អាមេរិក និង​អូស្ត្រាលី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា ឈឹម ស៊ីថរ

0:00 / 0:00

ក្រសួង​បរទេស​សហរដ្ឋអាមេរិក​ និង​ស្ថានទូត​ប្រទេស​អូស្ត្រាលី ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​មេដឹកនាំ​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ​ហើយ​ងាក​ទៅ​ដោះស្រាយ​វិវាទ​ការងារ​របស់​ពួកគេ​ប្រកប​ដោយ​យុត្តិធម៌​ត្រឹមត្រូវ។ក្រៅពី​នេះ ​ក្រសួង​ការបរទេស​អាមេរិក ក៏​បញ្ជាក់​ឡើងវិញ​នូវ​ការ​ទាមទារ​ឲ្យ​ដោះលែង​ កញ្ញា សេង ធារី ដែរ។​ មេដឹកនាំ​សហជីព​ឯករាជ្យ ​យល់ថា​ ប្រសិនបើ​រដ្ឋាភិបាល ​បន្ត​ផ្គើន​ចំពោះ​ការ​ទាមទារ​របស់​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ ​ដោយ​បង្កើន​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​សិទ្ធិមនុស្ស​ និង​សកម្មជន​សហជីព​បែបនេះ ​នឹង​ធ្វើ​ឲ្យ​បាត់បង់​ផល​ប្រយោជន៍​ជាតិ​បន្ថែម​ទៀត។

ការ​ចាប់​ឃុំ​ខ្លួន​មេដឹកនាំ​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ កញ្ញា​ ឈឹម ស៊ីថរ ​ឡើង​វិញ ​កំពុង​ធ្វើឲ្យ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ​ព្រមទាំង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ជាតិ​និង​អន្តរជាតិ ​ព្រួយបារម្ភ ​និង​ចេញ​សារ​ថ្កោល​ទោស​ចំពោះ​ទង្វើ​រដ្ឋាភិបាល​កម្ពុជា​ជាបន្តបន្ទាប់។

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ​កាលពី ល្ងាច​ថ្ងៃទី២៩​ វិច្ឆិកា ​ថា ​សហរដ្ឋអាមេរិក ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន កញ្ញា ឈឹម ស៊ីថរ ​ជា​ប្រធាន​សហជីព​ដែល​មាន​ជម្លោះ​ការងារ​រយៈពេល​ជាង មួយឆ្នាំ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បន្ទាប់ពី​នាង​វិលត្រឡប់​ពី​ចូលរួម​សន្និសីទ ការងារ​នៅ​ប្រទេស​អូស្ត្រាលី។ ក្រសួង​ការ​បរទេស​អាមេរិក​ លើក​ឡើង​ថា កន្លងមក អាជ្ញាធរ​កម្ពុជា​ បាន​ព្យាយាម​គ្រប់​បែបយ៉ាង​ដើម្បី​​ជ្រៀតជ្រែក​ក្នុង​ការ​អនុវត្ត​របស់​ក្រុម​កម្មករ​ណា​ហ្គាវើលដ៍ ​ដោយ​ការ​ចាប់​ឃុំ​ប្រធាន​សហជីព និង​កម្មករ ដោយសារ ការ​តវ៉ា​ពាក់ព័ន្ធ​នឹង​បញ្ឈប់​ពួកគេ​​ពី​ការងារ​ទាំង​បំពាន​ច្បាប់។ សហរដ្ឋអាមេរិក ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា ​​ដោះលែង​កញ្ញា ឈឹម ស៊ីថរ​ និង​សហជីព​កម្មករ ដែល​កំពុង​ជាប់ឃុំ​ទាំងអស់​ដោយសារ​ប្រើ​សិទ្ធិ​សេរីភាព​បង្កើត​សមាគម​និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី ហើយ​លុបចោល​រាល់​ការ​ចោទ​ប្រកាន់​លើ​ពួកគេ និង​ឈាន​ទៅ​ដោះស្រាយ វិវាទ​ការងារ​ប្រកប​ដោយ​ការស្ថាបនា។ ​ទន្ទឹម​គ្នា​នេះ ​សហរដ្ឋ​អាមេរិក ក៏​អំពាវនាវ​ជាថ្មី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស ​និង​ជា​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ​ កញ្ញា សេង ធារី ​បន្ទាប់ពី​រដ្ឋាភិបាល​លោក ​ហ៊ុន សែន ​នៅតែ​រក្សា​ភាព​ស្ងៀម​ស្ងាត់​មិនទាន់​ឆ្លើយតប​ជា​វិជ្ជមាន​តាម​ការ​ស្នើសុំ​ពី​ប្រធានាធិបតី​អាមេរិក លោក ចូ ប៉ៃឌិន (Joe Biden) ​។

