រដ្ឋាភិបាល​ខ្ជះខ្ជាយ​ថវិការដ្ឋ​ដែល​ផ្ដល់​ដំណែង​យកចិត្ត​អ្នក​សុំ​ចុះ​ជាមួយ​បក្ស​កាន់​អំណាច

0:00 / 0:00

ក្រុមយុវជន​មួយ​ចំនួន​លើក​ឡើង ថា ការ​ផ្ដល់​ដំណែង​តួនាទី​ខ្ពស់​ឱ្យ​អ្នក​សុំ​ចុះចូល ជាមួយ​គណបក្ស​កាន់អំណាច​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​ការយក​ធនធាន​រដ្ឋ​ទៅ​ចំណាយ​ខ្ជះខ្ជាយ​។ ពួកគេ​ស្នើ​ឱ្យ លោក ហ៊ុន សែន គិតគូរ​ពី​យុវជន​ដែល​មាន​ចំណេះ​ជំនាញ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​អភិវឌ្ឍ​ជាតិ។ មន្ត្រី​សង្គម​ស៊ីវិល​យល់ឃើញ​ថា រដ្ឋាភិបាល​គួរតែ​បែងចែក​ឱ្យ​ដាច់​រវាង​ប្រយោជន៍​ជាតិ​និង​ប្រយោជន៍​បុគ្គល ព្រោះ​ធ្វើឱ្យ​ខាត​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។

យុវជន​មួយចំនួន​ដែល​មាន​ចំណេះដឹង ប៉ុន្តែ​ពុំ​ទទួល​បាន​ឱកាស​បញ្ចេញ​សមត្ថភាព​ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​ប្រទេសជាតិ ដោយសារតែ​ពួកគេ​មិនបាន​ចុះចូល​ជាមួយ​រដ្ឋាភិបាល លោក ហ៊ុន សែន ចាត់ទុក​ការផ្ដល់​តំណែង និង​តួនាទី​ទៅ​ឱ្យ​អ្នក​ចុះចូល​ថា ជា​ការ​រើសអើង និង​ប្រកាន់​បក្ខពួក។

និស្សិត​សិក្សា​ផ្នែក​ភាសា​អង់គ្លេស​នៅ​រាជធានី​ភ្នំពេញ កញ្ញា ចៀន សុណា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​០១ កក្កដា ថា កញ្ញា​សោកស្ដាយ​ដែល​រដ្ឋាភិបាល​មិន​គិតគូរ​ពី​យុវជន​មាន​សមត្ថភាព ហើយ​បែរ​ជា​ផ្ដល់​តួនាទី​ដល់​មនុស្ស​មិនបាន​បម្រើ​ប្រយោជន៍​ឱ្យ​សង្គមជាតិ​ទៅវិញ​។ កញ្ញា​បន្តថា បញ្ហា​នេះ​ធ្វើឱ្យ​យុវជន​ខ្លះ​បោះបង់​ការ​សិក្សា ហើយ​ចំណាកស្រុក​ដើម្បី​រក​ការងារ​ធ្វើ​ដូចជា​បងប្រុស​កញ្ញា​ដោយសារតែ​អស់​ជំនឿ​លើ​ការរក​ការងារ​ធ្វើ​នៅក្នុង​ស្រុក។

កញ្ញា ចៀន សុណា៖ «ផ្ដល់​តួនាទី​ឱ្យ​អ្នក​ទាំង​ហ្នឹង​ដែល​គ្មាន​ចំណេះដឹង​តាមតែ​អំពើ​ចិត្ត​គាត់​ដែល​គាត់​ចង់​បញ្ចូល​ក៏​បញ្ចូលចង់​ដក​ចេញ​ក៏​ដកចេញ យើង​ឃើញ​ថាមែន​ត្រឹមតែ​បញ្ចូល​ទេ​អ្នក​ជិតស្និត​នៅក្បែរ​ខ្លួន​គាត់​ចង់​ដក​ចេញ​ក៏​ដកចេញ​អ៊ីចឹង​ទៅប៉ះពាល់​ដល់​អារម្មណ៍​យុវជន​ដូចគ្នា​ដែរ​គាត់​ប្រឹងរៀន​សូម្បីតែ​ខ្ញុំ​ក៏មាន​អារម្មណ៍​អ៊ីចឹង​ដែរ»។

