១៥ មិថុនា ខួប​លើក​ទី​៥៣​​នៃ​ជ័យ​ជម្នះ​រឿង​ក្ដី​ប្រាសាទ​ព្រះវិហារ

ដោយ ម៉ម មុនីរតន៍
2015-06-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គោបុរៈទី៤ របស់ប្រាសាទព្រះវិហារ ដែល​មាន​ទេសភាព ​និងវាល​ស្មៅ​ស្រស់​ស្អាត នាចុង​រដូវវស្សា។ រូបថត​ថ្ងៃទី​១០ ខែវិច្ឆកា ឆ្នាំ២០១៣
គោបុរៈទី៤ របស់ប្រាសាទព្រះវិហារ ដែល​មាន​ទេសភាព ​និងវាល​ស្មៅ​ស្រស់​ស្អាត នាចុង​រដូវវស្សា។ រូបថត​ថ្ងៃទី​១០ ខែវិច្ឆកា ឆ្នាំ២០១៣
RFA/Hang Savyouth

ភាព​ចម្រូងចម្រាស​ជុំវិញ​រឿង​ក្ដី​ប្រាសាទ​ព្រះវិហារ នៅ​តែ​ជា​ចំណុច​រសើប និង​ស្មុគស្មាញ​នៅ​ឡើយ។ កាល​ពី​ចុង​ឆ្នាំ​២០១៣ តុលាការ​យុត្តិធម៌​អន្តរជាតិ អាយ.ស៊ី.ជេ (ICJ) បាន​ចេញ​សេចក្ដី​សម្រេច​ដោយ​តម្រូវ​ឲ្យ​ភាគី​ថៃ ត្រូវ​ដក​យោធា​ចេញ​ពី​តំបន់​មាន​ជម្លោះ​ជុំវិញ​បរិវេណ​ប្រាសាទ​ព្រះវិហារ។ ក៏ប៉ុន្តែ​សម្រាប់​ក្រុម​អ្នក​ឃ្លាំមើល​ការវិវត្តន៍​ស្ថានការណ៍​សង្គម និង​គណបក្ស​ប្រឆាំង យល់​ឃើញ​ថា ថ្វី​បើ​កម្ពុជា ទទួល​បាន​ដាវ​អាជ្ញាសឹក​ពី​តុលាការ​ក្រុង​ឡាអេ ហើយ​ក៏ដោយ ក៏​កម្ពុជា​នៅ​តែ​ពុំ​អាច​ចាប់​បង្ខំ​ភាគី​ថៃ ឲ្យ​ដក​យោធា​ចេញ​ជា​ស្ថាពរ​តាម​សាលដីកា​របស់​តុលាការ​នៅ​តំបន់​ព្រំដែន​កម្ពុជា-​ថៃ បាន​នៅ​​ឡើយ​ទេ។

ថ្ងៃ​ទី​១៥ ខែ​មិថុនា គឺ​ជា​ខួប​លើក​ទី​៥៣ ឆ្នាំ​ហើយ ដែល​កម្ពុជា ឈ្នះ​ក្ដី​លើ​ភាគី​ថៃ ពាក់ព័ន្ធ​សំណុំរឿង​ប្រាសាទ​ព្រះវិហារ ដែល​អំណាច​សាលដីកា​កាល​ពី ៥៣​ឆ្នាំ​មុន​នោះ ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​កំណត់​ឲ្យ​ភាគី​ថៃ ត្រូវ​តែ​ដក​យោធា​របស់​ខ្លួន​ចេញ​ពី​តំបន់​មាន​ជម្លោះ​នៅ​ត្រង់​ប្រាសាទ​ព្រះវិហារ អោយ​អស់​ដូច​សាលដីកា​កាល​ពី​ចុង​ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ​ដែរ។

