ក្រសួងការបរទេសសហរដ្ឋអាមេរិកជំរុញទៅកាន់រដ្ឋាភិបាលវៀតណាមឱ្យដោះលែងសកម្មជនខ្មែរក្រោម។ ប្រតិកម្មរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនេះ ធ្វើឡើងក្រោយពេលអាជ្ញាធរនៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាមបន្តចាប់ឃុំខ្លួនព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមជាបន្តបន្ទាប់ក្នុងរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកចាត់ទុកការចាប់ឃុំខ្លួន និងកាត់ទោសសកម្មជនខ្មែរក្រោមនៅក្នុងប្រទេសវៀតណាម គឺជាការរំលោភសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេសនេះ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ម៉ាត់ហ្ស៊ូ មីលឺ (Matthew Miller) កាលពីថ្ងៃ១ ខែមេសា បានចេញសេចក្ដីថ្លែងការណ៍សម្ដែងក្ដីបារម្ភរបស់សហរដ្ឋអាមេរិកទៅលើរដ្ឋាភិបាលប្រទេសវៀតណាមដែលបានប្រើប្រាស់តុលាការដើម្បីបង្ក្រាបទៅលើសេរីភាពខាងសាសនា និងជំនឿ។
លោក ម៉ាត់ហ្ស៊ូ មីលឺ លើកឡើងថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកាត់ទោសក្នុងប្រទេសវៀតណាម ជាពិសេសការផ្ដន្ទាទោសទៅលើអ្នកតស៊ូមតិដើម្បីសេរីភាពសាសនាចំនួន ៥ នាក់ចាប់តាំងពីខែមករាឆ្នាំ២០២៤ មក។
ក្នុងចំណោមអ្នកតស៊ូមតិដើម្បីសេរីភាពសាសនាទាំង៥នាក់នោះ មានបីនាក់ជាសកម្មជនខ្មែរក្រោម រួមមាន លោក តោ ហ្វាងចឿង លោក ថាច់ កឿង និងលោក យ័ញ មិញក្វាង ។ ពួកគេត្រូវបានតុលាការវៀតណាមកាត់ទោសឱ្យជាប់ពន្ធនាគារចន្លោះពី៣ ឆ្នាំ៦ ខែ ដល់៤ឆ្នាំ កាលពីដើមខែកុម្ភៈ និងថ្ងៃទី២០ មីនា ក្រោមបទចោទប្រកាន់«កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម។
សេចក្ដីថ្លែងការណ៍ដដែលរបស់ក្រសួងការបរទេសអាមេរិកលើកឡើងទៀតថា សហរដ្ឋអាមេរិកជំរុញទៅកាន់រដ្ឋាភិបាលប្រទេសវៀតណាមឱ្យគោរពសិទ្ធិបុគ្គលក្នុងការអនុវត្តសេរីភាពនៃការបញ្ចេញមតិ ការបង្កើតសមាគម ការគោរពសាសនា និងជំនឿ។ សហរដ្ឋអាមេរិកក៏អំពាវនាវជាថ្មីដល់រដ្ឋាភិបាលវៀតណាមឱ្យដោះលែងអ្នកទោសមនសិការទាំងអស់នេះ។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានទេ នៅថ្ងៃទី២ ខែមេសា។
គិតមកទល់ពេលនេះ មានព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមចំនួន ១២ អង្គ/នាក់ហើយត្រូវអាជ្ញាធរវៀតណាមចាប់ខ្លួនដាក់ពន្ធនាគារ ក្នុងនោះ៤នាក់ត្រូវបានតុលាការវៀតណាមកាត់ទោសរួចហើយឱ្យជាប់ពន្ធនាគារចន្លោះពី ២ដល់៤ឆ្នាំ។
ជុំវិញរឿងនេះ អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ លោកបណ្ឌិត សឺន ជុំជួន មានប្រសាសន៍ថា ការជំរុញរបស់សហរដ្ឋអាមេរិកទៅកាន់រដ្ឋាភិបាលវៀតណាមនេះគឺជាការលើកឡើងដ៏ល្អដើម្បីគាំទ្រដល់ជនជាតិដើមខ្មែរក្រោម និងជនជាតិភាគតិចផ្សេងទៀតដែលកំពុងរងទុក្ខបុកម្នេញដោយសារការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។
លោកបណ្ឌិត សឺន ជុំជួន៖ «ជារឿងមួយយើងខ្ញុំសូមគាំទ្រទៅលើការអំពាវនាវរបស់សហរដ្ឋអាមេរិក យើងក៏ស្នើដែរសូមឱ្យគាត់សរសេរឱ្យចំឧទាហរណ៍ថាលោក តោ ហ្វាងចឿង លោក ថាច់ កឿងជាដើមហ្នឹង ពួកគាត់គឺជាជនជាតិដើម ប្រសិនបើគាត់ប្រើប្រាស់ជាពាក្យជនជាតិដើមគឺជារឿងល្អដែរ»។
អាជ្ញាធរវៀតណាមខេត្តលង់ហោដែលវៀតណាមហៅថាខេត្ត វិញ ឡុង (Vinh Long ) កាលពីថ្ងៃទី២៦ និងថ្ងៃទី ២៨ ខែមីនា បានចាប់ផ្សឹកព្រះសង្ឃគង់នៅវត្តប្រជុំពលមង្គលបូរី ឬហៅថាវត្តទ្រនំសេកចំនួន៥អង្គ និងចាប់ឃុំខ្លួនពលរដ្ឋខ្មែរក្រោមចំនួនបីនាក់តាមមាត្រា ៣៣១ និង ១៥៧ នៃក្រមព្រហ្មទណ្ឌវៀតណាម។ ក្នុងចំណោមព្រះសង្ឃទាំង ៥ អង្គនោះរួមមាន ព្រះចៅអធិការវត្តទ្រនំសេកព្រះភិក្ខុ ថាច់ ចន្ទតារា និងព្រះភិក្ខុ យឿង ខាយ ដែលជាសកម្មជនសង្ឃខ្មែរក្រោមធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសិទ្ធិជនជាតិដើមដល់ពលរដ្ឋខ្មែរក្រោម និងធ្លាប់ត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួនសួរចម្លើយនៅប៉ុស្តិ៍នគរបាលជាច្រើនដង។
លើសពីនេះទៅទៀត អាជ្ញាធរវៀតណាមខេត្តលង់ហោ កាលពីថ្ងៃទី ០១ ខែមេសា បានដាក់កម្លាំងជាច្រើននាក់ និងប្រើគ្រឿងចក្រឈូសកម្ទេចសាលាឆទាននៅភូមិកន្រែង ខណៈដែលសាលាឆទាននេះត្រូវបានដឹកនាំសាងសង់កាលពីប៉ុន្មានឆ្នាំមុន ដោយចៅអធិការវត្តទ្រនំសេក ព្រះតេជព្រះគុណ ថាច់ ចន្ទតារា និងសកម្មជនខ្មែរក្រោម លោក គឹម ឃីម។ ពលរដ្ឋខ្មែរក្រោមចាត់ទុកសាលាឆទាននេះគឺជាជាទីសក្ការបូជា ធ្វើបុណ្យទានជុំគ្នា និងបង្ហាត់បង្រៀនអក្សរសាស្ត្រខ្មែរដល់កុមារា កុមារី និងយុវជនខ្មែរក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។