គេ​សង្កេត​ឃើញ​ថាក្នុង​ចំណោម​អ្នក​ដែល​ចុះចូល​ជាមួយ​លោក ហ៊ុន សែន មួយចំនួន បើទោះជា​អ្នកខ្លះ​ទទួល​បាន​តំណែង​ធំៗ​នៅក្នុង​ស្ថាប័នរដ្ឋ​ក្ដី ក៏ប៉ុន្តែ​ពួកគេ​ទាំងនោះ​ហាក់​ទៅ​បម្រើ​បក្ស​កាន់​អំណាច​ជាង​បម្រើ​ពលរដ្ឋ ឬ​ត្រូវ​បាន​បក្ស​កាន់អំណាច​ប្រើប្រាស់​ជា​ឧបករណ៍​សម្រាប់​បម្រើ​នយោបាយ​វាយប្រហារ​ទៅលើ​គូប្រជែង​របស់​រដ្ឋាភិបាល​ទៅវិញ ជាពិសេស​គឺ រិះគន់​មន្ត្រី​គណបក្ស​ប្រឆាំង និង​ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដោយ​ចោទ​ថា លោក សម រង្ស៊ី ជា​ជន​ក្បត់​ជាតិ​ដូច​ការលើកឡើង​របស់​លោក ហ៊ុន សែន ជាដើម។

ដោយឡែក​អ្នកសិក្សា​ផ្នែក​ច្បាប់ ព្រះតេជព្រះគុណ លឹម ប៊ុនថាត មាន​ថេរ​ដីកា​ថា គឺជា​រឿង​មិន​ត្រឹមត្រូវ​ដោយ​គ្រាន់តែ​មានការ​សុំទោស​ហើយ​ផ្ដល់​ដំណែង​បែបនេះ​ពីព្រោះ​គឺ​ខុស​ទៅនឹង​នីតិវិធី​ច្បាប់​ជ្រើសរើស​មន្ត្រី​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ ។ ព្រះអង្គ​បន្តថា​ការ​ផ្ដល់​ដំណែង​នេះ​នឹង​ធ្វើឱ្យ មាន​ទំនាស់​ផលប្រយោជន៍​កើតឡើង​ជាពិសេស​ការរើសអើង​និន្នាការ​នយោបាយ។

ព្រះតេជព្រះគុណ លឹម ប៊ុនថាត៖ «ការ​ផ្ដល់​ដំណែង​ធំៗ​ដល់​អ្នក​ចូល​ចុះ​ជាមួយ​គណបក្ស​នយោបាយ​នេះ​ទី​១ វា​អាច​បាត់បង់​ឱកាស​ការងារ​ដល់​ធនធាន​ផ្សេងទៀត ដែល​គាត់​ចង់​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​នឹង​ដែល អ្នក​ដែល​មាន​សមត្ថភាព​ពិតប្រាកដ ប៉ុន្តែ​គាត់​អត់​មាន​កន្លែង​បញ្ចេញ​សមត្ថភាព ទី​២ អាត្មា​គិតថា វា​គ្រាន់តែ​ជាការ​គាំទ្រ​នូវ​និន្នាការ​នយោបាយ​របស់ខ្លួន​ឯង​តែប៉ុណ្ណោះ​វា​អត់​មាន​ការ​បម្រើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​រួម​ទាំងអស់គ្នា​គឺ​អត់​ទេ»។

ព្រះអង្គ​សង្កេត​ឃើញ​ថា អ្នក​ចុះចូល​ទាំងនោះ​បាន​ទទួល​តំណែង​ហើយ គឺ​មិនបាន​ជួយ​ដោះស្រាយ​បញ្ហា​ដល់​ពលរដ្ឋ​នោះទេ ប៉ុន្តែ​បែរ​ជា​យក​ដំណែង​នោះ​ដើម្បី​គាប​សង្កត់​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ទៅវិញ។

ក្រៅពី​អ្នក​នយោបាយ​សុំ​ចុះចូល​នោះ ក៏​នៅ​មាន​យុវជន សកម្មជន​សង្គម និង​សកម្មជន បរិស្ថាន អ្នកសារព័ត៌មាន ជាដើម ដែល​អ្នកខ្លះ ធ្លាប់​ជាប់​គុក​ច្រវាក់ ដោយសារតែ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពួកគេ ហើយ​ត្រូវ​រដ្ឋាភិបាល​ចាប់​ដាក់គុក​នោះ ក៏​ពួកគេ​មួយចំនួនរ​ត់ទៅ​ចុះចូល ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែរ​។ ក្រោយ​ពី​ពួកគេ​ទៅ​ចុះចូល​ហើយ​នោះ ក៏​ចេញ​មុខ​មក​វាយប្រហារ​អតីត​ក្រុមការងារ​ដែល​ធ្លាប់​ធ្វើការ​ជាមួយគ្នា ហើយ​តែងតែ​ចោទ​សកម្មជន​បរិស្ថាន និង​សកម្មជន​សង្គម​ថា​ជា​ក្រុម​ញុះញង់​ដើម្បី​បំផ្លាញ​សន្តិភាព​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជាដើម។

