លោក សុន ឆ័យ ស្នើ​សុំ​គ​.ជ.ប ដក​បណ្តឹង​ប្រឆាំង​រូប​លោក

0:00 / 0:00

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ ស្នើសុំ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប ដក​បណ្តឹង ហើយ​ស្នើសុំ​ឲ្យ​តុលាការ កុំ​ចាត់ការ​លើ​សំណុំ​រឿង​ប្រឆាំង​រូបលោក។

អង្គការ​សង្គម​ស៊ីវិល​យល់ថា អយ្យការ​អម​សាលាដំបូង គួរតែ​តម្កល់​មិន​ចាត់ការ​ទៅលើ​សំណុំរឿង​លោក សុន ឆ័យ ដើម្បី​ឱ្យ​លោក​មាន​ពេលវេលា​ចូលរួម​ធ្វើ​នយោបាយ​ដោយ​ពេញលេញ។អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ តាមរយៈ​មេធាវី​របស់​លោក បាន​ដាក់​ចម្លើយ និង​ភស្តុតាង​បន្ថែម ទៅ​តុលាការ​ក្រុងភ្នំពេញ ដើម្បី​ឆ្លើយតប​នឹង​បណ្ដឹង ជ​.​គ​.​ប ដើម្បី​ស្នើសុំ គ​.​ជ​.​ប ដក​ពាក្យបណ្ដឹង​លើ​រូបលោក និង​ស្នើសុំ​តំណាង​អយ្យការ តម្កល់ទុក​សំណុំរឿង​ដែល​ចោទប្រកាន់​មក​លើ​រូបលោក ដោយ​ឥត​ចាត់ការ។

លិខិត​ឆ្លើយ​បំភ្លឺ​៥​ទំព័រ ដែល​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក សុន ឆ័យ គឺ​លោក ជូង ជូងី បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសបុក​ផ្ទាល់ខ្លួន បាន​រៀបរាប់​ពី​អំណះអំណាង ដើម្បី​បង្ហាញថា លោក សុន ឆ័យ គ្មាន​បំណង​បរិហារកេរ្តិ៍​លើ គ​.ជ.ប ឬ​គណបក្ស​ណាមួយ​ឡើយ ហើយ​ការ​លើកឡើង​របស់​លោក ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ( The Cambodia Daily) កាលពី​ថ្ងៃទី ៧ មិថុនា កន្លង​ទៅ គ្រាន់តែ​ជា​ការ​បញ្ចេញមតិ ដើម្បី​តវ៉ា​ភាព​មិន​ប្រក្រតី មុន គ​.​ជ​.​ប ចេញ​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​តែប៉ុណ្ណោះ។

លិខិត​បំភ្លឺ​នេះ បញ្ជាក់ទៀត​ថា មូលហេតុ​ដែល​លោក សុន ឆ័យ លើកឡើង​ថា ការបោះឆ្នោត​មិន​ប្រក្រតី គឺ​ផ្អែក​ទៅ​លើ​ពាក្យបណ្ដឹង​គណបក្ស​ភ្លើងទៀន​សរុប​៩១​បណ្ដឹង ក្នុង​១៤​ខេត្ត ពាក់ព័ន្ធ​នឹង​ការ​បិទ​របង​មណ្ឌលបោះឆ្នោត ព្រមទាំង​ការ​បិទទ្វារ បង្អួច និង​ការ​ដេញ​អ្នក​បោះ ឆ្នោត​ចេញ​មុន​ការ​រៀប​សន្លឹកឆ្នោត និង​មាន​វត្តមាន​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​មណ្ឌលបោះឆ្នោត​ជាដើម។

លោក សុន ឆ័យ លើកឡើង​ក្នុង​លិខិត​នោះ​ដោយ​រំពឹង​ថា គ.ជ.ប នឹង​យល់​ពី​បំណង​ពិត​របស់​លោក ដែល​ពុំបាន​បាន​និយាយ​អ្វី​ប៉ះពាល់​កិត្តិយស​របស់​ស្ថាប័ន​ជាតិ​នោះ​ទេ ប៉ុន្តែ​ជា​ការ​តវ៉ា​ពី​ភាព​មិន​ប្រក្រតី​ទាំងឡាយ ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​។ លោក​ថា ការ​លើកឡើង​របស់​លោក​ក្នុង​ពេល​គ.ជ.ប មិនទាន់​ប្រកាស​លទ្ធផល​ផ្លូវការ​និង​មិនទាន់​ដោះស្រាយ​រាល់​បណ្តឹង​ទាំងឡាយ​របស់​បក្ស​ភ្លើងទៀន ហើយ​យោង​លើ​ច្បាប់​ស្ដីពី​ការរៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គឺ​គ.ជ.ប មាន​ភារកិច្ច​ដោះស្រាយ​រាល​ការ​តវ៉ា​ពី​ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត តែ​មិន​មាន​ចំណុច​ណា​ក្នុង​ច្បាប់ ឲ្យ​ប្តឹង​ទៅ​តុលាការ​នោះ​ទេ។

