​នៅ​ជាប់​ព្រំដែន​ថៃ ដូចជា ខេត្ត​បន្ទាយ​មាន​ជ័យ បាត់ដំបង និង​ខេត្ត​សៀមរាប​ជាដើម។

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ប្រាប់​វិទ្យុអាស៊ីសេរី​ នៅ​ថ្ងៃ​ទី២៤ ឧសភា​ថា​ ពលរដ្ឋជាង ២ពាន់​នាក់ បាន​ចូលរួម​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​ទាំង​កណ្តាល​ថ្ងៃ​ក្តៅ ក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត្រ ​ដើម្បី​ស្តាប់​សារនយោបាយ និង​ការប្តេជ្ញាចិត្តរបស់​បេក្ខភាព​ចៅ​សង្កាត់​គឺ អ្នកនាង ចៅ រតនៈ ដែល​ត្រូវ​ជា​កូនស្រី លោក ចៅ វាសនា អតីត​ចៅសង្កាត់​ប៉ោយប៉ែត​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​សង្ឃឹម​ថា គណបក្ស​ភ្លើង​ទៀន​នឹង​ទទួល​ជ័យជម្នះ​ក្នុង​សង្កាត់នេះ​ ព្រោះ​មាន​ពលរដ្ឋ​ជា​ច្រើន​គាំទ្រ ចេញ​ពី​ទឹក​ចិត្ត។ លោក​បន្ថែម​ថា ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ក៏​បន្ត​ជួប​ជាមួយ​អ្នក​គាំទ្រ​ នៅ​ខេត្តសៀមរាប នៅ​រសៀល​ថ្ងៃ​ដដែល​នេះ៖ «យើង​ឃើញ​មាន​សង្ឃឹម​ច្រើន ហើយ​សង្កាត់​ប៉ោយប៉ែត យើង​ធ្លាប់​តាំង​ពី​អាណត្តិ​ដំបូង​ដែរ។ មនុស្ស​ព្រឹក​មិញ ​ពលរដ្ឋ​សាទរ​ច្រើន​នៅ​តាម​ផ្ទះ»

អតីត​ចៅសង្កាត់​ប៉ោយប៉ែត ​លោក ចៅ វាសនា បាន​បាត់​បង់​តំណែង​ដោយសារ​តែ​រដ្ឋាភិបាល​ រំលាយ​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ឆ្នាំ២០១៧។ លោក ចៅ វាសនា ដែល​មាន​ដើម​កំណើត​ខ្មែរ​ក្រោម បាន​ជាប់​ពន្ធនាគារ ៥ឆ្នាំ ក្រោម​បទ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រើ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ពាក់ព័ន្ធ​នឹង​រឿង​ចុះ​ឃ្លាំមើល​កម្មករ​អូស​រទេះ​តវ៉ា​នៅ​ក្រុង​ប៉ោយប៉ែត កាល​ពី​ដើម​ឆ្នាំ២០១៧។

ថ្លែង​នៅ​ចំពោះ​មុខក្រុម​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី២៤ ឧសភា លោក ចៅ វាសនា បាន​ណែនាំ និង​បង្ហាញ​ពី​សមត្ថភាព ឆន្ទៈ​កូនស្រី​បង្កើត​របស់​លោក គឺ​អ្នកស្រី ចៅ រតនៈ ជា​បេក្ខភាព​ចៅ​សង្កាត់​ប៉ោយ​ប៉ែត ជំនួស​លោក​ក្នុង​អាណត្តិ​នេះ។ លោក​អង្វរ​ដល់​ភាគី​ពាក់ព័ន្ធ កុំ​លួចអាសនៈ​គណបក្ស​ដែល​ជាប់​ឆ្នោត​ ក្នុង​អាណត្តិ​ទី៥ នេះ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​មេឃុំ/​ចៅ​សង្កាត់​ថ្មី​ បម្រើ​ពលរដ្ឋ​ដោយ​ស្មោះត្រង់​ និង​ស្មារតី​ស្នេហា​ជាតិ​ច្បាស់លាស់៖ « អ៊ំ ពូ​មីង ដែល​បោះឆ្នោត​ឱ្យ​ខ្ញុំ សូម​អង្វរ​អ្នក​លួច​កុំ​ឱ្យ​លួច​ទៀត សូម​អ្នក​ប្លន់​កុំ​ឱ្យ​ប្លន់​ទៀត ទុក​ឱ្យ​គណបក្ស​ភ្លើង​ទៀន បម្រើ​ពលរដ្ឋ​ឱ្យ​បាន ៥ឆ្នាំ​ថា តើ​គណបក្ស​ភ្លើង​ទៀន បម្រើ​បែប​ណា​ខ្លះ »