ចំណែកឯ​សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក លី ចាន់ដារ៉ាវុធ លើកឡើង​ថាគឺ​ជា​ការ​ខ្ជះខ្ជាយ​ថវិការដ្ឋ​ដែល​ចំណាយ​ទៅលើ​ក្រុមមនុស្ស​ចុះចូល​ទាំងនោះ ព្រោះ​អ្នក​ទាំងនោះ​មានតែ​ដំណែង​តែ​គ្មាន​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​នោះ​ទេ។ លោក​បន្ត​ថា អំពើពុករលួយ​នៅក្នុង​ស្ថាប័នរដ្ឋ​កើត​មាន​ឡើង​គឺ​ដោយសារ លោក ហ៊ុន សែន ចេះតែ​បន្ត​ឱ្យ​តំណែង​មនុស្ស​ដែល​គ្មាន​ចំណេះដឹង។

លោក លី ចាន់ដារ៉ាវុធ៖ «យើង​ហាក់ដូចជា​មិន​ឱ្យ​តម្លៃ​លើ​បញ្ញវន្ត​អ្នកមាន​សមត្ថភាព​លើកលែងតែ​ពេល​ហ្នឹង​និយាយ​លើកជើងលើកតម្កើង​សង្កេត​ឃើញ​ថាបណ្ឌិត​មួយចំនួន​និយាយ​មិនសូវ​កាន់ជើង​រដ្ឋាភិបាល​មិន​ទទួល​បាន​មុខងារ​អី​ទេ ហើយក៏​មិន​មាន​ការផ្ដល់​ឱកាស​ការងារ​អី​បាន​ច្រើន​ដែរ បើ​គាត់​ចុះ​ចូលទៅ​ទើប​ផ្ដល់​ដំណែង​ណាមួយ​ឱ្យ​គាត់ អី​ផ្ដល់​ការងារ​ឱ្យ​ខ្លះៗ​អី​អ៊ីចឹង​ទៅ​ហើយ​អ្នកខ្លះ​ទៀត​គាត់​ចុះចូល​ទៅ ក៏​អត់​មាន​ការងារ​ធ្វើ​ទៀត​ក្រៅពី​ការងារ​អង្គុយ​និយាយ​វិទ្យុ​វាយប្រហារ​អតីត​សហការី​របស់ខ្លួន​អ៊ីចឹងទៅ»។

ក្រៅ​ពី​នេះ​នៅ​មាន​និន្នាការ​នៃ​ការផ្ដល់​តួនាទី​គ្រាក់ៗ​ដល់​សាច់​សាលោហិត សាច់ញាតិ របស់​ថ្នាក់​ដឹកនាំ​កំពូលៗ​នៃ​គណបក្ស​កាន់អំណាច​ឱ្យចូល​គ្រប់គ្រង​ក្នុង​ស្ថាប័ន​រដ្ឋ​ជាដើម ដែល​ធ្វើឱ្យ​កូន​កសិករ​ក្រីក្រ​ខំ​ស្វែងរក​ចំណេះវិជ្ជា​ដើម្បី​ទទួលបាន​ការងារ​ធ្វើ​នោះ​បាត់បង់​ឱកាស និង​យុវជន​ខ្លះ​បង្ខំចិត្ត​ទៅ​ក្រៅ​ប្រទេស​រក​ប្រាក់​ចំណូល ហើយ​ជូន​កាល​ត្រូវ​ថៅកែ​រំលោភបំពាន​លើ​រាងកាយ និង​ប្រើ​ហិង្សា​វាយដំ​ក៏មាន។

ជុំវិញ​រឿងនេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ច្រាន​ចោល​ការ​លើកឡើង​របស់​ក្រុម​យុវជន​ទាំងនេះ ថា ប្រាស​ចាក​ពី​ការ​ពិត​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។

​លោក សុខ ឥសាន៖ «លោកយឹម ស៊ីណន ដែលជា​យុវជន​មកពី​គណបក្សប្រឆាំង​ដែល​គាត់​ធ្លាប់​ធ្វើជា​យុវជន​នៅ​កូរ៉េខាងត្បូង​លោក​មួយ​ចំនួន​ទៀត​យើង​ឃើញថា បូកសរុប​ទៅ​បួន ដប់​នាក់​អីហ្នឹង​មិនមែន​រាជរដ្ឋាភិបាល​លោក​មិន​មាន​ការ​ពិចារណា​ទេ​អាហ្នឹង​វា​អ៊ីចឹង»។