បើ​ទោះ​ជា​បែប​ណា សម្រាប់​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​មួយ​ចំនួន និង​គណបក្ស​ប្រឆាំង​យល់​ឃើញ​ថា សាលដីកា​កាល​ពី​កន្លះ​សតវត្ស​មុន​នោះ ហាក់​មាន​ប្រសិទ្ធភាព​ជាង​អំណាច​សាលដីកា​កាល​ពី​ឆ្នាំ​២០១៣ ក្រោយ​ពី​ប្រទេស​កម្ពុជា ទទួល​បាន​ជោគជ័យ​លើ​រឿង​ក្ដី​ប្រាសាទ​ព្រះវិហារ​កាល​ពី​ឆ្នាំ​១៩៦២ ដោយ​អំណាច​សាលដីកា។ កាល​​ណោះ ភាគី​ថៃ បាន​សម្រេច​ដក​យោធា​របស់​ខ្លួន​ដោយ​ការ​បង្ខំ​របស់​កម្ពុជា ចេញ​ពី​តំបន់​មាន​ជម្លោះ​នេះ​ម្ដង​រួច​មក​ហើយ ក៏ប៉ុន្តែ​ជម្លោះ​ដែល​បាន​កើត​ឡើង​កន្លះ​សតវត្ស​ក្រោយ​នេះ​វិញ បើ​ទោះ​ជា​មាន​សាលដីកា​ហើយ​ក៏​ដោយ​ចុះ ក៏​ភាគី​ថៃ នៅ​តែ​បន្ត​ឈរ​ជើង​នៅ​លើ​ទីតាំង​ដែល​មាន​ជម្លោះ​នេះ​នៅ​ឡើយ។

អតីត​ទីប្រឹក្សា​ព្រះ​មហាវីរក្សត្រ ព្រះ​បាទ​សម្ដេច នរោត្តម សីហុន គឺ​លោក សឺន ស៊ូប៊ែរ្តិ៍ យល់​ឃើញ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​កម្ពុជា មាន​ភាព​ខ្លាំង​កាល​ពី​ជាង ៥០​ឆ្នាំ​មុន​នោះ ព្រោះ​តែ​កម្ពុជា មាន​ភាព​ខ្លាំង​ទាំង​ផ្នែក​នយោបាយ និង​ផ្លូវ​ច្បាប់៖ «កាល​ណោះ​ក៏​ថៃ មិន​ព្រម​ដក​ខ្លួន​ដែរ ក៏​ប៉ុន្តែ​ខ្មែរ​យើង​ក្លាហាន ដោយ​មាន​ព្រះ​ករុណា​សម្ដេច​ព្រះសីហនុ លោក​ហ៊ាន​ឡើង​ទៅ​ទីតាំង​ហ្នឹង​ជាមួយ​ពួក​ទូត​ពួក​អី។ ដោយសារ​ហេតុ​ហ្នឹង​បាន​ថៃ មិន​ហ៊ាន​ប្រឈម​មុខ​ជាមួយ​ដែរ»

ជម្លោះ​ប្រាសាទ​ព្រះវិហារ បាន​កើត​ឡើង​នៅ​ពេល​ភាគី​ថៃ បាន​ចូល​​ឈ្លានពាន​តាំង​ពី​ឆ្នាំ​២០០៨ បន្ទាប់​ពី​អង្គការ​យូណេស្កូ (NESCO) បាន​ដាក់​​បញ្ចូល​ប្រាសាទ​ព្រះវិហារ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ កងទ័ព​កម្ពុជា និង​ថៃ បាន​​ផ្ទុះ​អាវុធ​ជា​ច្រើន​លើក បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់ និង​របួស​ទាំង​សង្ខាង។ ក្រោយ​ពី​មាន​ជម្លោះ​យោធា​ដ៏​តានតឹង កម្ពុជា​សម្រេច​បញ្ជូន​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​ឲ្យ​បកស្រាយ​សាលដីកា​កាល​ឆ្នាំ​១៩៦២ ឡើង​វិញ ក្នុង​ពេល​ដែល​កម្ពុជា ទទួល​បាន​ជ័យជំនះ​ម្ដង​រួច​មក​ហើយ កាល​ពី ៥៣​ឆ្នាំ​មុន ជុំវិញ​រឿង​ក្ដី​ប្រាសាទ​ព្រះវិហារ លើ​ភាគី​ថៃ។

តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ ក៏​បាន​ប្រកាស​សាលដីកា​ស្ដីពី​ប្រាសាទ​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ភ្លាម​ដែរ ក្រោយ​ពេល​តុលាការ​នេះ​បាន​បើក​សវនាការ​ស្ដាប់​ការ​បកស្រាយ​ដោយ​ផ្ទាល់​មាត់​ពី​តំណាង​រដ្ឋាភិបាល​កម្ពុជា និង​ថៃ កាល​ពី​ខែ​មេសា ឆ្នាំ​២០១៣។ ដោយ​អំណាច​សាលដីកា​នេះ គឺ​តុលាការ​បាន​បង្គាប់​ឲ្យ​ថៃ​ ត្រូវ​ដកទ័ព​​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ។ បើ​ទោះ​ជា​បែប​ណា គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជិត ២​ឆ្នាំ​ហើយ កម្ពុជា​នៅ​តែ​ពុំ​ទាន់​អាច​ចាប់​បង្ខំ​ឲ្យ​ភាគី​ថៃ អនុវត្ត​តាម​អំណាច​សាលដីកា​នេះ​នៅ​ឡើយ។