ក្រោយពី​ឃោសនា រក​សំឡេង​ឆ្នោត​នៅ​ខេត្តជាប់​ព្រំដែន​ថៃ ​ថ្នាក់​ដឹកនាំ​នៃគណបក្ស​ភ្លើងទៀន បាន​បន្ត​ធ្វើ​ដំណើរ ​ជួបក្រុម​អ្នក​គាំទ្រ ​និង​ហែរក្បូន​ទ្រង់ទ្រាយ​ធំ​ចំនួន ៣សង្កាត់​ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប ​ដោយ​មាន​មនុស្ស​ចូលរួម​ជាង ២.៥០០នាក់។

ក្រុម​អ្នកគាំទ្រ និង​សកម្មជន​គណបក្ស​ភ្លើងទៀន ភាគ​ច្រើន​ហែក្បូន​ដោយ​ជិះ​ម៉ូតូ រថយន្ត និង​ម៉ូតូ​កង់​បី ដោយ​ពាក់​អាវ​និមិត្ត​សញ្ញា​គណបក្សភ្លើង​ទៀន​ស្ទើរ​គ្រប់ៗ គ្នា៖ «គណបក្ស សម រង្ស៊ី បាន​ធ្វើ​សមាជ​វិសាមញ្ញ​ប្តូរ​ឈ្មោះ មក​ជា​គណបក្ស​ភ្លើង​ទៀន។ នៅ​ថ្ងៃ​ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ តាម​រយៈ​សមាជ​វិសាមញ្ញ គណបក្ស​ភ្លើង​ទៀន ​ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ ដោយ​ឆ្លង​កាត់​ឧបសគ្គ​រាប់​មិន​អស់​ទាំង​ផ្លូវ​ច្បាប់ និង​នយោបាយ ដើម្បី​ការពារ​ផល​ប្រយោជន៍​ជាតិ»

រីឯ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បន្ត​ធ្វើ​សកម្មភាព​ហែក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​ទ្រង់ទ្រាយ​តូច​ ដោយ​ចាក់​មេក្រូ​ចល័ត ​បិទ​បដា​តាម​ដើម​ឈើ និង​ចែកចាយ​ខិត​បណ្ណ ​នៅ​តាម​ឃុំ/សង្កាត់​មួយ​ចំនួន​ដូចជា នៅ​ខេត្ត​បាត់ដំបង កំពង់ចាម ​និង​ខេត្ត​កណ្តាល​ជា​ដើម។

ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ លោក ជីវ កត្តា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា យុទ្ធនាការ​បោះ​ឆ្នោត​រយៈ​ពេល ៤ថ្ងៃ​កន្លង​ទៅ​នេះ គណបក្ស​របស់​លោកបាន​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន ​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​កណ្តាល ដោយ​មាន​មនុស្ស​ចូលរួម​ ក្នុង​ចន្លោះ​ពី ១០០ ទៅ ២០០នាក់​ក្នុង​មួយថ្ងៃ។ លោក​ថា លើស​ពី​នេះ យុទ្ធនា​ការ​ភាគ​ច្រើន​ ក្រុមអ្នក​គាំទ្រ​ ប្រើប្រាស់​ម៉ូតូ ​រថយន្ត ​និង​មេក្រូ ​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​តាម​បណ្តា​ស្រុក​នៅ​ទី​ជនបទ។

