លោក ហ៊ុន ម៉ាណែត អះអាង​ប្រាប់​អគ្គលេខាធិការ​អ.ស.ប ពី​សុឆន្ទៈ​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស

ដោយ សុជីវី
2023.09.24
លោក ហ៊ុន ម៉ាណែត អះអាង​ប្រាប់​អគ្គលេខាធិការ​អ.ស.ប ពី​សុឆន្ទៈ​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ កញ្ញា ២០២៣។
រូប៖ តេឡេក្រាមលោក ហ៊ុន ម៉ាណែត

នៅ​ក្នុង​ពេល​ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៨ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​អះអាង​នៅ​ចំពោះមុខ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) ថា កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក​នេះ​បន្ត​កសាង​សង្គម​មួយ ដោយ​ឈរ​លើ​ការគោរព​ច្បាប់ និង​គោលការណ៍​នីតិរដ្ឋ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

អត្ថបទ​អំពី​ខ្លឹមសារ​នៃ​ជំនួប​រវាង លោក ហ៊ុន ម៉ាណែត និង​លោក អង់តូនីញ៉ូ ហ្គូទែរ៉េស កាល​ពី​ថ្ងៃទី​២២ ខែ​កញ្ញា ឱ្យ​ដឹង​ទៀត​ថា ក្នុង​នាម​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បាន​ចុះហត្ថលេខា​បន្ត​សុពលភាព​អាណត្តិ​របស់​អ្នក​វាយ​តម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស ឬ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ចំណុច​នេះ​លោក ហ៊ុន ម៉ាណែត អះអាង​ជា​ការ​បង្ហាញ​ពី​សុឆន្ទៈ​របស់​កម្ពុជា​ក្នុង​ការ​កែ​លម្អ​សិទ្ធិមនុស្ស ក្នុង​ស្ថានភាព​ដែល​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ពុំ​មាន​ប្រទេស​ណា​អនុញ្ញាត​ឱ្យ​មាន​ការិយាល័យ​អ្នក​រាយការណ៍​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នេះ​ក្ដី។

ទាក់ទង​នឹង​ការ​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស​នេះ ទាំង​អង្គការ​សហប្រជាជាតិ ទាំង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​សុទ្ធតែ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ចាត់វិធានការ​ជាក់លាក់​ដោះស្រាយ​បញ្ហា​មិនមែន​ត្រឹមតែ​ការ​អះអាង​ទេ។ ក្នុង​នោះ​រួមមាន​ការ​បើក​លម្ហ​សិទ្ធិ​សេរីភាព​មូលដ្ឋាន​ពលរដ្ឋ ធានា​សិទ្ធិ​នយោបាយ ដោះលែង​អ្នក​ជាប់ឃុំ​នយោបាយ និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស សិទ្ធិ​ដីធ្លី និង​សិទ្ធិ​ការងារ​ជាដើម ព្រមទាំង​ងាក​មក​គន្លង​ប្រជាធិបតេយ្យ​ឡើងវិញ​។ ចំណែក​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ក៏​ធ្លាប់​បាន​រិះគន់​ជា​ញឹកញយ​ថា​កម្ពុជា​ពុំបាន​អនុវត្ត​ឱ្យ​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ឈរ​លើ​គោលការណ៍​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទេ តែ​ជា​ការ​ប្រើប្រាស់​ច្បាប់ ដែល​រំលោភសិទ្ធិ​ពលរដ្ឋ​ជា​ប្រព័ន្ធ ដើម្បី​វាយ​បង្ក្រាប​លើ​សំឡេង​រិះគន់ បំបិទ​សំឡេង​ប្រឆាំង និង​រក្សា​អំណាច​ត​ពូជ​ត​ត្រកូល របស់ លោក ហ៊ុន សែន។

ទាក់ទង​នឹង​ការចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៨ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ថ្លែង​សារ​ទាក់ទង​នឹង​ស្ថានភាព​នៅក្នុង​ប្រទេស ដោយ​ផ្ដោត​លើ​ចំណុច​សំខាន់​ចំនួន​៤ ដែល​រួម​មាន​៖ ភាព​ជោគជ័យ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​មាន​ការ​រីក​ចម្រើន​ទៅ​មុខជា​លំដាប់ ការ​អះអាង​មិន​ឱ្យ​បរទេស​យក​ទឹកដី​កម្ពុជា​ប្រឆាំង​នឹង​បរទេស​ណាមួយ និង​ការ​ប្តេជ្ញា​ចិត្ត​អនុវត្ត​គោលនយោបាយ​នានា​ដែល​ស្រប​ទៅ​នឹង​ការ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ​ផង។

តើ​ការ​អះអាង​ទាំងនេះ​របស់​លោក ហ៊ុន ម៉ាណែត ឆ្លុះបញ្ចាំង​ការពិត​ដល់​កម្រិត​ណា​ដែរ?

សូម​ស្ដាប់ និង​ទស្សនា​បទ​សម្ភាសន៍​រវាង​អ្នកស្រី សុជីវី ជាមួយ​អ្នកវិភាគ​នយោបាយ លោក គឹម សុខ អំពី​រឿង​នេះ​ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
តើ​ការ​ដឹកនាំ​របស់នាយករដ្ឋមន្ត្រី​កម្ពុជា និង​ថៃ ដូច​ឬ​ខុស​ដូចម្ដេច​ខ្លះ ក្នុង​រយៈ​ពេល​៣​ខែ​នេះ?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។