ភរិយា​ជន​ពិការ​ម្នាក់​ដែល​គាំទ្រ​បក្ស​ប្រឆាំង​នៅ​ខេត្ត​សៀមរាប ​ស្នើ​សុំ​តុលាការ​ដោះលែង​ប្ដី​ឲ្យ​មាន​សេរីភាព

0:00 / 0:00

ភរិយា​ជន​ពិការ ​ដែល​និយាយ​រិះគន់​របប​ក្រុង​ភ្នំពេញ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ជាង​៣​ខែ​មក​នេះ អំពាវនាវ​ដល់​សាលា​ដំបូង​ខេត្ត​សៀមរាប ដោះលែង​ប្ដី​គាត់​ឲ្យ​មាន​សេរីភាព​វិញ ដើម្បី​បាន​វិល​មក​ជួប​ជុំ​ក្រុម​គ្រួសារ និង​មាន​ឱកាស​ប្រកប​របរ​លក់​វត្ថុ​អនុស្សាវរីយ៍​ចិញ្ចឹម​កូនស្រី​នៅ​តូច។ សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ផ្នែក​សិទ្ធិមនុស្ស​រំពឹង​ថា នៅ​ថ្ងៃ​ប្រកាស​សាលក្រម​នៅ​ចុង​ខែ​តុលា​នេះ ចៅ​ក្រម នឹង​ពិចារណា​គ្រប់​ជ្រុង​ជ្រោយ​ ហើយ​ទម្លាក់​បទ​ចោទ​ប្រឆាំង​នឹង​លោក ភុន យុទ្ធ ដែល​ជា​ជន​ពិការ​ ។

លោកស្រី មុំ វិត ដែល​ជា​ភរិយា​លោក ភុន យុទ្ធ ថ្លែង​ថា ក្នុង​រយៈ​ពេល​ជាង​៣​ខែ​កន្លងទៅ​នេះ រូប​គាត់​និង​កូនស្រី​អាយុ​៥​ឆ្នាំ រស់​នៅ​ខ្វះ​មុខ​ខ្វះ​ក្រោយ និង​ជំពាក់​ប្រាក់​អ្នក​ជិត​ខាង​ ព្រោះ​ប្រាក់​ដែល​រក​បាន​ពី​ការ​​លក់​វត្ថុ​អនុស្សាវរីយ៍ ត្រូវ​ចំណាយ​លើ​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ និង​ប្រាក់​មួយ​ចំណែក​ទៀត ត្រូវ​ទុក​ទៅ​មើល​ប្ដី​ដែល​កំពុង​ឃុំ​ក្នុង​ពន្ធនាគារ ក្រោយ​ពី​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយ​គ្មាន​មូល​ហេតុ កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា​កន្លង​ទៅ។

លោក​ស្រី បន្ត​ថា មុន​ពេល​មាន​រឿង​រ៉ាវ​កើត​ឡើង​ចំពោះ​លោក ភុន យុទ្ធ គ្រួសារ​របស់​លោកស្រី​រស់​នៅ​ដោយ​សុភមង្គល ព្រោះ​ប្ដី​គាត់​ដែល​ជា​ជន​ពិការ​ជើង​ពី​កំណើត​ អាច​រក​ចំណូល​បាន​ពី​៤ម៉ឺន​ទៅ​៥​ម៉ឺន​រៀល​ក្នុង​មួយ​យប់​ៗ ដោយ​គាត់​អង្គុយ​លើ​រទេះ​ពិការ លក់​ខ្សែ​ដៃ​អំបោះ​វេញ​ចេញ​ជា​ឈ្មោះ​ ឲ្យ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​នៅ​ផ្សារ​រាត្រី​ ក្នុង​ក្រុង​សៀមរាប៖ «គាត់​លក់​វត្ថុ​អនុស្សាវរីយ៍​ហ្នឹង​នៅ​លើ​រទេះ។ គាត់​លក់​ឲ្យ​ជនជាតិ។ គាត់​លក់​ហ្នឹង​ជាង​៣​ឆ្នាំ​ហើយ។ គាត់​លក់​វត្ថុ​ហ្នឹង​តាំង​ពី​គាត់​នៅ​កំលោះ។ និយាយ​រួម​ទៅ ខ្ញុំ​លក់​ខ្សែដៃ​របស់​ប្ដី ដល់​គាត់​គេ​ចាប់​ទៅ​បាត់​អ៊ីចឹង ខ្ញុំ​លក់​របស់​គាត់​ លក់​មិន​សូវ​ដាច់។ វា​បន្តិច​បន្តួច វា​បាន​ហូប​ចុក​មួយ​គ្រាៗ ដែរ»។

