រដ្ឋសភា​ឯក​បក្ស​អនុម័ត​​ច្បាប់ ​បង្កើន​ចំនួន​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ច្បាប់​គ្រប់គ្រង​រដ្ឋបាល

ដោយ មួង ណារ៉េត
2019-01-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋសភា​ឯកបក្ស បើក​សម័យ​ប្រជុំ​លើក​ទី១ នីតិកាលទី៦ កាល​ពី​ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ២០១៨។
រដ្ឋសភា​ឯកបក្ស បើក​សម័យ​ប្រជុំ​លើក​ទី១ នីតិកាលទី៦ កាល​ពី​ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ២០១៨។
រូប៖ ហ្វេសប៊ុក រដ្ឋសភា

រដ្ឋសភា​ឯក​បក្ស នៃ​របប​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី៣ មករា សម្រេច​អនុម័ត​ សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​២ ដើម្បី​បង្កើន​ចំនួន​ក្រុម​ប្រឹក្សា​​រាជធានី ខេត្ត ក្រុង​ ស្រុក ខណ្ឌ និង​ដើម្បី​កែ​ប្រែ​ការ​គ្រប់គ្រង​រដ្ឋបាល​។ សមាជិក​ក្រុម​ប្រឹក្សា​​ខេត្ត កូតា​គណ​​​បក្ស​ប្រឆាំង យល់ថា ច្បាប់​ទាំង​ពីរ​នេះ នឹង​មិន​អាច​បម្រើ​ផល​ប្រយោជន៍​ជាតិ​បានទេ តែ​ជា​ការ​ធ្វើ​ឡើង​ដើម្បី ពង្រីក​​អំណាច និង​​មហិច្ឆតា​ ​របស់​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។

រដ្ឋសភា​អនុម័ត​វិសោធនកម្ម​ច្បាប់ ស្ដីពី ​ការ​គ្រប់​គ្រង​រដ្ឋបាល​ រាជធានី​ ខេត្ត ក្រុង​ ស្រុក ខណ្ឌ និង សេចក្ដី​ស្នើ​​​វិសោធនកម្ម​ច្បាប់​ស្ដីពី ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា រាជធានី ខេត្ត​ ក្រុង​ ស្រុក ខណ្ឌ។

អ្នក​នាំ​ពាក្យ និង​ជា​អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់​អាស៊ី​សេរី​ថា សេចក្ដី​ស្នើ​ច្បាប់​ទាំង​ពីរ ​ត្រូវ​បាន​រដ្ឋ​សភា ចាត់​ទុក​ជា​ច្បាប់​ប្រញាប់ និង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​រួច​ហើយ ក្រោយ​ពេល​អនុម័ត​រួចរាល់៖ «អនុម័ត​រួច​ហើយ​ច្បាប់​ទាំង​ពីរ​នោះ​បាទ។ សំណួរ៖តើ​ចាត់​ទុក​ជា​ច្បាប់​ប្រញាប់​ទេ? បាទ​ចាត់​ទុក​ជា​ច្បាប់​ប្រញាប់​ទាំង​អស់»

សេចក្ដី​ស្នើ​ច្បាប់​វិសោធនកម្ម​ច្បាប់ ​ស្ដី​ពី​ ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​សេចក្ដី​ស្នើ​ច្បាប់​វិសោធនកម្ម​ច្បាប់​ ស្ដីពី ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុម​ប្រឹក្សា​ក្រុង និង​ក្រុមប្រឹក្សា​ស្រុក និង​ខណ្ឌ ត្រូវ​បាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា​​ឯក​បក្ស​ ប្រជុំ​ពិនិត្យ ​ជា​មួយ​ក្រុម​តំណាង​​នីតិ​ប្រតិបត្តិ​នៃ​របប​ឯក​បក្ស និង​បាន​ចុះ​ហត្ថលេខា កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ២០១៨ និង​ត្រូវ​បាន​ឆ្លង​កាត់​ការ​ពិនិត្យ​នៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨។

កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ២០១៨ សមាជិក​រដ្ឋសភា​ឯក​បក្ស នៃ​គណៈ​កម្មការ​​ជំនាញ​នីតិកម្ម និង​យុត្តិធម៌ អ្នកស្រី ខួច សំអាន លោក ជាម យៀប និង​លោក ហ៊ុន ណេង បង​ប្រុស​បង្កើត​របស់​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ជា​តំណាង​ហត្ថលេខី ដែល​បាន​​ដាក់​សំណើសុំ​ទៅ​រដ្ឋ​សភា ស្នើសុំ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ទាំង​ពីរ​នេះ។ អ្នកស្រី ខួច សំអាន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​រដ្ឋសភា​ ​ថា សេចក្ដី​ស្នើ​ច្បាប់​ទាំង​ពីរ​នេះ ធ្វើ​ឡើង​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន ព្រម​ទាំង​ស្រប​តាម​ស្ថានភាព​បច្ចុប្បន្ន និង​ភូមិសាស្ត្រ។

សេចក្ដី​ស្នើ​វិសោធនកម្ម ​ច្បាប់​ទាំង​ពីរ​នេះ កើតឡើង ​ក្រោយ​ពេល មេដឹកនាំ​របប​ឯក​បក្ស​ក្រុង​ភ្នំពេញ គឺ លោក ហ៊ុន សែន ប្រកាស​ក្នុង​ពិធី​ចុះ​ជួប​​លួង​ចិត្ត​កម្មករ​​រោងចក្រ​ ក្រោយ​បោះឆ្នោត នៅ​ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​ ឆ្នាំ​២០១៨ ​ថា រដ្ឋសភា​កំពុង​វិសោធន​កម្ម​ច្បាប់ ដើម្បី​បង្កើន​អាសនៈ​ក្រុមប្រឹក្សា​​រាជធានី ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ គោល​បំណង ជំរុញ​​ និង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​​ឲ្យ​កាន់តែ​ល្អ​ប្រសើរ។ លោក ហ៊ុន សែន ក៏​បាន​ខិត​ខំ ពន្យល់ ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង ដែល​ត្រូវ​បាន​តុលាការ​កំពូល​នៃ​របប​លោក បាន​រំលាយ​ចោល ដាក់​លិខិត​សុំ​​អនុញ្ញាត​ពី​លោក ​ធ្វើ​​នយោបាយ​វិញ ដើម្បី​ឲ្យ​ទាន់​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង​ ស្រុក ខណ្ឌ ដែល​លោក កំណត់​ធ្វើ​ឡើង​នៅ ឆ្នាំ​២០២២៖ «យើង​បាន​ឮ​ថា គេ​មិន​សុំ​។ បាន! ​មិន​សុំ ​ខ្ញុំ​អរគុណ ព្រោះ​អ្នក​ត្រូវ​ដឹង​ថា អ្នក​ដែល​មិន​សុំ ​ក៏​នឹង​មិនបាន​ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់ នៅ​ឆ្នាំ​២០២២ដែរ។ អ្នក​ជ្រើសរើស​ទៅ​ រវាង​ម្ខាង​ អ្នក​សុំ​ អ្នក​នឹង​បា​ន​សិទ្ធិ ​ធ្វើ​នយោបាយ​ពី​ឥឡូវ រៀបចំ​កម្លាំង ដើម្បី​ចូលរួម​ការបោះឆ្នោត​ឆ្នាំ​២០២២។ ប៉ុន្តែ​បើ​អ្នក​នៅ​ជាប់​បម្រាម ​អ្នក​ហ៊ាន​ធ្វើ​នយោបាយ អ្នក​នឹង​ទទួលទោស​បន្ថែម​ទៀត ចំណេញ​ខាត​នៅ​កន្លែង​ណា ​អ្នក​គិត​មើល​ទៅ ខ្ញុំ​អត់​បង្ខំ​អ្នក​ទេ»

