គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​បន្ត​​​រក​ការ​បង្រួប​បង្រួម​ជា​​មួយបក្ស​របស់​​​លោក ញឹក ប៊ុនឆៃ ​ក្រោយ​អវត្តមាន​សម្ដេច​ក្រុម​ព្រះ​

0:00 / 0:00

គណបក្ស​​​​ហ្វ៊ុនស៊ិនប៉ិច ​បន្ត​​​រក​ការ​បង្រួប​បង្រួម​គ្នា​​ជា​​មួយ​​​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​របស់​​លោក ញឹក ប៊ុនឆៃ ​ក្រោយ​អវត្តមាន​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ​។ អ្នក​ឃ្លាំ​មើល មិន​ជឿ​​ថា​ គណបក្ស​​​ទាំង​ ២​ នេះ​​អាច​រួបរួម​គ្នា​វិញ​បាន​​ទេ ហើយ​បើ​ទោះ​ជា​រួម​គ្នា​​បាន​ ក៏​មិន​ទទួល​បាន​ប្រជាប្រិយភាព​ដែរ។

មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច រំពឹង​ថា ​ការ​បង្រួប​បង្រួម​គ្នា​ឡើង​វិញ​របស់​គណបក្ស​ក្រោម​ដំបូល​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ នឹង​ធ្វើ​ឲ្យ​បក្ស​រាជា​និយម​មួយ​នេះ​​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ប្រជា​រាស្ត្រ​។

អ្នក​នាំ​ពាក្យ​បក្ស​ហ្វ៊ុនស៊ិនប៉ិចលោក ញឿន រ៉ាដែន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា គណបក្ស​នៅ​តែ​បន្ត​រក​ការ​​រួប​រួម​ជាមួយ​លោក​ ញឹក ប៊ុនឆៃ និង​ស្វាគមន៍​គណបក្ស​ផ្សេង​ទៀត ​មក​រួបរួម​ជាមួយ​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច។ លោកបន្ត​ថា​ គណបក្ស​​នេះ​ នឹង​ធ្វើ​សមាជ​នៅ​​​ខែ​មករា​ខាង​មុខ​ ដើម្បី​ជ្រើស​តាំង​​​​បុត្រា​ច្បង​របស់​សម្ដេច​ក្រុម​ព្រះ ​គឺ​ព្រះ​​អង្គ​ម្ចាស់​ នរោត្តម ចក្រា​វុឌ្ឍ ជា​ប្រធាន​គណបក្ស​​​បន្ត​ពី​បិតា​របស់​ទ្រង់​។

លោក ញឿន រ៉ាដែន បញ្ជាក់​ថា គណបក្ស​នេះ​មិន​​ដាក់​​បេក្ខជន​ផ្សេង​​ឲ្យ​បោះឆ្នោត​ទេ ព្រោះ​តាម​​បណ្ដាំ​​ គឺ​​ព្រះ​សព​សម្ដេច​ក្រុម​ព្រះ​ បាន​ប្រគល់​ឲ្យ​បុត្រា​ច្បង​​ទទួល​ភារកិច្ច​ដឹក​នាំ​បក្ស​​បន្ត​។ លោក មាន​ជំនឿ​ថា បុត្រា​ច្បង​របស់​សម្ដេច​ក្រុម​ព្រះ​ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​​​ដឹកនាំ​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ បន្ត​ពី​បិតា​ទ្រង់។ ​លោក ញឿន រ៉ាដែន​ បញ្ជាក់​​ថា ក្រុម​មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មួយ​ចំនួន ដែល​ធ្លាប់​មាន​ទំនាស់​នឹង​គ្នា ក៏​គ្រោង​នឹង​ចូល​មក​ក្រាប​បង្គំ​ព្រះ​អង្គ​ម្ចាស់​ចក្រា​វុឌ្ឍ​ដែរ៖ «យើង​នឹង​គិតគូរ​បន្ថែម​ទៀត ​ឲ្យ​កាន់​តែ​មាន​ប្រជាប្រិយភាព​ ហើយ​ជា​ពិសេស​បុត្រា​របស់​លោក នឹង​រៀប​យុទ្ធសាស្ត្រ​រំលេច​ឡើង​នូវ​គោល​នយោបាយ​ថ្មីៗ ឲ្យ​ស្រប​ទៅ​តាម​បរិបទ​សម័យ​បច្ចេកវិទ្យា​ថ្មី​នេះ។ អ៊ីចឹង​អ្វីៗ​ជា​ទុក្ខ​កង្វល់​របស់​ប្រជារាស្ត្រ ហើយ​និង​ជា​ផល​លំបាក​អ្វីៗ​ទាំង​អស់​នោះ យើង​នឹង​គិតគូរ​ឲ្យ​បាន​ច្បាស់​​ ជា​ពិសេស​ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​អង្គ​ម្ចាស់​ចក្រា​វុឌ្ឍ នៅ​ពេល​ខាង​មុខ​នេះ»។