ក្រសួង​ការបរទេស​អាមេរិក​ សង្កត់ធ្ងន់​ថា ​​រដ្ឋាភិបាលកម្ពុជា​ ត្រូវ​បំពេញ​កាតព្វកិច្ច​និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​ការងារ និង​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់​នូវ​​​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និង​សហជីព​ដែល​តំណាង​ឲ្យ​ក្រុម​​​បុគ្គលិក​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ។

​ជាមួយ​គ្នា​នេះ ​ស្ថានទូត​ប្រទេស​អូស្ត្រាលី ​ក៏បាន​លើក​ឡើង​ថា ​អូស្ត្រាលី ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ​នេះ​ដែរ។ ឯកអគ្គរដ្ឋទូត​​​របស់​ប្រទេស​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោក ប៉ាបប្លូ កាង (Pablo Kang)បង្ហោះ​សារ​លើ​បណ្ដាញ សង្គម​ធ្វីតធឺ​(Twitter )​ថា លោក បាន​លើក​ឡើង​រឿង​នេះ​ជាមួយ​រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ លោក កើត រិទ្ធ ​រួចរាល់​ហើយ​អំពី​មូលដ្ឋាន​មិន​ច្បាស់លាស់​នៃ​ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ។ ស្ថានទូត​អូស្ត្រាលី ​បន្ត​អំពាវនាវ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ធ្វើការ​សម្រប​សម្រួល​រក​ដំណោះ​ស្រាយ​ដោយ​យុត្តិធម៌ ​និង​សមធម៌​​រវាង​បុគ្គលិក និង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នេះ ​ក៏ដូចជា​ការធានា​ថា ​សិទ្ធិ​នយោបាយ​ និង​សិទ្ធិ​ការងារ​ត្រូវ​បាន​ការពារ។

​ការប្រកាស​របស់​ស្ថានទូត​អូស្ត្រាលី​នេះ​ ធ្វើ​ឡើង​បន្ទាប់ពី​សមាជិក​សភា​ជាន់ខ្ពស់ អូស្ត្រាលី លោក ​ជូលៀន ហ៊ីល (Julian Hill) កាលពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ​បាន​ថ្លែង​ក្នុង​រដ្ឋសភា​សហព័ន្ធ ​នៅ​ទីក្រុង​កង់បេរ៉ា (Canberra ) ដោយ​ស្នើសុំ​ឱ្យ​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី អ្នកស្រី ផេនី វ៉ង់ (Penny Wong) ​ធ្វើការ​ជាមួយ​ស្ថាន​ទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​​ ​ដើម្បី​លើក​អំពី​បញ្ហា​ចាប់​ខ្លួន​កញ្ញា​ ឈឹម ស៊ីថរ ​នេះ​ឡើង។ លោក ​ជូលៀន ហ៊ីល ​ចាត់ទុកថា ​ការ​ចាប់​ឃុំខ្លួន​ស្ត្រី​មេដឹកនាំ​សហជីព​រូប​នេះ ​គឺជា​រឿង​​ហួសចិត្ត​ និង​ជា​ឧបទ្ទវហេតុ​ថ្មី​មួយទៀត​នៃ​របប​ជើងកាង​ លោក ហ៊ុន សែន ក្នុង​ការ​វាយប្រហារ​លើ​មេដឹកនាំ​សហជីព​ដោយសារ​តែ​ការ​បំពេញ​ការងារ​របស់​ពួកគេ។ ​

សមាជិក​សភា​ជាន់ខ្ពស់​អូស្ត្រាលី​រូប​នេះ​ ទាមទារ​ឲ្យ​​រដ្ឋាភិបាល​លោក ហ៊ុន សែន ​ដែល​លោក​ហៅថា ​​ជា​របប​ជើងកាង​នោះ​ ​ត្រូវ​ប្រគល់​សេរីភាព​ដល់​​កញ្ញា ឈឹម ស៊ីថរ ​ឡើងវិញ។

