"ការ​គំរាម​កំហែង​នឹង​កាន់​តែ​ធ្វើ​ឱ្យ​យុវជន​ខឹងសម្បា​ខ្លាំង​ហើយ​កាន់តែ​មិន​ទៅ​បោះឆ្នោត"

អ្នកវិភាគ​នយោបាយ​វ័យក្មេង និង​អ្នក​ធ្វើការ​ជាមួយ​ក្រុម​យុវជន​យល់​ថា ការ​គំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ​ក្រុងភ្នំពេញ និង​ស្ថាប័ន​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ​អ្នកនយោបាយ​ណាមួយ​ទាក់ទង​នឹង​សិទ្ធិ​បោះឆ្នោត នឹង​ធ្វើ​ឱ្យ​យុវជន​កាន់តែ​ខឹងសម្បា​ខ្លាំង លែង​ទៅ​បោះឆ្នោត។ ការ​លើកឡើង​នេះ គឺ​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ និង​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ព្រមាន​វិធានការ​ផ្លូវ​ច្បាប់ លើ​អ្នក​អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត និង​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត ប្រសិនបើ​ហ៊ាន​ចេញ​របាយការណ៍​ប៉ះពាល់​ភាព​ត្រឹមត្រូវ​របស់​គ.ជ.ប។

អ្នកវិភាគ និង​ក្រុម​យុវជន ចាត់​ទុក​ការ​គំរាមកំហែង​បែបនេះ​ថា មិនបាន​ផ្ដល់​ប្រយោជន៍​សម្រាប់​របប​ក្រុងភ្នំពេញ និង​ដំណើរការ​បោះឆ្នោត​ទេ។

សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក បុង ដែត យល់ថា យុវជន​ភាគច្រើន នឹង​មិន​ទៅ​បោះឆ្នោត​ទេ ព្រោះ​ពួកគេ​មើល​ឃើញ​ថា ការបោះឆ្នោត​អាណត្តិ​នេះ នឹង​មិន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ ដែល​ក្រុម​យុវជន​ជំនាន់​ក្រោយ​ចង់បាន​នោះ​ទេ។ លោក​បន្ថែម​ថា បើ​ទោះ​ជា​របប​ក្រុងភ្នំពេញ ឬ​គ.ជ.ប មាន​ការ​គំរាម​កំហែង​ក៏ដោយ ក៏​យុវជន​មិន​ខ្លាច​ដែរ ព្រោះ​យុវជន​មាន​ចំណេះដឹង និង​ចេះ​វិភាគ​ស៊ីជម្រៅ ពី​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ឬ​ក្លែងក្លាយ។ លោក​បន្ត​ថា បើ​ចង់​ឱ្យ​មានការ​ចូលរួម​ច្រើន​ក្នុង​ដំណើរការ​បោះឆ្នោត របប​ក្រុងភ្នំពេញ ត្រូវ​បើក​លំហ​ប្រជាធិបតេយ្យ​ឡើងវិញ។ «»

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ កាលពី​ថ្ងៃ​ទី​១៩ ឧសភា ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក ដកស្រង់​សម្ដី​ថា ក្រសួងមហាផ្ទៃ​នឹង​ប្ដឹង​ទៅ​តុលាការ ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ មន្ត្រី​បក្ស​ប្រឆាំង ដែល​បាន​អំពាវនាវ មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត។ មិន​ដឹង​ថា​សំអាង​លើ​ច្បាប់​អ្វី​ទេ ប៉ុន្តែ អ្នកនាំពាក្យ​រូប​នេះ បាន​ប្រាប់​វិទ្យុ​ក្នុងស្រុក​មួយ​ថា ការព្រមាន​ចាត់វិធានការ​រឹបអូស​យក​ទ្រព្យសម្បត្តិ​បែប​នេះ ពីព្រោះ​សមត្ថកិច្ច​ពិបាក​ចាប់ខ្លួន​ពួក​អ្នក​អំពាវនាវ​ទាំងអស់​នោះ ដោយ​ពួកគេ​មិន​មាន​វត្ត​មាននៅ​កម្ពុជា។

ចំណែក អ្នកនាំពាក្យ​គ.ជ.ប លោក ហង្ស ពុទ្ធា វិញ ត្រូវ​បាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ស្រង់​សម្ដី ដោយ​លោក​បាន​ព្រមាន​ចំ​ឈ្មោះ អង្គការ​សង្គម​ស៊ីវិល​ចំនួន ២ ដែល​ធ្វើការ​លើ​វិស័យ​បោះឆ្នោត ថា​ត្រូវតែ​ទទួលខុសត្រូវ បើ​ពួកគេ​ហ៊ាន​ចេញ​សេចក្ដីថ្លែងការណ៍ ឬ​របាយការណ៍​ឱ្យ​ប៉ះពាល់​ដល់​ភាព​ត្រឹមត្រូវ សុចរិត​ភាព និង​អព្យាក្រឹតភាព​របស់​គ.ជ.ប ខណៈ​ពួកគេ​មិន​បញ្ជូន​អ្នកសង្កេតការណ៍​ចូលរួម។

អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ទាំងពីរ​នោះ គឺ អង្គការ​និចហ្វិ​ច (Nicfec) និង​អង្គការ​ខុមហ្វ្រែល (Comfrel ) គឺ​បន្ទាប់ពី​អង្គការ​ទាំងពីរ ប្រកាស​ដក​ខ្លួន ពី​ការ​ចូលរួម​ចុះ​ឈ្មោះ​សង្កេតការណ៍​ដំណើរការ​បោះឆ្នោត​ខាងក្នុង​ការិយាល័យ​ជាមួយ​គ.ជ.ប ប៉ុន្តែ​នៅតែ​ឃ្លាំមើល​ពី​ខាងក្រៅ​ការិយាល័យ ដូច​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ធម្មតា។

បន្ថែម​ពី​នេះ មន្ត្រី​ជាន់ខ្ពស់​របប​ក្រុងភ្នំពេញ បាន​ព្រមាន​យុវជន និង​ពលរដ្ឋ​ថា ប្រសិនបើ​មិន​ទៅ​បោះឆ្នោត​ទេ ក្រុមហ៊ុន​ឯកជន ស្ថាប័នរដ្ឋ នឹង​មិន​ទទួល​ឱ្យ​ចូល​ធ្វើ​ការ ឬ​ជា​ក្រុម​គាំទ្រ​ពួក​ឧទ្ទាម​ជាដើម។ ពលរដ្ឋ​ខ្លះ ក៏​បង្ហាញ​ការ​មិន​ពេញចិត្ត ចំពោះ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​ធ្លាប់​លើកឡើង​ថា អ្នក​ដែល​ទៅ​បោះឆ្នោត ជា​អ្នក​គាំទ្រ ពេញចិត្ត​របប​ផ្ដាច់ការ។ យុវជន ថា ការ​សម្រេចចិត្ត​ទៅ​បោះឆ្នោត ឬ​មិន​ទៅ ជា​សិទ្ធិ​របស់​ពួកគាត់។

នាយក​ប្រតិបត្តិ​អង្គការ​ស្ម័គ្រចិត្ត​ដើម្បី​សង្គម ដែល​ជា​អង្គការ​ធ្វើការ​ស្និទ្ធ​នឹង​យុវជន លោក ប៉ែន សុមុនី សង្កេត​ឃើញ​ថា បច្ចុប្បន្ន​មាន​យុវជន​ខ្លះ បាន​បង្ហាញ​ការ​មិន​ពេញចិត្ត នឹង​ដំណើរការ​បោះឆ្នោត ព្រោះតែ​អវត្តមាន​បក្ស​ប្រឆាំង ប៉ុន្តែ ក៏​មាន​យុវជន​ខ្លះ នៅតែ​បង្ហាញ​ការ​គាំទ្រ​ដែរ។ លោក ប៉ែន សុមុនី យល់ថា ការ​ប្រើប្រាស់​វិធីសាស្ត្រ​គំរាម​យុវជន បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​បោះឆ្នោត​របស់​អ្នកបោះឆ្នោត ព្រោះ​សិទ្ធិ​ទៅ​បោះឆ្នោត ឬ​មិន​ទៅ ជា​សិទ្ធិ​ផ្ទាល់ខ្លួន​របស់​ពលរដ្ឋ​ជា​អ្នក​សម្រេច ដោយ​មិន​ត្រូវ​បង្ខិតបង្ខំ​ទេ។ «»

សង្គម​ស៊ីវិល​ធ្វើការ​ឃ្លាំមើល​ការបោះឆ្នោត ធ្លាប់​ផ្ដល់​អនុសាសន៍​ឱ្យ​គ.ជ.ប ចាត់វិធានការ​ចំពោះ​ជន​ដែល​គំរាម និង​បំភិតបំភ័យ​អង្គ​បោះឆ្នោត។ អ្នកវិភាគ​ផ្ដល់​អនុសាសន៍​ឱ្យ​របប​ក្រុងភ្នំពេញ និង​គ.ជ.ប គួរ​កុំ​ប្រើប្រាស់​វិធីសាស្ត្រ​គំរាម យុវជន​ឱ្យ​សោះ ព្រោះ​វិធីសាស្ត្រ​នេះ នឹង​ធ្វើ​ឱ្យ​យុវជន កាន់​តែ​ខឹងសម្បា លែង​ទៅ​បោះឆ្នោត​តាម​ការ​ចង់​បាន​ពី​របប​ក្រុងភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។