អ.ស.ប​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​ការបោះឆ្នោត​​ពិត​ប្រាកដ និង​សន្តិវិធី

0:00 / 0:00

អង្គការសហប្រជាជាតិ​ផ្នែក​សិនុស្ស​នៅ​កម្ពុជា ប្រកាស​ថា ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​ការ​ជួយ​គាំទ្រ ក្នុង​ការ​រៀបចំ ឬ​សង្កេតការណ៍​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្នុង​អាណត្តិ​ទី​៥ នេះ​ឡើយ​។ ការ​លើកឡើង​របស់​អង្គការសហប្រជាជាតិ​បែបនេះទ្ធិមធ្វើ​ឡើង​ស្រប​ពេល​ដែល​លំហ​សេរីភាព​នៅ​កម្ពុជា​នៅតែ​មាន​ស្ថានភាព​អាក្រក់ ហើយ​គណបក្សប្រឆាំង​ដែល​មាន​សក្ដានុពល ក៏​មិន​មាន​វត្តមាន​ក្នុង​ការ​ប្រកួតប្រជែង​ដណ្ដើមយក​អាសនៈ​ថ្នាក់ក្រោម​ជាតិ​ជាមួយ​បក្ស​កាន់អំណាច​ក្នុង​អាណត្តិ​នេះ​ដែរ​។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​កាន់អំណាច បើក​លំហ​សេរីភាព​ការ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ដោយ​ធានា​ថា គ្មាន​ការ​គំរាមកំហែង។

ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទិ្ធមនុស្ស​ប្រចាំ​កម្ពុជា លើកឡើង​នៅ​ថ្ងៃទី​២៦ ខែ​ឧសភា ថា​ខ្លួន​អាច​ផ្តល់​ជំនួយ ឬ​ការ​គាំទ្រ​ទៅលើ​ការបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥​នេះ ដោយ​ផ្អែកលើ​កត្តា​ការសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ និង​សំណើ​ជា​លាយលក្ខណ៍អក្សរ​ជា​ផ្លូវការ ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​មានការ​បោះឆ្នោត​សមស្រប​ណាមួយ​តែប៉ុណ្ណោះ​។ ទោះជា​យ៉ាងណា ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា នៅតែ​បន្ត​តាមដាន​ស្ថានភាព​សិទ្ធិមនុស្ស​ជាទូទៅ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​កិច្ចការ​នេះ ក៏​នឹង​បន្ត​ក្នុង​ពេល​បោះឆ្នោត​នេះ​ផង​ដែរ។

ក្រៅ​ពី​នេះ ប្រធាន​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា អ្នកស្រី ផូលីន តាម៉េស៊ីស (Pauline Tamesis) លើកឡើង​ថា នៅ​ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា មេដឹកនាំ​នយោបាយ ព្រមទាំង​អ្នក​គាំទ្រ​របស់​ពួកគេ​ទាំងអស់ ចូលរួម​ធានា​ឱ្យ​មាន​ដំណើរ​ការ​បោះ​ឆ្នោត​មួយ​ប្រកបដោយ​បរិយាប័ន្ន ស្មោះត្រង់ និង​សន្តិវិធី ក្នុង​ក្របខ័ណ្ឌ​នៃ​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ពេញលេញ​។ អ្នកស្រី​ថា បរិការណ៍​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ឆ្លុះបញ្ចាំង ពី​ការសម្ដែង​ឆន្ទៈ​ដោយ​សេរី​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​ជា​បេក្ខជន​មេឃុំ​ដង្កោ លោក ឡឹក សុធា សោកស្ដាយ​ដែល​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​មិន​បាន​ផ្តល់​ជំនួយ ឬ​គាំទ្រ​ការបោះឆ្នោត​ថ្នាក់ក្រោម​ជាតិ​ក្នុង​អាណត្តិ​នេះ។ លោក​លើកឡើង​ថា ការ​ប្រកាស​មិន​គាំទ្រ​របស់​អង្គការសហប្រជាជាតិ​បែបនេះ អាច​ដោយសារ​កម្ពុជា​នៅតែ​មានការ​រឹតត្បិត និង​គាប​សង្កត់​លើ​គណបក្ស​នយោបាយ​។ លោក​បញ្ជាក់​ថា សូម្បី​បេក្ខជន​ឈរ​ឃុំ​សង្កាត់​នៃ​គណបក្ស​លោក​នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន ក៏​ត្រូវ​រង​ការ​គំរាមកំហែង ធ្វើ​ទុក្ខបុកម្នេញ​គ្រប់រូប​ភាព​ពី​សំណាក់​អាជ្ញាធរ​បក្ស​កាន់អំណាច​ដែរ៖ «មក​ដល់​ពេល​នេះ​គឺ​យើង​មិន​អាច​ទទួល​បាន​ទេ ហើយ​យើង​នឹង​មិន​ឈរ​ឱបដៃ​មើល​ទេ ហើយ​អស់​ភាព​អត់ធ្មត់​ហើយ​។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គ្រោង​នឹង​​ដាក់​ពាក្យបណ្ដឹង ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ចំពោះ​រឿង​នេះ​ផង​ដែរ​។ យើង​ចង់ឱ្យ​ការបោះឆ្នោត​នេះ ជា​ការ​បោះឆ្នោត​មួយ​ដែល មាន​យុត្តិធម៌ និង​មាន​តម្លាភាព​ត្រឹមត្រូវ​។ ក្នុង​នោះ​ក៏​មិន​ភ្លេច​ដែរ ដើម្បី​ទទួល​បាន​ភាព​​យុត្តិធម៌​នេះ ​គឺ​មាន​ចូលរួម​ពី អ្នក​ពាក់ព័ន្ធ​នានា ពី​ប្រជាពលរដ្ឋ ពី​អង្គការ​សង្គម​ស៊ីវិល ពី​អ្នកសារព័ត៌មាន ហើយក៏​ពី​បណ្ដា ស្ថាប័ន​មួយចំនួន ធ្វើការ​តាមដាន ត្រួតពិនិត្យ ទៅលើ​ដំណើរការ នៃ​ការបោះឆ្នោត និង​ការចូលរួម​អង្កេត​ការបោះឆ្នោត»។

