អនុរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី វិនឌី ហ្សឺម៉ាន (Wendy Sherman) បានបន្តលើកឡើងពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកជុំវិញវត្តមានកងទ័ពចិន និងការសាងសង់សំណង់ផ្សេងៗ នៅឯមូលដ្ឋានកងទ័ពជើងទឹករាម។
ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី វិនឌី ហ្សឺម៉ាន (Wendy Sherman) ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជានៅឯសហរដ្ឋអាមេរិកនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិកក៍បានសរសេរដែរថា នៅក្នុងជំនួបនេះ អ្នកស្រី វិនឌី ហ្សឺម៉ាន (Wendy Sherman) បានលើកឡើងពីការព្រួយបារម្ភពាក់ព័ន្ធការរឹតត្បិតសេរីភាពជាមូលដ្ឋាននៅកម្ពុជា ការកាត់ទោសលោក កឹម សុខា ការរឹតបន្តឹងសកម្មភាពមេដឹកនាំអង្គការសង្គមស៊ីវិល និងជាពិសេសការព្រួយបារម្ភពីការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនា ដែលនឹងចូលមកដល់ រួមទាំងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ខាងមុខនេះផងដែរ។
Met with Cambodian DPM/FM Prak Sokhonn to discuss U.S. support for Cambodia's Chairmanship. I urged full implementation of the ASEAN Five-Point Consensus on Burma and shared concern about the trial of Kem Sokha and PRC presence at Ream Naval Base.
ទាក់ទងបញ្ហាមីយ៉ាន់ម៉ា (Myanmar) វិញអ្នកស្រី វិនឌី ហ្សឺម៉ាន (Wendy Sherman) បានគាំទ្រលោក ប្រាក់ សុខុន ក្នុងការបំពេញតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់ដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ឬភូមា។ ក៏ប៉ុន្តែអ្នកស្រីបានជំរុញឱ្យកម្ពុជា បំពេញតួនាទីឱ្យបានពេញលេញទៅតាមកិច្ចព្រមព្រៀង៥ចំណុចរបស់អាស៊ាន រួមទាំងធ្វើកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ក្រសួងការបរទេសកម្ពុជានៅមិនទាន់ឃើញឆ្លើយតបនិងការព្រួយបារម្ភរបស់អ្នកស្រី វិនឌី ហ្សឺម៉ាន (Wendy Sherman) នៅឡើយទេ។ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅឯសហរដ្ឋអាមេរិកដោយបានបដិសេធជាថ្មីថាមិនមានកងទ័ពចិននៅលើទឹកដីកម្ពុជាឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។