អាមេរិក​ព្រួយបារម្ភ​ពី​ការ​រឹតត្បិត​មិន​ឱ្យ​បក្ស​ប្រឆាំង​ចូលរួម​ការ​បោះឆ្នោត​ជាតិ

0:00 / 0:00

សហរដ្ឋអាមេរិក​ព្រួយបារម្ភ​ពី​ការ​រឹតត្បិត​​នានា​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​កម្ពុជា​មិន​ឱ្យ​គណបក្ស​នយោបាយ និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​នេះ។ ជាថ្មី​ម្តង​ទៀត ប្រទេស​នេះ​អំពាវនាវ​ឱ្យ​កម្ពុជា​ធានា​ឱ្យ​បាន​នូវ​ដំណើរការ​នៃ​ការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​ភាព​សេរី និង​យុត្តិធម៌។

ការ​អំពាវនាវ​នេះ ធ្វើឡើង​នៅក្នុង​កិច្ច​សន្ទនា​អន្តរកម្ម​មួយ​ជាមួយ ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​សេរីភាព​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី និង​សមាគម ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) កាលពី​ចុង​ខែ​មិថុនា កន្លង​ទៅ។ កិច្ច​សន្ទនា​អន្តរកម្ម​នេះ គឺជា​ផ្នែក​មួយ​នៃ​សម័យប្រជុំ​លើកទី៥៣ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ។

តំណាង​សហរដ្ឋអាមេរិក លើកឡើង​ថា សេរីភាព​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី និង​សមាគម មិន​ត្រឹម​តែ​ក្លាយជា​មូលដ្ឋាន​ដ៏​មាន​សារសំខាន់​សម្រាប់​សង្គម​ស៊ីវិល​ដ៏​សកម្ម​មួយ និង​ភាព​ពហុនិយម​ផ្នែក​នយោបាយ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​សំខាន់​សម្រាប់​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​ដទៃទៀត​ផង​ដែរ។ លោក​បាន​លើកឡើង​ពី​ករណី​ជាក់ស្តែង នៃ​ការ​រឹតត្បិត​លំហ​នយោបាយ​នៅ​កម្ពុជា និង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​ការបោះឆ្នោត​មួយ​ប្រកប​ដោយ​ភាព​សេរី និង​យុត្តិធម៌ ដោយ​គោរព​នូវ​សេរីភាព​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី និង​សមាគម។

តំណាង​អាមេរិក៖ « ជា​ការ​គួរឱ្យ​សោកស្តាយ សេរីភាព​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី និង​សមាគម កំពុង​ស្ថិត​ក្រោម​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​នៅ​តាម​ទីកន្លែង​ជាច្រើន​នៅ​លើ​​ពិភពលោក​សព្វថ្ងៃ​នេះ។ ជាឧទាហរណ៍ យើង​ព្រួយ​បារម្ភ​ក្រៃលែង​ចំពោះ​ការ​រឹតត្បិត​នានា​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​កម្ពុជា​មក​លើ​គណបក្ស​នយោបាយ និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​មិន​ឱ្យ​ចូលរួម​ក្នុង​ការបោះឆ្នោត​ជាតិ​ខែកក្កដា។ យើង​អំពាវនាវ​ដល់​កម្ពុជា​ឱ្យ​ធានា​ឱ្យ​បាន​នូវ​ដំណើរការ​នៃ​ការបោះឆ្នោត​មួយ​ដែល​សេរី និង​យុត្តិធម៌ ដោយ​គោរព​សេរីភាព​ប្រមូល​ផ្តុំ​សន្តិវិធី និង​សមាគម​ ចំពោះ​គ្រប់​គណបក្ស​នយោបាយ​ ប្រព័ន្ធ​ផ្សព្វផ្សាយ សង្គម​ស៊ីវិល និង​អ្នក​បោះឆ្នោត​ទាំងអស់ »

ឆ្លើយតប​នឹង​ការ​អំពាវនាវ​នេះ លេខាធិការ​ទី២​នៃ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ លោក វ៉ា វាសនា បាន​ប្រើប្រាស់​សិទ្ធិ​ឆ្លើយ​តប ដោយ​បដិសេធ​ចំពោះ​ការ​លើកឡើង​របស់​តំណាង​សហរដ្ឋអាមេរិក​នេះ។ លោក​ថា ការ​លើកឡើង​ដែល​ថា កម្ពុជា​រឹតត្បិត​លំហ​នយោបាយ គឺ​គ្មាន​ហេតុផល​នោះ​ទេ។

