អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុំមុយនិស និងជាប្រធានាធិបតីនៃប្រទេសវៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) មកបំពេញទស្សនកិច្ច ២ថ្ងៃនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ បន្ទាប់ពីលោកបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវកាលពីចុងសប្ដាហ៍មុននេះ។
ក្រោយពីចូលគាល់ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រិយានី នៅថ្ងៃទី២៥ កុម្ភៈ លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) នឹងមានជំនួបដាច់ដោយឡែកពីគ្នា ជាមួយប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ប្រធានរដ្ឋសភា លោក ហេង សំរិន និងមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន។ នៅថ្ងៃទី២៦ កុម្ភៈ មេដឹកនាំនៃប្រទេសទាំងពីរ នឹងចុះហត្ថលេខារួមគ្នាលើឯកសារមួយចំនួន។
ថ្វីបើមេដឹកនាំប្រទេសទាំងពីរប្ដេជ្ញារក្សាទំនាក់ទំនងឲ្យស្ថិតនៅយូរអង្វែងយ៉ាងណាក្ដី ក៏ប៉ុន្តែអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បញ្ចេញមតិរិះគន់របបក្រុងភ្នំពេញ ដែលដាក់ទង់ជាតិវៀតណាមនៅអមជាមួយទង់ជាតិកម្ពុជា នៅពេលមានមេដឹកនាំវៀតណាមមកកម្ពុជាម្ដងៗ។ ចំណែក នៅពេលព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរ ឬមេដឹកនាំកម្ពុជាទៅប្រទេសវៀតណាម នាពេលកន្លងទៅ មិនឃើញមានមេដឹកនាំវៀតណាមដាក់ទង់ជាតិកម្ពុជាអមនឹងទង់ជាតិវៀតណាមនោះទេ។
ខណៈដែលកម្ពុជាបន្តទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមបានក៏បានក្លាយជាដៃគូសេដ្ឋកិច្ចឈានមុខគេ ក្នុងចំណោមបណ្ដាប្រទេសផ្សេងទៀតជាមួយកម្ពុជា។ ទឹកប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឡើងដល់ជិត ៤ពាន់លានដុល្លារអាមេរិក (៣,៨ពាន់លាន) នៅក្នុងឆ្នាំ២០១៧ ហើយបន្តឡើង ២៥ភាគរយបន្ថែមទៀត ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រទេសវៀតណាម និងកម្ពុជា ប្ដេជ្ញាបង្កើនទំហំសេដ្ឋកិច្ច-ពាណិជ្ជកម្មឲ្យបានដល់ ៥ពាន់ដុល្លារអាមេរិក នៅក្នុងឆ្នាំខាងមុខ។
ជុំវិញដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំវៀតណាមមក កម្ពុជា និងឡាវនេះ ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនមានជំនួបកំពូលទ្វេភាគីរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ( Donald Trump) និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុនអ៊ុន ( Kim Jong-un) នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាដំណាច់ខែកុម្ភៈនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