ច្បាប់​ស្ដីពី​ការ​គ្រប់​គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង​ ស្រុក ខណ្ឌ ត្រូវ​បាន​​ព្រះមហាក្សត្រ ចេញ​ព្រះ​រាជ​ក្រម ប្រកាស​ឲ្យ​ប្រើប្រាស់ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០០៨ រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​​បាន​ធ្វើ​វិសោធនកម្ម​ម្ដង​ទេ។ ចំណែក ​ច្បាប់ ​ស្ដីពី ​ការ​បោះឆ្នោត​ជ្រើស​រើស​ ក្រុមប្រឹក្សា ​រាជធានី ខេត្ត​ ក្រុង​ ស្រុក ខណ្ឌ ត្រូវ​បាន​ព្រះមហាក្សត្រ​ ចេញ​ព្រះរាជក្រម ឲ្យ​ប្រើ​នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​​២០០៨។ ច្បាប់​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នេះ ត្រូវ​បាន​សភា​ឯក​បក្ស​នៃ​របប​ក្រុង​ភ្នំពេញ ធ្វើ​វិសោធនកម្ម​​ម្ដង គឺ​មាត្រា​១៣ (ស្ទួន) និង​បាន​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​ ចេញ​ព្រះ​រាជ​ក្រម ប្រកាស​ឲ្យ​ប្រើ នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៧។ វិសោធនកម្ម​ កាល​ណោះ គឺ​កៀក​ពេល​នឹង​តុលាការ​កំពូល​របប​ក្រុង​ភ្នំពេញ រំលាយ​គណបក្ស​ប្រឆាំង និង​ធ្វើ​ឡើង​​ក្នុង​បំណង​ យក​អាសនៈ តំណែង​ របស់​ក្រុម​ប្រឹក្សា​​​គណបក្ស​ប្រឆាំង​​ទាំងឡាយ​ណា ដែល​មិន​ព្រម​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច ទៅ​គ្រប់​គ្រង និង​ចែក​ឲ្យ​ក្រុម​គណបក្ស ​ដែល​ពលរដ្ឋ​​មិន​គាំទ្រ។

ច្បាប់​ស្ដីពី ការ​គ្រប់គ្រង​រដ្ឋបាល​ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មាត្រា​២៩, ៣០, ៣១, ៣២ ចែង​ថា​ ក្រុម​ប្រឹក្សា​ មាន​តួនាទី​ ចាត់ចែង​កិច្ចការ​ ចាំបាច់​នានា ដើម្បី​សម្រេច​នូវ​គោល​បំណង ​ក្នុង​ការ​បង្កើត ការ​ជំរុញ និង​ការ​ធ្វើ​ឱ្យ​មាន ​ចីរ​ភាព​ ដល់​ការ​អភិវឌ្ឍ​ តាម​បែប​ប្រជាធិបតេយ្យ និង​ដើម្បី​បំពេញ​មុខងារ ​ភារកិច្ច​ ដែល​បាន​ប្រគល់ និង​បាន​ធ្វើ​ប្រតិភូ​កម្ម​តាម​ច្បាប់។ ក្រុម​ប្រឹក្សា មាន​សិទ្ធិ​អំណាច​ ធ្វើ​សេចក្ដី​​សម្រេច​ ខាង​បញ្ញត្តិ គឺ​ការ​ចេញ​ដីកា និង​សេចក្ដី​សម្រេច​ខាង​ប្រតិបត្តិ គឺ​ការ​ធ្វើ​សេចក្ដី​សម្រេច នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ក្រុម​ប្រឹក្សា។ ក្រុម​ប្រឹក្សា ត្រូវ​បំពេញ​មុខងារ និង​ភារកិច្ច ដោយ​ធ្វើ​សេចក្ដី​សម្រេច ​នៅ​ក្នុង​អង្គប្រជុំ​ក្រុមប្រឹក្សា​របស់​ខ្លួន និង​ត្រូវ​ធានា​ថា​ សេចក្ដី​សម្រេច​នោះ​ ត្រូវ​បាន​អនុវត្ត។

