ប្រពន្ធអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ ស៊ីថា លើកឡើងថា រដ្ឋាភិបាលមានចេតនាបំបិទសិទ្ធិនយោបាយប្ដីរបស់លោកស្រីបន្តទៀត តាមរយៈការបង្កើតបទចោទប្រកាន់ថ្មីទៅលើប្ដីរបស់លោកស្រី។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថា រដ្ឋាភិបាលគួរផ្ដល់សេរីភាពដល់លោក ថាច់ ស៊ីថា ជាជាងបង្កើតបទចោទប្រកាន់ថ្មី ដើម្បីបើកលំហសេរីភាពនយោបាយនៅមុនការបោះឆ្នោតចូលមកដល់។
ប្រពន្ធអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ ស៊ីថា គឺ លោកស្រី ថាច់ សុខបូរ៉ានី លើកឡើងថា ប្ដីរបស់លោកស្រី មិនបានប្រព្រឹត្តិកំហុសដូចការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញនោះឡើយ។ លោកស្រី ចាត់ទុកការចោទប្រកាន់ប្ដីរបស់លោកស្រីពីបទញុះញង់ ដោយគ្មានភស្តុតាងនេះ គឺជាចេតនារបស់រដ្ឋាភិបាលចង់បិទសិទ្ធិនយោបាយទៅលើប្ដីរបស់លោកស្រី។
ថ្លែងដោយទឹកមុខក្រៀមក្រំ និងមានកូនតូចៗ៦នាក់នៅក្នុងបន្ទុកផងនោះ លោកស្រី ថាច់ សុខបូរ៉ានី បន្ថែមថា ការជាប់ឃុំរបស់ប្ដីលោកស្រី មិនត្រឹមតែធ្វើឱ្យគ្រួសារមានជីវភាពកាន់តែលំបាកនោះទេ ក៏ធ្វើឱ្យប៉ះទង្គិចដល់ផ្លូវចិត្តរបស់កូនៗផងដែរ។ លោកស្រីបន្ថែមថា ប្ដីរបស់លោកស្រីមិនបានញុះញង់ បង្កឱ្យមានអសន្តិសុខ ដូចការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់នោះឡើយ។ លោកស្រី ថាច់ សុខបូរ៉ានី បន្តថា បទចោទប្រកាន់ថ្មីទៅលើប្ដីលោកស្រីនេះ គឺជាការបន្ថែមភាពអយុត្តិធម៌មួយថ្មីទៀត លើបទចោទចាស់ដែលប្ដីរបស់លោកស្រីកំពុងតែជាប់ឃុំក្នុងពន្ធនាគារយ៉ាងអយុត្តិធម៌ទៅហើយ។
លោកស្រី ថាច់ សុខបូរ៉ានី៖ «ដោយសារតែបេះដូងគាត់ធ្វើទុក្ខ ដល់ពេលអ៊ីចឹងគេមិនព្រមម៉េច ក៏គេយកគាត់មកម៉ោង២ហ្នឹង មកដល់តុលាការ ហើយឱ្យផ្ដិតមេដៃផ្ដិតអីហ្នឹង ដល់ពេលអ៊ីចឹងគេឱ្យគាត់ទៅព្រៃសវិញ ដល់ពេលអ៊ីចឹងអារឿងការភ័យហ្នឹង ធ្វើអីមិនចេញ»។
សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់បទល្មើសថ្មីមួយទៀត ទៅលើលោក ថាច់ សេដ្ឋា គឺបទញុះញង់ ជុំវិញការបំពេញទស្សនកិច្ចរបស់លោកទៅប្រទេសជប៉ុន កាលពីចុងឆ្នាំ២០២២។ ជាមួយគ្នានេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចឃុំខ្លួនលោក ថាច់ ស៊ីថា បន្ថែមពីបទចោទចាស់ ដែលបានចោទប្រកាន់លោកពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ឬចេញសែកអត់លុយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីបកស្រាយជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី២៩ ខែមេសា។ ក៏ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន លើកឡើងថា ការចោទប្រកាន់ទៅលើលោក ថាច់ ស៊ីថា ពីបទញុះញង់ គឺជាការអនុវត្តច្បាប់ មិនមែនជាការរឹតត្បិតសេរីភាពនយោបាយនោះឡើយ។
