យុវជនមួយចំនួនដែលតាមដានស្ថានការណ៍សង្គម មានប្រតិកម្មថា ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ធ្វើឡើងដើម្បីពង្រឹងអំណាចលោក ហ៊ុន សែន កាន់តែខ្លាំង និងមិនបម្រើឱ្យផលប្រយោជន៍សាធារណៈនោះទេ។
អ្នកសិក្សាផ្នែកច្បាប់ យុវជន វ៉ន ចាន់ឡូត មើលឃើញថា ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ននេះ មិនបានឆ្លុះបញ្ចាំងអំពីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋឡើយ ពីព្រោះច្បាប់នេះធ្វើឡើងក្នុងពេលកម្ពុជាកំពុងគ្រប់គ្រងដោយរបបបក្សតែមួយ និងតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកយល់ថា ច្បាប់ថ្មីនេះនឹងក្លាយជាសត្រូវនៃដំណើរប្រជាធិបតេយ្យរបស់កម្ពុជា ដោយសារខ្លឹមសារច្បាប់នេះបើកផ្លូវឱ្យអ្នកកាន់អំណាចកម្រិតសិទ្ធិសេរីភាពរបស់ពលរដ្ឋតាមតែអំពើចិត្ត។ យុវជនរូបនេះបារម្ភថា ការមានច្បាប់នេះនឹងអាចធ្វើឱ្យកម្ពុជារអិលធ្លាក់ទៅរករបបដឹកនាំបែបយោធានិយម ឬកុម្មុយនិស្តនិយមនៅថ្ងៃខាងមុខ៖ «នៅពេលដែលច្បាប់បង្កភាពងាយស្រួលដល់រដ្ឋាភិបាលក្នុងការបកស្រាយ នៅពេលមានភាពចលាចលធ្វើឱ្យប៉ះពាល់ដល់អំណាច ឬក៏ប្រជាពលរដ្ឋមានការងើបបះបោរ ឬក៏កម្មករ - កម្មការិនីនៅពេលអនាគតនឹងមានការចេញធ្វើបាតុកម្មទាមទារអត្ថប្រយោជន៍របស់ពួកគាត់ វាងាយស្រួលទៅដល់នាយករដ្ឋមន្ត្រីនៅក្នុងការស្នើដាក់ប្រទេសស្ថិតនៅក្នុងគ្រាអាសន្នហ្នឹង»។
យុវជន វ៉ន ចាន់ឡូត ជឿជាក់ថា ច្បាប់នេះនឹងចូលជាធរមានដោយគ្មានឧបសគ្គឡើយ ពីព្រោះស្ថាប័ននីតិប្បញ្ញត្តិគ្រប់ជាន់ថ្នាក់ ចាំតែប្រថាប់ត្រាលើសេចក្ដីព្រាងច្បាប់ដែលស្នើឡើងដោយរដ្ឋាភិបាល ស្របពេលព្រះមហាក្សត្រមិនមានព្រះរាជសិទ្ធិបដិសេធច្បាប់ដែលត្រូវបានបញ្ជូនទៅឱ្យព្រះអង្គឡាយព្រះហស្ថលេខានោះឡើយ។
ស្រដៀងគ្នានេះ សកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅក្រៅប្រទេស កញ្ញា សៅ ឧសភា យល់ថា ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ននេះ មានចរិតរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ និងបើកដៃឱ្យមានការបង្ក្រាបលើសំឡេងរិះគន់រដ្ឋាភិបាល។ កញ្ញាមើលឃើញទៀតថា ច្បាប់នេះហាក់មិនបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនោះឡើយ ប៉ុន្តែគឺជាអាវុធសម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបង្ក្រាបអ្នកប្រឆាំងនឹងគម្រោងផ្ទេរអំណាចពីគាត់ទៅឱ្យកូនរបស់គាត់ទៅវិញទេ៖ «ខ្ញុំគិតថា ច្បាប់នេះគ្រាន់តែគាត់ចង់បន្លាចក្រុមបក្ខពួកគាត់មួយចំនួនដែរ ដែលចង់ប្រឆាំងតវ៉ាគាត់ហ្នឹង។ គឺច្បាប់នេះ គាត់ចង់ថែរក្សាអំណាចផ្ដាច់ការរបស់គាត់ ហើយចង់ផ្ទេរតំណែងពីឪពុកទៅកូនរបស់គាត់តែប៉ុណ្ណឹងឯង ព្រោះច្បាប់នេះ វាអត់មានផលចំណេញអ្វីសម្រាប់ប្រជាពលរដ្ឋប៉ុន្មាននោះទេ»។
