ប្រជាពលរដ្ឋចាត់ទុកថា ការដែលលោក ហ៊ុន សែន លុបហ្វេសប៊ុក គឺជារឿងអាម៉ាស់សម្រាប់លោកពួកគេស្នើកុំឲ្យលោក ហ៊ុន សែន យករឿងអាម៉ាស់នេះ ធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត។
ប្រជាពលរដ្ឋលើកឡើងស្រដៀងៗថា លោក ហ៊ុន សែន ជាមេដឹកនាំដែលមិនទទួលស្គាល់កំហុសរបស់ខ្លួន និងកំសាក ល្មើសគោលការណ៍របស់ក្រុមហ៊ុនមេតា ( Meta) បែរជាគំរាមលុបកម្មវិធីហ្វេសប៊ុក (Facebook) មិនឱ្យពលរដ្ឋទូទាំងប្រទេសប្រើប្រាស់។ ពួកគាត់ចាត់ទុកទង្វើរបស់លោក ហ៊ុន សែន ថា ជាអំពើអសីលធម៌ និងគ្មានភាពខ្មាសអៀនធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋ។
ពលរដ្ឋនៅខេត្តស្ទឹងត្រែង លោក ជ្រេ រដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ មិថុនា ថា ការណ៍ដែល លោក ហ៊ុន សែន គំរាមបិទហ្វេសប៊ុក នេះគឺជារឿងមិនត្រឹមត្រូវ ពីព្រោះបញ្ហានេះមិនពាក់ព័ន្ធជាមួយពលរដ្ឋនោះទេ។ លោកបន្តថា ប្រសិនបើជាមានការបិទហ្វេសប៊ុកនៅស្រុកខ្មែរមែននោះ គឺជារឿងអយុត្តិធម៌ចំពោះពលរដ្ឋដែលមិនបានប្រព្រឹត្តខុស និងប៉ះពាល់ដល់ការទទួលបានព័ត៌មាន។
លោក ជ្រេ រដ្ឋា៖ «វាអាចនឹងប៉ះពាល់ពីព្រោះយើងត្រូវការមានទំនាក់ទំនងចេញចូលអ៊ីចឹងៗជាមួយថ្នាក់ដឹកនាំផ្សេង ដើម្បីជម្រាបឱ្យគាត់ដឹងពីខាងលើវាអាចស្រួលដែលយើងប្រើប្រព័ន្ធផ្សព្វផ្សាយមួយហ្នឹងអាចនឹងទូលំទូលាយហើយ ប្រសិនបើមានព័ត៌មានអាចផ្សព្វផ្សាយតាមប្រព័ន្ធហ្នឹងបានឱ្យគាត់គិតឡើងវិញ ពីការរៀបចំបិទប្រព័ន្ធហ្វេសប៊ុកអ៊ីចឹង»។
ស្រដៀងគ្នានេះដែរសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន ថ្លែងថា ការព្យួរហ្វេសប៊ុក លោក ហ៊ុន សែន មិនឱ្យប្រើប្រាស់នេះ គឺបង្ហាញថា ក្រុមហ៊ុនមេតាឈរលើគោលការណ៍អព្យាក្រឹត និងគោរពតាមលទ្ធប្រជាធិបតេយ្យពិតប្រាកដ។ លោកបន្តថា នេះជាសារដាស់តឿនដល់លោក ហ៊ុន សែន ដែលតែងតែប្រើសារគំរាមកំហែង និងយកបណ្ដាញសង្គមហ្វេសប៊ុកឧបករណ៍ផ្ញើសារប្រជាភិថុតិ។
លោក ស្រ៊ុន ស្រ៊ន៖ «ជាការអាម៉ាស់ដោយសារតែយើងមិនព្រមទទួលខុស ប៉ុន្តែវាមិនមែនជារឿងដែលគួរតែអាម៉ាស់ទេ ពីព្រោះយើងធ្វើខុសច្បាប់ ឬក៏ធ្វើខុសស្តង់ដាររបស់ហ្វេសប៊ុកអ៊ីចឹង គួរតែទទួលយកការពិតទៅអ៊ីចឹង នៅពេលដែលយើងផុតកាលកំណត់គេយើងប្រើវិញទៀត ទៅអ៊ីចឹងវាអត់មានអីត្រូវខឹងសម្បារគេ ព្រោះតួនាទីគេអនុវត្តច្បាប់សម្រាប់ខ្ញុំមិនគួរអីឱ្យខ្មាសទេ ប៉ុន្តែខ្ញុំយល់ថាការអនុវត្តច្បាប់គឺជារឿងត្រឹមត្រូវបំផុតហើយកុំឱ្យតែក្រុមហ៊ុនហ្វេសប៊ុកធ្វើព្រោះមាននិន្នាការនយោបាយ»។
លោកបញ្ជាក់ថា ការប្រកាសបិទហ្វេសប៊ុកមិនឱ្យប្រជាពលរដ្ឋប្រើប្រាស់នឹងធ្វើឱ្យពលរដ្ឋដែលប្រកបមុខរបរលើវិស័យអនឡាយ (Online) បាត់បង់ប្រាក់ចំណូល និងអាចបង្កឱ្យពលរដ្ឋផ្ទុះកំហឹង ពីព្រោះពលរដ្ឋភាគីច្រើនប្រើប្រាស់ហ្វេសប៊ុក ដើម្បីទទួលបានព័ត៌មាន ការបញ្ចេញមតិ ការប្រាស្រ័យទាក់ទងគ្នា ជាពិសេសរដ្ឋាភិបាលក៏បាត់បង់ប្រាក់ចំណូលមួយផ្នែកធំផងដែរ។

