ក្រសួងការបរទេសអាមេរិក គូសបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែបន្តផ្តោតអាទិភាពអំពាវនាវឱ្យដោះលែងមេធាវីសញ្ជាតិខ្មែរអាមេរិកាំងកញ្ញា សេង ធារី និងសកម្មជនគណបក្សប្រឆាំងទាំងអស់ដែលត្រូវបានជាប់ឃុំដោយអយុត្តិធម៌។ ការបញ្ជាក់ជំហរជាថ្មីនេះ ធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលអាស៊ាន និងនៅមុនពេលមកដល់នៃដំណើរទស្សនកិច្ចជាន់ខ្ពស់ដ៏កម្ររបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (East Asia Summit) នៅក្រុងភ្នំពេញ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេដ ប្រាយស៍ (Ned Price) ថ្លែងក្នុងសន្និសីទ្ធសារព័ត៌មានប្រចាំថ្ងៃ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ថា សំណុំរឿងរបស់កញ្ញា សេង ធារី គឺជាសំណុំរឿងអាទិភាពមួយ។ លោកថា សហរដ្ឋអាមេរិកមានកង្វល់ជាខ្លាំង ជុំវិញការផ្តន្ទាទោសមនុស្សជាក្រុម កាលពីខែមិថុនាកន្លងទៅ មកលើសកម្មជនគណបក្សប្រឆាំងនៅកម្ពុជា រួមទាំងកញ្ញា សេង ធារី ផង។ លោកសង្កត់ធ្ងន់ថា ការកាត់ទោសសកម្មជនបក្សប្រឆាំងទាំងនេះ គឺជាផ្នែកមួយនៃលំនាំដ៏គួរឱ្យបារម្ភនៃអំពើគំរាមកំហែង ការបំភិតបំភ័យ ការធ្វើទុក្ខបុកម្នេញ មកលើក្រុមមេដឹកនាំប្រឆាំង និងគណបក្សប្រឆាំងនានា៖
លោក ណេដ ប្រាយស៍៖«ចំណាត់ការបែបនេះ ធ្វើឱ្យទន់ខ្សោយដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា។ យើងជឿជាក់ថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់ គួរតែមានតួនាទីក្នុងការអនុវត្តសិទ្ធិមនុស្ស ក្នុងការសម្តែងមតិយោបល់របស់ពួកគេដោយសេរី ក្នុងការជួបប្រជុំដោយសន្តិវិធី និងក្នុងការជ្រើសរើសមេដឹកនាំរបស់ពួកគេ។ យើងអំពាវនាវដល់អាជ្ញាធរកម្ពុជា ឱ្យដោះលែងរាល់អ្នកទាំងឡាយណាដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ រួមទាំងកញ្ញា សេង ធារី និងឱ្យការពារសេរីភាពនៃការបញ្ចេញ និងសម្តែងមតិ សេរីភាពនៃការបង្កើតសមាគម និងការប្រមូលផ្តុំដោយសន្តិវិធី ដែលស្របទៅតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា និងកាតព្វកិច្ច ព្រមទាំងការប្តេជ្ញាចិត្តជាអន្តរជាតិរបស់ប្រទេសនេះ។ យើងឈរនៅជាមួយប្រជាពលរដ្ឋកម្ពុជា។ យើងគាំទ្រដោយឥតងាករេក្នុងការគាំទ្រក្តីបំណងប្រាថ្នារបស់ពួកគេដើម្បីទទួលបានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សប្រសើរឡើង»។
ការអំពាវនាវសារជាថ្មីរបស់ក្រសួងការបរទេសអាមេរិកនាពេលនេះ កើតមានឡើងស្របពេលកញ្ញា សេង ធារី កំពុងធ្វើកូដកម្មបង្អត់អាហារក្នុងពន្ធនាគាររយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ទាមទារឱ្យផ្ទេរកញ្ញាចេញពីពន្ធនាគារដាច់ស្រយ៉ាលក្នុងខេត្តព្រះវិហារ មកក្រុងភ្នំពេញវិញ និងទាមទារឱ្យដោះលែងកញ្ញាឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ។ ទន្ទឹមនឹងនេះ មេធាវីសិទ្ធិមនុស្សអន្តរជាតិរបស់កញ្ញា សេង ធារី លោក ចារិត ហ្គិនស័រ (Jared Genser) អំពាវនាវដល់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ដាក់សម្ពាធទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដោះលែងកញ្ញា សេង ធារី និងអ្នកជាប់ឃុំដោយសាររឿងនយោបាយទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។