លោក​បញ្ជាក់​ថា គណបក្ស​របស់​លោក បាន​ដាក់​បេក្ខភាព​ប្រកួត​ប្រជែង​បោះឆ្នោត​ឃុំ/​សង្កាត់​ ក្នុង​អាណត្តិ​ទី៥ នេះ ចំនួន ៣១៥ឃុំ/​សង្កាត់ នៅ​​ទូទាំង​ប្រទេស​ដោយ​មាន​បេក្ខភាព​ចូលរួម​ ​៥.០៥០​នាក់។ លោក​បន្ថែម​ថា គ​ណបក្ស​ខ្មែរ​ស្រឡាញ់ជាតិ​ នឹង​ធ្វើយុទ្ធនាការ​ហែក្បូន​ទ្រង់ទ្រាយ​ធំ​ នៅ​ក្រុង​បាត់ដំបង​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី២៨ ​ឧសភា ​ខាង​មុខ​នេះ៖ « សូម​អំពាវនាវ​ឱ្យ​បងប្អូន​ពលរដ្ឋ​ដែល​ស្រឡាញ់​ប្រជាធិបតេយ្យ​ សេរីភាព​យុត្តិធម៌ ​សូម​ចូលរួម​គាំទ្រ​បោះឆ្នោត​ឱ្យ​គណបក្ស​ខ្មែរ​ស្រឡាញ់ជាតិ​ ដើម្បី​បម្រើ​បងប្អូន​ដោយ​ស្អាតស្អំ​ស្មោះត្រង់​ និង​ដោះស្រាយ​បញ្ហា​នានា​ដែល​បងប្អូន​កំពុង​ជួបការ​លំបាក​កន្លង​មក »

រីឯ​​គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យឯណោះវិញ បន្ត​ធ្វើ​សកម្មភាព​ឃោសនា​រក​សំឡេង​ឆ្នោត​ក្នុង​ឃុំ​មួយ​ចំនួន ​ក្នុង​ក្រុង​បាត់​ដំបង​ ដោយជួប​ផ្ទាល់ ​ជាមួយ​អ្នក​គាំទ្រ​តាម​ផ្ទះ ចែក​ខិត​ប័ណ្ណ​ និង​ផ្សព្វផ្សាយ​តាម​មេក្រូ​ពី​គោល​នយោបាយ​របស់​គណបក្ស។

ប្រធានគណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ មាន​ប្រសាសន៍​ថា គណបក្ស​របស់​លោក​បាន​ធ្វើ​យុទ្ធនា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​ទ្រង់​ទ្រាយ​តូចៗ តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូចជា នៅ​ខេត្ត​បាត់​ដំបង និង​ខេត្ត​កណ្តាល​ជា​ដើម ទៅ​តាម​លទ្ធភាព ដោយសារ​ពុំ​សូវ​មាន​ថវិកា ដើម្បី​ប្រារព្ធ​ទ្រង់ទ្រាយ​ធំ​នោះ​ទេ។

