អង្គការសហប្រជាជាតិផ្នែកសិនុស្សនៅកម្ពុជា ប្រកាសថា ខ្លួនមិនជាប់ពាក់ព័ន្ធការជួយគាំទ្រ ក្នុងការរៀបចំ ឬសង្កេតការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ក្នុងអាណត្តិទី៥ នេះឡើយ។ ការលើកឡើងរបស់អង្គការសហប្រជាជាតិបែបនេះទ្ធិមធ្វើឡើងស្របពេលដែលលំហសេរីភាពនៅកម្ពុជានៅតែមានស្ថានភាពអាក្រក់ ហើយគណបក្សប្រឆាំងដែលមានសក្ដានុពល ក៏មិនមានវត្តមានក្នុងការប្រកួតប្រជែងដណ្ដើមយកអាសនៈថ្នាក់ក្រោមជាតិជាមួយបក្សកាន់អំណាចក្នុងអាណត្តិនេះដែរ។ មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យថ្នាក់ដឹកនាំគណបក្សកាន់អំណាច បើកលំហសេរីភាពការប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំសង្កាត់ដោយធានាថា គ្មានការគំរាមកំហែង។
ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទិ្ធមនុស្សប្រចាំកម្ពុជា លើកឡើងនៅថ្ងៃទី២៦ ខែឧសភា ថាខ្លួនអាចផ្តល់ជំនួយ ឬការគាំទ្រទៅលើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ ដោយផ្អែកលើកត្តាការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ និងសំណើជាលាយលក្ខណ៍អក្សរជាផ្លូវការ ស្នើឱ្យរដ្ឋាភិបាលកម្ពុជាមានការបោះឆ្នោតសមស្របណាមួយតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅតែបន្តតាមដានស្ថានភាពសិទ្ធិមនុស្សជាទូទៅនៅក្នុងប្រទេសកម្ពុជា ហើយកិច្ចការនេះ ក៏នឹងបន្តក្នុងពេលបោះឆ្នោតនេះផងដែរ។
ក្រៅពីនេះ ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជា អ្នកស្រី ផូលីន តាម៉េស៊ីស (Pauline Tamesis) លើកឡើងថា នៅខណៈដែលប្រទេសកម្ពុជាកំពុងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជាជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា មេដឹកនាំនយោបាយ ព្រមទាំងអ្នកគាំទ្ររបស់ពួកគេទាំងអស់ ចូលរួមធានាឱ្យមានដំណើរការបោះឆ្នោតមួយប្រកបដោយបរិយាប័ន្ន ស្មោះត្រង់ និងសន្តិវិធី ក្នុងក្របខ័ណ្ឌនៃគោរពសិទ្ធិមនុស្សឱ្យបានពេញលេញ។ អ្នកស្រីថា បរិការណ៍នេះមានសារៈសំខាន់ណាស់សម្រាប់ឆ្លុះបញ្ចាំង ពីការសម្ដែងឆន្ទៈដោយសេរីរបស់ប្រជាពលរដ្ឋកម្ពុជា។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាបេក្ខជនមេឃុំដង្កោ លោក ឡឹក សុធា សោកស្ដាយដែលអង្គការសហប្រជាជាតិប្រចាំកម្ពុជាមិនបានផ្តល់ជំនួយ ឬគាំទ្រការបោះឆ្នោតថ្នាក់ក្រោមជាតិក្នុងអាណត្តិនេះ។ លោកលើកឡើងថា ការប្រកាសមិនគាំទ្ររបស់អង្គការសហប្រជាជាតិបែបនេះ អាចដោយសារកម្ពុជានៅតែមានការរឹតត្បិត និងគាបសង្កត់លើគណបក្សនយោបាយ។ លោកបញ្ជាក់ថា សូម្បីបេក្ខជនឈរឃុំសង្កាត់នៃគណបក្សលោកនៅតាមបណ្ដាខេត្តមួយចំនួន ក៏ត្រូវរងការគំរាមកំហែង ធ្វើទុក្ខបុកម្នេញគ្រប់រូបភាពពីសំណាក់អាជ្ញាធរបក្សកាន់អំណាចដែរ៖ «មកដល់ពេលនេះគឺយើងមិនអាចទទួលបានទេ ហើយយើងនឹងមិនឈរឱបដៃមើលទេ ហើយអស់ភាពអត់ធ្មត់ហើយ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គ្រោងនឹងដាក់ពាក្យបណ្ដឹង ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះរឿងនេះផងដែរ។ យើងចង់ឱ្យការបោះឆ្នោតនេះ ជាការបោះឆ្នោតមួយដែល មានយុត្តិធម៌ និងមានតម្លាភាពត្រឹមត្រូវ។ ក្នុងនោះក៏មិនភ្លេចដែរ ដើម្បីទទួលបានភាពយុត្តិធម៌នេះ គឺមានចូលរួមពី អ្នកពាក់ព័ន្ធនានា ពីប្រជាពលរដ្ឋ ពីអង្គការសង្គមស៊ីវិល ពីអ្នកសារព័ត៌មាន ហើយក៏ពីបណ្ដា ស្ថាប័នមួយចំនួន ធ្វើការតាមដាន ត្រួតពិនិត្យ ទៅលើដំណើរការ នៃការបោះឆ្នោត និងការចូលរួមអង្កេតការបោះឆ្នោត»។