លោកស្រី មុំ វិត រៀប​រាប់​ទៀត​ថា ក្រោយ​ពេល​លោក ភុន យុទ្ធ ជាប់​ពន្ធនាគារ ភ្លាម​ៗ​ លោកស្រី​និង​កូន​ស្រី តែង​ទៅ​មើល​និង​សួរសុខទុក្ខ​ប្ដី​នៅ​ពន្ធនាគារ មួយ​សប្ដាហ៍​ម្តង។ លោកស្រី ឲ្យ​ដឹង​ថា​ ពេល​ទៅ​ជួប​ម្ដង​ៗ គឺ​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ៥​ម៉ឺន​រៀល ក្នុង​នោះ​ មាន​បង់​ឲ្យ​អនុរក្ស​ពន្ធនាគារ​១ម៉ឺន​រៀល បង់​ថ្លៃ​ទឹក​ភ្លើង​ និង​ទិញ​អាហារ​ហូប​ឲ្យ​លោក ភុន យុទ្ធ។ ប៉ុន្តែ​មួយ​រយៈកាល​ចុងក្រោយ​នេះ លោក​ស្រី​ខកខាន​មិន​បាន​ទៅ​សួរសុខទុក្ខ​ប្តី​ទៀត​ឡើយ ​ដោយសារ​គ្មាន​ថវិកា។

លោក​ស្រីថា ​ការ​ចាប់​ខ្លួន​ប្ដី​លោកស្រី​យក​ទៅ​ឃុំ​ខ្លួន​បែប​នោះ គឺ​ជា​រឿង​អយុត្តិធម៌ ចំពោះ​ជន​ពិការ​ដែល​មិន​អាច​ធ្វើ​អ្វី​បាន។ ស្ត្រី​វ័យ​ ២៦​ឆ្នាំ​រូប​នេះ​ ស្នើ​សុំ​ចៅក្រម​សាលា​ដំបូង​ខេត្ត​សៀមរាប​ដោះលែង​លោក ភុន យុទ្ធ ឲ្យ​មាន​សេរីភាព​វិញ ដើម្បី​បាន​ជួបជុំ​គ្រួសារ​ ហើយ​រក​ប្រាក់​ចិញ្ចឹម​កូន​ស្រី​ដែល​ជិត​ដល់​វ័យ​ត្រូវ​ចូល​រៀនផង៖ «សំណូមពរ​ឲ្យ​តុលាការ​ជួយ​ដោះ​លែង​គាត់​លើក​លែង​ទោស​ឲ្យ​គាត់​ទៅ ហើយ​ណា​មួយ​គាត់​ពិការ​ផង។ ដោះ​លែង​គាត់​ឲ្យ​ជួប​ប្រពន្ធ​កូន។ ឃុំ​ឃាំង​គាត់​ធ្វើ​អី ហើយ​គាត់​ពិការ​ជើង។ បើ​ឃុំ​គាត់​ទៅ បាន​អី​រក​ស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន»។

អ្នក​រត់​រ៉ឺម៉ក​កង់​បី​ម្នាក់​ដែល​តែង​តែ​ដឹក​លោក ភុន យុទ្ធ ទៅ​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​ផ្សារ​រាត្រី លោក ធឿន សារ៉ន ថ្លែង​ថា លោក ភុន យុទ្ធ គឺ​ជន​ពិការ​ម្នាក់ ខុស​ប្លែក​ពី​ជន​ពិការ​ដទៃ​ទៀត ដោយ​គាត់​ប្រឹង​ប្រែង​រស់​នៅ​ចិញ្ចឹម​គ្រួសារ តាម​លទ្ធភាព​ដែល​គាត់​រក​បាន៖ «ដល់​ពេល​គាត់​លក់​ចប់​ហើយ ខ្ញុំ​ទៅ​ជួយ​លើក​រទេះ​គាត់​មក ហើយ​គាត់​រំកិល​គូថ​មក ទម្រាំ​ចេញ​ផាប់​ស្ទ្រីត​ហ្នឹង ៥០​ម៉ែត្រ។ ពេល​ភ្ញៀវ​ខ្លះ​គេ​ស្រណោះ​អាណិត គេ​តាម​មើល​គេ​ឲ្យ​លុយ​ ១​រៀល​ ២​រៀល គ្រាន់​រួច​ថ្លៃ​រ៉ឺម៉ក​ហ្នឹង​បន្តិច​ទៅ។ ខ្ញុំ​សរសើរ​គាត់​ចំណុច គឺ​គាត់​មិន​សុខ​ចិត្ត​ទៅ​សុំ​ទាន​គេ។ បើ​សិន​ជា​គាត់​សុំ​ទាន​គេ ប្រហែល​គាត់​បាន​ច្រើន​ជាង​លក់​វត្ថុ​អនុស្សាវរីយ៍។ គាត់​អត់​ធ្វើ​តែ​ម្ដង​ខ្ញុំ​សរសើរ​កន្លែង​ហ្នឹង​តែ​ម្ដង។ បើ​លើក​ដៃ​សំពះ​សុំ​គេ​គេ​ខ្លោច​ចិត្ត​ហ្មងណា៎ ចុះ​មនុស្ស​កខ្វេង​កខ្វង់​អស់​អាលីង​ទៅ​ហើយ​សុខ​ចិត្ត​លក់​អ៊ីចឹង​ណា៎​បង»។

