គណបក្ស​នយោ​បាយ​ធំៗ ពីរ​ធ្វើ​សកម្ម​ភាព​លេច​ធ្លោ​ជាង​គេ​ទូទាំងប្រទេស​នៅ​ថ្ងៃ​ទី១១ នៃ​យុទ្ធនា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត

0:00 / 0:00

គណបក្ស​នយោ​បាយ​ធំៗ​ ចំនួន​ពីរ​ដែល​ធ្វើ​សកម្ម​ភាព​​លេច​ធ្លោ​ជាង​គេសម្រាប់​ការ​ឃោសនា​​រក​សំឡេង​ឆ្នោត​ទូទាំង​ប្រទេស នៅ​ថ្ងៃ​ទី៣១ ខែ​ឧសភា គឺគណបក្ស​ប្រជា​ជន​កម្ពុជា និង​គណបក្ស​ភ្លើង​ទៀន។ ​ពួក​គេ​កំពុង​ចុះ​ផ្សព្វ​ផ្សាយសារយោ​បាយ​សំខាន់ៗ​ ក្នុង​ការ​ស្វែង​រក​ការ​គាំទ្រ​ពី​ពលរដ្ឋ ដើម្បី​មាន​ឱកាសដឹកនាំ​ឃុំ សង្កាត់ អាណត្តិ​ទី៥​ខាង​មុខ​នេះ។ មន្រ្តី​សង្គម​ស៊ីវិល​អំពាវ​នាវ​ឱ្យ​ភាគីពាក់ព័ន្ធ​ត្រូវ​គោរព​ច្បាប់​ឱ្យ​បាន​ម៉ឺង​ម៉ាត់ ដើម្បី​ធានា​ដល់​ដំណើរ​បោះ​ឆ្នោត​ប្រព្រឹត្តដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

យុទ្ធនា​​ការ​​​ឃោសនា​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី៥ ប្រព្រឹត្ត​​ទៅ​​អស់​​រយៈ​​ពេល ១១ថ្ងៃ​​ហើយ​​គិត​​ត្រឹម​​ថ្ងៃ​ទី៣១ ខែឧសភា។ គណបក្ស​នយោបាយ​ទាំង​នោះ​បន្ត​ហែរ​ក្បួន និង​ជួប​ជុំ​ទ្រង់​ទ្រាយ​ធំៗ​នៅ​តាម​បណ្តា​ខេត្តដោយ​ថ្លែង​សារ​នយោ​បាយ​ឌឺដង​ដាក់​គ្នា​នៅ​មុខ​សមាជិក និង​គាំទ្រ​រាប់​ពាន​នាក់ ។ ចំណែក​គណបក្ស​ផ្សេង​ទៀត​បន្ត​សកម្មភាព​តូចៗ ​ទៅ​តាម​ឃុំ​ដែល​ពួក​គេ​ដាក់បេក្ខជន​​ឈរ​ឈ្មោះ ដោយ​​ចាក់​មេក្រូ ​ដើរ​ចែក​ខិត​ប័ណ្ណ ដូច​សព្វ​ដង​នៅ​តាម​ដង​តាម​ផ្លូវ​សារ​ធារណៈ និង​​ក្នុង​​ភូមិ​​ឃុំ​ ដើម្បី​​​បញ្ជូន​​សារ​​​​​​គោល​នយោ​បាយ​ទៅ​កាន់​ប្រជា​ពលរដ្ឋ។

គណបក្ស​​​​ប្រជា​​​ជន​​​​កម្ពុជា​បាន​ចុះ​មូល​ដ្ឋាន​ជួប​សំណេះ​សំណាល​ជា​មួយសមា​ជិកបក្ស​ដែល​មាន​អ្នក​ចូល​រួម​រាប់​ពាន់​នាក់ ដូច​ជា​ខេត្ត​បាត់​ដំបង កណ្តាល កំពង់ចាម ជា​ដើម។ គណបក្ស​នេះ​លើក​ឡើង​ពី​ស្នា​ដៃ និង​ការ​កសាង​នូវ​សន្តិភាព ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋា​ភិបាល​នា​ពេល​កន្លង​ទៅ​ដែល​ធ្វើ​ឱ្យ​ជីវភាព និង​សេដ្ឋកិច្ច​រីក​ចម្រើន។

អនុ​ប្រធាន​​​គណបក្ស​​​ប្រជា​​​កម្ពុជា និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​លោក ស ខេង ថ្លែង​នៅ​មុខ​សមាជិក និង​អ្នក​គាំទ្រ​នៅ​ខេត្តបាត់​បង​ដោយ​លើក​ឡើង​ថា គណបក្ស​ប្រជា​ជន​បាន​បម្រើ​ជាតិ និង​ប្រជា​ពលរដ្ឋ​យ៉ាង​សកម្ម ជា​ពិសេស​ដោះស្រាយ​បញ្ហា​លំបាក សំណូម​ពរ​អស់​ពី​សមត្ថភាព​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ទទួល​បានភាព​កក់​ក្តៅ​ក្នុង​ជីវិភាព​ប្រចាំ​ថ្ងៃ។ លោក​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជា​ជន​ដើម្បី​សម្រេច​ទិស​ដៅ​អភិឌ្ឍ​ជាតិ​បន្ត​ទៀត៖ «បើ​សិន​លោក លោក​ស្រី​មាន​ជំនឿ​លើ​ការ​ដឹក​នាំ​គណបក្ស ការ​ដឹកនាំ​របស់​សម្តេច​ប្រធាន សម្តេច​ប្រធាន​កិត្តិ​យស រូប​ខ្ញុំ និង​អ្នក​ដឹក​នាំ​គណបក្ស​ដទៃ​ទៀត សូម​មេត្តា​បង​ប្អូន​បោះ​​ឆ្នោត​​ឱ្យ​បេក្ខជន​ក្រុម​ប្រឹក្សា​ដែល​មក​ពីគណបក្ស​ប្រជា​ជន​កម្ពុជា​ឱ្យ​ទទួល​បាន​ជោគ​ជ័យ​សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេលខាង​មុខ​នេះ»។

ចំណែក​គណបក្ស​ភ្លើង​ទៀន​វិញ បន្ត​ហែ​ក្បួន​ដែល​មាន​អ្នក​ចូល​រួម​រាប់​ពាន់​នាក់ ដូច​ជា នៅ​ខេត្ត​ត្បូង​ឃ្មុំ កំពង់ធំ សៀមរាប និង​បាត់​ដំបង​ជា​ដើម។ ក្រៅ​ពី​នេះ​ថ្នាក់ដឹក​នាំ និង​សកម្មជន​គណបក្ស​បាន​ចុះ​ជួប​អ្នក​គាំទ្រ និង​ពលរដ្ឋ ដើម្បី​ផ្សព្វផ្សាយ​គោល​នយោបាយ​នៅ​តា​ម​មូលដ្ឋាន​ដែរ។ មេដឹក​នាំ និង​បេក្ខជន​បក្សនេះ​បានលើក​ឡើង​ពី​បញ្ហា​អសកម្ម​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែលធ្វើ​ពលរដ្ឋ​ខ្មែរ​រង​គ្រោះ​រាប់​ឆ្នាំ ដូច​ជា​ការ​រំលោភ​សិទ្ធិ​អំណាច អំពើ​ពុយ​រលួយ ការរើស​អើង​ក្នុង​សង្គម និង​ការ​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្ម​ជាតិ ព្រៃ​ឈើ​ជាដើម។

