សង្គម​ស៊ីវិល​ថា បរិយាកាស​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​នេះ​មាន​ការ​រឹតត្បិត និង​គំរាមកំហែង

ដោយ មួង ណារ៉េត
2022.01.17
សង្គម​ស៊ីវិល​ថា បរិយាកាស​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​នេះ​មាន​ការ​រឹតត្បិត និង​គំរាមកំហែង លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតរបស់​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ខុមហ្វែ្រល (COMFREL) នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ ២០១៦។
RFA

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា បរិយាកាស​នៅមុន​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ដើមខែ​មិថុនា ឆ្នាំ​២០២២​ខាងមុខនេះ មានការ​រឹតត្បិត​សេរីភាព​សម្ដែង​មតិ និង​ការ​គំរាមកំហែង​ដល់​សកម្មភាព​របស់​គណបក្សនយោបាយ​ជា​ដៃគូប្រកួតប្រជែង​។ ពួកគេ​យល់​ថា បរិយាកាស​បែបនេះ​នឹង​មាន​ឥទ្ធិពល​ដល់​លទ្ធផល​ការ​បោះឆ្នោត​នៅពេល​ខាងមុខ។

អ្នកជំនាញ​ខាង​ការបោះឆ្នោត​រិះគន់​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ឆាប់​កែលំអ​បរិយាកាស​នយោបាយ ដោយ​បើកទូលាយ​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​អាច​ធ្វើ​សកម្មភាព​ដោយ​សេរីភាព​និង​ស្មើភាព​គ្នា​គ្រប់​គណបក្ស​ទេ​នោះ នឹង​ធ្វើ​ឱ្យ​ដំណើរការ​បោះឆ្នោត​គ្មាន​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព ហើយ​គណបក្ស​ខ្លះ​អាច​នឹង​មាន​ការ​តវ៉ា​ពី​លទ្ធផល​បោះឆ្នោត​នៅពេល​ខាងមុខ។

មន្ត្រី​សម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៦ មករា ថា បរិយាកាស​នយោបាយ​នៅមុន​ការ បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ឆ្នាំនេះ​ហាក់​មិនសូវ​អំណោយផល​នោះ​ទេ ពីព្រោះ​លោក​មើល​ឃើញ​ថា អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​រឹតត្បិត​ការ​ជួប​ប្រជុំ និង​រារាំង​មិន​ឱ្យ​លើក​ស្លាក​គណបក្ស​នយោបាយ​ជាដើម​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ យល់​ថា រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​កែលំអ​បរិយាកាស​នយោបាយ​ចាប់តាំងពី​ពេល​តទៅ ដើម្បី​ឱ្យ​គ្រប់​គណបក្ស​អាច​ធ្វើ​សកម្មភាព​ដោយ​ស្រប​តាម​ច្បាប់​បាន​ដោយ​សេរីភាព និង​ស្មើភាព​គ្នា​ឡើងវិញ៖ «ជាពិសេស​ស្ថានភាព​កូវីដ​នេះ​វា​គឺ​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ប្រមូល​ផ្ដុំ​គ្នា​ថែម​ទៀត រួម​ទាំង​ទីកន្លែង​ខ្លះ​មានការ​រើសអើង​ផ្នែក​នយោបាយ​ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​គណបក្ស​នយោបាយ​ពិបាក​ក្នុង​ការ​ប្រមូលផ្ដុំ​និង​ការ​ជជែក​និយាយ​ជាមួយគ្នា។ ទាក់ទង​នឹង​ការចោទប្រកាន់​ការ​ចាប់​សកម្មជន​គណបក្ស​នយោបាយ​ក៏​ជា​ផ្នែក​មួយ ដែល​ធ្វើ​ឱ្យ​បរិយាកាស​ហ្នឹង​វា​មិនល្អ​ប្រសើរ​ដែរ។ រដ្ឋាភិបាល​គួរតែ​ទម្លាក់​ការចោទប្រកាន់​រួម​ទាំង​បើក​សេរីភាព​ខាង​នយោបាយ​នេះ​ឱ្យ​ដំណើរការ​ទៅ​បាន​ល្អ​ប្រសើរ»