លោក វ៉ា វាសនា៖ « ការពិត​គឺថា គណបក្ស​នយោបាយ​ចំនួន១៨ នឹង​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​ការបោះឆ្នោត​ខាងមុខ​នេះ។ បើ​ទោះបី​ជា​អវត្តមាន​របស់​អ្នកនយោបាយ ឬ​គណបក្ស​នយោបាយ​មួយ​ក្តាប់​តូច ដែល​បាន​ធ្វើ​ផ្ទុយ​ពី​ច្បាប់ ឬ​ត្រូវ​បាន​ហាមប្រាម​មិន​ឱ្យ​ធ្វើ​នយោបាយ​ដោយសារតែ​ការរំលោភ​ច្បាប់​របស់​ពួកគេ​ក៏ដោយ កម្ពុជា​នៅតែ​សម្រេចចិត្ត​ដោយ​ឥតងាករេ​ក្នុង​ការ​រៀបចំ​ការបោះឆ្នោត​ខែកក្កដា​ខាងមុខ​នេះ​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព។ ពោល​គឺ​ជា​ការ​បោះឆ្នោត​មួយ​ដែល​នឹង​ពិតជា​ឆ្លុះបញ្ចាំង​នូវ​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប »

តំណាង​កម្ពុជា​រូប​នេះ ក៏​មិន​ភ្លេច​សូត្រ​មេរៀន​វាយបក​មិន​ខុស​ចៅ​ហ្វាយនាយ​របស់​ខ្លួន គឺ​ប្រទេស​កុម្មុយនិស្ត​ចិន ដោយ​ចោទប្រកាន់​សហរដ្ឋអាមេរិក​ពី​ការអនុវត្ត​ស្តង់ដារ​ពីរ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ដែរ។

ការ​បោះឆ្នោត​នៅ​កម្ពុជា​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ខាងមុខ​នេះ ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់ទុក​ថា ជា​ការបោះឆ្នោត​«ក្លែងក្លាយ»​ខណៈ​គណបក្ស​កាន់អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធានា​ជ័យជម្នះ​ទុកជាមុន​រួច​ជា​ស្រេច​បាត់​ទៅ​ហើយ។ ការបោះឆ្នោត​នេះ ត្រូវ​គេ​ចាត់​ទុក​ថា ជា​ការបោះឆ្នោត​គ្មាន​គូប្រជែង​ដោយសារតែ​ការ​ផាត់​ចោល​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ប្រឆាំង​ធំជាង​គេ គឺ​គណបក្ស​ភ្លើងទៀន​ដែល​មាន​សំឡេង​ពលរដ្ឋ​គាំទ្រ​ជិត​២លាន​នាក់​កាលពី​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ២០២២​កន្លង​ទៅ ចូលរួម​នៅ​ក្នុង​ការបោះឆ្នោត​នេះ​ឡើយ។ លើស​ពី​នេះ​ទៀត រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ប្រើប្រាស់​ច្បាប់​ធ្វើជា​អាវុធ បើក​យុទ្ធនាការ​បង្ក្រាប​ ចាប់​ដាក់​គុក និង​ធ្វើទុក្ខបុកម្នេញ​មក​លើ​សកម្មជន និង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដូចជា​ការ​បិទ​វិទ្យុ​សំឡេងប្រជាធិបតេយ្យ វីអូឌី (VOD) នៅ​មុន​ការ​បោះឆ្នោត​ជាដើម។ កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ប្រញាប់ប្រញាល់​កែប្រែ​ច្បាប់​បោះឆ្នោត​ដកហូត​សិទ្ធិ​មិន​ឱ្យ​អ្នកនយោបាយ​បក្ស​ប្រឆាំង​ឈរ​ឈ្មោះ​បោះឆ្នោត​នា​ពេល​ខាងមុខ​បាន។

ងាក​មក​កិច្ច​សន្ទនា​អន្តរកម្ម​ស្ដីពី​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី និង​សមាគម​វិញ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​សេរីភាព​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី និង​សមាគម លោក ក្លេម៉ង់ នីយ៉ាឡេតសូស៊ី វូឡេ (Clement Nyaletsossi Voule) បាន​លើកឡើង​ពី​កត្តា​មួយ​ចំនួន​ដែល​នាំ​ឱ្យ​កើតមាន​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​មក​លើ​ពលរដ្ឋ​ដែល​អនុវត្ត​នូវ​សេរីភាព​ទាំងនេះ​ដោយ​ស្របច្បាប់។ កត្តា​ទាំងនេះ រួមមាន កង្វះ​លំហ​សមស្រប​ក្នុង​ការ​ទទួលស្គាល់​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី និង​សមាគម កង្វះ​ឆន្ទៈ​នយោបាយ ការប្រើប្រាស់​ច្បាប់​សន្តិសុខ​ខុស​ដោយ​ផ្តល់​អំណាច​ជ្រុល​ហួសហេតុ​ដល់​អ្នក​អនុវត្ត​ច្បាប់ ការប្រើប្រាស់​មន្ត្រី​សម្ងាត់ និង​កម្លាំង​មិនមែន​ជា​អ្នក​អនុវត្ត​ច្បាប់ និង​ការប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ឧក្រិដ្ឋកម្ម​ធ្វើជា​ឧបករណ៍ ក្នុង​នោះ​រួម​ទាំង​ការ​ប្រើប្រាស់​កងកម្លាំង​យោធា ឬ​កម្លាំង​ជំនាញ​ដើម្បី​កាត់ទោស​សកម្មជន និង​ធ្វើជា​ខែល​ការពារ​ឱ្យ​ក្រុម​អ្នក​ប្រព្រឹត្ត​ល្មើសច្បាប់​ជាដើម។

​អ្នករាយការណ៍​ពិសេស៖ « ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​និទ្ទណ្ឌភាព​ដ៏​ត្រាំត្រែង​បែបនេះ តម្រូវ​ឱ្យ​មាន​នូវ​ការទទួលខុសត្រូវ​ដោយ​ផ្ដោត​ទាំងស្រុង​លើ​ជនរងគ្រោះ។ ខ្ញុំ​ជំរុញ​ឱ្យ​រដ្ឋ​សមាជិក​នីមួយៗ​ត្រូវ​ចាត់វិធានការ​ដូច​ខាងក្រោម​ដើម្បី​ដោះស្រាយ​បញ្ហា​គម្លាត​នៃ​ការទទួលខុសត្រូវ​នេះ។ ទីមួយ ត្រូវ​ទទួលស្គាល់ និង​ថ្កោលទោស​ជា​សាធារណៈ​រាល់​ការប្រព្រឹត្ត​ខុសច្បាប់​ណាមួយ​ប្រឆាំង​នឹង​អ្នក​ទាំងឡាយ​ណា​ដែល​អនុវត្ត​សិទ្ធិ​ទាំងនេះ ។ ធ្វើ​យ៉ាងណា​ធានា​ថា ក្របខណ្ឌ​បទប្បញ្ញត្តិ​ទូទៅ​រួម​ទាំង​ច្បាប់​ប្រឆាំង​អំពើ​ភេរវកម្ម និង​ការប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ ​ ត្រូវ​ស្របតាម​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ ហើយ​ត្រូវ​ដាក់បញ្ចូល​នូវ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។ ទីបី ត្រូវ​ធានា​ឱ្យ​មាន​នូវ​ការស៊ើបអង្កេត​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ការ​ផ្ដន្ទាទោស​ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​បញ្ជា​របស់​ពួកគេ​ឱ្យ​​ប្រព្រឹត្ត​នូវ​អំពើ​រំលោភបំពាន​ដល់​ការអនុវត្ត​សិទ្ធិ​ទាំងនេះ »

កាលពី​ខែ​ឧសភា អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​រូប​នេះ បាន​ដាក់​នូវ​ របាយការណ៍​មួយ ជូន​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ផ្ដោត​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​ការទទួលខុសត្រូវ និង​ការ​បញ្ចប់​​និទ្ទណ្ឌភាព​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ពាក់ព័ន្ធនឹង​ការអនុវត្ត​សិទ្ធិ​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី និង​សមាគម។ លោក​បាន​គូសបញ្ជាក់​ក្នុង​របាយការណ៍​នោះ​ថា ការធានា​ឱ្យ​បាន​នូវ​ការទទួលខុសត្រូវ​ចំពោះ​ការរំលោភ​​លើ​ការអនុវត្ត​សិទ្ធិ​នៃ​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី និង​សមាគម គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​ទទួលខុសត្រូវ​របស់​រដ្ឋ​នានា​ក្នុង​ការ​គោរព ការពារ និង​អនុញ្ញាត​ឱ្យ​មាន​សិទ្ធិ​ទាំងនេះ។ លោក​អំពាវនាវ​ដល់​រដ្ឋ​សមាជិក​និង​សហគមន៍​អន្តរជាតិ​ឱ្យ​អនុវត្ត​នូវ​ការសន្យា និង​ការ​ប្ដេជ្ញាចិត្ត​របស់​ពួកគេ​ដើម្បី​បញ្ចប់​នូវ​អំពើ​និទ្ទណ្ឌភាព​ដ៏​រ៉ាំរ៉ៃ​ និង​ដ៏​រីក​រាលដាល​ជុំវិញ​ការរំលោភ​សិទ្ធិ​ទៅលើ​​អ្នក​ដែល​អនុវត្ត​នូវ​សេរីភាព​ជា​មូលដ្ឋាន​ទាំងនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។