ប្រជាពលរដ្ឋស្នើឱ្យអ្នកនយោបាយបក្សកាន់អំណាច និងប្រឆាំងដោះស្រាយវិបត្តិនយោបាយ ដោយបើកលំហរប្រជាធិបតេយ្យឡើងវិញ ដើម្បីធានានូវបរិយាកាសបោះឆ្នោតមួយដោយសរីភាព ត្រឹមត្រូវ យុត្តិធម៌ និងចូលរួមប្រកួតប្រជែងពីគ្រប់និន្នាការនយោបាយ។ ពួកគាត់សង្ឃឹមថាអ្នកនយោបាយនឹងយកសំណើពួកគាត់ទៅពិចារណាដោះស្រាយដើម្បីប្រយោជន៍ជាតិ។
ប្រជាពលរដ្ឋមើលឃើញគណបក្សនយោបាយធំៗមិនសូវអើពើអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនោះទេ។ ជាពិសេសគណបក្សកាន់អំណាចបានបន្តប្រើប្រាស់គ្រប់វិធីបំបិទសិទ្ធិពួកគាត់ ស្របពេលក្រុមមេដឹកនាំបក្សសង្គ្រោះជាតិ មិនទាន់ធ្វើសកម្មភាពខ្លាំងក្លាដើម្បីផ្តល់ក្តីសង្ឃឹមដល់ម្ចាស់ឆ្នោតនៅឡើយទេ។
អាជីវករម្នាក់នៅខេត្តបាត់ដំបង កញ្ញា ពៅ ណា លើកឡើងថាកញ្ញាចង់ឃើញវត្តមានមេដឹកនាំគណបក្សសង្គ្រោះជាតិចូលការបោះឆ្នោតខាងមុខ ដើម្បីកុំឱ្យបក្សកាន់អំណាចដើរចេញពីគន្លងប្រជាធិបតេយ្យ ព្រោះកញ្ញាមិនពេញចិត្តការដឹកនាំរបស់គណបក្សកាន់អំណាច ដែលមិនគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋនោះទេ។ អាជីវករវ័យ ២៧ឆ្នាំរូបនេះសង្កេតឃើញថាអ្នកនយោបាយបក្សកាន់អំណាចនិងបក្សប្រឆាំងមិនសូវខ្វល់ខ្វាយពីសុខទុក្ខរបស់ពលរដ្ឋម្ចាស់ឆ្នោតដែលកំពុងរងទុក្ខវេទនានោះទេ៖ «ខ្ញុំសំណូមពរទាំងអស់តែម្តង ព្រោះខ្ញុំអត់មាននៅក្នុងបក្សណា ចូលបក្ស ណាមួយទេ គឺខ្ញុំប្រជាជនធម្មតា ចង់ឱ្យ អ្នកនយោបាយ ទាំងអស់គួរតែ មើលឃើញ ប្រជាជនផង កុំឱ្យឃើញតែផលប្រយោជន៍ខ្លួនឯងពេក យល់ពីទុក្ខលំបាករបស់ប្រជាជនផង កុំឱ្យឃើញតែផលប្រយោជន៍ខ្លួនឯងធ្វើអ្វីក៏ដោយ ជិះជាន់តែប្រជាជនស្លូតត្រង់ យើងមើលឃើញហើយនៅក្នុងសង្គមយើងរាល់ថ្ងៃហ្នឹង»។
ស្រដៀងគ្នានេះដែរ កម្មកររោងចក្រ នៅរាជធានីភ្នំពេញ កញ្ញា ហេង បូរី ប្រាប់ថា កម្មកររោងចក្រក៏តាមដានស្ថានការណ៍នយោបាយផងដែរ ព្រោះពួកគាត់យល់ថាស្ថានភាពនយោបាយល្អ ទើបធានានូវបរិយាកាសគោរពសិទ្ធិការងារ រួមទាំងផលប្រយោជន៍របស់កម្មករផងដែរ ។ កញ្ញាជំរុញឱ្យមេដឹកនាំគណបក្សប្រឆាំងគួរបន្តរក្សាគោលជំហររឹងមាំ ទាមទារសិទ្ធិសេរីភាព ស្តារប្រជាធិបតេយ្យឡើងវិញ។ កញ្ញាយល់ថា អ្នកនយោបាយគួរក្រឡេកមើលពីទុក្ខលំបាករបស់កម្មករកំពុងជួបទុក្ខលំបាក ដែលអ្នកនយោបាយគួរដោះស្រាយវិបត្តិនយោបាយកំពុងជាប់គាំង មុនការបោះឆ្នោតមកដល់៖ «ខ្ញុំ គិតថា ពួកគាត់មុននឹងសុំសិទ្ធិធ្វើនយោបាយ គួរតែក្រឡេកមកមើលកម្មករ ឬក៏ប្រជាពលរដ្ឋទូទៅឥឡូវកំពុងជួបប្រទះបញ្ហាលំបាកខ្លាំងជាងមុនសិន មុនសុំសិទ្ធធ្វើនយោបាយ ហើយខ្ញុំក៏ចង់ឱ្យគណបក្សសង្គ្រោះជាតិមានដំណើរការចូលរួមការបោះឆ្នោតហ្នឹងដោយត្រឹមត្រូវ និង យុត្តិធម៌»។
