ពលករ​ខ្មែរ​នៅ​ថៃ​ប្រមាណ​ ៤​សែន​នាក់​នឹង​រួម​ដំណើរ​ជាមួយ​លោក សម រង្ស៊ី ​មក​កម្ពុជា ទោះ​មាន​ការ​ព្រមាន

ដោយ សន ចាន់រដ្ឋា
2019.01.25
សម រង្ស៊ី ចូល​ស្រុក ៦២២ ២០១៤ លោក សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ឆ្ពោះ​ទៅ​រមណីយដ្ឋាន​វត្ត​ភ្នំ នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA

ក្រុម​យុវជន និង​ក្រុម​ពលករ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ធ្វើការ​នៅ​ប្រទេស​ថៃ ប្ដេជ្ញា​ថា នឹង​រួម​ដំណើរ​ជាមួយ លោក សម រង្ស៊ី និង​ក្រុម​អ្នក​ប្រជាធិបតេយ្យ ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ពេល​ឆាប់ៗ។ ពួកគេ​អះអាង​​ថា ពួកគេ​មិន​ខ្លាច​ការ​រួម​ដំណើរ​​ជាមួយ​នឹង​ក្បួន​វិល​ចូល​ស្រុក​វិញ ​នៃ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង និង​ក្រុម​អ្នក​ប្រជាធិបតេយ្យ​នោះ​ទេ។

តំណាង​យុវជន​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ថៃ​ឱ្យ​ដឹង​ថា ក្រុម​យុវជន និង​ពលករ​នៅ​ក្រៅ​ប្រទេស មិន​ខ្លាចរអា​នឹង​សម្ដី​របស់​លោក ហ៊ុន សែន ដែល​គំរាម​ថា​នឹង​ចាប់ខ្លួន និង​តាម​ធ្វើទុក្ខបុកម្នេញ អ្នករួម​ដំណើរ​ជាមួយ​នឹង​ក្បួន​វិល​ចូល​ស្រុក​វិញ​នោះ​ទេ។

មេដឹកនាំ​ការ​ប្រមូល​យុវជន និង​ពលករ​ចំណាកស្រុក​ម្នាក់ លោក លី រតនរស្មី ប្រាប់​អាស៊ីសេរី​ថា ទឹកចិត្ត​របស់​យុវជន និង​ពលករ​ចំណាកស្រុក ស្វិតស្វាញ​ណាស់​ក្នុង​រឿង​នេះ។ លោក​ប៉ាន់ស្មាន និង​រំពឹង​ទុក​ថា យ៉ាងហោចណាស់ មាន​យុវជន និង​ពលករ​ចំណាកស្រុក ប្រមាណ ៤​សែន​នាក់ នឹង​រួម ដំណើរ​ជាមួយ​លោក សម រង្ស៊ី និង​អ្នកនយោបាយ​ដទៃ​ទៀត​វិល​ចូល​ស្រុក​វិញ នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ៖ «យើង​បាន​រៀបចំខ្លួន​ជាស្រេច​ដើម្បី​នឹង​ដើរ​ចូល​ទៅ ជាមួយ​លោក​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​បងប្អូន​ជនរួមជាតិ ក៏ដូចជា​បងប្អូន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ វា​សំខាន់​បំផុត​សម្រាប់​ពួក​យើង​ទាំងអស់​គ្នា គឺ​យើង​ដើរចូល​នេះ​ដើម្បី​ទាមទារ មិនមែន​ក្នុង​ន័យ​ថា​ដើរ​តាម​លោក​ប្រធាន សម រង្ស៊ី ម្នាក់​ទេ គឺ​យើង​មាន​លោក​ប្រធាន កឹម សុខា គឺជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ យើង​ទៅ​នេះ គឺ​យើង​ទាមទារ​ឱ្យ ដើម្បី​ឱ្យ​របប​លោក ហ៊ុន សែន ដែល​យើង​ហៅថា​របប​ក្រុងភ្នំពេញ​នេះ ប្រគល់​នូវ​អ្វី​ទាំងអស់​មក​គណបក្ស​សង្គ្រោះជាតិ​មកវិញ»

លោក លី រតនរស្មី អះអាង​បន្ថែម​ថា ការ​ក្រោក​ទាមទារ​របស់​ក្រុម​ពលករ​ខ្មែរ​ចំណាកស្រុក​នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​ជូន​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្រោម​របប​ក្រុងភ្នំពេញ និង​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​គោរព​លទ្ធិប្រជាធិបតេយ្យ ឱ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ។