ដោយឡែក​ប្រធាន​ស្ដីទី​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍​ថា គណបក្ស​របស់​លោករង​ការ​គំរាមកំហែង​ជាច្រើន​ករណី មាន​ជាអាទិ៍ អាជ្ញាធរ​បាន​ចាប់​សកម្មជន​គណបក្ស​ខ្លួន​ម្នាក់ នៅ​ខេត្តឧត្ដរមានជ័យ​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​មាន​ជន​មិន​ស្គាល់​មុខ​បំផ្លាញ​ស្លាក​គណបក្ស​នៅ​ខេត្ត​សៀមរាប និង​ការរារាំង​សកម្មជន​មិន​ឱ្យ​លើក​ស្លាក​គណបក្ស​នៅ​ខេត្ត​បន្ទាយមានជ័យ កំពត និង​ខេត្ត​ត្បូងឃ្មុំ​ជាដើម​។ ជាង​នេះ​ទៅ​ទៀត គណបក្ស​នេះ​ពិបាក​រក​ជួល​ទីស្នាក់ការ​កណ្ដាល​បក្ស​ខេត្ត​ដើម្បី​ធ្វើ​សកម្មភាព​របស់​ខ្លួន​ឱ្យ​បាន​ទូលំទូលាយ​នៅ​មុន​ពេល​បោះឆ្នោត​បាន​ទេ ដោយ​ម្ចាស់ផ្ទះ​ខ្លះ​បាន​ធ្វើ​កិច្ចសន្យា​ព្រមព្រៀង​ហើយ តែ​លុបចោល​កិច្ចសន្យា​នោះ​វិញ ដោយសារ​មានការ​គំរាមកំហែង​ពី​អាជ្ញាធរ។ លោក​ចាត់ទុក​ទង្វើ​បែប​នេះ​ថា ជា​ការ​គំរាមកំហែង​បិទ​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ ដែល​ពិបាក​ដល់​ការ​ធ្វើ​សកម្មភាព​នយោបាយ៖ «យើង​ឃើញ​ហើយ​សកម្មភាព​បច្ចុប្បន្ន​នេះ​បើសិនណា​ប្រមូលផ្ដុំ​ធំ​វា​អាច​មនុស្ស​ចូល​ដល់​រាប់ពាន់​រាប់​ម៉ឺន​នាក់​ហើយ ព្រោះ​មាន​សន្ទុះ​ការ​គាំទ្រ​ហ្នឹង​យើង​ឃើញ​ថា ខុសប្លែក​ពីមុន​ច្រើនណាស់។ អីចឹង​យើង​ត្រូវការ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ក្នុង​ការ​ជួបជុំ រួម​ទាំង​សិទ្ធិ​ក្នុង​ធ្វើបាតុកម្ម​កូដកម្ម​អី​ទាំងអស់​ដែល​មាន​ចែង​ក្នុង​ច្បាប់​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ផង។ បើសិនណា​វា​ចង្អៀតចង្អល់​បរិយាកាស​ទាំងអស់​ហ្នឹង​លំហ​ហ្នឹង​វា​ចង្អៀត​ពេក​អាហ្នឹង​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​ហ្នឹង​កាន់តែ​រួញ​តូច​ហើយ​គណបក្ស​ដែល​ចូលរួម​ការ​បោះឆ្នោត​ហ្នឹង​ក៏​ពិបាក​ទទួលយក​ដែរ»