កញ្ញា ឈឹម ស៊ីថរ ​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ជា​លើក​ទី២ ​កាលពី​ព្រឹកថ្ងៃទី២៦​ ខែវិច្ឆិកា ​នៅ​ប្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ ក្រោយ​ពេល​នាង​​វិលត្រឡប់​ពី​ចូលរួម​កិច្ចប្រជុំ​សហជីព​អន្តរជាតិ​នៅ​ប្រទេស​អូស្ត្រាលី ។

ជុំវិញ​ករណី​នេះ ​វិទ្យុ​អាស៊ីសេរី ​មិនអាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល ​លោក ផៃ ស៊ីផាន ​និង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ​លោក ជិន ម៉ាលីន ​បានទេ ​នៅ​ថ្ងៃទី​៣០​ ខែវិច្ឆិកា​ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល ។វិទ្យុ​អាស៊ីសេរី ​ក៏​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​តុលាការ​ក្រុងភ្នំពេញ លោក តាំង ស៊ុនឡាយ ​បាន​ដែរ។ប៉ុន្តែ​តុលាការ​ក្រុងភ្នំពេញ ​ចេញ​លិខិត​បក​ស្រាយ​កាលពី​ល្ងាច​ថ្ងៃទី២៩ ​វិច្ឆិកា​ថា ការ​ចាប់​ឃុំខ្លួន​កញ្ញា ឈឹម ​សីថរ ​ព្រោះ​នាង​បាន​ចាក​ចេញ​ពី​កម្ពុជា​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ ​ដែល​ជា​ការ​បំពាន​កាតព្វកិច្ច​នៃ​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។ ប៉ុន្តែ​កញ្ញា ​ឈឹម ស៊ីថរ ​និង​​មេធាវី អះអាង​ថា ​ពួកគាត់​មិន​ដែល​បាន​ដឹង​អំពី​លក្ខខណ្ឌ​របស់​តុលាការ​នេះ​ទេ ​ហើយ​មុន​ពេល​ចាក​ចេញ​ពី​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​នេះ ​​សមត្ថកិច្ច​ដែល​ត្រួតពិនិត្យ​ឯកសារ​ឆ្លងដែន ក៏​មិន​បាន​ហាមឃាត់​កញ្ញា​ដែរ​។ ​​

​ប្រធាន​សហភាព​សហជីព​កម្ពុជា ​លោក រ៉ុង ឈុន ​គាំទ្រ​ចំពោះ​ការ​ទាមទារ​របស់​សហរដ្ឋ​អាមេរិក ​និង​អូស្ត្រាលី ​ដែល​ចង់​ឲ្យ​មាន​ការ​ដោះលែង​កញ្ញា ​ឈឹម ស៊ីថរ និង​កញ្ញា សេង ធារី ហើយ​ប្រសិន​បើ​រដ្ឋាភិបាល ​គិតគូរ​អំពី​ផល​ប្រយោជន៍ជាតិ​​និង​ប្រជាពលរដ្ឋ ​គួរតែ​ដោះស្រាយ​​តាម​សំណើ​ទាំងនេះ។ លោក ​បន្ត​ថា វិវាទ​ការងារ​ក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​គឺជា​វិវាទ​ឯកជន​ ដូច្នេះ​រដ្ឋាភិបាល ​គួរតែ​ជួយ​សម្រប​សម្រួល​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ ​ដោយ​មិន​គួរ​ចេញ​មុខ​ការពារ​ក្រុមហ៊ុន ​ហើយ បែរ​ជា​ប្រើ​ប្រាស់​ស្ថាប័ន​រដ្ឋ​ទៅ​គាបសង្កត់​ធ្វើ​ទុក្ខ​ម្នេញ​លើ​ក្រុម​កូដករ​ភាគ​ច្រើន​ជា​ស្ត្រី​ និង​ចាប់​ឃុំ​ខ្លួន​​ថ្នាក់ដឹកនាំ​សហជីព​ម្តង​ហើយ​ម្តង​ទៀត​នោះ​ទេ។