ចំណែក តំណាង​យុវជន និង​ពលករ​នៅ​ឯ​ប្រទេស​កូរ៉េ​ខាងត្បូង​ឯណោះ​វិញ ក៏​គាំទ្រ​ការ​វិល​ត្រលប់​របស់​លោក សម រង្ស៊ី និង​ក្រុម​អ្នក​ប្រជាធិបតេយ្យ ចូល​កម្ពុជា​វិញ​ដែរ។ លោក យឹម ស៊ីណន ​ប្រសាសន៍​ថា ថ្វីត្បិតតែ​នៅ​ឆ្ងាយ ក្រុម​លោក ចូលរួម​សាទរ​ចំពោះ​ការ​វិល​ចូល​ស្រុក​វិញ​នេះ៖ «មិន​ត្រឹមតែ​យុវជន​នៅ​កូរ៉េ យុវជន​នៅ​ថៃ យុវជន​នៅ​ជប៉ុន និង​នៅ​ម៉ាឡេស៊ី ឬក៏​មហាជន​ទូទាំង​ពិភពលោក​ទេ ដែល​គេ​ស្រលាញ់​ដែល​គេ​ស្រលាញ់​សេរីភាព ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ គឺ​ចង់​ឃើញ​ការ​វិលត្រឡប់​ទៅវិញ​របស់​លោក សម រង្ស៊ី និង​សមាជិក​របស់​គណបក្ស​សង្គ្រោះជាតិ​ទាំងអស់។ យើង​ដឹង​ហើយ​ថា ការ​ធ្វើ​នយោបាយ​ជោគជ័យ​ទៅ​បាន ឬ​លទ្ធផល វា​អាស្រ័យ​លើ​សកម្មភាព​នៅ​ក្នុង​ប្រទេស។ អ៊ីចឹង​ខ្ញុំ​ជឿ​ថា នេះ​គឺជា​ជីវិត​នយោបាយ​ចុងក្រោយ​របស់​លោក​ប្រធាន សម រង្ស៊ី ដែល​គាត់​បាន​សន្សំ ដែល​គាត់​បាន​កសាង​រយៈពេល​ជាង ម្ភៃ​ឆ្នាំ​មកនេះ គឺជា​ជីវិត​នយោបាយ​ចុងក្រោយ​របស់​គាត់។ ខ្ញុំ​សប្បាយចិត្ត ហើយ​ក្នុងនាម​ចលនា​យុវជន​សង្គ្រោះជាតិ នៅ​កូរ៉េ ក៏​មាន​ការ​គាំទ្រ​ខ្ពស់​ផង​ដែរ ដែល​បាន​ឮ​ដំណឹង និង​ការសម្រេច​របស់​គណៈ អចិន្ត្រៃយ៍ ក៏ដូចជា​ការប្រជុំ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ដែល​តម្រូវ និង​សម្រេច​ឱ្យ​គាត់​ចូល​ទៅ​កម្ពុជា​វិញ»

ទន្ទឹម​និង​នេះ លោក ស៊ីណន មាន​ប្រសាសន៍ថា លោក​កំពុងតែ​រៀបចំ​ការ​ជួបជុំ​ដ៏​ធំ​មួយ​នៃ​អ្នក​និយម​ប្រជាធិបតេយ្យ​នៅ​ទី​នៅ​ក្រុង​សេអ៊ូល និង​ក្រុង​ខ្វា​ជូ នៃ​ប្រទេស​កូរ៉េខាងត្បូង។ ការ​ជួបជុំ​ដែល​នឹង​មាន​ការចូលរួម​ពី​អ្នកនយោបាយ តំណាង​អង្គការ​សង្គម​ស៊ីវិល រួម​និង​អ្នក​តាមដាន និង​អ្នកវិភាគ​នយោបាយ​ផង​នោះ នឹង​គ្រោង​ធ្វើ​រយៈពេល​បី​ថ្ងៃ ហើយ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា ជា​សមាជ​អ្នក​ប្រជាធិបតេយ្យ​ដើម្បី​សង្គ្រោះជាតិ។

ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ និង​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ពី​គ្រប់ទិសទី​នា​ពេល​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់ពី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី បាន​ប្ដេជ្ញា​ថា នឹង​ត្រឡប់​ចូល​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ ដើម្បី​តស៊ូ​ប្រឆាំង​នឹង​របប​របស់​លោក ហ៊ុន សែន។