​មេធាវី​ការពារ​ក្ដី​លោក សុន ឆ័យ គឺ​លោក ជូង ជូងី ប្រាប់​អាស៊ីសេរី​ឱ្យ​ដឹង​ថា ចម្លើយ​បន្ថែម​លើ​ពាក្យបណ្ដឹង​គ.ជ.ប មាន​សារៈសំខាន់​ខ្លាំង ដើម្បី​ដោះ​បន្ទុក ព្រោះ​វា​បាន​បញ្ជាក់​អំណះអំណាង​កាន់តែ​ល្អិតល្អន់ និង​គ្រប់​ជ្រុងជ្រោយ​បន្ថែម​ទៅលើ​ការ​ខ្វះខាត​ដែល លោក សុន ឆ័យ បាន​ឆ្លើយ​ទៅកាន់​អយ្យការ​អម​សាលាដំបូង​កន្លងមក​។ ជាមួយ​គ្នា​នេះ លោក​ក៏បាន​លើក​ឡើង​ថា លោក​បាន​ដាក់​ឯកសារ​បន្ថែម​៨៤​ទំព័រ ដែល​ជា​ភស្តុតាង​បង្ហាញថា លោក សុន ឆ័យ មិន​បាន​បរិហារកេរ្តិ៍​គ.ជ.ប ឡើយ​។ ជាមួយ​គ្នា​នេះ លោក​លើកឡើង​ថា បណ្ដឹង​មក​លើ​កូនក្ដី​របស់​លោក គឺជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដើម្បី​កុំឱ្យ​លោក សុន ឆ័យ ប្រកួតប្រជែង​ក្នុង​ឆាក​នយោបាយ​តែប៉ុណ្ណោះ៖ «ដោយសារតែ​ឯកឧត្ដម សុន ឆ័យ គាត់​មាន​សក្ដានុពល​ខ្លាំង ហើយ​គាត់​មាន​ប្រជាប្រិយ​ភាពល្អ​បំផុត​ផង អញ្ចឹង​ដូច​ថា​អើ​អញ្ចឹង​ដូច​ថា​អ្នក​ដែល​មាន​អំណាច​នៅក្នុង​សង្គម​គាត់​មិនសូវ​សប្បាយចិត្ត​ប៉ុន្មាន​ចំពោះ​ឯកឧត្ដម សុន ឆ័យ ទេ គឺ​ខ្ញុំ​កត់​សម្គាល់​ថា ឥរិយាបថ​របស់​គាត់ អត់​ចង់​ឱ្យ​មាន​វត្តមាន​ឯកឧត្ដម សុន ឆ័យ ក្នុង​ឆាកនយោបាយ​របស់​បក្ស​ប្រឆាំង​ទេ»។

ទាក់ទង​នឹង​ករណី​នេះ​ដែរ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា ហៅ​កាត់ និចហ្វិច (Nicfec) លោក សំ គន្ធាមី យល់​ថា ការ​លើកឡើង​របស់ លោក សុន ឆ័យ កន្លង​មក​គ្រាន់តែ​ជា​ការ​បញ្ចេញមតិ​តែប៉ុណ្ណោះ ហើយ​វា​មិន​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ស្ថាប័ន​ណាមួយ​ឡើយ​។ លោក​បន្ថែម​ថា បណ្ដឹង​មក​លើ​លោក សុន ឆ័យ នេះ គឺជា​ការ​រំខាន​ការងារ​នយោបាយ​របស់​លោក ខណៈ​ការបោះឆ្នោត​ថ្នាក់​ជាតិ​នឹង​មកដល់​ក្នុង​ឆ្នាំ​២០២៣​ខាងមុខនេះ​៖ «ទោះបីជា​ម៉េច​ក៏ដោយ​វា​ច្រើនណាស់ ១​លាន​ដុល្លារ​នោះ មិនមែន​១​លាន​លុយ​ខ្មែរ​ឯណា ១​លាន​ដុល្លារ​ណា ហើយ មិនដឹង​ទៅ​រក​ឯណា​បាន អ៊ីចឹង​បាន​ថា​រឿង​នេះ​ខ្ញុំ​សូម​ឱ្យ​បញ្ចប់​ទៅ ដើម្បី​រៀបចំ​ធ្វើការ​សហការ​មួយ​គ្នា​រៀបចំ​ការបោះឆ្នោត​ឆ្នាំក្រោយ​ជាមួយគ្នា​ទៅណា»

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​គ​.​ជ​.​ប លោក ហង្ស ពុទ្ធា ដើម្បី​សុំ​អត្ថាធិប្បាយ​អំពី​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​២៨ កក្កដា ដោយ​ទូរស័ព្ទ​ចូល​ច្រើនដង​តែ​គ្មាន​អ្នក​ទទួល។

បច្ចុប្បន្ន លោក សុន ឆ័យ កំពុង​រង​បណ្ដឹង​ពី​បទ​បរិហារកេរ្តិ៍​២​សំណុំរឿង ដោយ​សំណុំរឿង​ទី​១ គ​.​ជ​.​ប ប្ដឹង​លោក​ដើម្បី​ឱ្យ​លោក​សុំទោស​ជា​សាធារណៈ​ចំពោះ​ការ​លើកឡើង​ថា ការបោះឆ្នោត​ឃុំ-សង្កាត់ កន្លងទៅ​មាន​ភាព​មិនប្រក្រតី ។ ដោយ​ឡែក ចំពោះ​សំណុំរឿង​ទី​២ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្ដឹង​ទារ​សំណង​ជំងឺ​ចិត្ត ១​លាន​ដុល្លា ពី​លោក សុន ឆ័យ ដោយ​ចោទ​ថា លោក​បាន​និយាយ​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់គ្រង​គ​.ជ.ប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។