លោក រ៉ុង ឈុន៖ «ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ហាក់បី​ដូចជា​ការ​ឌឺដង​ឲ្យ​ប្រធានាធិបតី​អាមេរិក​ដែល​បាន​លើកឡើង ទល់មុខ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ស្នើ​សុំ​ឲ្យ​កម្ពុជា​យើង ​បើក​លំហ​សេរីភាព មុន​ការ​បោះឆ្នោត​២០២៣ ​ឲ្យ​ដោះលែង​សកម្មជន​និង​កញ្ញា​សេង ធារី។ ទង្វើ​បែប​នេះ អត់​មាន​អី​ចំណេញ​ដល់​កម្ពុជា​យើង​ទេ ហើយ​បើ​មិន​មាន​ការ​សម្របសម្រួល ​និង​ដោះស្រាយ​តាម​ការ​ស្នើសុំ​របស់​អន្តរជាតិ​ម្តង​ហើយ​ម្តង​ទៀត​ កម្ពុជា​យើង​នឹង ​ខាត​បង់​ផលប្រយោជន៍​ធំ​ណាស់ ​ដូចជា​GSP​និង​EBAហើយ​គេ​នឹង​អាច​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​យើង​បន្ថែម​ទៀត​ជុំវិញ​បញ្ហា​ទាំងអស់​នេះ»។

វិវាទ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​ផ្តើម​ចេញពី​ក្រុមហ៊ុន​បញ្ឈប់​បុគ្គលិក​ជាង​១​ពាន់​នាក់​ដែល​ជា​ថ្នាក់ដឹកនាំ​និង​ជា​សមាជិក​សហជីព​ ក្រោម​ហេតុ​ផល​ថា ​ជួប​វិបត្តិ​ហិរញ្ញ​វត្ថុ។ តែ​ផ្ទុយ​ទៅ​វិញ ​ក្រុមហ៊ុន​ បែរជា​មាន​លទ្ធភាព​សាង​សង​ពង្រីក​ក្រុមហ៊ុន​បន្ថែម ​និង​​ប្រកាស​រើស​បុគ្គលិក​ថ្មី ​ដើម្បី​ជំនួស​បុគ្គលិក​ដែល​កំពុង​តវ៉ា​។ ក្រុម​សហជីព ​និង​កូដករ ​មើល​ឃើញ​ថា ចេតនា​របស់​ក្រុមហ៊ុន ដែល​មិនព្រម​ទទួល​យក​ពួកគាត់​ចូល​ធ្វើការងារ​វិញ ​ព្រោះ​ចង់​លុប​បំបាត់​ចលនា​សហជីព​ឯករាជ្យ ​ដែល​ងាយ​ស្រួល​សម្រាប់​ក្រុមហ៊ុន ​នៅ​ថ្ងៃ​ក្រោយ​មិន​ចាំបាច់​ឈឺក្បាល​វិលមុខ​ចំពោះ​ការ ទាមទារ​អត្ថប្រយោជន៍​ផ្សេងៗ​របស់​បុគ្គលិក ​ហើយ​ក្រុមហ៊ុន​ អាច​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ធ្វើអ្វីៗ​ស្រេច​តែ​ចិត្ត។

