ព្រឹទ្ធសភា​អាមេរិក​ជំរុញ​ឱ្យ​ដោះលែង​កញ្ញា សេង ធារី និង​ត្រៀម​រឹតត្បិត​​វីសា​និង​ជំនួយ​ដល់​កម្ពុជា

0:00 / 0:00

សមាជិក​ព្រឹទ្ធសភា​អាមេរិក ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​មេធាវី​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ និង​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​កញ្ញា សេង ធារី ជាបន្ទាន់។ ការជំរុញ​នេះ ធ្វើឡើង ស្របពេល​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ត្រៀម​វិធានការ​រឹតត្បិត​លើ​ទិដ្ឋាការ និង​ការ​ផ្ដល់ជំនួយ​ដល់​កម្ពុជា ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតែ​មិន​ដោះលែង​កញ្ញា សេង ធារី។ សង្គម​ស៊ីវិល​ព្រួយបារម្ភ​ជុំវិញ​ការចាត់វិធានការ​ថ្មី​របស់​សហរដ្ឋអាមេរិក ព្រោះ​វា​អាចធ្វើឱ្យ​ប៉ះពាល់​ពលរដ្ឋ។

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដ៏​ចាស់វស្សា​ម្នាក់ មកពី​គណបក្ស​ប្រជាធិបតេយ្យ លោក ឌិក ឌើប៊ិន (Dick Durbin) បាន​លើកឡើងថា ខណៈ​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​ការ​ឃុំខ្លួន​តាម​ទំនើងចិត្ត (UN Working Group on Arbitrary Detention) គូសបញ្ជាក់​ថា ការ​ឃុំខ្លួន​កញ្ញា សេង ធារី ជា​ការ​បំពាន​ច្បាប់​អន្តរជាតិ ដូច្នេះ រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ដោះលែង​កញ្ញា​ឱ្យមាន​សេរីភាព​ឡើង​វិញ ដោយ​គ្មាន​ការ​ពន្យារ​ពេល​ទៀត​ឡើយ​។ សមាជិក​ព្រឹទ្ធសភា​អាមេរិក​រូប​នេះ សរសេរ​នៅក្នុង​ប្រព័ន្ធ ទ្វីតធ័រ (Twitter) កាលពី​ថ្ងៃទី​២១ កក្កដា។

កាលពី​ថ្ងៃទី​១២ កក្កដា ក្រុមការងារ​អង្គការ​សហប្រជាជាតិ​ប្រឆាំងនឹង​ការឃុំខ្លួន​តាម​ទំនើងចិត្ត បានទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​ដោះលែង​កញ្ញា សេង ធារី ជាបន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ។ អង្គការ​នេះ​ចាត់ទុក​ការ​ឃុំខ្លួន​កញ្ញា សេង ធារី ថា ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ បំពាន​ច្បាប់​អន្តរជាតិ និង​ដោយសារ​កញ្ញា ហ៊ាន​ប្រឈម​នឹង​ការ​ឃុំខ្លួន ដើម្បី​ទាមទារ​ឱ្យ​មាន​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ចំពោះ​ការជំរុញ​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក ឱ្យ​ដោះលែង​កញ្ញា សេង ធារី នេះ កើត​ឡើង​ស្របពេល​គណៈកម្មាធិការ​ត្រួតពិនិត្យ និង​ចាត់ចែង​ថវិកា​នៃ​ព្រឹទ្ធសភា​អាមេរិក កាលពី​ថ្ងៃទី​២០​កក្កដា បានដាក់​បញ្ចូល​សំណុំរឿង​កញ្ញា សេង ធារី ជា​លក្ខខណ្ឌ​តម្រូវ​​​​​​ឱ្យ​រដ្ឋាភិបាល​អាមេរិក រឹតត្បិត​ទិដ្ឋាការ និង​ការ​ផ្ដល់ជំនួយ​នានា​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ឆ្នាំ​២០២៤ ដែល​លក្ខខណ្ឌ​នេះ ត្រៀម​អនុម័ត​នៅ​ពេល​ខាងមុខ​នេះ។

