អ្នកឃ្លាំមើលនយោបាយ និងមន្ត្រីបក្សប្រឆាំងរិះគន់ថា ការជ្រើសរើសកងអង្គរក្ស គឺជាការខ្ជះខ្ជាយថវិកា។ ពួកគេស្នើទៅរដ្ឋាភិបាលគួរយកថវិកាជាតិទៅដោះស្រាយបញ្ហារបស់ពលរដ្ឋក្រីក្រល្អជាងលើការចំណាយក្នុងការជ្រើសរើសអង្គរក្សបន្ថែម។
អ្នកអត្ថាធិប្បាយនយោបាយយល់ថា ការជ្រើសរើសកងអង្គរក្សបន្ថែមនៅពេលនេះ គឺដើម្បីបំពេញបន្ថែមនូវកងអង្គរក្សចាស់ដែលអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ទុកចិត្តហើយដកចេញដោយដាក់ជំនួសមកវិញនូវកម្លាំងថ្មី។ លោក គឹម សុខ បន្តថា ក្រុមអង្គរក្សជាកម្លាំងស្នូលសំខាន់មួយក្នុងការជួយការពារអំណាចក្រុមគ្រួសារលោក ហ៊ុន សែន។
លោក គឹម សុខ៖ «តាមខ្ញុំដឹងកន្លងមកអ្នក(អង្គរក្ស)គេ(លោក ហ៊ុន សែន)គេដកចេញពីក្រុមអង្គរក្សដោយបញ្ជូនទៅអង្គភាពផ្សេងៗទៅក្រសួងការពារជាតិ ហើយគេរើសអ្នកថ្មីគេបណ្ដុះបណ្ដាលពិនិត្យអាចទុកចិត្តឱ្យនៅក្នុងកងអង្គរក្ស»។
ការលើកឡើងនេះ ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញសេចក្ដីសម្រេចកាលពីថ្ងៃទី២៣ ខែមករា ឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មីចំនួន១១១នាក់បន្ថែមសម្រាប់បំពេញក្របខ័ណ្ឌឱ្យបញ្ជាការដ្ឋានអង្គរក្ស។ បញ្ជាការដ្ឋានអង្គរក្សត្រូវបានបង្កើតឡើង កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០០៩ ហើយបែងចែកជាច្រើនផ្នែក និងជាកងឯកភាពផ្សេងៗ ក្នុងនោះ រួមមាន ផ្នែកអន្តរាគមន៍ ផ្នែកប្រយុទ្ធសង្គ្រោះពេទ្យ សិល្បៈ និងកសិកម្មជាដើម។ មេដឹកនាំបញ្ជាការដ្ឋាននេះ តែងតែអួតអាងពីភារកិច្ចស្នូលរបស់ខ្លួន គឺការពារសន្តិសុខ-សុវត្ថិភាពជូនប្រមុខរដ្ឋាភិបាល ភរិយា និងសាច់ញាតិរបស់រដ្ឋាភិបាល។
ជុំវិញរឿងនេះដែរ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនៅប្រទេសអូស្ត្រាលី លោក ជា ជីវ ថា នេះជាការចំណាយបន្ទុកថវិការដ្ឋបន្ថែម ដើម្បីការពារគ្រួសារលោក ហ៊ុន សែន។ លោកបន្តថា ការជ្រើសរើសកងអង្គរក្សបន្ថែមនៅពេលនេះ ទំនងលោក ហ៊ុន សែន បារម្ភពីសុវត្ថិភាពគ្រួសារលោកត្រកូលហ៊ុន ទើបរដ្ឋាភិបាលចំណាយថវិកាជាតិបែបនេះ។ មន្ត្រីបក្សប្រឆាំងរូបនេះ ចង់ឃើញរដ្ឋាភិបាល គួរយកថវិកានោះទៅដោះស្រាយបញ្ហាពលរដ្ឋក្រីក្រល្អជាង។
លោក ជា ជីវ៖ «ពាក់ព័ន្ធទៅនឹងស្ថាប័នអង្គរក្សហ្នឹងខ្ញុំឃើញថា អត់មានសារប្រយោជន៍ដើម្បីបម្រើស្ថាប័នរដ្ឋាភិបាលគ្រាន់តែសម្រាប់ការពារគ្រួសារត្រកូលហ៊ុន»។
ជុំវិញរឿងនេះវិទ្យុអាស៊ីសេរីមិនអាចសុំការបកស្រាយពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត និងមេបញ្ជាការដ្ឋានកងអង្គរក្សរបស់លោក ហ៊ុន សែន និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ លោក ហ៊ីង ប៊ុនហៀង បានទេនៅថ្ងៃទី២៧ ខែមករា។ ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន សុំមិនឆ្លើយតបលើរឿងនេះទេ។ អ្នកឃ្លាំមើលរិះគន់ថា បញ្ជាការដ្ឋានអង្គរក្សជាអង្គភាពការពារអំណាចឱ្យលោក ហ៊ុន សែន និងក្រុមគ្រួសារ ជាជាងបម្រើប្រយោជន៍ជាតិពិតប្រាកដ។ កាលពីចុងឆ្នាំ២០១៥ ក្រុមអង្គរក្សរបស់លោក ហ៊ុន សែន បានព្រួតគ្នាវាយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីរនាក់ឱ្យរងរបួសធ្ងន់ ក្នុងបាតុកម្មមួយមុខវិមានរដ្ឋសភា។ យ៉ាងហោចណាស់អង្គរក្សរបស់លោក ហ៊ុន សែន បីនាក់ត្រូវបានត្រូវតុលាការក្រុងភ្នំពេញចោទប្រកាន់ពីប្រព្រឹត្តហិង្សាមានស្ថានទម្ងន់ទោស និងកាត់ទោសជាប់ពន្ធនាគារ ៤ឆ្នាំ តែអនុវត្តទោសតែ ១ឆ្នាំទេ ហើយក្រោយអង្គរក្សទាំងនោះអនុវត្តទោសរួចរាល់ពួកគេបានឡើងឋានៈថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