លោក ធឿន សារ៉ន ឲ្យ​ដឹង​ថា លោក ភុន យុទ្ធ ស្រក​ទម្ងន់​ច្រើន​ជាង​ពេល​គាត់​មិន​ទាន់​ជាប់​ឃុំ​បន្ទាប់​ពី​លោក​បាន​ទៅ​សួរ​ទុក្ខ​ទុក​នៅ​ពន្ធនាគារ៖ «ខ្ញុំ​ចូល​ទៅ​គាត់​ហ្នឹង ខ្ញុំ​ឃើញ​រលីងរលោង​ទឹក​ភ្នែក ហើយ​អ្នក​នៅ​ក្នុង​គុត​ទាំង​អស់​ក៏​គេ​ស្រណោះ​គាត់​ដែរ។ មួយៗ យក​គាត់​មក​ឲ្យ​ជួប​អ្នក​សួរ​សុខទុក្ខ មាន​តែ​អ្នក​ក្នុង​គុក​ជួយ​លើក​មក​ដាក់​លើ​កៅអី។ គាត់​ឡើង​មិន​រួច។ សូម្បី​តែ​អ្នក​នៅ​ក្នុង​គុក​ហ្នឹង គេ​អាណិត​ដល់​ហើយ។ គេ​ត្អូញ​ថា ដើរ​មិន​រួច​មក​ទុក្ខ​ទោស​ជាមួយ​គេ​ដែរ។ គេ​ថា កុំ​ព្រួយ​ពេក​ គ្មាន​អ្នក​ណា​ធ្វើ​បាប​គាត់​ទេ។ មាន​តែ​គេ​ស្រណោះ​គាត់​ហ្នឹង។ គាត់​កាវេច​កាវច់​អស់​អាលីង​ហើយ​ហ្នឹង។ អ្វីដែល​ធ្វើ​ឲ្យ​ដុត​រោល និង​ចាក់​ដោត​បំផុត​ហ្នឹង គាត់​ថា​មិន​ចាំបាច់​រស់​នៅ​ក្នុង​គុក សូម្បី​តែ​ខាង​ក្រៅ​ក៏​រស់​ពិបាក​ដែរ។ ពាក្យ​ហ្នឹង​ធ្វើ​ឲ្យ​យើង​ខ្លោច​ចិត្ត​ជំនួស​គាត់»។

នគរបាល​ខេត្ត​សៀមរាប​ បាន​ចាប់​ខ្លួន​លោក ភុន យុទ្ធ វ័យ ៣៦ឆ្នាំ នៅ​ផ្ទះ​ជួល​ក្រោយ​វត្ត​កេសារ៉ារ៉ាម កាល​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៨ ខែ​កក្កដា ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង និង​ជេរ​ប្រមាទ​ជា​សាធារណៈ។ ការ​ចាប់​ខ្លួន​នោះ ធ្វើ​ក្រោយ​ពេល​លោក ភុន យុទ្ធ ប្រើ​គណនេយ្យ​ហ្វេសប៊ុក​ឈ្មោះ "ខ្ញុំ​ចង់​បាន​នាយករដ្ឋមន្ត្រី​ថ្មី "និយាយ​រិះគន់​របប​ដឹកនាំ​សព្វ​ថ្ងៃ និង​ទាមទារ​ឲ្យ​លោក​ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង។ បច្ចុប្បន្ន​គណនេយ្យ​ហ្វេសប៊ុក​លោក ភុន យុទ្ធ មិន​អាច​រក​ឃើញ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទៀត​ឡើយ។

