អាមេរិក​កំពុង​តាមដាន​ករណី​នាវា​ចំបាំង​ចិន​ចូល​ចត​នៅ​កំពង់ផែ​រាម

0:00 / 0:00

សហរដ្ឋអាមេរិក កំពុង​តាមដាន​ករណី​នាវា​ចំបាំង​ចិន​ចូល​ចត​នៅ​កំពង់ផែ​រាម។ អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ​ព្រមាន​ថា ការ​ចូល​ចត​នាវាចម្បាំង​ចិន​នៅ​កំពង់ផែ​រាម​អាច​នាំ​ឱ្យ​កម្ពុជា​ជួប «​ទ្វេ​គ្រោះ​» ចំពោះ​សន្តិសុខ​កម្ពុជា​ខ្លួនឯង និង​សន្តិសុខ​ប្រទេស​ក្នុង​តំបន់។

ការ​បង្កើន​ការ​តាមដាន​របស់​អាមេរិក​ទៅលើ​សកម្មភាព​របស់​កង​ទ័ព​រំដោះប្រជាជន​ចិន (PLA) នៅ​កំពង់ផែ​រាម កើត​មាន​ឡើង​ក្រោយ​ពី​វិទ្យុ​អាស៊ីសេរី​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៥ ខែធ្នូ ថា យ៉ាងហោចណាស់​មាន​នាវា​ចំបាំង​របស់​ចិន​ធំ​តូច​ចំនួន​ពីរ​គ្រឿង​កំពុង​ចូល​ចត​នៅ​កំពង់ផែ​កងទ័ពជើងទឹក​រាម​ចាប់​តាំងពី​ថ្ងៃទី​៣ ខែ​ធ្នូ មក។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក បាន​ប្រាប់​សារព័ត៌មាន​អង់គ្លេស​រ៉យទ័រ (Reuters) កាលពី​ថ្ងៃទី​០៦ ខែធ្នូ ថា សហរដ្ឋអាមេរិក​កំពុង​តាមដាន​ព័ត៌មាន​ពី​នាវាចម្បាំង​ចិន​ដែល​ចូល​ចត​នៅ​កំពង់ផែ​រាម ហើយ ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ផែនការ​របស់​ប្រទេស​ចិន​កុម្មុយនិស្ត​ក្នុង​ការ​គ្រប់គ្រង​ផ្តាច់​មុខ​លើ​ផ្នែក​មួយ​ចំនួន​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម។

អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ​លើកឡើង​ថា ការ​សម្ញែង​នាវា​ចម្បាំង​របស់​ក្រុង​ប៉េកាំង​នៅ​កម្ពុជា ស្រប​ពេល​គម្រោង​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ជិត​បិទ​បញ្ចប់ គឺជា​ការ​បង្កើន​ឱ្យ​មាន​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​កាន់តែ​ខ្លាំង ហើយ​ប្រទេស​ក្នុង​តំបន់​នឹង​កាន់​តែ​ព្រួយ​បារម្ភ​ផ្នែក​សន្តិសុខ​ដោយសារតែ​ប្រទេស​ចិន​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​នៅ​កម្ពុជា​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​វិស័យ​ការពារ​ជាតិ។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក រ៉ូ វណ្ណៈ ព្រមាន ថា ការ​ចូល​ចត​នាវាចម្បាំង​ចិន​នៅ​កំពង់ផែ​រាម គឺជា​ទ្វេ​គ្រោះ​សន្តិសុខ​សម្រាប់​កម្ពុជា និង​បង្ហាញ​ពី​ការ​កើនឡើង​ឥទ្ធិពល​ចិន​មួយ​កម្រិត​ទៀត​។ លោក​បន្ថែម​ថា ការ​ចូល​ចត​នាវា​ចម្បង​របស់​ចិន​ដំបូង​នៅ​កំពង់ផែ​រាម អាច​ជា​ការ​សាកល្បង​របស់​ក្រុង​ប៉េកាំង ដើម្បី​ស្ទាបស្ទង់​ក្នុង​ការ​ប្រើប្រាស់​ទីតាំង​នៅ​តំបន់​កំពង់ផែ​រាម​មាន​ប្រសិទ្ធភាព និង​ទូលំទូលាយ​ក្នុង​កម្រិត​ណា។