ទោះ​ច្បាប់​ចែង​ថា សមាជិក​ក្រុមប្រឹក្សា​មាន​សិទ្ធិ​អំណាច​បែប​នេះ ប៉ុន្តែ​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់​ធំ​ម្នាក់ នៃ​កូតា​គណបក្ស​សង្គ្រោះ​ជាតិ លោក ថៃ ធីម ប្រាប់​ថា ពេល​ប្រតិបត្តិ​ជាក់​ស្ដែង ក្រុម​ប្រឹក្សា​ខេត្ត គ្មាន​សិទ្ធិ​អំណាច​អ្វី ទៅ​បញ្ជា​គណៈ​អភិបាល​ខេត្ត ដូច​ច្បាប់​កំណត់​ទេ គឺ​បាន​ត្រឹម​តែ​អង្គុយ​ស្ដាប់ និង​ចាំ​លើក​ដៃ​គាំទ្រ។

សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ធំ ដែល​របប​ក្រុង​ភ្នំពេញ​ដកហូត​យក​តំណែង ដោយសារ​មិន​ចុះ​ចូល​​ជាមួយ​បក្ស​កាន់​អំណាច លោក ថៃ ធីម អះអាង​ថា ចំនួន​សមាជិក​ក្រុម​ប្រឹក្សា​សព្វថ្ងៃ មិន​ចាំ​បាច់​បន្ថែម​ទេ ព្រោះ​វា​លើស​ពី តម្រូវ​ការ​ទៅ​ហើយ។ លោក ថៃ ធីម យល់​ថា បំណង​នៃ​​ការ​បង្កើន​សមាជិក​ក្រុម​ប្រឹក្សា គឺ​ជា​មហិច្ឆតា​ពង្រីក​អំណាច​បក្ស​កាន់​អំណាច ដើម្បី​ឆ្លើយ​តប​នឹង​អ្វី​ដែល​មេ​ដឹក​នាំ​របប​ ហៅថា នយោបាយ​ឈ្នះ​ឈ្នះ​ប៉ុណ្ណោះ៖ «បង្កើន​អាសនៈ​ទាំងអស់​នោះ​ ដើម្បី​ដាក់​មនុស្ស​របស់​គាត់​(សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា)។ បើ​សិន​គាត់ ​(​លោក ហ៊ុន សែន) មិន​បង្កើន​សមាជិក​ក្រុម​ប្រឹក្សា​ ស្រុក​ ខណ្ឌ រាជធានី នេះ​ទេ មនុស្ស​របស់ គាត់​សល់​ច្រើន។ ដូច្នេះ ​អា​​នយោបាយ​ឈ្នះ​ឈ្នះ​របស់​គាត់​ហ្នឹង វា​អត់​មាន​ប្រយោជន៍​អ្វី​សម្រាប់​ជាតិ​ទេ គឺ​ប្រយោជន៍​សម្រាប់​តែ​គណបក្ស​របស់​គាត់​ប៉ុណ្ណោះ....។ អ៊ីចឹង ខ្ញុំ​យល់​ថា វា​(ការ​បង្កើន​សមាជិក​ក្រុម​ប្រឹក្សា​) អត់​ចំណេញ​អ្វី ទាល់​តែ​សោះ​។ ក្នុង​បរិបទ​នយោបាយ​សព្វ​ថ្ងៃ ក្រុម​ប្រឹក្សា​ចំនួន​ដល់​ច្រើន​លើស​លុប​នេះ វា​គ្រប់​គ្រាន់​ណាស់​ទៅ​ហើយ ពីព្រោះ​ក្រុមប្រឹក្សា​សព្វ​ថ្ងៃ​នេះ គ្មាន​សិទ្ធិ​អ្វី សម្រេច​ទៅលើ គណៈ​អភិបាល​ទេ គ្រាន់តែ​ទៅ​អង្គុយ​(ពេល​ប្រជុំ) ហើយ​ចាំ​តែ​លើក​ដៃ សម្រាប់​ការ​អនុម័ត​កម្មវិធី​គោល​នយោបាយ​របស់​គណៈ​អភិបាល​ទេ។ បាទ»