ទាក់ទង​នឹង​បញ្ហា​នេះ​ប្រធាន​អង្គការ​ភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​មិនទាន់​ទទួល​ព័ត៌មាន​ជុំវិញ​បញ្ហា​នេះ​នៅឡើយ​ទេ​។ យ៉ាងណា​លោក​អះអាង​ថា គណបក្ស​នយោបាយ​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ស្របច្បាប់ បាន​ដោយ​សេរី​។ លោក​ណែនាំ​គណបក្ស​ដែល​មាន​បញ្ហា​ទាំងឡាយ​អាច​ប្ដឹង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ឬ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ឱ្យ​ចាត់​វិធានការ​ទៅលើ​ជន​ប្រព្រឹត្ត​បាន៖ «បើសិនជា​ដឹង​នៅ​មូលដ្ឋាន​ណា​ពេលណា ហើយ​បក្ស​ភ្លើងទៀន​ហ្នឹង​មាន​ក្រដាស​ស្នាម​គ្រប់គ្រាន់​ហើយ​ឬ​នៅ​អី​យ៉ាងម៉េច​អី​យ៉ាងម៉េច​វា​ជា​រឿង​ទូទៅ​។ ជា​គោលការណ៍​គ្មាន​អ្នកណា​ទៅ​បង្ក្រាប ឬ​ទៅ​ប្រឆាំង​រឿង​ការ​លើក​ស្លាក​បក្ស​ទេ ព្រោះ​ជា​ការ​ផ្ទុយ​ហ្នឹង​ច្បាប់​។ ដូច្នេះ​សូម​ឱ្យ​សារព័ត៌មាន​ស្វែង​រក​ភស្តុតាង ឱ្យ​បាន​ច្បាស់​ដើម្បី​ដាក់​បន្ទុក»

វិទ្យុ​អាស៊ីសេរី​មិន​ទាច​ទាក់ទង​មន្ត្រី​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​..លោក ហង្ស ពុទ្ធា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី​១៦ មករា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នកទទួល។

ទោះជា​យ៉ាងណា​នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធាមី កត់សំគាល់​ថា បរិយាកាស​នៅមុន​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​នេះ ហាក់​មិន​អំណោយផល​ដូច​កាលពី​ឆ្នាំ​២០១៧​នោះ​ទេ​។ មន្ត្រី​ជំនាញ​ខាង​ឃ្លាំមើល​ការបោះឆ្នោត​រូប​នេះ បញ្ជាក់​ថា បញ្ហា​ទាំងនោះ​រួម​មាន រឹតត្បិត​សេរីភាព​ការសម្ដែង​មតិ​ដោយ​សន្តិវិធី ការ​មិន​ចុះបញ្ជី​គណបក្ស​នយោបាយ​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​បក្ស​កាន់អំណាច និង​ការ​រំខាន​ដល់​ការ​លើក​ស្លាក​គណបក្ស​ជាដើម៖ «ដល់​អីចឹង​វា​អត់​សេរីភាព​និង​យុត្តិធម៌​ទេ ដល់​រឹតត្បិត​គេ​មិន​ឱ្យ​សកម្មជន​នោះ។ ព្រោះ​វា​ប៉ះពាល់​សេរីភាព​ការបោះឆ្នោត យើង​ចង់ឱ្យ​រដ្ឋាភិបាល​បើកចំហ​បរិយាកាស​នយោបាយ កុំឱ្យ​រឹតត្បិត​ដូចជា​ទម្លាក់​ស្លាក​បក្ស កុំឱ្យ​មានការ​គំរាមកំហែង យើង​ចង់ឱ្យ​មានការ​បើកទូលាយ»

ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណិត​ទី​៥​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥​ខែ​មិថុនា ខាងមុខ។

កន្លង​មក​មាន​គណបក្ស​នយោបាយ​មួយ​ចំនួន បាន​ស្នើ​ឲ្យ​កែប្រែ​សមាសភាព​គ..ប ដែល​មក​ពី​គណបក្ស​កាន់អំណាច​តែមួយ មិន​អាច​ធ្វើ​ឲ្យ​ដំណើរការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ បាន​ឡើយ។ ពួកគាត់​ព្រមាន​ធ្វើ​ពហិការ មិន​ចូលរួម​ការបោះឆ្នោត​ប្រសិន​បើ គ..ប មិន​បាន​កែទម្រង់​សមាសភាព​នេះ​។ ប្រធាន​ស្ដីទី​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា និយាយ​ថា ប្រសិន​ការបោះឆ្នោត​នៅពេល​ខាងមុខ​មិន​មាន​តម្លាភាព​ទេ​នោះ គណបក្ស​លោក​នឹង​មិន​ទទួល​ស្គាល់​ការ​បោះឆ្នោត​នេះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។