អង្គការ​តម្លាភាព​កម្ពុជា​ផ្ដល់​អនុសាសន៍​ទៅ គ.ជ.ប កែ​ទម្រង់​ប្រព័ន្ធ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត

0:00 / 0:00

អង្គការ​តម្លាភាព​កម្ពុជា លើក​ឡើង​ថា ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​អាណត្តិ​មុន​នៅ​មាន​ភាព​មិន​ប្រក្រតី បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា មួយ​ចំនួន​បាត់​សិទ្ធិ​បោះ​ឆ្នោត។ ទន្ទឹម​គ្នា​នេះ អង្គការ​តម្លាភាព​កម្ពុជា បាន​ដាក់​អនុសាសន៍​មួយ​ចំនួន​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ធ្វើ​កំណែ​ទម្រង់​លើ​ប្រព័ន្ធ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ដើម្បី​ចៀសវាង​បញ្ហា​ប្រឈម។

អង្គការ​តម្លាភាព​កម្ពុជា ឲ្យ​ដឹង​ថា បញ្ហា​ដែល គ.ជ.ប គួរ​ចៀសវាង​ឲ្យ​បាន​ទាក់ទង​នឹង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ដែល​កើត​ឡើង​កាល​ពី​អាណត្តិ​មុន រួម​មាន​ឈ្មោះ​ស្ទួន និង​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន រួម​ទាំង​ការ​លុបលាង​បាន​ភ្លាមៗ​នូវ​ទឹក​ខ្មៅ​ជ្រលក់​ម្រាម​ដៃ ដែល​មិន​អាច​ធានា​ថា មនុស្ស​ម្នាក់​បោះ​ឆ្នោត​បាន​តែ​ម្តង​នោះ។

សំណើ​នេះ ធ្វើ​ឡើង​តាម​រយៈ​លិខិត​របស់​អង្គការ​តម្លាភាព​កម្ពុជា ដែល​បាន​ដាក់​ជូន​ទៅ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ស៊ិក ប៊ុនហុក នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ផ្ដោត​លើ​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​២០១៦។

អង្គការ​នេះ បាន​ផ្តល់​អនុសាសន៍​ចំនួន ៧​ចំណុច ចង់​ឲ្យ គ.ជ.ប កែប្រែ និង​បញ្ជាក់​ច្បាស់ រួម​មាន ស្នើ​ឲ្យ​បញ្ជាក់​ទៅ​លើ​ពាក្យ «ជន​ណា​ក៏ដោយ» ដែល​មាន​សិទ្ធិ​ប្ដឹង​ជំទាស់​ទៅ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ឬ គ.ជ.ប ស្នើ គ.ជ.ប មាន​នីតិវិធី​ពិសេស​សម្រាប់​ជន​ពិការ អនក្ខរជន និង​ជន​ងាយ​រងគ្រោះ​ផ្សេងៗ ដើម្បី​ងាយ​ស្រួល​ចុះ​ឈ្មោះ​បោះ​ឆ្នោត ស្នើ​ឲ្យ​សម្រួល​ដល់​ការ​ចុះ​ឈ្មោះ​ចំពោះ​ពលរដ្ឋ​ដែល​ស្នាក់នៅ​ផ្ទះ​ជួល ដែល​ម្ចាស់​ផ្ទះ​មិន​បាន​ធ្វើ​លិខិត​បញ្ជាក់​ការ​ស្នាក់នៅ​ឲ្យ​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី​បាន​គ្រប់ៗ​គ្នា បង្កើន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​លើ​នីតិវិធី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ទៅ​ដល់​ពលរដ្ឋ​ទូទាំង​ប្រទេស ព្រម​ទាំង​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ទៀត។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​៦ សីហា ដែល​រៀបចំ​ឡើង​នៅ​ទីស្នាក់ការ​អង្គការ​តម្លាភាព ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ឲ្យ​ដឹង​ថា អង្គការ​លោក​បាន​រក​ឃើញ​ថា យុត្តិធម៌ និង​សុចរិត​ភាព​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៥ នេះ​ធ្លាក់​ចុះ​ជាង​អាណត្តិ​មុនៗ ដូច្នេះ​ទើប​អង្គការ​លោក​ផ្តល់​អនុសាសន៍​ទាំង​នេះ។ លោក​សង្ឃឹម​ថា គ.ជ.ប នឹង​ពិនិត្យ​តាម​សំណើ​នេះ និង​ធ្វើ​យ៉ាង​ណា​ធានា​តម្លាភាព៖ «គោល​បំណង​សំខាន់​របស់​អនុសាសន៍​យើង គឺ​ចង់​ឲ្យ​មាន​សុចរិត​ភាព និង​ភាព​ទុក​ចិត្ត​លើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ធ្វើ​យ៉ាង​ណា​ធានា​ថា ពលរដ្ឋ​ខ្មែរ​មិន​បាត់​សិទ្ធិ​បោះ​ឆ្នោត»