នៅ​ពេល​នេះ ថ្វី​បើ​ថៃ បាន​សម្រួល​កងទ័ព​របស់​ខ្លួន​ចេញ​ពី​តំបន់​មាន​ជម្លោះ​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​បរិវេណ​ប្រាសាទ​ព្រះវិហារ​ក៏ដោយ ក៏​នៅ​មុខ​តួ​ប្រាសាទ​វិញ គឺ​ត្រង់​ចំណុច​សំបុក​ឃ្មុំ នៅ​តែ​មាន​វត្តមាន​យោធា​នៃ​ប្រទេស​ទាំង​ពីរ (កម្ពុជា-ថៃ) ចំនួន ៥​នាក់​ម្ខាង នៅ​តែ​បន្ត​ឈរ​ជើង​រួម​គ្នា​ដូច​មុន​នៅ​ឡើយ។

ជុំវិញ​រឿង​នេះ ទាំង​ក្រុម​អ្នក​ឃ្លាំមើល​ការវិវត្តន៍​ស្ថានការណ៍​នយោបាយ និង​គណបក្ស​ប្រឆាំង ហៅ​ភាព​អល់អែក​នេះ​ថា គឺ​ជា​ចំណុច​ខ្សោយ​របស់​កម្ពុជា។

លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា ភាព​ចម្រូងចម្រាស​នៅ​តែ​បន្ត​កើត​មាន​ក្នុង​តំបន់​ដែល​មាន​ជម្លោះ​នេះ ដោយសារ​តែ​នយោបាយ​ការបរទេស​កម្ពុជា ទន់​ខ្សោយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្ពុជា មិន​អាច​ចាប់​បង្ខំ​ភាគី​ថៃ អនុវត្ត​តាម​អំណាច​សាលដីកា​នេះ​បាន៖ «មូលហេតុ​ចម្បង​គឺ​យើង​ហាក់​ដូច​មិន​បាន​គិតគូរ ហើយ​និង​ការពារ​ឲ្យ​បាន​ពេញលេញ​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ និង​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​ជាតិ និង​អន្តរជាតិ។ គេ​កំណត់​ថា ប្រាសាទ​ព្រះវិហារ​ ជា​របស់​ខ្មែរ ត្រូវ​ឲ្យ​ដក​ទ័ព​ចេញ​អី​ជាដើម ក៏ប៉ុន្តែ​ភាគី​ម្ខាង​ទៀត មិន​អនុវត្ត យើង​ក៏​នៅ​ស្ងៀម ហើយ​ក៏​មិន​មាន​ចំណាត់​ការ និង​វិធាន​ការ​បន្ត»

រដ្ឋាភិបាល​កម្ពុជា បាន​បរាជ័យ​ម្ដង​ជា​ពីរ​ដង​ក្នុង​យន្តការ​គាំទ្រ​ផ្នែក​ផ្លូវ​ច្បាប់​នេះ។ ជម្លោះ​ប្រាសាទ​ព្រះវិហារ​នេះ ហាក់​ដូច​បាល់​បោះ​យ៉ាង​អ៊ីចឹង។ ក្នុង​ពេល​យន្តការ​អន្តរជាតិ​បាន​ផ្ទេរ​អំណាច​ឲ្យ​អាស៊ាន​ដោះស្រាយ ដែល​តម្រូវ​ឲ្យ​ដាក់​ក្រុម​ភាគី​ឯករាជ្យ​នៅ​ចំណុច​មាន​ជម្លោះ ក៏ប៉ុន្តែ​ដោយ​ជំទាស់​ពី​ភាគី​ថៃ កាល​ណោះ​ឥណ្ឌូនេស៊ី គឺ​មិន​អាច​ចុះ​មក​សង្កេតការណ៍​ដោយ​ផ្ទាល់​ក្នុង​បរិវេណ​ដែល​មាន​ជម្លោះ​ដោយ​យោធា​បាន​ឡើយ។ ចំណែក​ក្រុម​អ្នក​ឃ្លាំមើល​ការវិវត្តន៍​សង្គម​វិញ យល់​ឃើញ​ថា កម្ពុជា​នៅ​តែ​មាន​ប្រៀប​ចាញ់​ភាគី​ថៃ រហូត​មក បើ​ទោះ​ជា​ខ្លួន​មាន​ភាព​គ្រប់គ្រាន់​តាម​ផ្លូវ​ច្បាប់​ហើយ​ក៏ដោយ។ នៅ​ពេល​ថៃ បន្ត​ក្នុង​សភាព​ស្ងប់ស្ងាត់ កម្ពុជា​ក៏​ពុំ​បាន​សើរើ និង​ទាមទារ​ឲ្យ​ថៃ អនុវត្ត​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តជាតិ អ្វី​នោះ​ដែរ។

