ក្រុមអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ ភីស.ឃរ (Peace Corps) ចំនួន ៣៥នាក់ វិលត្រឡប់ទៅបំពេញបេសកកម្មស្ម័គ្រចិត្តបន្តនៅប្រទេសកម្ពុជាវិញ បន្ទាប់ពីបានអាក់ខានរយៈពេល ២ឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។
សេចក្ដីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារ Peace Corps នៅថ្ងៃទី២៥ ខែតុលាឲ្យដឹងថា អ្នកស្ម័គ្រចិត្តជនជាតិអាមេរិកទាំងនោះ នឹងធ្វើការជាមួយក្រសួងអប់រំ ដើម្បីជួយបណ្ដុះបណ្ដាលគ្រូ និងបង្រៀនភាសាអង់គ្លេសរួមគ្នាជាមួយគ្រូបង្រៀនខាងកម្ពុជាម្នាក់ទៀត នៅតាមសាលាបឋមសិក្សា វិទ្យាល័យ និងស្ថាប័នដែលផ្តល់ការបង្រៀនផ្សេងទៀត។ គម្រោងនេះ នឹងជួយពង្រឹងជំនាញក្នុងការគិត និងផ្នែកភាសាអង់គ្លេសរបស់សិស្ស និស្សិត គ្រូ និងសមាជិកសហគមន៍នៅកម្ពុជា ដើម្បីឲ្យពួកគេមានឱកាសទទួលបានឱកាសសម្រាប់ខ្លួនគេផ្ទាល់ ក្នុងអាជីព និងក្នុងការសិក្សា។
ទីភ្នាក់ងារ Peace Corps បានបញ្ជូនក្រុមអ្នកស្ម័គ្រចិត្តទីមួយរបស់ខ្លួនទៅកម្ពុជា កាលពីឆ្នាំ២០០៧។ រហូតមកដល់ពេលនេះ ក្រុមអ្នកស្ម័គ្រចិត្តនៃទីភ្នាក់ងារ Peace Corps ចំនួន ៧១៤ នាក់បានមកបំពេញការងារនៅកម្ពុជា ក្នុងគម្រោងសិក្សាអប់រំផ្នែកភាសាអង់គ្លេស។ កម្មវិធីអប់រំសុខភាព ក៏បានដំណើរការចាប់ពីឆ្នាំ ២០១១ ដល់ឆ្នាំ២០១៨។
ចាប់តាំងពីលោកប្រធានាធិបតី ចន អេហ្វ ខេណឺឌី (John F. Kennedy) បានបង្កើតទីភ្នាក់ងារ Peace Corps នៅក្នុងឆ្នាំ ១៩៦១ មក មានជនជាតិអាមេរិកាំង ចំនួន ២៤ម៉ឺននាក់ (២៤០.០០០) បានបំពេញការងារស្ម័គ្រចិត្តនៅតាមប្រទេសចំនួន ១៤២ប្រទេស ដោយធ្វើការជាមួយសមាជិកសហគមន៍មូលដ្ឋាន ក្នុងវិស័យអប់រំ សុខាភិបាល បរិស្ថាន កសិកម្ម ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការអភិវឌ្ឍន៍យុវជន នៅទូទាំងសាកលលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។