ដោយឡែក អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​វិញ លោក កត្តា អ៊ន ថ្លែង​ថា ទោះបី​គ្មាន​ការ​ចុះ​សង្កេត​ការ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​យ៉ាង​ក្ដី ក៏​ការបោះឆ្នោត​ថ្នាក់ក្រោម​ជាតិ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ គ្មាន​ភាព​រាំងស្ទះ​នោះ​ដែរ​។ ទោះជា​យ៉ាងណា លោក កត្តា អ៊ន លើកឡើង​ថា ការ​ប្រកាស​មិន​ជួយ​គាំទ្រ​ពី​អង្គការសហប្រជាជាតិ​នេះ​មាន​លក្ខណៈ​ចង្អៀតចង្អល់ និង​មាន​លក្ខណៈ​នយោបាយ ហើយ​លោក​អះអាង​ថា ការបោះឆ្នោត​នៅក្នុង​អាណត្តិ​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​១៧ ចូលរួម​និង​មានការ​ប្រកួតប្រជែង​តាម​បែប​ស្មារតី​ប្រជាធិបតេយ្យ៖ «ដូច្នេះហើយ​វា​មិនមែន​ជា​ឧបសគ្គ​អី​ទេ ដោយ​ភាគី​មួយ​មិន​ចូលរួម ផ្តល់​អ្នកសង្កេតការណ៍ នៅ​មាន​ភាគី​ច្រើន​ទៀត ដែល​ផ្តល់​ការចូលរួម​ការសង្កេត​ការណ៍ ពី​គណបក្ស​នយោបាយ​ពាក់ព័ន្ធ ពី​អង្គការ​ស៊ីវិល និង​ការ​អន្តរជាតិ​នានា និង​បណ្ដា​ប្រទេស​មួយចំនួន​ទៀត ដើម្បី​ធ្វើ​យ៉ាងណា វាយតម្លៃ​ឱ្យ​ការ​បោះឆ្នោត​នៅ​កម្ពុជា ជាពិសេស​ក្នុង​ការ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ (​ ការបោះឆ្នោត​ឃុំ​សង្កាត់​ ) ដើម្បី​ប្រព្រឹត្តទៅ ត្រឹមត្រូវ យុត្តិធម៌ ប្រជាធិបតេយ្យ ពហុបក្ស»។