រយៈ​ពេល​ជិត​មួយឆ្នាំ​មកនេះ​ការ​តស៊ូ​ធ្វើ​កូដកម្ម​អហិង្សា​របស់​កូដករ​ណាហ្គាវើលដ៍ មិន​ត្រឹមតែ​គ្មាន​ដំណោះ​ស្រាយ​ទេ​ ​ថែមទាំង​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ជាបន្តបន្ទាប់ ​ការ​ប្រើ​ហិង្សា​វាយ​ដំ​ទាត់​ធាក់​រហូត​ស្ត្រី​ខ្លះ​បែក​មុខ​បែក​មាត់​ និង​ស្ត្រី​ម្នាក់​រលូត​កូន​ក្នុង​ផ្ទៃ។ អ្នកឃ្លាំមើល ​យល់ថា ​មូលហេតុ​​ក្រុមហ៊ុន​ណា​ហ្គា​វើលដ៍​ដែល​មាន​ប្រវត្តិ​ធ្វើទុក្ខបុកម្នេញ​សហជីព​ និង​ធ្លាប់​ជាប់​សង្ស័យ​រឿង​បន្លំ​គេចពន្ធ​​​នោះ​ មិន​ដោះ​ស្រាយ​វិវាទ​ការងារ ​ព្រោះ​ម្ចាស់​ក្រុមហ៊ុន​ដែល​​ជា​មហា​សេដ្ឋី​ម៉ាឡេស៊ី ​លោក តាន់ ​ស្រ៊ី ​ ឬ​ហៅថា ​ឈិន ​លីប​ ឃៀង ​(Chen Lip Keong) ​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ​និង​រង​ការ​ចោទ​ថា ​មាន​ទំនាក់​ទំនង​ផលប្រយោជន៍​រួមគ្នា​។ កាល​ពី​​តុលា​ ឆ្នាំ២០២០ ​រដ្ឋាភិបាល ​លោក ហ៊ុន សែន ក៏បាន​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ថៅកែ​ក្រុម​ហ៊ុន​ណា​ហ្គាវើលដ៍ ​និង​ជា​ម្ចាស់​អាជ្ញា​បណ្ណ​កាស៊ីណូ​ផ្ដាច់មុខ​តែ​មួយ​គត់​នៅ​រាជធានី​ភ្នំពេញ​រូប​នេះ។ អ្នកឃ្លាំមើល យល់​ថា ដោយសារ​តែ​មាន​ផលប្រយោជន៍​និង​ទំនាក់​ទំនង​​នេះ​ហើយ ​ទើប ​រដ្ឋាភិបាល ហ៊ុន សែន ​មិន​ខ្វល់​ចំពោះ​សម្រែក​ទាមទារ​ដំណោះ​ស្រាយ​របស់​ក្រុម​​ស្រ្តី​កូដករ​រាប់​សិប​នាក់ ​និង​សុខចិត្ត​លក់​មុខ​មិន​ខ្វល់​ពី​ការរិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​​។ មិន​តែ​ប៉ុណ្ណោះ​ រដ្ឋាភិបាល ​លោក ហ៊ុន សែន ​បាន​ប្រើ​ប្រាស់​មន្ត្រីរាជការ​សាធារណៈ និង​ស្ថាប័នរដ្ឋ ​ដូចជា​ស្ថាប័ន​តុលាការ​ ដើម្បី​គំរាមកំហែង​ ធ្វើទុក្ខបុកម្នេញ​បង្ក្រាប​ដោយ​ហិង្សា​លើ​ក្រុម​កូដករ​និង​ចាប់​ឃុំ​ខ្លួន​ក្រុម​ថ្នាក់​ដឹកនាំ​សហជីព​ដែល​លេចធ្លោ​។​​

គិត​មក​ដល់​ពេល​នេះ ​មាន​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​មិន​តិច​ជាង​២០​នាក់​ទេ​ដែល​ជាប់​បណ្តឹង​នៅ​តុលាការ​ពី​បទ​ញុះញង់​ បទ​បំពាន​ច្បាប់​កូវីដ​ និង​ពី​បទ​រំលោភ​លើ​លំនៅឋាន ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់ដោយសារ​តែ​ការ​តវ៉ា​អហិង្សា​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ។

ងាក​មក​​ការ​ទាមទារ​ឲ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ​នៅ​ពេលនេះ ​ក្រៅតែ​ពី​សហរដ្ឋ អាមេរិក និង​អូស្ត្រាលី​នោះ ​ក្រុម​អង្គការ ​សមាគម​ សហជីព ​និង​សហគមន៍​ជិត ១​រយ​ស្ថាប័ន (៦៩) បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ​ស្នើ​ដល់​តុលាការ ​ដោះលែង​ប្រធាន​សហជីព​ជា​ស្ត្រី​រូប​នេះ​ជា​បន្ទាន់​។ អង្គការ ​សមាគម​ទាំងនោះ​រួមមាន​ជាអាទិ៍ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អង្គការ​លីកាដូ (LICADHO) មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) និង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ជាដើម អំពាវនាវ​ដល់​រាជរដ្ឋាភិបាល ឈប់​ភ័យខ្លាច​នូវ​វត្តមាន​ភាព​ក្លាហាន ​និង​ភាពរឹងមាំ​របស់​កញ្ញា ឈឹម ស៊ីថរ និង​ស្នើ​ឱ្យ​បញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ ​ដើម្បី​បំភិតបំភ័យ​ប្រធាន ​និង​សមាជិក​សហជីព​តទៅ​ទៀត ។

ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​(Facebook) ក៏ បាន​បង្ហោះ​រូបថត​កញ្ញា ឈឹម ស៊ីថរ​ ភ្ជាប់​ជាមួយ​សំណេរ​លើកទឹកចិត្ត​ ក្តី​អាណិត​អាសូរ ​និង​ការ​ទាមទារ​យុត្តិធម៌ ​និង​សេរីភាព​ដល់​កញ្ញា​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។