ដោយឡែក អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលវិញ លោក កត្តា អ៊ន ថ្លែងថា ទោះបីគ្មានការចុះសង្កេតការអង្គការសហប្រជាជាតិប្រចាំកម្ពុជាយ៉ាងក្ដី ក៏ការបោះឆ្នោតថ្នាក់ក្រោមជាតិក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ គ្មានភាពរាំងស្ទះនោះដែរ។ ទោះជាយ៉ាងណា លោក កត្តា អ៊ន លើកឡើងថា ការប្រកាសមិនជួយគាំទ្រពីអង្គការសហប្រជាជាតិនេះមានលក្ខណៈចង្អៀតចង្អល់ និងមានលក្ខណៈនយោបាយ ហើយលោកអះអាងថា ការបោះឆ្នោតនៅក្នុងអាណត្តិនេះ មានគណបក្សនយោបាយចំនួន១៧ ចូលរួមនិងមានការប្រកួតប្រជែងតាមបែបស្មារតីប្រជាធិបតេយ្យ៖ «ដូច្នេះហើយវាមិនមែនជាឧបសគ្គអីទេ ដោយភាគីមួយមិនចូលរួម ផ្តល់អ្នកសង្កេតការណ៍ នៅមានភាគីច្រើនទៀត ដែលផ្តល់ការចូលរួមការសង្កេតការណ៍ ពីគណបក្សនយោបាយពាក់ព័ន្ធ ពីអង្គការស៊ីវិល និងការអន្តរជាតិនានា និងបណ្ដាប្រទេសមួយចំនួនទៀត ដើម្បីធ្វើយ៉ាងណា វាយតម្លៃឱ្យការបោះឆ្នោតនៅកម្ពុជា ជាពិសេសក្នុងការប៉ុន្មានថ្ងៃខាងមុខនេះ ( ការបោះឆ្នោតឃុំសង្កាត់ ) ដើម្បីប្រព្រឹត្តទៅ ត្រឹមត្រូវ យុត្តិធម៌ ប្រជាធិបតេយ្យ ពហុបក្ស»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនាខាងមុខ។ ក្នុងនោះគណបក្សនយោបាយចំនួន១៧ បានចូលប្រកួតប្រជែងដណ្ដើមយកអាសនៈសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួនជាង ១ម៉ឺន (១១.១២២) អាសនៈ ហើយប្រជាពលរដ្ឋជាង៩លាន២សែននាក់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត។
ទោះជាយ៉ាងណា គណបក្សភ្លើងទៀន ដែលដាក់បេក្ខជនឃុំសង្កាត់ប្រដំប្រសងជាមួយបក្សកាន់អំណាច សកម្មជនបក្សនេះបានទទួលការគំរាមកំហែង ធ្វើទុក្ខបុកម្នេញគ្រប់រូបភាពពីសំណាក់អាជ្ញាធរបក្សកាន់អំណាច។ លើសពីនេះទៀត សកម្មជនគណបក្សភ្លើងទៀននេះមួយចំនួនទៀតជាប់ពាក្យបណ្ដឹងនៅតុលាការ ហើយអ្នកខ្លះទៀតកំពុងជាប់ឃុំក្នុងពន្ធនាគារនៅឡើយ។ ក្រៅពីនេះ នៅថ្ងៃទី២ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សភ្លើងត្រូវបានអាជ្ញាធររារាំងក្បួនហែរបស់គណបក្សនេះ និងរឹតត្បិតមិនឃោសនានៅកន្លែងតំបន់សំខាន់ៗមួយចំនួនដូចជា តំបន់ទីផ្សារប្រជុំជនជាដើម។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADO) លោក អំ សំអាត យល់ថា ការលើកឡើងរបស់ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងការប្រកាសមិនចូលរួមគាំទ្រផ្តល់ជំនួយនៃការបោះឆ្នោតនៅថ្នាក់ក្រោមជាតិក្នុងអាណត្តិនេះ ដោយសារតែកម្ពុជា មិនទាន់មានការបោះឆ្នោតមួយដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅឡើយ៖ «ជាពិសេសទាក់ទងការបោះឆ្នោតក្រុមប្រឹក្សាខាងមុខនេះ អាចនឹងមានបញ្ហាកើតឡើង។ អ៊ីចឹងបាន ប្រធានអង្គការសហប្រជាជាតិ [ ប្រចាំកម្ពុជា ] អំពាវនាវ ដល់គណបក្សនយោបាយទាំងអស់ ការរួបរួមគ្នា ធ្វើយ៉ាងណា ឱ្យបរិយាកាស ឬបរិយាប័ន្ន ក្នុងការបោះឆ្នោតឃុំសង្កាត់ខាងមុខនេះ ប្រកបសន្តិវិធី បានន័យថា គោរពសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋក្នុងការចូល បានន័យថា ពលរដ្ឋជាម្ចាស់ឆ្នោត»។
កាលពីខែមេសា សមាជិកសភាពអឺរ៉ុបភាគច្រើនលើសលប់ បានរួមគ្នាដាក់ញត្តិ ដើម្បីទាមទារឱ្យរដ្ឋាភិបាល លោក ហ៊ុន សែន លុបចោលការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាប់ និងប្រគល់សេរីភាពជូនលោក កឹម សុខា លោក សម រង្ស៊ី អ្នកស្រី មួរ សុខហួរ និងមន្ត្រី ព្រមទាំងសកម្មជនគណបក្សសង្គ្រោះជាតិផ្សេងៗ ទៀត ហើយត្រូវអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោតខាងមុខនេះ។ សភាអឺរ៉ុប ថែមទាំងបានផ្តល់ជាអនុសាសន៍ដល់ក្រុមប្រឹក្សាអឺរ៉ុប ត្រូវប្រើវិធានការទាំងអស់ ដែលមានដូចជា ការព្យួរទាំងស្រុងនូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA ប្រសិនបើរកឃើញថា ការបោះឆ្នោតខាងមុខនេះ មានភាពអយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