បណ្ឌិត រ៉ូ វណ្ណៈ៖ «ប្រទេសជិតខាង​គាត់​អាច​នឹង​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ធ្វើ​ទំនើបកម្ម​យោធា​ប្រទេស​មួយ ជា​ការ​គំរាមកំហែង​ដល់​ផលប្រយោជន៍​សន្តិសុខ​ប្រទេស​ជិតខាង​។ ជាពិសេស​ប្រទេស​ជិតខាង​ព្រួយបារម្ភ ទាក់ទង​ការពង្រីក​ឥទ្ធិពល​ប្រទេស​ចិន​ក្នុង​តំបន់ ក្នុង​នោះ​វត្តមាន​នៃ​ឥទ្ធិពល​របស់​ចិន​ចេះតែ​កើនឡើង​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ក្នុង​វិស័យ​សន្តិសុខ​នេះឯង​ដែល​ឱ្យ​ប្រទេស​ជិត​ខាង​ព្រួយ​បារម្ភ។ ហ្នឹង​គឺជា​សន្តិសុខ​ទ្វេ​គ្រោះ​សម្រាប់​កម្ពុជា»។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ លោក ទៀ សីហា និង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក អាន សុខខឿន ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​៧ ខែ​ធ្នូ។

កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​នាវាចម្បាំង​ចិន​យ៉ាងហោចណាស់​ពីរ​គ្រឿង​ចូល​ចត​នៅ​កំពង់ផែ​រាម​កាលពី​ថ្ងៃទី​៣ ខែធ្នូ ដោយ​អះអាង​ថា សម្រាប់​ត្រៀម «ហ្វឹកហ្វឺន» កងទ័ពជើងទឹក​កម្ពុ​ជា និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​វិស័យ​ការពារ​ជាតិ​នៃ​ប្រទេស​ទាំងពីរ​។ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ សីហា បាន​អមដំណើរ​ឪពុក​របស់​លោក គឺ​លោក ទៀ បាញ់ ទៅ​សួរសុខទុក្ខ​នាវា​ចំបាំង​ចិន​ដែល​បាន​ចូល​ចត​នេះ​។ ការ​ចូល​ចត​របស់​នាវា​ចំបាំង​ចិន​នេះ ចំ​ពេល​មន្ត្រីជាន់ខ្ពស់​ការពារ​ជាតិចិន និង​ជា​អនុប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​បក្ស​ចិន លោក ហឺ វ័យទុង (He Weidong) បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា។

ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​មេទ័ព​ចិន​រូប​នេះ​កាល​ពី​ថ្ងៃទី​៣ ខែ​ធ្នូ លោក ទៀ សីហា សង្ឃឹម​ថា ការ​ត្រៀម​ហ្វឹកហ្វឺន​របស់​កង​នាវិក​កម្ពុជា​ដោយ​នាវាចម្បាំង​ចិន នឹង​ជយ​យ​បង្កើន​សមត្ថភាព​កងទ័ព និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​វិស័យ​ការពារ​ជាតិ​នៃ​ប្រទេស​ទាំងពីរ​បន្ថែម​ទៀត។

ជុំវិញ​រឿង​នេះ​ដែរ អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ថា ការ​ចូល​ចត​នាវា​ចម្បាំង​ចិន​គឺ​ជា​ការ​សាកល្បង​លើកដំបូង បន្ទាប់ពី​ការ​ធ្វើ​ទំនើបកម្ម​កំពង់ផែ​រាម​ជិត​រួចរាល់​ទាំងស្រុង។ លោក​ជឿជាក់ ថា ចិន​អាច​នឹង​បញ្ជូន​នាវា​បន្ថែម​ទៀត​មក​ចូល​ចត​នៅ​កំពង់ផែ​រាម​នា​ថ្ងៃ​អនាគត ដែល​ការណ៍​នេះ​វា​បង្កើន​ភាព​តានតឹង​សម្រាប់​កម្ពុជា​ជាមួយ​ប្រទេស​លោក​សេរី និង​ប្រទេស​ក្នុង​តំបន់។