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា ​ចំនួន​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង​ ស្រុក ខណ្ឌ បច្ចុប្បន្ន​​ មាន​ភាព​សម​ល្មម​ហើយ​ មិន​ចាំ​បាច់​បន្ថែម​ទៀត​ទេ។ ​សង្គម​ស៊ីវិល​រូប​នេះ ផ្ដល់​ទស្សនៈ​ថា របប​ក្រុង​ភ្នំពេញ ត្រូវ​បង្កើន​គុណភាព ផ្ទេរ​​ភារកិច្ច ធនធាន ថវិកា ដើម្បី​ឲ្យ​ក្រុម​ប្រឹក្សា​សកម្ម​ជាង​នេះ ត្រូវ​​បង្កើត​យន្តការ​ការងារ​របស់​ក្រុម​ប្រឹក្សា​ ឬ​ការ​កំណត់​លក្ខណៈ​សម្បត្តិ ​របស់​ក្រុមប្រឹក្សា​ឲ្យ​ប្រសើរ​ជាង​នេះ និង​ត្រូវ​​បញ្ចូល​សមាសភាព យុវជន យុវតី ជំនួស​ក្រុម​ប្រឹក្សា​ចាស់​ជរា​ជាដើម៖ «យើង​មើល​ទៅ​លើ​ទិដ្ឋភាព​ច្បាស់​ចាស់ ចំនួន​ក្រុម​ប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន​ច្បាប់​បាន​កំណត់​ថា មាន​ចន្លោះ ​ពី​ចំនួន​នេះ ដល់​ចំនួន​នោះ​ អ៊ីចឹង ខ្ញុំ​ឃើញ​ថា​ចំនួន​​បច្ចុប្បន្ន​ ដូចជា​សមរម្យ​ហើយ …. អ៊ីចឹង​មិន​បាច់​ថែម​ចំនួន​ទេ ថែម​តែ​គុណភាព​ទៅ បាន​ហើយ»

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យ​ក្មេង កញ្ញា លី ស្រីស្រស់​ យល់ថា ក្នុង​ប្រព័ន្ធ​ដឹកនាំ​បែប​ឯក​បក្ស ដូច​សព្វ​ថ្ងៃ បើ​ទោះ​​បន្ថែម​បរិមាណ ​ឬ មិន​បន្ថែម​ ក៏​គុណភាព​របស់​ក្រុម​ប្រឹក្សា​រាជធានី ក្រុម​ប្រឹក្សា​ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​តែ​ដដែល​ គឺ​គ្មាន​លទ្ធ​ភាព​ អាច កោះហៅ សួរ​នាំ តវ៉ា ឬ ​ផ្ដល់​យោបល់​ ឲ្យ​គណៈ​អភិបាល​បាន​ទេ។ អ្នកវិភាគ ​​ផ្ដល់​យោបល់​​ ថា របប​ក្រុង​ភ្នំពេញ គួរ​​ផ្ដល់​ជូន ​តំណែង និង​ សេរីភាព ​ឲ្យ​សមាជិក​​ក្រុម​ប្រឹក្សា​​កូតា​បក្ស​ប្រឆាំង​វិញ ទើប​អាច​មាន​លទ្ធភាព​ខ្លះ ក្នុង​ការ​ឃ្លាំមើល​ការ​ប្រតិបត្តិ​របស់​គណៈ​អភិបាល ដែល​ជា​ក្រុម​ប្រតិបត្តិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល