ក្រុម​​អ្នក​​ជំនាញ​ អ.ស.ប ថា កម្ពុជា​​គឺជា​​កន្លែង​​ដែល​​កូរ៉េខាងជើង​​ប្រតិបត្តិការ​​បើក​​ជំនួញ​​ផ្សេងៗ​

ទីភ្នាក់ងារ​ព័ត៌មាន​របស់​កូរ៉េខាងជើង​ចេញ​ផ្សាយ​នៅថ្ងៃទី១៥ ខែកុម្ភៈដោយបាន​ដកស្រង់​របាយការណ៍​បឋម​របស់​អង្គការ​សហប្រជាជាតិ​បង្ហាញ​ថាចារកម្ម​កូរ៉េខាងជើង​កំពុង​បង្កប់​ខ្លួន​នៅ​ប្រទេស​កម្ពុជានិង​បើក​អាជីវកម្ម​ធំៗ​ជាច្រើន​ រួមមាន​​ សណ្ឋាគារ កាស៊ីណូ ទីភ្នាក់ងារ​ទេសចរណ៍​ភោជនីយដ្ឋាន​និង​រង្គសាល​ជាដើមចាប់តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ២០២០មក។

ភ្នាក់ងារ​ចារកម្ម​ម្នាក់​នោះ​មាន​ឈ្មោះ គឹម ជុលសុខ​ (Kim Chol Sok)​ បានបើក​ដំណើរការ​អាជីវកម្ម​ទាំង​នោះ ​ក្រោម​ឈ្មោះ សុខា (Sok Kha)​ តាមការ​បញ្ជា​របស់​ការិយាល័យ​ឈ្លប​យកការណ៍​ទូទៅ (RGB)​ នៃ​ទី​ភ្នាក់ងារ​ចារកម្ម​កំពូល​របស់​កូរ៉េខាងជើង។

របាយការណ៍​របស់​ក្រុម​អ្នក​ជំនាញ​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ដដែល​បញ្ជាក់​ថាក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ជាច្រើនដែល​ គឹម ជុលសុខ បើក​ដំណើរការ​ទាំង​នោះ គឺ​ទីភ្នាក់ងារ​ទេសចរណ៍​ពិភពលោក ស៊ី.អេច្ច​ (C.H. World Travel Co. Ltd)​ ដែល​សម្របសម្រួល​ការដើរ​លេង​កំសាន្ត​នៅ​អាស៊ីបូព៌ានិង​អាស៊ីអាគ្នេយ៍។

កន្លង​មករដ្ឋាភិបាល​កម្ពុជាបាន​ប្រាប់​ទៅ​ក្រុម​អ្នកឃ្លាំមើល​ការដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ថាអាជ្ញាធរ​បាន​បិទ​ដំណើរការ​របស់​ទីភ្នាក់ងារ​ទេសចរណ៍​ពិភពលោក ស៊ី.អេច្ច និង​បិទ​គណនី​របស់​ក្រុមហ៊ុន​នេះ​ហើយ។ ក៏ប៉ុន្តែ​ភ្នាក់ងារ​ព័ត៌មាន​របស់​កូរ៉េខាងជើងបាន​រក​ឃើញ​ថាទីភ្នាក់ងារ​ទេសចរណ៍​នេះនៅ​បន្ត​​បើក​ដំណើរ​ការ​នៅ​ឡើយ​ទេដោយ​គេហទំព័រ​ហ្វេសប៊ុក​ក្រុមហ៊ុន​បង្ហាញ​ពី​សកម្មភាព​របស់​ខ្លួនកាល​ពី​២​សប្តាហ៍​មុន​កន្លង​មក​នេះ។

ទាក់ទង​នឹង​បញ្ហា​នេះអ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ផៃ ស៊ីផាន ប្រាប់​វិទ្យុអាស៊ីសេរីកាលពី​យប់ថ្ងៃទី១៦ ខែកុម្ភៈថា រដ្ឋាភិបាល​កម្ពុជាបាន​អនុវត្ត​តាមគោលការណ៍​របស់​អង្គការ​សហប្រជាជាតិ​ដែល​បាន​ដាក់​ទណ្ឌកម្មដល់​រដ្ឋាភិបាល​កូរ៉េខាងជើង។ក៏ប៉ុន្តែ​លោក​នៅ​មិន​ទាន់​បាន​ទទួល​របាយការណ៍​ចុង​ក្រោយ​របស់​អង្គការ​សហប្រជាជាតិ​នេះ​ទេ៖ « ជា​គោលការណ៍​ខ្ញុំ​ដឹង​ថា កម្ពុជា​ហ្នឹង​បាន​អនុត្តតាម​ការ​ដាក់​ទណ្ឌកម្ម​របស់​យូអិន (UN) ដូចជា ការ​បិទភោជនីយដ្ឋាន​ និង​កន្លែង​សង់​កន្លែង​សិល្បៈ​មួយ​នៅ​ខេត្តសៀមរាប គឺ​យើង​អនុវត្ត​ទៅ​តាម​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ។ ចំពោះ​រឿង​នេះថ្មីសំរាប់​ខ្ញុំ​ដែរ ខ្ញុំ​អត់​ដឹង​ទេ ទាល់​តែ​សួរ​ក្រសួង​ការបរទេស មិន​ដឹង​ថា តើវានៅ​ជា​សញ្ជាតិ​កូរ៉េខាងជើង​ដដែល​ ឬដូរសញ្ជាតិ »

អាជ្ញាធរ​កម្ពុជាបាន​ប្រាប់​អង្គការ​សហប្រជាជាតិ​ថា គឹម ជុលសុខ (Kim Chol Sok)​មាន​លិខិត​ឆ្លងដែន​ការទូត​ក្លែងក្លាយក៏​ប៉ុន្តែ​របាយការណ៍​របស់​ អ.ស.ប.បញ្ជាក់​ថា ​គឹម ជុលសុខ មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ដែលនេះ​អាច​មាន​លទ្ធភាព​ក្នុង​ការ​ជួយ​ធ្វើ​លិខិត​ឆ្លង​ដែន​នេះ។

របាយការណ៍​របស់ អ.ស.ប. បន្តថា គឹម ជុលសុខ គឺជា​អ្នក​ជំនួញ​ម្នាក់​ពាក់ព័ន្ធ​នឹង​លោក ទ្រី ភាព ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​រកស៊ី​ជួញដូរ​ឈើ​ខ្នាត​ធំ​ដែល​សហរដ្ឋ​អាមេរិក​​បាន​​ដាក់​​ទណ្ឌកម្ម​ពាក់ព័ន្ធ​រឿង​ប្រព្រឹត្ត​អំពើ​ពុករលួយកាលពី​ឆ្នាំ២០១៩។ លោក ទ្រី ភាព ក៏​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតដល់​ប្រើប្រាស់​កងកម្លាំង​យោធា​ដើម្បី​កាង​និង​ការពារ​ការដឹក​ជញ្ជូន​ទំនិញ​ខុសច្បាប់​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។