ជុំវិញ​រឿង​នេះ សាស្ត្រាចារ្យ និង​ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក ហេង ស៊្រាង យល់​ឃើញ​ថា មាន​មូលហេតុ​មួយ​ចំនួន​ដែល​នាំ​ឲ្យ​តំបន់​ប្រាសាទ​ព្រះវិហារ ​នៅ​តែ​ប្រឈម​មុខ​នៃ​ជម្លោះ​នៅ​ឡើយ។ ក្នុង​នោះ​អាច​ជា​ចំណុច​ខ្សោយ​នៃ​អំណាច​សាលដីកា និង​ភាព​អន់ថយ​នៃ​នយោបាយ​របស់​កម្ពុជា។ ជាង​នេះ​ទៀត លោក ហេង ស៊្រាង ចាត់​ទុក​ថា យន្តការ​ក្នុង​តំបន់​នេះ​ទៀត​សោត ក៏​ជា​មូលហេតុ​ចម្បង​ដែល​មិន​អាច​ធានា​ពី​ការ​រំលោភ​បំពាន​ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ​ផ្សេង​ទៀត​បាន៖ «ខ្ញុំ​គិត​ថា អាច​មក​ពី​កត្តា ៣​ជា​សំខាន់ ទី​មួយ​សាលដីកា​ហ្នឹង​ខ្សោយ មាន​តែ​សាលដីកា ប៉ុន្តែ​មិន​មាន​ការ​អនុវត្ត​ច្បាស់លាស់។ ទី​ពីរ ជា​កម្សោយ​តួនាទី​នៃ​សហគមន៍​អាស៊ាន គឺ​ហាក់​ដូច​ជា​មិន​បាន​បំពេញ​តួនាទី​អ្វី​ច្បាស់​លាស់​ទេ និង​ទី​៣ កម្ពុជា​យើង​ទៀត យើង​ដឹង​ថា ប្រទេស​យើង​ខ្សោយ ទាំង​សេដ្ឋកិច្ច និង​ចំណេះដឹង យើង​ខ្សោយ»

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សន្ទរី បដិសេធ​ថា រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​អំពី​សេចក្ដី​សម្រេច​ដែល​ចាប់​បង្ខំ​ឲ្យ​ភាគី​ថៃ ត្រូវ​ដក​ថយ​ចេញ​ពី​តំបន់​មាន​ជម្លោះ​នៅ​ឡើយ​ទេ។

បើ​ទោះ​ជា​បែប​ណា សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ កាល​ពី​ជាង ៥០​ឆ្នាំ​មុន បាន​ទុក​ពេល ១០​ឆ្នាំ​ឲ្យ​ភាគី​​ថៃ តវ៉ា បើ​មិន​សុខចិត្ត​នឹង​សេចក្ដី​សម្រេច​នេះ​ទេ។ ចាប់​តាំង​ពី​អំណាច​សាលដីកា​នេះ​បាន​ចូល​ជា​ស្ថាពរ គឺ​ភាគី​ថៃ ពុំ​បាន​តវ៉ា​អ្វី​ឡើយ។ ទាក់ទិន​រឿង​នេះ ក្នុង​កិច្ចប្រជុំ​សភា​ថៃ កាល​ពី​ឆ្នាំ​២០០៨ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក សាម៉ាក់ ស៊ុនដារ៉ាវេច (Samak Sundaravej) ថ្លែង​ថា ក្នុង​ចន្លោះ​នៃ​អំណាច​សាលដីកា​នេះ គឺ​​ពុំ​មាន​អ្នក​នយោបាយ​ថៃ តវ៉ា​ប្រឆាំង​សេចក្ដី​សម្រេច​នេះ​ម្ដង​ណា​ឡើយ។ រី​ឯ​ទង់ជាតិ​របស់​កម្ពុជា​វិញ បាន​ដាក់​លើ​ប្រាសាទ​ព្រះវិហារ​នេះ អស់​ពេល​ជាង ៤៦​ឆ្នាំ​មក​ហើយ​ដែរ ដែល​ពុំ​មាន​ការ​តវ៉ា​អ្វី​សោះ។