បើទោះជា​លោក សុខ ឥសាន អះអាង​បែបនេះ​ក្ដី គេ​មើលឃើញថា សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន ដែល​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាចទទួល​បាន​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ភ្លាមៗ ក្រោយ​ប្រកាស​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច និង​ក្រោយ​បាន​ជួប​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ជុំវិញ​បញ្ហា​នេះ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មាន​ប្រសាសន៍ការ​ផ្ដល់​ដំណែង​ច្រើន​ដែល​មិនបាន​បម្រើ​ប្រយោជន៍​ដល់​សាធារណជន​បង្កឱ្យមាន​ទំនាស់​ផលប្រយោជន៍ និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​លើ​រដ្ឋាភិបាល​។ លោក​បន្ត​រដ្ឋាភិបាល​គួរតែ​ជ្រើសរើស​មន្ត្រី​ណា​ដែល​មាន​ឆន្ទៈ​បម្រើ​ប្រជាពលរដ្ឋ និង​បើក​ឱកាស​ឱ្យ​មន្ត្រី​គណបក្ស​នយោបាយ​ដទៃទៀត​បាន​ចូលរួម​បម្រើ​ជាតិ។

លោក ប៉ិច ពិសី៖ «ជា​អនុសាសន៍​រួម​ខ្ញុំ​គិតថា​គួរតែ​ផ្ដោត​លើ​ការ​បង្កើន​ប្រសិទ្ធភាព​ លទ្ធផល​ការ​អនុវត្ត​តួនាទី​របស់​មន្ត្រី​សាធារណ​ឱ្យ​បាន​ត្រឹមត្រូវ​ហើយ​ផ្ដល់​សេវា​សាធារណៈ​ដល់​ពលរដ្ឋ​ល្អ​ហ្នឹង​ជាជាង​រើស​មន្ត្រី​ច្រើនពេក​ដែល​ធ្វើ​ឱ្យ​ថវិកាជាតិ​រឹតតែ​ខើច​ហើយ​ធ្វើ​ឱ្យ​ចំណាយ​មូលធន​ចំណាយ​លើ​ការ​វិយោគ​សំខាន់ៗ​មាន​ចំនួន​តិច​ហើយ​អាច​ការ​ថមថយ»។

លោក ប៉ិច ពិសី បញ្ជាក់​ថា បញ្ហា​ក្នុងសង្គម​កម្ពុជា​បច្ចុប្បន្ន​យុវជន​ដែល​មិន​មាន​ការងារ​ធ្វើ​ភាគច្រើន ដោយសារតែ​គ្មាន​ទីផ្សារការងារ អំពើពុករលួយ​ក្នុង​ស្ថាប័នរដ្ឋ ប្រកាន់​និន្នាការ​នយោបាយ និង​លើក​បន្តុប​កូនចៅ ឬ​បក្ខ​ពួកខ្លួន​ដែលមាន​គំនិត​ស្រប​ជាមួយ​គណបក្សកាន់អំណាច​ឱ្យ​កាន់ដំណែង​ក្នុង​ជួរ​ស្ថាប័នរដ្ឋ ។ កត្តា​ទាំងនេះ​ធ្វើឱ្យ​យុវជន​មួយចំនួន​បង្ខំចិត្ត​ធ្វើការ​ចំណាកស្រុក។

របាយការណ៍​ក្រសួង​ការងារ ចេញផ្សាយ​កាលពី​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣ បង្ហាញ​ថា ពលករ​កម្ពុជា កំពុង​ធ្វើ​ការ​នៅក្រៅ​ប្រទេស​ជាង​១​លាន​៣​សែន​នាក់ (១.៣២១.៥០៦) ក្នុងនោះ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ចំនួន​ជិត​៥​ម៉ឺន​នាក់ (៤៩.៧៣៨) ។ ប៉ុន្តែ​របាយការណ៍​របស់​អង្គការ (Central) បង្ហាញ​ថា​មាន​ពលករ​ខ្មែរ​កំពុង​នៅ​ធ្វើការ​ដោយ​ស្របច្បាប់ និង​មិន​ស្របច្បាប់​នៅ​ប្រទេស​ថៃ​ប្រមាណ​២​លាន​នាក់។

ក្រុមយុវជន​អំពាវនាវ​ដល់ លោក ហ៊ុន សែន រៀបចំ​កំណែទម្រង់​នៅតាម​ខេត្ត រាជធានី​ឱ្យស្រប​តាម​គោល​នយោបាយ​ដែល​បាន​ចែង​ដាក់បញ្ចូល​យុវជន​មាន​ធនធាន​ក្នុង​ស្ថាប័នរដ្ឋ លើក​កម្ពស់​វិស័យ​អប់រំ និង​ទប់ស្កាត់​អំពើពុករលួយ ជាពិសេស​ឈប់​ចំណាយ​ថវិកាជាតិ​ផ្ដេសផ្ដាស​ទៅលើ​ក្រុមមនុស្ស​គ្មាន​ឆន្ទៈ​បម្រើ​ជាតិ​។ ពួកគេ​ថា​ប្រសិនបើ​លោក ហ៊ុន សែន កែប្រែ​នៅពេលនេះ​នឹងធ្វើ​ពលរដ្ឋ​មាន​ទំនុកចិត្ត​ឡើងវិញ​អាច​នឹង​ចំណេញ​ដល់​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។