លោក​បញ្ជាក់​ថា គណបក្ស​របស់​លោក ​បាន​ដាក់​បេក្ខភាព​ប្រកួត​ប្រជែង​បោះឆ្នោត​ឃុំ/​សង្កាត់​ ក្នុង​អាណត្តិ​នេះ ចំនួន ២៣ឃុំ/​សង្កាត់​ ហើយបច្ចុប្បន្ន​ ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ​កំពុង​ជួប​ពលរដ្ឋ​តាម​ផ្ទះ ​ដើម្បី​ផ្តល់​ខិតបណ្ណ​ ដើម្បី​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​របស់​គណបក្ស ​ក្នុង​សង្កាត់​ព្រែក​ព្រះ​ស្តេច ​ក្រុង​បាត់​ដំបង៖ «យើង​ទៅ​កន្លែង​ណា ចាក់​សម្រៀង​ បោះឆ្នោត​ឱ្យ​គណបក្ស​សំបុក​ឃ្មុំ ​ហើយ​នឹង​គោលការណ៍ ៧ចំណុច​របស់​ពូ គឺ​ពូផ្សព្វផ្សាយ​ ដើរ​ចួប​ជាមួយ​ពលរដ្ឋ​ធម្មតា​ឈរ​ឈ្មោះ ​យើង​ផ្ញើ​តែ​ស្រមោល ​តើ​ភូតភរ​ម្តេច​កើត ​យើង​ចង់​ឆ្លើយ​ទល់​មុខ ​ឱ្យ​គេ​សួរ ​យើង​ឆ្លើយ​ទល់​មុខ​បាន​ល្អ។​ មាន​លុយ​បាន​មាន​មនុស្ស​ច្រើន ​តែ​យើង​ចង់​តិច​ខ្លឹម​គ្រាន់​ជាង​ បោក​ប្រាស់​គ្នា ​ពូ​អត់​គាំទ្រ ​គេ​ធ្វើ​អី​ធ្វើ​ទៅ​ស្រេច​តែ​ចិត្ត​គេ»

ចំណែក ឯគណបក្ស​ប្រជាជន​កម្ពុជា​ មិន​បាន​ហែក្បូន​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ​នោះ​ទេ នៅ​ថ្ងៃ​ទី២៤ ឧសភា​នេះ​ទេ ដោយ​គ្រាន់តែ ផ្សព្វផ្សាយ​ពី​គោល​នយោបាយ ចាក់​មេក្រូ ឬ​ឧបករណ៍​បំពង​សំឡេង​តាម​ទី​ស្នាក់​ការ​គណបក្ស ក្នុង​ខេត្ត​នីមួយៗ តែ​ប៉ុណ្ណោះ។

អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​ និង​តស៊ូមតិ​ នៃអង្គការ​ខុមហ្រ្វែល លោក កន សាវាង្ស សង្កេត ឃើញ​ថា ដំណើរយុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត ​របស់​គណបក្ស​នយោបាយ​មួយ​ចំនួន ក្នុង​ថ្ងៃ​ទី៤ នេះ ស្រដៀង​គ្នា​កាលពី​ម្សិលមិញ​ដែរ ដោយ​គណបក្ស​នយោបាយ​ភាគ​ច្រើន បន្ត​ធ្វើ​យុទ្ធនា​ការ​ទ្រង់ទ្រាយ​តូចៗ​ទៅ​តាម​លទ្ធភាព​ ដោយ​ចែក​ខិត​បណ្ណ ហែ​ក្បូន​តាម​ម៉ូតូ និង​ចាក់​ឧបករណ៍​បំពង​សំឡេង​។ ​លោក​បន្ត​ថា​ មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ណាមួយ ឬការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​នៅ​ឡើយ​ទេ​ ក្នុង​ដំណើរ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ របស់​គណបក្ស​នយោបាយ​នានា។

យុទ្ធនាការ​រក​សំឡេងឆ្នោត​របស់​គណបក្ស​នយោបាយ​ទាំង១៧ ដែល​ចូលរួម​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ថ្ងៃ​ទី៥ ខែមិថុនា​ខាង​មុខ មាន​រយៈ ១៤ថ្ងៃ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២១ ខែ​ឧសភា ដល់​ថ្ងៃ​ទី៣ ខែមិថុនា​ខាង​មុខ។ ច្បាប់​បោះ​ឆ្នោត​អនុញ្ញាត​ឱ្យ​គណបក្ស​នយោបាយ​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ត្រឹម​ពីរ​ថ្ងៃ​ប៉ុណ្ណោះ គឺ​ថ្ងៃ​ចាប់​ផ្ដើម និង​ថ្ងៃ​ចុង​បញ្ចប់​នៃ​យុទ្ធនាការ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។