ក្រុមយុវជន និងពលរដ្ឋ ស្នើឲ្យរដ្ឋាភិបាលបង្ហាញពីគម្រោងអភិវឌ្ឍន៍តាមបណ្តោយព្រំដែនឲ្យច្បាស់លាស់ និងគ្រប់គ្រងដែនរដ្ឋបាលព្រំដែនឱ្យត្រឹមត្រូវ ជាពិសេស ត្រូវរកយន្តការបំបាត់អំពើពុករលួយ។ ពួកគេអះអាងថា សមត្ថភាពការពារព្រំដែនរបស់រដ្ឋាភិបាល នៅខ្វះចន្លោះច្រើន បើធៀបប្រទេសជិតខាង និងគ្មានការអភិវឌ្ឍតាមព្រំដែនជាច្រើនទសវត្សរ៍មកហើយ។
ក្រុមយុវជន និងពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនមានទស្សនៈថា ការអភិវឌ្ឍតាមព្រំដែន និង ការគ្រប់គ្រងរដ្ឋបាលឱ្យច្បាស់លាស់ គឺជាចំណុចសំខាន់ ដែលទាមទារឲ្យរដ្ឋាភិបាល ត្រូវគិតជាចម្បង និងត្រូវបង្កើតច្បាប់បញ្ញត្តិ ឬលិខិតបទដ្ឋាននានា ធ្វើយ៉ាងណាគ្រប់គ្រង និងការពារព្រំដែនឱ្យរឹងមាំ។ ទន្ទឹមនឹងនេះ ពួកគេថា រដ្ឋាភិបាលត្រូវបង្ហាញភាពច្បាស់លាស់ ក្នុងការលុបបំបាត់អំពើពុករលួយ ហាមមិនឲ្យមន្ត្រីខ្មែរលក់ខ្លួន ឬបម្រើប្រទេសជិតខាងដោយសារប្រយោជន៍ផ្ទាល់ខ្លួនជាដើម។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ និងជាសមាជិកក្រុមការងារ ១០០រាត្រី លោក មួង សូនី ឲ្យដឹងនៅថ្ងៃទី២៧ តុលាថា មានបញ្ហាប្រឈមជាច្រើន ដែលរដ្ឋាភិបាលខ្វះចន្លោះ ក្នុងការអភិវឌ្ឍតាមព្រំដែន ធ្វើឲ្យប៉ះពាល់ជីវភាពប្រជាជននៅតំបន់នោះ និងអធិបតេយ្យជាតិ។ លោកចង់ឃើញរដ្ឋាភិបាលបង្ហាញពីគម្រោង អភិវឌ្ឍន៍តាមបណ្តោយព្រំដែនឱ្យជាក់លាក់ ដោយត្រូវដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់គ្រប់គ្រងថវិកាជាតិឆ្នាំ២០២០ ជាអាទិភាព ជាពិសេស ត្រូវបង្ហាញពីទំហំថវិកាជាតិ ដើម្បីអភិវឌ្ឍន៍ផ្លូវថ្នល់ សាលារៀន អគ្គិសនី និងប្រព័ន្ធធារាសាស្ត្រនៅតាមព្រំដែនឲ្យឆាប់រហ័ស៖ «ចង់ស្នើទី១ ទៅកាន់រដ្ឋាភិបាល ឱ្យដាក់គម្រោងអភិវឌ្ឍន៍តាមព្រំដែនកម្ពុជាវៀតណាម ដោយមានភាពច្បាស់លាស់ប្រាកដប្រជានូវទំហំទឹកប្រាក់ ប្រាកដនិយម ដើម្បីអភិវឌ្ឍន៍ឲ្យបានរហ័ស។ ជួយជំរុញ បង្កើតច្បាប់បទបញ្ញត្តិនានា ក្នុងការគ្រប់គ្រងរដ្ឋបាលឲ្យច្បាស់លាស់ ដើម្បីកុំឲ្យមានអំពើពុករលួយ » ។
លោក មួង សូនី សង្កេតឃើញថា នៅតាមបណ្តោយព្រំដែនកម្ពុជា និងវៀតណាមជាង ១ពាន់គីឡូម៉ែត្រ ភាគច្រើន ពុំសូវមានការអភិវឌ្ឍនោះទេ ធ្វើឱ្យពលរដ្ឋលំបាករស់នៅ ជាពិសេស ងាយនឹងធ្វើឲ្យកម្ពុជា របូតដីទៅទៀតណាមគ្រប់គ្រង។ លោកថា បច្ចុប្បន្នពលដ្ឋខ្មែរភាគច្រើន រស់នៅតាមព្រំដែន គ្មានទឹកស្អាត និងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ហើយក៏មានពលរដ្ឋខ្មែរមួយចំនួនធំ បានទិញអគ្គិសនីពីអាជ្ញាធរវៀតណាម៖ «កាលណាយើងមិនអភិវឌ្ឍន៍តាមព្រំដែន វាបន្ថយចំនួនមនុស្សខ្មែររស់នៅតាមព្រំដែន អត់មានការរីកចម្រើន ហើយវៀតណាមចេញតែចូលមក វាប៉ះពាល់អធិបតេយ្យ និងបាត់បង់ទឹកដី។ យើងអត់ធ្វើរបងការពារព្រំរបងការពារ គេនឹងរំកិល។ យើងមានបង្គោលព្រំដែន គឺគេយកពលរដ្ឋទៅធ្វើរបង គឺពលរដ្ឋ និងការអភិវឌ្ឍហ្នឹងហើយ » ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ការពារព្រំដែនលើគ្រប់វិស័យ រួមមាន វិស័យការពារជាតិ សន្តិសុខ និងការអភិវឌ្ឍតាមព្រំដែន ជាពិសេស រដ្ឋាភិបាលបានកសាងលំនៅឋានជូនគ្រួសារយុទ្ធជន ដែលកំពុងឈរជើងការពារព្រំដែន។ លោកថា រដ្ឋាភិបាលបានបង្ហាញខ្ទង់ចំណាយថវិកាជាតិរួចរាល់ហើយ ក្នុងការពង្រឹងវិស័យសន្តិសុខជាតិ និងសន្តិសុខសង្គមនៅតាមព្រំដែន។ ក្រៅពីនេះ លោកបញ្ជាក់ថា អាជ្ញាធរបានសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនរួចរាល់ហើយដែរ និងបានបញ្ជូនតម្រូតការពារព្រំដែន ឱ្យឈរជើងប្រចាំការគ្រប់តំបន់។ លោកផ្តាំឲ្យក្រុមនិស្សិត គួរតែស្រាវជ្រាវឲ្យច្បាស់ជាងនេះ ហើយបើមិនទាន់ច្បាស់លាស់ទេ លោកថា លោកនឹងជូនទៅមើលការអភិវឌ្ឍតាមព្រំដែន៖ «គឺវិស័យការពារជាតិនៅហ្នឹង ទាហាន និងតម្រូវនៅហ្នឹង។ បញ្ហាទី២ យើងធ្វើការអភិវឌ្ឍ ដូចជា តំបន់សេដ្ឋកិច្ចនៅហ្នឹង យើងធ្វើបណ្តើៗ។ វិស័យគមនាគមន៍យើងធ្វើខ្សែក្រវ៉ាត់តាមបណ្តោយព្រំដែនយើងធ្វើរួចហើយ យើងគ្មានកៅស៊ូត្រឹមត្រូវ តែយើងមានផ្លូវតាមព្រំដែន » ។
ទោះជាយ៉ាងណា ពលរដ្ឋរស់នៅជិតព្រំដែនកម្ពុជាវៀតណាម ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង ថ្លែងសុំលាក់ឈ្មោះ ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៧ តុលាថា ស្ថានភាពរស់នៅរបស់ប្រជាជនខ្មែរតាមព្រំដែននៅខេត្តនេះភាគច្រើន គ្មានអគ្គិសនីប្រើប្រាស់គ្រាប់គ្រាន់ និងខ្វះទឹកស្អាតជាដើម។ រីឯផ្លូវថ្នល់ ប្រឡាយទឹក និងប្រព័ន្ធធារាសាស្ត្រ ក៏មិនឃើញរដ្ឋាភិបាលយកចិត្តទុកដាក់ស្ថាបនា ជាច្រើនឆ្នាំមកហើយ ធ្វើឲ្យពលរដ្ឋលំបាកធ្វើស្រែចម្ការ៖ «ការអភិវឌ្ឍតាមព្រំដែននៅមានកម្រិតនៅឡើយទេ មិនទាន់មានឃើញកត់សម្គាល់ធំដុំទេនៅ។ ភាគច្រើនពលរដ្ឋ ធ្វើចំណាកស្រុកខ្លះទៅរោងចក្រ និងខ្លះទៅថៃច្រើន។ យើងទិញរបស់គេហូប ដូចមិនឃើញមានអីទេ » ។
របាយការណ៍របស់ក្រុមការងារ ១០០រាត្រី បង្ហាញថា នៅខេត្តតាកែវ ក្នុងស្រុកចំនួន ២ គឺស្រុកបូរីជលសារ និងស្រុកគិរីវង្ស មានច្រកព្រំដែនអន្តរជាតិភ្នំដិន ច្រករបៀងកំណប់ និងច្រកថ្មបីដុំ ឋិតនៅចន្លោះបង្គោលព្រំដែនលេខ២៦៥ ដល់បង្គោលលេខ ២៧៥ គឺស្ថានភាពព្រំដែននៅតំបន់នោះ គ្មានការអភិវឌ្ឍនោះទេ។ ប្រជាជនខ្មែរ ធ្វើចំណាកស្រុកស្ងាត់ភូមិ ហើយស្រូវស្រែខ្លះគ្មានអ្នកធ្វើ និងជួលឱ្យវៀតណាម ដែលផ្ទុយគ្នាដាច់ស្រឡះពីប្រទេសវៀតណាម មានហេដ្ឋារចនាសម្ព័ន្ធ និងប្រជាជនរស់នៅច្រើនស្អេកស្កះ។ លើសពីនេះ នៅតាមបណ្ដោយព្រំដែនខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ ក៏ទិដ្ឋភាពព្រំដែនមានលក្ខណៈដូចគ្នានេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។