កាល​ពី​ថ្ងៃ​ទី៣ តុលា សាលា​ដំបូង​ខេត្ត​សៀមរាប បាន​បើកសវនាការ​លើ​អង្គសេចក្ដី​ ជំនុំជម្រះ​សំណុំ​រឿង លោក ភុន យុទ្ធ ទាក់ទង​នឹង​បទ​ចោទ ២ករណី រួម​មាន​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង និង​បទ​ជេរ​ប្រមាទ​ជា​សាធារណៈ​លើ​ថ្នាក់​ដឹកនាំ​របប​ក្រុង​ភ្នំពេញ។ ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ លោក ស៊ិន សុវណ្ណារ័ត្ន នឹង​ប្រកាស​សាលក្រម​សំណុំ​រឿង​ជន​ពិការ​រូប​នេះ នៅ​ថ្ងៃ​ទី៣០ ខែ​តុលា។

អ្នកនាំពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា រាល់​អ្នក​ហ៊ាន​ចេញ​មុខ​​រិះគន់​អំពី​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក អ្នក​ទាំង​នោះ​តែង​តែរង​ការ​ចោទ​ប្រកាន់​និង​ចាប់​ខ្លួន​ជានិច្ច ដោយ​ជាប់​ចោទ​ពី​បទ​ញុះញង់​និង​ជេរ​ប្រមាទ​ជា​សាធារណៈ។ លោក​យល់​ថា ថ្នាក់​ដឹក​នាំ​ប្រទេស គឺ​ជា​បុគ្គល​សាធារណៈ ដែល​គួរណាស់តែ​បើក​ចិត្ត​ឲ្យ​ទូលាយ ទទួល​យក​ការ​រិះគន់​ពី​គ្រប់​និន្នាការ​ទាំង​អស់ ដោយ​មិន​គួរ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ចំពោះ​ពលរដ្ឋ​ដែល​ហ៊ាន​ចេញ​មុខ​រិះគន់​បញ្ហា​សង្គម​នោះ​ឡើយ។ មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​រូប​នេះ ស្នើ​ដល់​តុលាការ​ខេត្ត​សៀមរាប ពិនិត្យ​មើល​សំណុំ​រឿង​ជន​ពិការ​នេះ ​ដោយ​ឈរ​លើ​សុភវិនិច្ឆ័យ​ត្រឹមត្រូវ និង​ឯករាជ្យ ក្នុង​ការ​ផ្ដល់​យុត្តិធម៌​ដល់​ជនជាប់ចោទ៖ «បើ​សិន​​ជា​អាច​នោះ អ្នក​អនុវត្ត​ច្បាប់​គួរ​តែ​ពិនិត្យ​មើល​បើ​មាន​ភស្តុតាង​ឬ​មាន​មាន​វិមតិសង្ស័យ​ដែល​បាន​ប្រយោជន៍​ដល់​ជនជាប់ចោទ​នោះ គួរ​ពិនិត្យ​ក្នុង​ចំណុច​ទាំង​អស់​នេះ​វិញ។ ហើយ​បើ​សិន​ការ​អនុវត្ត​ច្បាប់​មិន​បាន​ត្រឹម​ត្រូវ មិន​មាន​ភស្តុតាង មាន​វិមតិសង្ស័យ​ច្រើន​គួរ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នេះ ដើម្បី​ផ្ដល់​សិទ្ធ​សេរីភាព​ឲ្យ​គាត់ ដើម្បី​បាន​ជួប​ជុំ​ក្រុម​គ្រួសារ​និង​រក​ទទួល​ទាន។ គាត់​ជា​ជន​ពិការ​អ៊ីចឹង​ផង យើង​មើល​ទៅ​វា​ពិបាក​ភ្នែក​ក្នុង​ការ​មើល​ជន​ពិការ​ដែល​គាត់​គ្រាន់​តែ​បញ្ចេញ​មតិ​តាម​ទស្សនៈ​របស់​ពួកគាត់​ដែល​ពួកគាត់​មិន​សប្បាយ​ចិត្ត​នឹង​ការ​ដឹកនាំ​​របស់​រដ្ឋាភិបាល​ហ្នឹង បែរ​ជា​រង​គ្រោះ​នូវ​ការ​ដាក់​ទោស​ទណ្ឌ​អ៊ីចឹង​ទៅ​វិញ»។

ក្រុម​គ្រួសារ​និង​សង្គម​ស៊ីវិល​សង្ឃឹម​ថា សាលា​ដំបូង​ខេត្ត​សៀមរាប​នឹង​ទម្លាក់​ចោល​បទ​ចោទ​ករណី​លោក ភុន យុទ្ធ​នៅ​ថ្ងៃ​ទី៣០ តុលា​ដោយ​ផ្ដល់​​សេរីភាព​ដល់​ជន​ពិការ​រូប​នេះ ​បាន​ជួបជុំ​ក្រុម​គ្រួសារ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។