ផ្អែក​តាម​យុត្តាធិការ​នៃ​អំណាច​សាលដីកា​នេះ គឺ​ក្នុង​ចន្លោះ​នៃ​ការ​មិន​តវ៉ា បាន​ន័យ​ថា ភាគី​ដែល​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​គឺ​ជា​ម្ចាស់​ដោយ​ស្របច្បាប់។ ក្នុង​រយៈពេល ៤០​ឆ្នាំ​ក្រោយ​ទើប​ថៃ បង្កើត​តំបន់ ៤.៦​គីឡូម៉ែត្រ​ក្រឡា ជា​ឯកតោ​ភាគី ដោយ​ចាត់​ទុក​ថា ដី​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ថៃ។ ជម្លោះ​ព្រំដែន​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ ក៏​បាន​កើត​ឡើង​ម្ដង​ទៀត កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៨ ក្រោយ​ពេល​ទាហាន​ថៃ ចំនួន ៥០​នាក់ បាន​ចូល​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ និង​បាន​ឡើង​គ្រប់គ្រង​វត្ត​កែវសិក្ខាគិរីស្វារៈ​ដែល​មាន​ទីតាំង​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ មួយ​រយៈពេល។

ដោយ​ឡែក​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​​មីយ៉ាន់ម៉ា ឬ​ភូមា វិញ ទោះ​បី​ជា​ថៃ មិន​ព្រម​ដក​ទ័ព​ចេញ​ក៏ដោយ ​ក៏​កម្ពុជា មិន​​បាន​លើក​យក​បញ្ហា​នេះ​ទៅ​ជជែក​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ឡើយ ខណៈ​ដែល​វៀតណាម បាន​លើក​យក​សំណុំ​រឿង​ជម្លោះ​ជាមួយ​ចិន ទៅ​ជជែក​គ្នា​ក្នុង​កិច្ចប្រជុំ​ការ​បរទេស​អាស៊ាន​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

កោះត្រល់ កម្ពុជាក្រោមអាចមានភ័ព្វវាសនាដួចប្រាសាទព្រះវិហារដែរ?

Jun 16, 2015 08:14 AM

ជាតិ ខេមរៈ

ពី ភ្នំពេញ

រឿងប្រាសាទព្រះវិហារមិនពិបាកដោះស្រាយទេ គឺខុសគ្នាពី​សមុទ្រ
ចិនខាងត្បូង ឬ​ អ៊ីស្រាអែលនិងប៉ាឡេស្ទីន។
១ ត្រូវបញ្ចូលជាគោលនយោយបាយនូវយន្តការច្បាស់លាស់
លំអិត (តើវាគ្រប់គ្រាន់អាចឲ្យភាគី១ទៀតដកខ្លួនហើយឬនៅ?)
ទៅក្នុងបក្សដែលត្រៀមឈ្នះឆ្នោត។
២​ បង្កើតគណៈកម្មាធិការព្រំដែនគឺស្រដៀងគ្នានិង​ គ ច ប។
៣ ត្រូវតែពង្រឹងនិងពង្រីកនូវសមត្ថភាព ច្បាប់​ នយោបាយ ការទូត និងសេដ្ឋកិច្ច។
៤ បក្សនិងសង្គមស៊ីវិលត្រូវ​ផ្សព្វផ្សាយដល់មហាជន ជាពិសេស
ដល់យុវជន ដើម្បីឲ្យពួកគេចូលរួមពីពេលនេះទៅ ថាតើផែនការ​ឬយន្តការនេះអាចទទួលយកបានហើយឬនៅ?

Jun 15, 2015 10:00 PM

គេហទំព័រ​ទាំងមូល