ឆ្លើយ​តប​នឹង​ការ​ផ្តល់​អនុសាសន៍​របស់​អង្គការ​តម្លាភាព​កម្ពុជា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា គ.ជ.ប បាន​ទទួល​សំណើ​នេះ​ពី​អង្គការ​តម្លាភាព​រួច​ហើយ។ លោក​ថា គ.ជ.ប ស្វាគមន៍​រាល់​អនុសាសន៍​របស់​សង្គម​ស៊ីវិល ហើយ គ.ជ.ប នឹង​រៀបចំ​កញ្ចប់​អនុសាសន៍​មួយ​ដាក់​ជូន​សមាជិក គ.ជ.ប ទាំងអស់។ ប៉ុន្តែ​លោក​ថា ការ​សម្រេច​យ៉ាង​ណា គ.ជ.ប នឹង​ពិនិត្យ​លើ​ទិដ្ឋភាព ៣​យ៉ាង៖ «ទិដ្ឋភាព​ទី​១ យើង​នឹង​ពិនិត្យ​លើ​ច្បាប់ ថា​តើ​អនុសាសន៍​ហ្នឹង​ស្រប​តាម​ច្បាប់​អត់។ ទី​២ ប្រៀបធៀប​លើ​សកម្មភាព​កន្លង​មក ថា​តើ​យុទ្ធសាស្ត្រ​ហ្នឹង​វា​អាច​ធ្វើ​ទៅ​បាន​អត់ និង​ទី​៣ ថា​តើ​យុទ្ធសាស្ត្រ​នោះ​វា​ផ្តល់​ផល​ប្រយោជន៍​ដល់​ដំណើរ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កម្រិត​ណា ដូច្នេះ គ.ជ.ប ត្រូវ​ការ​ពេលវេលា​ពិនិត្យ​លើ​ចំណុច​នេះ»

សេចក្តី​ថ្លែងការណ៍​រួម​របស់​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ឲ្យ​ដឹង​ថា បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​មាន​ឈ្មោះ​ស្ទួន​ប្រមាណ​ជាង ៣០​ម៉ឺន​ឈ្មោះ ជាពិសេស​ការ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​ការ​បោះ​ឆ្នោត មាន​រហូត​ដល់​ទៅ​ជាង ១​លាន​លិខិត។ ករណី​នេះ ត្រូវ​បាន​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ជាច្រើន រួម​ទាំង​ការ​លុបលាង​បាន​ភ្លាមៗ​នូវ​ទឹក​ខ្មៅ​ជ្រលក់​ម្រាម​ដៃ ដែល​មិន​អាច​ធានា​ថា មនុស្ស​ម្នាក់​បោះ​ឆ្នោត​បាន​តែ​ម្តង​នោះ។

សន្និសីទ​កាសែត​របស់​អង្គការ​តម្លាភាព​កម្ពុជា ក្រៅ​ពី​ដាក់​ជូន​អនុសាសន៍​ទៅ គ.ជ.ប លើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី សន្និសីទ​នេះ​ក៏​បាន​ស្នើ​ឲ្យ គ.ជ.ប បែង​ចែក​ជូន​ទិន្នន័យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដល់​គណបក្ស​នយោបាយ សារព័ត៌មាន សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត វិភាគ ត្រួត​ពិនិត្យ និង​ធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។