លោក សេង វណ្ណលី៖ «ថ្វី​ត្បិត​កម្ពុជា​ព្យាយាម​បកស្រាយ​ទៅកាន់​ប្រទេស​ក្នុង​តំបន់ ក៏ដូចជា​ពិភពលោក​ថា ការ​ធ្វើ​ទំនើបកម្ម​កំពង់ផែ​រាម​ហ្នឹង មិនមែន​សំដៅ​ដើម្បី​ផ្ដល់​មូលដ្ឋាន​ឈរ​ជើង​កងទ័ព​ជើងទឹក​ចិន​ទេ ក៏ប៉ុន្តែ​ការណ៍​ដែល​បញ្ជូន​នាវាចម្បាំង​របស់​ចិន ក្រោយ​ការ​បិទ​បញ្ចប់​រួចរាល់​ហ្នឹង​វា កាន់តែ​ធ្វើ​ឱ្យ​ពិភពលោក​មាន​មន្ទិល ហើយ​ការចោទប្រកាន់​កាន់តែ​មាន​ទម្ងន់​បន្ថែម​ទៀត»។

ឯកសារ​យោធា​សម្ងាត់​របស់​មន្ទីរ​បញ្ច​កោណ​អាមេរិក​បែកធ្លាយ ហើយ​កាសែត ឌឹ វ៉ាស៊ីងតោន ប៉ុស្តិ៍ (The Washington Post) យក​មក​ចុះផ្សាយ​កាលពី​ចុងខែ​មេសា កន្លង​ទៅ បង្ហាញ​ថា ផ្នែក​មួយ​នៃ​កំពង់ផែ​កងទ័ពជើងទឹក​រាម ត្រូវ​បាន​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) កំណត់ទុក​សម្រាប់​ប្រើប្រាស់​ធ្វើជា​មូលដ្ឋានទ័ព​នៃ «​កងពល​» របស់​ខ្លួន និង​ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​គាំទ្រ​ភស្តុភារ​យោធា​របស់​ចិន​នៅ​លើ​ពិភពលោក។ ឯកសារ​ដដែល​ឱ្យ​ដឹង​ថា កងទ័ព​រំដោះប្រជាជន​ចិន ក៏​ដាក់​ផែនការ​បង្កើត​មូលដ្ឋានទ័ព​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​ឱ្យ​បាន​យ៉ាងហោចណាស់​ចំនួន ៥ និង​ទីតាំង​គាំទ្រ​ដល់​ការ​ផ្គត់ផ្គង់​ភស្តុភារ​ចំនួន​១០ ត្រឹម​ឆ្នាំ​២០៣០ ក្នុង​បំណង​ការពារ​សន្តិសុខ​ជាតិ និង​អត្ថប្រយោជន៍​សេដ្ឋកិច្ច​របស់​ក្រុង​ប៉េកាំង នៅ​ក្រៅ​ប្រទេស។

សារព័ត៌មាន​ស៊ីអិនអិន (CNN) ចុះផ្សាយ​កាល​ពី​ថ្ងៃទី​៦ ខែ​ធ្នូ​ថា ទោះបីជា​កងទ័ព​រំដោះប្រជាជន​ចិន​មិន​អាច​ប្រើប្រាស់​កំពង់ផែ​រាម​សម្រាប់​ឈរជើង​ទាំងស្រុង និង​អចិន្ត្រៃយ៍​ក៏ដោយ ក៏​ការ​ទទួល​បាន សិទ្ធិ​ចេញចូល​កំពង់ផែ​រាម​នេះ​ជាប្រចាំ អាច​មាន​ផល​ប៉ះពាល់​ដល់​ប្រតិបត្តិការ​យោធា​ទាក់ទង​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង រវាង​ចិន និង​ប្រទេស​ដទៃទៀត​ដែល​ទាមទារ​អធិបតេយ្យ​លើ​ប្រជុំ​កោះ​ដែល​កំពុង​មាន​ជម្លោះ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។