ស្ថិតក្រោម​លក្ខខណ្ឌ​នេះ ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក នឹង​រឹតត្បិត​ការ​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឃុំខ្លួន​កញ្ញា សេង ធារី ខុសច្បាប់ និង​ការ​រឹតត្បិត​ការ​ផ្ដល់​ជំនួយ​នានា​ដល់​រដ្ឋាភិបាល​កម្ពុជា ប្រសិនបើ កញ្ញា សេង ធារី មិន​ត្រូវ​បាន​ដោះលែង។

ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​លោក កត្តា អ៊ន បានទេ​នៅ​ថ្ងៃទី​២២ កក្កដា​។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​លោក សុខ ឥសាន បញ្ជាក់​ថា លោក​មិន​អាច​បញ្ជាក់​ពី​ជំហរ​កម្ពុជា ចំពោះ​ការត្រៀម​រឹតត្បិត​ទិដ្ឋាការ​និង​ការផ្ដល់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នោះទេ។

លោក សុខ ឥសាន៖ «ឱ្យ​ខ្ញុំ​និយាយ​ពី​ជំហរ​កម្ពុជា​យ៉ាងម៉េច អាហ្នឹង កាលណា​និយាយ​ពី​ជំហរ​កម្ពុជា និយាយ​ពី​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ខ្ញុំ​គ្រាន់តែ​អ្នកនាំពាក្យ​តូច​មួយ ខ្ញុំ​ម៉េច​នឹង​និយាយ​ជំនួស​ពី​ជំហរ​កម្ពុជា​កើត»។

ជុំវិញ​រឿងនេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅ​កាត់​ថា អាដហុក​(Adhoc) លោក ស៊ឹង សែនករុណា ព្រួយ​បារម្ភ​ថា ប្រសិន​បើ​រដ្ឋាភិបាល មិន​បាន​ឆ្លើយតប​បែប​វិជ្ជមាន​ក្នុង​ការ​ដោះលែង​កញ្ញា សេង ធារី ឱ្យ​បាន​សេរីភាព​វិញ នោះ​ការ​រឹតត្បិត​ផ្ដល់ជំនួយ​សម្រាប់​អភិវឌ្ឍ​វិស័យ​សំខាន់​ផ្សេងៗ នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ពលរដ្ឋ​កម្ពុជា​ផ្ទាល់។

លោក ស៊ឹង សែនករុណា៖ «អ៊ីចឹង ខ្ញុំ​គិតថា គួរតែមាន​ការពិនិត្យ​មើល​ឡើងវិញ ព្រោះ​វា​ជា​ផលចំណេញ​ហ្នឹង គឺ​មកដល់​ប្រទេស​កម្ពុជា​យើង​ទាំងមូល ដើម្បី​បន្ត​ក្នុង​ការជួយ​រួមចំណែក ក្នុងការ​អភិវឌ្ឍ​ទៅលើ​វិស័យ​ផ្សេងៗ ទាំងអស់​ហ្នឹង ដើម្បី​ជា​ប្រយោជន៍​មកដល់​ប្រជាពលរដ្ឋ​កម្ពុជា​យើង ក៏ដូចជា​រដ្ឋាភិបាល និង​ប្រទេស​កម្ពុជា​យើង​ផងដែរ»។

របាយការណ៍​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ចេញ​ផ្សាយ​កាល​ពី​ខែសីហា ឆ្នាំ​២០២២​បញ្ជាក់ថា ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុងក្រោយ សហរដ្ឋអាមេរិក​បាន​ផ្ដល់ជំនួយ​ដល់​កម្ពុជា​ចំនួន​៣​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ជួយ​លើកកម្ពស់ វិស័យ​សុខាភិបាល អប់រំ សន្តិសុខ​ស្បៀង សេដ្ឋកិច្ច បរិស្ថាន និង​ការដោះមីន​ជាដើម ក្នុងទិសដៅ ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការកាត់បន្ថយ​ភាពក្រីក្រ។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ព្រមាន​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន នឹង​ទទួលរង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត​មួយ ប្រសិនបើ​នៅតែមានៈ​មិន​ព្រមស្ដាប់​តាម​ការស្នើសុំ​របស់​អង្គការសហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ ក្នុង​ការស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិ​ឡើងវិញ។