ប៉ុន្តែ​​​ក្រុម​មន្ត្រី​​ចាស់ៗ​របស់​​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​​ខ្លះ​ បាន​ជំទាស់​​​ក្នុង​ការ​ជ្រើស​តាំង​​ព្រះ​អង្គ​ម្ចាស់​នរោត្តម ចក្រា​​វុឌ្ឍ ជា​ប្រធាន​​បន្ត​ពី​សម្ដេច​ក្រុម​ព្រះ​​។ មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិចលោក ផាន់ សុទ្ធី លើក​ហេតុ​ផល​​ថា​ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មិន​មែន​ជា​ក្រុម​ហ៊ុន​ឯកជន ឬ​​ក៏​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​អ្នក​ណា​ម្នាក់​​ ដែល​អាច​ឡើង​ធ្វើ​ប្រធាន​​​បន្ត​វេន​គ្នា​តាម​តែ​ចិត្ត​បាន​ទេ។

លោកលើក​ទឹក​ចិត្ត​ឲ្យ​ព្រះ​អង្គ​ម្ចាស់ ​នរោត្តម ​ចក្រា​វុឌ្ឍ ដាក់​ឈ្មោះ​ជា​បេក្ខភាព​​​​ម្នាក់​ ​ក្នុង​ចំណោម​បេក្ខភាព​​ផ្សេង​ទៀត​ ដើម្បី​ឲ្យ​​​​គណៈកម្មការ​នាយក​បោះឆ្នោត​។ ​លោក​​បញ្ជាក់​ថា សមាជិក​បក្ស​ហ្វ៊ុនស៊ិនប៉ិច​​ទទួល​យក​​តែ​ការ​សម្រេច​មតិ​ភាគ​ច្រើន​​របស់​គណៈកម្មការ​នាយក​ទេ ព្រោះ​មាន​តែ​គណៈ​កម្មការ​នេះ​ទេ ដែល​មាន​សិទ្ធិ​សម្រេច​នៅ​ពេល​អវត្តមាន​ប្រធាន​បក្ស៖ «បើ​សិន​ជា​ថ្នាក់​ដឹកនាំ​ទាំង​អស់​ហ្នឹង បោះ​ឆ្នោត​លោក​ជា​ប្រធាន​ ហ្នឹង​ជា​ប្រធាន​ហើយ ហើយ​បើ​សិន​ជា​បេក្ខជន​ណា​មួយ​មាន​សក្ដានុពល​ជាង អា​ហ្នឹង​អ្នក​នោះ​ជា​ប្រធាន​ហើយ ក្នុង​ការ​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទៅ ឲ្យ​វា​រួម​គ្នា​ជា​ធ្លុង​មួយ»។

ជម្លោះ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​កើត​ឡើង​ជា​ថ្មី​ទៀត ក្រោយ​ពេល​ដែល​​សម្ដេច​ក្រុម​ព្រះ​​​ និង​អ្នក​ម្ខាង​អ៊ុក ផល្លា ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ឆ្នាំ​២០១៨ ហើយ​​ទ្រង់​ត្រូវ​ទៅ​សម្រាក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​បារាំង។ ដើម​ចម​នៃ​ជម្លោះ​នេះ​គឺ​​ក្រុម​មន្ត្រី​ចាស់ៗ​មួយ​ចំនួន​ មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​​ប្រធាន​ស្ដីទី គឺ​ព្រះ​អង្គ​ម្ចាស់​នរោត្តម ចក្រា​វុឌ្ឍ ក្នុង​​ការ​បណ្ដេញ​ក្រុម​មន្ត្រី​ចាស់ៗ​​ចេញ​ពី​បក្ស​ជា​បន្ត​បន្ទាប់។ ក្រុម​មន្ត្រី​​បក្ស​ទាំង​នោះ​ ហៅ​ការ​បណ្ដេញ​ចេញ​នេះ​ថា ខុស​​លក្ខន្តិក​ផ្ទៃ​ក្នុង​របស់​បក្ស។ ពួកគាត់​អះ​អាង​ទៀត​ថា ពួកគាត់​នៅ​តែ​មាន​ឈ្មោះ​​ជា​សមាជិក​គណៈកម្មការ​នាយក​ដែល​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ។

ជុំវិញ​ករណី​គម្រោង​សមាជ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​​​​​បញ្ជាក់​ពី​​អ្នក​នាំ​ពាក្យ​គណបក្ស​​ប្រជាជន​កម្ពុជាលោក សុខ ឥសាន បាន​ទេ​នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ។ តែ​យ៉ាង​ណាលោក សុខ ឥសាន ធ្លាប់​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​​មិន​​ព្រួយ​បារម្ភ​ពី​ការ​ធ្វើ​សមាជ ឬ​ការ​រួបរួម​របស់​គណបក្ស​ណា​ឡើយ​។