លោក សុខ ឥសាន៖ «កុំបន្ទោសតុលាការ ប្រសិនណាបើគាត់អត់មានសកម្មភាពជាប់ៗគ្នាក្នុងការ ប្រឆាំងញុះញង់រដ្ឋាភិបាលទេ វាអត់មានការចោទប្រកាន់ជាថ្មីទេ»។
លោក ថាច់ សេដ្ឋា ជាអ្នកនយោបាយមានកំណើតខ្មែរក្រោមដ៏លេចធ្លោម្នាក់ក្នុងចំណោមក្បាលម៉ាស៊ីនគណបក្សភ្លើងទៀន៤រូប ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ក្នុងនោះរួមមានប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ចាម លោក តូច ថឹង ប្រធានចលនាយុវជនគណបក្សភ្លើងទៀនលោក ខឿន វីរ៉ាត់ ព្រមទាំងអនុប្រធានចលនាស្ត្រីអ្នកស្រី នូ សិទ្ធារី។
គិតមកដល់ថ្ងៃសៅរ៍ ទី២៩ មេសា លោក ថាច់ សេដ្ឋា បានជាប់ឃុំនៅពន្ធនាគារព្រៃស (ម១) អស់រយៈពេលជាង១០០ថ្ងៃមកហើយ។ បើទោះបីជាលោក ថាច់ សេដ្ឋា កំពុងមានជំងឺប្រចាំកាយមួយចំនួនដូចជា ជំងឺបេះដូង ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមជាដើម និងមានប្រាក់តម្កល់ចំនួន ៣ម៉ឺនដុល្លារក្ដី ប៉ុន្តែតុលាការកំពូល កាលពីថ្ងៃទី២៨ ខែមេសា មិនបានដោះលែងឱ្យលោកមានសេរីភាពវិញនោះឡើយ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត យល់ឃើញថា ការបង្កើតបទចោទថ្មីទៅលើមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក ថាច់ ស៊ីថា នេះ បង្ហាញពីការរឹតត្បិតលំហប្រជាធិបតេយ្យនៅកម្ពុជាបន្ថែមទៀត ខណៈរដ្ឋាភិបាលកម្ពុជា កំពុងរងការរិះគន់ពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅលើឆាកអន្តរជាតិស្រាប់។ លោកបន្តថា ដើម្បីធានាឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ រដ្ឋាភិបាលគួរលើកលែងរាល់ការចោទប្រកាន់ លើសកម្មជននយោបាយ និងដោះលែងពួកគេឱ្យមានសេរីភាព ជាជាងបន្តយាយីទៅលើសកម្មជននយោបាយបន្ថែមទៀត។
លោក អំ សំអាត៖ «ខ្ញុំគិតថាអ្នកនយោបាយទាំងអស់ គួរតែពិនិត្យ ហើយពិចារណាថា យើងគួររកមធ្យោបាយណាមួយដើម្បីឱ្យមានបរិយាកាសល្អ ហើយងាកមករកការប្រកួតប្រជែងគ្នាតាមបែបប្រជាធិបតេយ្យ ការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ដោយយុត្តិធម៌វិញ វាជារឿងល្អដើម្បីឱ្យសហគមន៍អន្តរជាតិហ្នឹង គេទទួលស្គាល់ ហើយមានបរិយាកាសល្អឆ្ពោះទៅរកការបោះឆ្នោតនោះ»។
អ្នកវិភាគនយោបាយធ្លាប់លើកឡើងថា ដើម្បីមានភាពងាយស្រួលក្នុងការផ្ទេរអំណាចពីឪពុកទៅកូន រដ្ឋាភិបាលលោក ហ៊ុន សែន នៅតែបន្តប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីគំរាមកំហែង ចាប់អ្នកនយោបាយដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាលដាក់ពន្ធនាគារតាមទំនើងចិត្ត ដោយមិនខ្លាចការកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ អ៊ី.ប៊ី.អេ EBA ពីសហគមន៍អឺរ៉ុប (EU) និង ជី.អេស.ភី (GSP) ពីសហរដ្ឋអាមេរិកនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។