ដោយឡែក ស្ថាបនិកមាតាធម្មជាតិលោក អាឡិកហាន់ដ្រូ ហ្គន់សាឡេស ដេវីតសិន (Alejandro Gonzalez Davidson) ឬអាឡិច ហៅការគំរាមបិទកម្មវិធីហ្វេសប៊ុកមិនឱ្យពលរដ្ឋប្រើប្រាស់របស់ លោក ហ៊ុន សែន នៅនេះថា ជាទង្វើពាល មិនហ៊ានទទួលយកការពិតពីការប្រើពាក្យពេចន៍ជេរប្រមាថរបស់ខ្លួន ដែលផ្ទុយពីគោលការណ៍ក្រុមហ៊ុនមេតា។ លោកបន្តថា ឥរិយាបថក្រអឺតក្រទមរបស់ លោក ហ៊ុន សែន នឹងធ្វើឱ្យប្រជាពលរដ្ឋជួបទុក្ខលំបាក ពីព្រោះបើសិនជា លោក ហ៊ុន សែន មិនឱ្យពលរដ្ឋប្រើប្រាស់ហ្វេសប៊ុកមែននោះ អ្នកដែលខាតគឺពលរដ្ឋកម្ពុជា ដោយសារតែពលរដ្ឋមួយចំនួនពឹងផ្អែកលើការរកចំណូលតាមហ្វេសប៊ុក។
លោក អាឡិច៖ «ខ្ញុំគិតថាទង្វើនេះមិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចពលរដ្ឋមួយចំនួនតូចទេ អានេះវាប្រៀបដូចជាបំផ្លាញផ្នែកមួយធំនៅក្នុងសេដ្ឋកិច្ចដូចពាក្យមួយដែលគាត់ប្រើពាក្យEBAអារឿងអឺរ៉ុបអីហ្នឹងបិទរោងចក្រគាត់ហាក់ដូចជាមិនខ្វល់ ដល់ពេលបិទមែនប្រជាជនអត់មានចំណូលអត់មានការងារធ្វើចូលរាប់ម៉ឺនរាប់សែននាក់ រឿងនេះកុំមើលស្រាលឱ្យសោះត្រូវតែមើលអំពីរឿងហ្នឹង»។
ជុំវិញរឿងនេះមន្ត្រីជាន់ខ្ពស់ប្រព័ន្ធផ្សព្វផ្សាយនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ម៉ា ចិត្រា មានប្រសាសន៍ថា ក្រុមហ៊ុនមេតា គឺគ្រាន់តែអនុវត្តតាមគោលការណ៍ក្រុមហ៊ុនហ្វេសប៊ុក ដូច្នេះ លោក ហ៊ុន សែន គួរតែទទួលស្គាល់ការពិត ហើយកែតម្រូវតាមគោលការណ៍ក្រុមហ៊ុនហ្វេសប៊ុកវិញ។ លោកបន្តថា លោកសោកស្ដាយចំពោះលោក ហ៊ុន សែន ដែលគំរាមបិទកម្មវិធីហ្វេសប៊ុកមិនឱ្យពលរដ្ឋប្រើប្រាស់ ពីព្រោះនេះគឺជាបញ្ហាបុគ្គលមិនគួរណាយកជីវភាព និងវាសនាពលរដ្ឋមកទទួលកំហុសជំនួសបែបនេះឡើយ។
លោក ម៉ា ចិត្រា៖ «យើងឃើញកន្លងមកហ្នឹងដោយសារតែមានហ្វេសប៊ុកមានអីហ្នឹងជាដើមបានអាចព័ត៌មានខ្លះបានលឺ ទៅដល់ថ្នាក់ដឹកនាំបានថ្នាក់ដឹកនាំដោះស្រាយបានអ៊ីចឹង ប្រសិនជាមានការបិទហ្នឹង ទី១ធ្វើឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋដែលកំពុងតែការរកស៊ីតាមប្រព័ន្ធអនឡាយតាមហ្វេសប៊ុកហ្នឹងហើយទី២ វាប៉ះពាល់ទៅដល់ការរាយការណ៍ពីរឿងរ៉ាវអយុត្តិធម៌ក្នុងសង្គមដែលបានកើតឡើងទៅដល់ថ្នាក់ដឹកនាំឱ្យបានដឹង»។
ពលរដ្ឋមួយចំនួនក៏មិនពេញនោះដែរ ដោយសារតែពួកគាត់ភាគច្រើនមិនស្គាល់បណ្ដាញសង្គមផ្សេងៗទៀតនោះ។ ពួកគាត់ស្នើឱ្យលោក ហ៊ុន សែន ពិចារណាឡើងវិញ ព្រោះបញ្ហានេះប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់លាននាក់ និងការបាត់បង់ប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។