ដូចគ្នានេះដែរអ្នករត់ម៉ូតូឌុប នៅក្រុងព្រះសីហនុ លោក សួន ណារ៉ា យល់ថាមកដល់ពេលនេះអ្នកនយោបាយមិនទាន់ហ៊ានលះបង់ផ្ទាល់ខ្លួន ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋនោះទេ ។ លោកចង់ឱ្យមេដឹកនាំបក្សប្រឆាំង បង្ហាញជំហររឹងមាំ គំរូល្អនិងរក្សាសាមគ្គីផ្ទៃក្នុង ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោត៖ «ក្នុងនាមពលរដ្ឋខ្ញុំថា អ្នកនយោបាយ ធ្វើអីមិនហ៊ានលះបង់អ្វីមួយសម្រាប់ សង្គមជាតិ សម្រាប់ប្រជាពលរដ្ឋខ្លួនទេ មិនបាច់ធ្វើនយោបាយទេ គ្រាន់តែផ្តាំផ្ញើទៅពួកគាត់ថា ធ្វើដើម្បីប្រជាពលរដ្ឋ ប្រជាពលរដ្ឋ គាំទ្រ តែធ្វើសម្រាប់បុគ្គលសម្រាប់គ្រួសារគាត់គ្នាគាត់ទេ មិនបាច់ធ្វើនយោបាយទេ»។
ពលរដ្ឋបញ្ចេញមតិបែបនេះបន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ២៤នាក់ បានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញជាបន្តបន្ទាប់ ខណៈវិបត្តិនយោបាយមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។ ពួកគេមួយចំនួនបានបង្កើតគណបក្សថ្មីរួចហើយ ខណៈខ្លះទៀតកំពុងត្រៀមបង្កើតបក្សថ្មី ដើម្បីចូលរួមការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតសភានៅឆ្នាំ២០២៣ ខាងមុខ។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថាការលើកឡើងរបស់ប្រជាពលរដ្ឋនេះមិនតំណាងប្រជាពលរដ្ឋទូទាំងប្រទេសនោះទេ ដោយលោកចោទប្រកាន់ពលរដ្ឋទាំងនោះថា មាននិន្នាការនយោបាយ។ លោកអះអាងទៀតថា គណបក្សកាន់អំណាចមិនចចារ ជាមួយគណបក្សសង្គ្រោះជាតិឡើយ ព្រោះគណបក្សនេះត្រូវតុលាការកំពូលរំលាយរួចហើយ ៖ «និយាយពីការលំបាកដូចគាត់លើកឡើងហ្នឹងមិនគិតគូរជីវភាពរស់នៅ ឥឡូវនេះ គឺថាដោយសារកូវីដ១៩ វារាតត្បាតទូទាំងពិភពលោក ឱ្យរកទៅដោះស្រាយយ៉ាង ម៉េច យើងដោះស្រាយជា ចំពោះមុខ គឺគិតគូររឿងជាតិ គិតគូរ រឿងប្រជាជន ហើយគិតគូររឿងទប់ស្កាត់អំពីការរីករាលដាលជំងឺកូវីដ»។
រីឯ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង លោកគាំទ្រអ្នកសុំសិទ្ធិនយោបាយណា ដែលហ៊ានចេញមុខដោះស្រាយបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋ ប៉ុន្តែលោកមិនគាំទ្រអ្នកដែលមានសិទ្ធិធ្វើនយោបាយ ហើយនៅសំងំស្ងៀមនោះទេ។ លោកបញ្ជាក់ថាគណបក្សសង្គ្រោះជាតិនៅតែបន្តបេសកកម្មតស៊ូទាមទារសិទ្ធិសេរីភាព និងស្តារប្រជាធិបតេយ្យកម្ពុជាឡើងវិញ៖ «បង្ហាញឱ្យឃើញថា ទ្រឹស្តីម្នាក់ៗគេនិយាយល្អ ប៉ុន្តែយើងចង់ឃើញទង្វើ ប្រសិនជាទង្វើ របស់គាត់ ស្រប ជាមួយនឹង ទ្រឹស្តីរបស់គាត់ខ្ញុំគាំទ្រ ព្រោះការតស៊ូនយោបាយ ការស៊ូដើម្បីស្តារប្រជាធិបតេយ្យ មិនអាច ពឹងផ្អែក តែលើពួកក្រុមយើងខ្ញុំនៅខាងក្រៅទេ យើងត្រូវតែផ្គុំគ្នាទាំងសង្គមស៊ីវិល ទាំង អ្នកស្នេហាជាតិ ផ្សេងទៀត ដែលយើងអាចធ្វើអីបានដើម្បីតស៊ូ»។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ និងប្រជាពលរដ្ឋ ចង់ឱ្យមេដឹកនាំគណបក្សសង្គ្រោះជាតិបង្កើនសកម្មភាពនយោបាយជាតិ និងអន្តរជាតិឱ្យបានច្រើនជាងនេះ ដើម្បីជំរុញឱ្យរបបលោក ហ៊ុន សែន គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ពួកគេទទូចឱ្យរបបនេះ ទម្លាក់ចោលការចោទប្រកាន់ និងផ្តល់សិទ្ធិសេរីភាពពេញលេញឱ្យមេដឹកនាំ និងសកម្មជនបក្សប្រឆាំង សកម្មជនសង្គម ដើម្បីធានានូវការប្រកួតប្រជែងការបោះឆ្នោតមួយតាមបែបបទប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។