សម្រាប់​ក្រុម​អ្នក​ឃ្លាំមើល​វិញ មិន​ទាន់​ជឿជាក់​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច អាច​រក​ការ​បង្រួប​បង្រួម​​ជាមួយ​គណបក្ស​ផ្សេង​បាន​ទេ ខណៈ​គណបក្ស​នេះ​នៅ​បន្ត​ការ​បែក​បាក់​ផ្ទៃ​ក្នុង​នៅ​ឡើយ។

អ្នក​សិក្សា​ផ្នែក​ច្បាប់លោក ឃី ពិសី យល់​​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ធ្លាប់​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​​ក្រុម​មនុស្ស​វ័យ​ចំណាស់​ខ្លះ​នោះ នឹង​កាន់​តែ​ធ្លាក់​ប្រជា​ប្រិយ​ភាព​​​​ថែម​ទៀត​​ ​ដោយសារ​​គណបក្ស​មិន​អាច​ដោះស្រាយ​ជម្លោះ​ផ្ទៃ​​ក្នុង​បក្ស​បាន ហើយ​​បុត្រា​ច្បង​របស់​សម្ដេច​ក្រុម​ព្រះ គឺ​ព្រះ​អង្គ​ម្ចាស់​ចក្រា​វុឌ្ឍ ក៏​មិន​មាន​ប្រជា​ប្រិយ​ភាព​ដែរ គឺ​សឹង​តែ​គ្មាន​​​ប្រជា​រាស្ត្រ​​ស្គាល់​ព្រះ​អង្គ​​៖ « ក្រឡេក​ឃើញ​ថា ធ្លាប់​បាន​ធ្វើ​ប៉ុន្មាន​ដង​មក​ហើយ តាំង​តែ​ពី​សម្ដេច​ក្រុម​ព្រះ​នៅ​មាន​ព្រះជន្ម​នៅ​ឡើយ​គឺ​ធ្លាប់​ធ្វើ​​ហើយ ហើយ​ក៏​មាន​ការ​សម្រប​សម្រួល​ពី​គណបក្ស​ប្រជាជន​ទៀត​​។ ក៏​ប៉ុន្តែ​លទ្ធផល​ចុង​ក្រោយ​​នៅ​តែ​បែកបាក់​ដដែល។ អ៊ីចឹង​សម្រាប់​ខ្ញុំ​​​ គឺ​រូប​ភាព​នេះ​មិន​មាន​​អ្វី​ចម្លែក​ទេ ហើយ​ក៏​មិន​មាន​ឥទ្ធិពល​ណា​ ឬ​មាន​ការ​ប្រែ​ប្រួល​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ដែរ»។

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​​​ ​ត្រូវ​បាន​បង្កើត​​​​ដោយ​​​​អតីត​រណសិរ្ស​​​​​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ក្រុម​គាំទ្រ​របប​​​រាជា​និយម​​​​​​របស់​ព្រះ​បាទ​នរោត្តម សីហនុ​​ នៅ​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង កាល​ពី​​ឆ្នាំ​១៩៨១ ​ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​​អាស៊ាន​​​ដើម្បី​​​ទប់ទល់​នឹង​​​​រដ្ឋាភិបាល​សាធារណៈ​រដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​គាំទ្រ​ដោយ​​កង​ទ័ព​​វៀតណាម​​​។

កង​ទ័ព​របស់​គណបក្ស​នេះ ធ្លាប់​ប៉ះ​គ្នា​​​ដោយ​អាវុធ​ច្រើន​លើក​​​ច្រើន​សារ​ជាមួយ​គណ​បក្ស​​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​ក៏​​​ធ្លាប់​ឈ្នះ​ការ​បោះ​​ឆ្នោត​​​​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​(UNTAC) កាល​ពី​អាណត្តិ​ទី​១​ដែរ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​លោក ហ៊ុន សែន ធ្វើ​រដ្ឋ​ប្រហារ​ដណ្ដើម​អំណាច​កាល​ពី​ខែ​កក្កដា​ឆ្នាំ​១៩៩៧​។ ​​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ គណបក្ស​​​ហ្វ៊ុនស៊ិនប៉ិច​​បាន​ធ្លាក់​ប្រជាប្រិយភាព និង​បែក​បាក់​ផ្ទៃ​ក្នុង​ជា​ហូរ​ហែ​ រហូត​ដល់​គ្មាន​អាសនៈ​​សោះ​នៅ​ក្នុង​រដ្ឋសភា៕​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។