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ថ្លែង​ប្រាប់​នៅ​មុខ​អ្នក​គាំទ្រ​ថា បេក្ខ​ជន​មេ​ឃុំ សង្កាត់​របស់​គណបក្ស​ភ្លើង​ទៀន​បាន​ប្តេជ្ញា​ចិត្ត​រួច​ហើយ​ថា ពួក​គេនឹង​បម្រើ និង​ការ​ពារ​ផល​ប្រយោជន៍​ពលរដ្ឋ​ដោយ​ស្មើ​ភាព​គ្នា រួម​មាន​ផ្តល់​សេវារដ្ឋ​បាល​ស្អាត​ស្អំ គោរព​សិទ្ធិ​អំណាច ជាពិសេស​ ប្រឆាំង​ខាត​រាល់​ការ​អភិឌ្ឍទាំង​ឡាយ​ណា​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ទទួល​រង​ទឹក​ភ្នែក និង​អំពើ​អយុត្តិធម៌​ក្នុង​សង្គម។ លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ភ្លើង​ទៀន​នៅ​ថ្ងៃ​ទី៥ ខែមិថុនា​ខាង​មុខ​នេះ ដើម្បី​ឱ្យ​ពួកគេ​មាន​ឱកាស​បម្រើ​ពលរដ្ឋ​ពិត​ប្រាកដ៖ «ក្នុង​ការ​ដឹក​នាំ​ពុក​រលួយ បក្ខ​ពួក​និយម​បែប​នេះ មុន​ និង​ក្រោយគង់​តែ​ប៉ះ​ពាល់​ដល់​យើង ដូច្នេះ​ដើម្បី​ការពារ​កម្មសិទ្ធិ​បង​ប្អូន កា​រពារ​សិទ្ធិ​សេរីភាព​បង​ប្អូន សូម​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ភ្លើង​ទៀន ហើយ​មេឃុំ​មក​ពី​គណ​បក្សភ្លើងទៀន​ប្តេជ្ញា​ដាច់​ខាត​នៅ​ជា​មួយ​ប្រជា​ពលរដ្ឋ​ដោយ​មិន​នៅ​ជា​ឈ្មួញ​ជា​ដាច់ខាត»។

ដោយ​ឡែក​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ បាន​ប្រកាស​ធ្វើ​យុទ្ធនា​ការ​ឃោសនា​ហែរក្បួន​រក​សំឡេង​ឆ្នោត ដឹក​នាំ​ដោយ​ប្រធាន​គណបក្ស​លោក ញឹក ប៊ុនឆៃ នៅភូមិ​សាស្រ្ត​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា។ រីឯ​គណបក្ស​តូចៗ មួយ​ចំនួន រួម​មាន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កែ​ទម្រង់​កម្ពុជា និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជា​ដើម មិន​ទាន់​ប្រកាស​ថ្ងៃ​យុទ្ធនា​ការ​ទ្រង់ទ្រាយ​ធំ​នៅ​ឡើយ​ទេ ដោយ​សកម្មជន​គណបក្ស​នយោ​បាយ​ទាំង​នេះ​បន្ត​ធ្វើ​សកម្មភាព​ឃោសនា​រក​សំឡេង​ឆ្នោត​ទ្រង់​ទ្រាយ​តូចៗ នៅ​តាម​ឃុំ សង្កាត់ រៀងៗ ខ្លួន។

អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី៣១ ខែ​ឧសភា គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការ​បោះ​ឆ្នោត​ទូទាំង​ប្រទេស​បាន​ទទួល​ពាក្យ​បណ្តឹង​សរុប​ចំនួន ៤៥ករណី។ លោក​បន្ត​ថា​បណ្តឹង​ភាគ​ច្រើន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​​ភ្លើង​ទៀន​នៅ​រាជ​ធានី​ភ្នំពេញ ដោយ​ឱ្យ​សុំ​ផ្តន្ទា​ទោស​​ទាក់​ទង​ការ​ប្រើពាក្យ​ពេចក៍​រំលោភ​លើ​គណ​បក្ស​ផ្សេង ការ​អនុវត្ត​តួនាទី​អាជ្ញាធរ​ក្នុង​មុខ​តំណែងជា​ដើម។ ទោះ​យ៉ាង​ណា​លោក​បន្ត​អះអាង​ថា ដំណើរ​ការ​ការ​ឃោសនា​របស់​គណបក្ស​នយោបាយ នៅ​ថ្ងៃ​ទី១១ នេះ ប្រព្រឹត្ត​ទៅ​ដោយ​មាន​សន្តិ​សុខ សុវត្ថិភាព សណ្ឋាប់ធ្នាប់​ល្អ និង​គ្មាន​អំពើ​ហិង្សា​នោះ​ទេ៖ «ថ្ងៃ​ទី​១១​នេះ​ការ​ឃោសនា​ប្រព្រឹត្ត​ទៅ​ដោយ​ប្រក្រតី គណ​បក្សនយោ​បាយ​មិន​សូវ​ផុល​ផុស​ក្នុង​ការ​ហែរ​ក្បួន​ទេ ក្នុង​នោះ​ការ​ធ្វើ​សកម្ម​ភាព​ចាក់មេក្រូ​នៅ​តាម​ទី​ស្នាក់​ការ ចែក​ខិត​ប័ណ្ណ​តាម​ផ្ទះ សង្កេត​ឃើញ​ថា​គណ​បក្សនយោ​បាយព្យា​យាម​ជួប​ជា​មួយ​ប្រជា​ពល​រដ្ឋ»។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ហៅ​កាត់ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី សង្កេត​ឃើញ​ថា​ដំណើរ​ការ​យុទ្ធនា​ការឃោសនា​បោះ​ឆ្នោត​នៅ​តាម​បណ្តា​ខេត្ត​ប៉ុន្មាន​ថ្ងៃ​មក​នេះ គណបក្ស​កាន់​អំណាច និង​គណបក្ស​ភ្លើង​ទៀន​ហាក់​ប្រឈម​មុខ​ដាក់​គ្នា ដោយ​សារ​ការ​ប្រកួត​ប្រជែង​ពីប្រជា​ប្រិយ​ភាព។ ទោះ​យ៉ាង​ណា​លោក​អំពាវ​នាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវដោះ​ស្រាយ​វិវាទ​ផ្អែក​លើ​គោល​ការណ៍​ច្បាប់ និង​អត់​ធ្មត់​ខ្ពស់ ដើម្បី​បញ្ចៀស​នូវសកម្ម​ភាព​មិន​ប្រក្រតី​ផ្សេងៗ ​អំឡុ​ពេល​ឃោសនា​បោះ​ឆ្នោត៖ «ករណី​ទាំង​នោះ​វា​ប៉ះ​ពាល់​ហើយ ប៉ុន្តែ​ចាំ​មើល​តើ​វា​ប៉ះពាល់ដល់​កម្រិត​ណា​ទាក់ទង​បញ្ហា​ប្រឈម និង​បណ្តឹង​រវាង​គណ​បក្ស​ភ្លើង​ទៀន​ជា​មួយ​គណ​បក្ស​ប្រជាជន​កម្ពុជា ហើយ​បញ្ហា​បោះ​ឆ្នោត​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​ក្រោម សូម​រក្សា​អព្យា​ក្រិត្យ​ភាព និង​ឯករាជ្យ​ភាព​ក្នុង​ការ​រៀបចំ ចាត់​ចែង​ដំណើរ​បោះ​ឆ្នោត»។

ការ​​​​​បោះ​​​​​ឆ្នោត​​​​​​ជ្រើស​​​​​​រើស​​​​​​ក្រុម​​​​​ប្រឹក្សា ​​​​ឃុំ ​​​សង្កាត់​​​​ អាណត្តិ​​​​ទី៥ នេះ នឹង​​​​​ប្រព្រឹត្ត​​​​​ទៅ​នៅ​​​​​ថ្ងៃ​​អាទិត្យ ​​​ទី៥ ខែ​​​​​មិថុ​នា​​​​​ខាង​​​​​មុខ។​ ក្នុង​​នោះ​​​​​​គណ​បក្ស​​​​​នយោ​​​បាយ​​​ចំនួន​​១៧ បាន​​​ចូល​​ប្រកួត​​ប្រជែង​​ដណើម​​យក​​​​​អាសនៈ​​​​​សមាជិក ក្រុម​​​​ប្រឹក្សា​​​​​ឃុំ​​​​ សង្កាត់ មាន​​​​ចំនួន​​​​​ជាង ១ម៉ឺន (១១.៦២២) អា​សនៈ ហើយ​​​​​ប្រជា​​​ពលរដ្ឋ​​​​​ជាង​​​​៩​លាន​២​សែន​​​​នាក់​​​​​បាន​​​​​ចុះ​​​​​ឈ្មោះ​​​​ក្នុង​​​​​បញ្ជី​​​​​បោះ​​​​ឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។