រដ្ឋសភា និងព្រឹទ្ធសភា ដែលជាស្ថាប័នត្រូវជជែកដេញដោលច្រើនពីចំណុចវិជ្ជមាន និងអវិជ្ជមាននៃច្បាប់នោះ មិនបានពិភាក្សាស៊ីជម្រៅលើសេចក្តីព្រាងច្បាប់នេះឡើយ ហើយអង្គនីតិបញ្ញត្តិនីមួយៗបានប្រើពេលប្រមាណតែ២ ម៉ោងប៉ុណ្ណោះ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់នេះ។ ក្រោយឆ្លងផុតសភាទាំងពីរថ្នាក់នេះហើយ សេចក្តីព្រាងច្បាប់នេះនឹងទៅដល់ដៃក្រុមប្រឹក្សាធម្មនុញ្ញក្នុងពេលឆាប់ៗ មុននឹងត្រូវបញ្ជូនបន្តទៅអង្គព្រះមហាក្សត្រដើម្បីឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើ។
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានសារភាពនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី០៧ មេសាថា ទោះជាគ្មានច្បាប់នេះក៏ដោយ ក៏លោកអាចប្រើកម្លាំងប្រដាប់អាវុធដើម្បីបង្ក្រាប និងរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋបានដែរ។ លោកបញ្ជាក់ថា ភាគរយខ្ពស់បំផុត គឺច្បាប់នេះនឹងមិនយកមកប្រើក្នុងវិបត្តិរាតត្បាតនៃជំងឺកូវីដ-១៩ ឡើយ ប៉ុន្តែលោកទុកប្រើនៅកាលៈទេសៈណាមួយដែលស្ថានការណ៍ស្រុកទេសគ្រប់គ្រងលែងបាន។ អ្នកសារព័ត៌មានមួយរូប បានជជីកសួរលោកត្រង់ចំណុចនេះថា តើស្ថានភាពបែបណាដែលចាត់ទុកថា ជាភាពអាសន្ន ហើយត្រូវប្រើច្បាប់នេះ ស្រាប់តែលោក ហ៊ុន សែន បានបញ្ចេញឥរិយាបថបែបច្រឡោងខាម ដោយឱ្យអ្នកសារព័ត៌មានរូបនោះស្បថឱ្យស្លាប់ បើសំណួរនេះគ្មានអ្នកជំរុញឱ្យសួរ។ នៅពេលអ្នកសារព័ត៌មានហ៊ានស្បថ ថា នេះជាសំណួររបស់គេផ្ទាល់ គ្មានអ្នកជំរុញឱ្យសួរនោះ ស្រាប់តែលោក ហ៊ុន សែន និយាយបន្លប់លិចកើត ហើយឆ្លើយតបបែបមិនច្បាស់លាស់ថា កាលណាសភាពការណ៍ត្រួតត្រាលែងបាន លោកនឹងប្រើច្បាប់នេះ៖ «កាលណាសភាពការណ៍ត្រួតត្រាលែងបានដោយបទបញ្ជា ដោយការអំពាវនាវហើយ គេដាក់ហើយ កុំឆ្ងល់ពេក និយាយជារួមអ៊ីចឹងតែម្តងទៅ ឱ្យវាស្រួលស្តាប់។ អាហ្នឹងវាត្រូវអ៊ីចឹង ប្រទេសណាក៏គេធ្វើអ៊ីចឹង។ ហេតុអ្វីបានជាកម្ពុជាមិនអាចធ្វើបាន ? ហើយមកបន្ទោសថា ឆ្លៀតយកអាកូវីដ ដើម្បីធ្វើច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្នដើម្បីបំបិទមាត់ សិទ្ធិអ្នកបញ្ចេញមតិនៅពេលក្រោយ។ យី ! ហ្អែង ចង្រៃមែនតែម្ដងវ៉ី»។
ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ដែលរបបលោក ហ៊ុន សែន ធ្វើដោយប្រញាប់ប្រញាល់ក្នុងរដូវកាលជំងឺកូវីដ-១៩ នេះ មានចំនួន៥ ជំពូក ចែកជា១២ មាត្រា។ ច្បាប់នេះបើកដៃឱ្យរដ្ឋាភិបាលអាចកម្រិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមបានផងដែរ។ ជាងនេះទៅទៀត រដ្ឋាភិបាលអាចដាក់ចេញវិធានការអ្វីក៏បានឱ្យតែយល់ថា សមស្រប និងចាំបាច់ ដើម្បីឆ្លើយតបនឹងភាពអាសន្ននោះ រហូតដល់អាចប្រើកងទ័ពគ្រប់គ្រងសភាពការណ៍ទៀតផង។ អ្នកហ៊ានល្មើសនឹងបញ្ញត្តិច្បាប់នេះ អាចជាប់គុករហូតដល់១០ ឆ្នាំ និងរងពិន័យជាប្រាក់ដល់១០ លានរៀល។ ចំណែក ស្ថាប័នចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ដូចជា ក្រុមហ៊ុន គណបក្សនយោបាយ អង្គការ-សមាគម សហជីព និងស្ថាប័នព័ត៌មាន ជាដើមនោះវិញ អាចនឹងត្រូវរងពិន័យជាប្រាក់រហូតដល់ ២៥ម៉ឺនដុល្លារអាមេរិក និងទោសព្រហ្មទណ្ឌផ្សេងទៀត បើហ៊ានតែល្មើសបញ្ញត្តិច្បាប់នេះ។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក ពិនិត្យឃើញថា ច្បាប់នេះហាក់មិនបម្រើប្រយោជន៍សាធារណៈនោះទេ ព្រោះច្បាប់នេះផ្ដោតតែលើការរឹតត្បិតសិទ្ធសេរីភាព និងទោសទណ្ឌលើពលរដ្ឋ និងក្រុមសង្គមស៊ីវិល។ លោកយល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆក់ឱកាសវិបត្តិជំងឺកូវីដ-១៩ នេះ ដើម្បីធ្វើច្បាប់ទុកការពារអំណាចតវង្សត្រកូលរបស់គាត់ ហើយជនណាក៏ដោយដែលប្រឆាំងនឹងគម្រោងនេះនឹងក្លាយជាទិសដៅនៃការបង្ក្រាប៖ «ប្រសិនបើចូលជាធរមាន អ្នកដែលហ៊ានងើបប្រឆាំងជាមួយនឹងអ្វីដែលជាការផ្ទេរអំណាចពីឪពុកទៅកូនហ្នឹង គឺនឹងត្រូវជាប់ទោស ហើយនិងបាត់បង់អំណាច និងតួនាទី។ ខ្ញុំគិតថា នៅពេលដែលច្បាប់ហ្នឹងចូលជាធរមាន គណបក្សប្រជាជនទាំងផ្ទៃក្នុងហ្នឹង គឺមិនហ៊ានងើបប្រឆាំងជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ»។
អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានវាយតម្លៃថា ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ននេះ រំលោភសិទ្ធឯកជន រឹតត្បិតការបញ្ចេញមតិដោយសេរី និងធ្វើឱ្យការជួបប្រជុំដោយសន្តិវិធីក្លាយជាបទល្មើសព្រហ្មទណ្ឌ។
ដោយឡែក អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) វិញ ពិនិត្យឃើញថា ក្រៅពីដកហូតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋហើយនោះ ច្បាប់ថ្មីនេះផ្ដល់សិទ្ធិអំណាចគ្មានដែនកំណត់ និងគ្មានការត្រួតពិនិត្យដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបង្ក្រាបអ្នកប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាល។ អង្គការសិទ្ធិមនុស្សដដែលនេះគូសបញ្ជាក់ថា ច្បាប់នេះនឹងជួយលោក ហ៊ុន សែន ឱ្យកាន់អំណាចផ្ដាច់ការយូរអង្វែងតទៅមុខទៀត ជាពិសេសវានឹងជួយឱ្យការដឹកនាំបែបផ្ដាច់ការរបស់គាត់ក្លាយជាស្របច្បាប់ និងមានលក្ខណៈផ្លូវការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។