កាលពី​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០១៩ មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន​បាន​ជួប​ប្រជុំគ្នា នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត សហរដ្ឋអាមេរិក ដើម្បី​ពិភាក្សា​លើ​ផែនការ​នៃ ការ​វិលត្រឡប់​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី។ ការប្រជុំ​នេះ​បានសម្រេច​អនុវត្តន៍​នូវ​វិធានការ​មួយ​ចំនួន ដូចជា​ការរៀបចំ​បង្កើត​ក្រុមការងារ​សម្រាប់​ទទួល លោក សម រង្ស៊ី ការ​ពង្រីក​សកម្មភាព​ការទូត ពង្រីក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជុំវិញ​បញ្ហា​កម្ពុជា ទំនាក់ទំនង​ជាមួយ​អ្នក​ប្រជាធិបតេយ្យ និង​ផែនការ​ថវិកា​ជាដើម។

មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន កាល​ថ្ងៃ​ទី២៥ ខែ​មករា បាន​ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​កម្មករ​ថា លោក​កំពុង​រង់ចាំ ការ​វិលត្រឡប់​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី យ៉ាង​អន្ទះសា ប៉ុន្តែ​លោក​រំឭក​ដល់​អ្នក​អម​ដំណើរ​ផ្សេងទៀត កុំ​ឱ្យ​ចូលរួម​ប្រសិនបើ​មិន​ចង់​ចូល​គុក​នោះ​ទេ។ លោក​ព្រមាន​ថា​លោក​នឹង​ចាត់ការ បើ​ទោះ​បី​ជា​មាន​វត្តមាន​របស់​មន្ត្រី​អង្គការសហប្រជាជាតិ​អម​ដំណើរ​មក​ជាមួយ​យ៉ាង​ណា​ក្តី៖ «ប្រកាស​ទៅ ផែនការ រៀបចំ​យ៉ាងម៉េច អី​យ៉ាងម៉េច? អាណា ទៅ​ពី​ខាង​ណា​? ទៅ​ព្រលាន​យន្តហោះ​ណា​? ស្អី​កន្លែង​ណា​? ទៅ​រង់ចាំ​ត្រង់ណា​? អង្គការសហប្រជាជាតិ​អម​ដំណើរ​មក​ពេលណា​? ធ្វើ​ទៅ​! អញ្ជើញ តើ​! ហ៊ុន សែន ចាត់ការ​របៀប​ណា​? ខ្ញុំ​អត់​ចង់​តមាត់ ត​ក​អី​ទេ ព្រោះ​ខ្ញុំ​ចង់​ឱ្យ​អ្នក​មក​ទីកន្លែង​ដែល​អ្នក​ត្រូវ​នៅ តាម​សាលក្រម​របស់​តុលាការ ខ្ញុំ​ចង់​ណាស់ ខ្ញុំ​ចាំ ខ្ញុំ​រង់ចាំ​អន្ទះសា យ៉ាង​អន្ទះសា។ អ្នក​ត្រូវ​ដឹង​សាលក្រម​របស់​តុលាការ ម្សិលមិញ​សម្ដេច​ក្រឡាហោម បាន​ប្រកាស​ហើយ​ថា បាន​ទទួល​ដីកាចាប់ខ្លួន​អាហ្នឹង​ហើយ ដូច្នេះ​មាន​ស្អី? ស្ដាយ​ណាស់​ដែល​ឱ្យ​អ្នកឯង​រត់​រួច ហើយ​ឥឡូវ​បាន​អ្នកឯង​មកវិញ គឺ​ស្មើនឹង​រក​អុស​ប្រទះ​ឈើ​ងាប់ ហើយ​អ្នក​ដែល​មិន​ពាក់ព័ន្ធ មិន​ចង់​ចូល​គុក កុំ​ចង់​ចូល​ប្រថុយ​ជាមួយ»

បើទោះបីជា​មានការ​ព្រមាន​ធ្ងន់ៗ​ពី​សំណាក់​មេដឹកនាំ​របប​ក្រុងភ្នំពេញ យ៉ាង​នេះ​ក្អី ក៏​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ធ្វើ​ការ​ចំណាកស្រុក​នៅ​ក្រៅ​ប្រទេស នៅតែ​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ចូលរួម​ជាមួយ​លោក សម រង្ស៊ី ដើម្បី​វិលត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ។

តំណាង​យុវជន​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស នៅតែ​ជឿជាក់​ថា ការ​លះបង់​របស់​លោក សម រង្ស៊ី ក្រុម​អ្នកនយោបាយ​ប្រឆាំង និង​ក្រុម​អ្នក​ប្រជាធិបតេយ្យ នៅ​ពេល​នេះ អាច​នឹង​ប្ដូរ​បាន​មក​វិញ​នូវ​អ្វីមួយ​សម្រាប់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ និង​ប្រទេស​កម្ពុជា​ជាមិនខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។