​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​/​សង្កាត់ អាណត្តិ​ទី​៥ នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​៥ ខែ​មិថុនា​ខាងមុខ​។ ក្នុង​នោះ​គណបក្ស​នយោបាយ​ចំនួន​១៧ បាន​ចូល​ប្រកួតប្រជែង​ដណ្ដើមយក​អាសនៈ​សមាជិក ក្រុម​​ប្រឹក្សាឃុំ សង្កាត់ មាន​ចំនួន​ជាង ១​ម៉ឺន (១១.១២២) អាសនៈ ហើយ​ប្រជាពលរដ្ឋ​ជាង​៩​លាន​២​សែន​នាក់​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​។

ទោះជា​យ៉ាងណា គណបក្ស​ភ្លើងទៀន ដែល​ដាក់​បេក្ខជន​ឃុំ​សង្កាត់​ប្រដំប្រសង​ជាមួយ​បក្ស​កាន់អំណាច សកម្មជន​បក្ស​នេះ​បាន​ទទួល​ការ​គំរាមកំហែង ធ្វើ​ទុក្ខបុកម្នេញ​គ្រប់រូប​ភាព​ពី​សំណាក់​អាជ្ញាធរ​បក្ស​កាន់អំណាច​។ លើស​ពី​នេះ​ទៀត សកម្មជន​គណបក្ស​ភ្លើងទៀន​នេះ​មួយ​​ចំនួន​​ទៀត​ជាប់​ពាក្យបណ្ដឹង​នៅ​តុលាការ ហើយ​អ្នក​ខ្លះទៀត​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅឡើយ​។ ក្រៅ​ពី​នេះ នៅ​ថ្ងៃទី​២ នៃ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​របស់​គណបក្ស​ភ្លើង​ត្រូវ​បាន​អាជ្ញាធរ​រារាំង​ក្បួន​ហែ​របស់​គណបក្ស​នេះ និង​រឹតត្បិត​មិន​ឃោសនា​នៅ​កន្លែង​តំបន់​សំខាន់ៗ​មួយចំនួន​ដូចជា តំបន់​ទីផ្សារ​ប្រជុំជន​ជាដើម។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (LICADO) លោក អំ សំអាត យល់ថា ការ​លើកឡើង​របស់​ប្រធាន​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា និង​ការប្រកាស​មិន​ចូលរួម​គាំទ្រ​ផ្តល់​ជំនួយ​នៃ​ការបោះឆ្នោត​នៅ​ថ្នាក់ក្រោម​ជាតិ​ក្នុង​អាណត្តិ​នេះ ដោយសារតែ​កម្ពុជា មិនទាន់​មាន​ការបោះឆ្នោត​មួយ​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ នៅឡើយ៖ «​ជាពិសេស​ទាក់ទង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ខាងមុខនេះ អាច​នឹង​មាន​បញ្ហា​កើតឡើង​។ អ៊ីចឹង​បាន ប្រធាន​អង្គការ​សហប្រជាជាតិ​ [​ ប្រចាំ​កម្ពុជា​ ] អំពាវនាវ ដល់​គណបក្ស​នយោបាយ​ទាំងអស់ ការ​រួបរួម​គ្នា ធ្វើ​យ៉ាងណា ឱ្យ​បរិយាកាស ឬ​បរិ​យាប័ន្ន ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ខាងមុខនេះ ប្រកប​សន្តិវិធី បាន​ន័យ​ថា គោរព​សេរី​ភាពជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូល បាន​ន័យថា ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត»។

កាលពី​ខែ​មេសា សមាជិក​សភាព​អឺរ៉ុប​ភាគច្រើន​លើសលប់ បាន​រួម​គ្នា​ដាក់​ញត្តិ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន លុបចោល​ការចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ច្បាប់ និង​ប្រគល់​សេរីភាព​ជូន​លោក កឹម សុខា លោក សម រង្ស៊ី អ្នកស្រី មួរ សុខហួរ និង​មន្ត្រី ព្រមទាំង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងៗ ទៀត ហើយ​ត្រូវ​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ការបោះឆ្នោត​ខាងមុខនេះ​។ សភា​អឺរ៉ុប ថែមទាំង​បាន​ផ្តល់​ជា​អនុសាសន៍​ដល់​ក្រុមប្រឹក្សា​អឺរ៉ុប ត្រូវ​ប្រើ​វិធានការ​ទាំងអស់ ដែល​មាន​ដូចជា ការ​ព្យួរ​ទាំងស្រុង​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA ប្រសិនបើ​រក​ឃើញ​ថា ការ​បោះឆ្នោត​ខាងមុខនេះ មាន​ភាព​អយុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។