លោក គឹម សុខ៖ «ជាបឋមត្រូវ​ប្រឈម​ទៅ​នឹង​សម្ពាធ​បី​ចំ​មុខ ទី​១ សម្ពាធ​ចំ​មុខ ពី​សហគមន៍​អន្តរជាតិ​សេរី ឧទាហរណ៍ ដាក់ទណ្ឌកម្ម​ចំ​មុខ លើ​ពួក​មន្ត្រី​រដ្ឋាភិបាល ឧកញ៉ា ឈ្មួញ​ធំៗ នៅ​ជុំវិញ​គ្រួសារ ហ៊ុន ហើយ​អាច​ចំ​មុខ ហ៊ុន ម៉ា​ណែ​ត ផង​។ ហើយ​ទី​២ សហគមន៍​អន្តរជាតិ​សេរី​ប្រជាធិបតេយ្យ អាច​ស្រាវជ្រាវ​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ដែរ លើ​ក្រុមហ៊ុន​ខ្មែរ​ក្ដី បរទេស​ក្ដី ដែល​រកស៊ី​មានភ្ជាប់​ផ្សារភាគហ៊ុន នៅ​ហុងកុង អឺរ៉ុប និង​សហរដ្ឋអាមេរិក​។ និង​ទី​៣ អាច​នឹងមាន​ការកំណត់​ច្រក​ផ្លូវ​ដើរ​សម្រាប់​រដ្ឋាភិបាល ក្រោយ​ការបោះឆ្នោត​ខុសច្បាប់ នៅ​ថ្ងៃទី​២៣​កក្កដា»។

កញ្ញា សេង ធារី ធ្វើ​កូដកម្ម​បង្អត់​អាហារ​រយៈពេល​១០​ថ្ងៃ ដែល​បានចាប់ផ្ដើម​តាំងពី​ថ្ងៃ​ចន្ទ​ទី​១៧​កក្កដា ទៅ​ដល់​ថ្ងៃទី​២៦ កក្កដា ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា និង​អ្នកទោសនយោបាយ​ផ្សេងទៀត​។ កាលពី​ថ្ងៃទី​២១​កក្កដា មេធាវី​របស់​សមាគម​អាដហុក បាន​ទៅសួរសុខទុក្ខ​កញ្ញា​នៅ​ពន្ធនាគារ​នៅ​ខេត្តព្រះវិហារ និង​បាន​សង្កេតឃើញថា កញ្ញា​មាន​ស្ថានភាព​សុខភាព​ទ្រុឌទ្រោម​ជាង​មុន ដូចជា​ស្លេកស្លាំង ស្គម​ជាង​មុន ស្មារតី​មិនសូវ​ល្អ ប៉ុន្តែ​កញ្ញា​នៅតែ​រក្សា​ជំហរ​ថា​មិនបាន​ប្រព្រឹត្ត​ខុស​ឡើយ។

ចំណែក​បងប្រុស​កញ្ញា សេង ធារី គឺ​លោក សេង ម៉ារឌី ប្រាប់​អាស៊ីសេរី​ខ្លី​នៅ​ថ្ងៃទី​២២ កក្កដា ថា លោក​បាន​ចុះ​ទៅ​ដល់​ពន្ធនាគារ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​មិន​អនុញ្ញាត​ឱ្យចូល ដោយសារ​ជា​ថ្ងៃ​មន្ត្រី​មិន​ធ្វើ​ការ និង​ប្រាប់​ឱ្យ​សាច់ញាតិ​ត្រឡប់​ទៅ​សួរសុខទុក្ខ​កញ្ញា​ម្ដង​ទៀត នៅ​សប្ដាហ៍​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។