ប្រទេស​ទន្លេ​មេកុង​គ្រោង​រួមគ្នា​បង្កើត​ក្រុមហ៊ុន​លក់​ស្រូវ

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អា.អេហ្វ.ប៉េ. រាយការណ៍​ថា ក្រុម​ប្រទេស​តាម​បណ្តោយ​ទន្លេ​មេកុង​មាន​កម្ពុជា ថៃ ភូមា លាវ និង យៀកណាម មាន​គម្រោង​សហការ​​គ្នា​បង្កើត​ជា​ក្រុមហ៊ុន​អន្តរជាតិ ផ្តាច់មុខ​លក់​ស្រូវ​មួយ​ឡើង គឺ​ធ្វើ​ត្រាប់​តាម​ក្រុម​ប្រទេស​នាំ​ចេញ​ប្រេងកាត ឬ អូប៉ិក ។

ដំណឹង​ពី​ទីក្រុង​បាងកក​ប្រទេស​ថៃ ឲ្យ​ដឹង​ថា នាយករដ្ឋមន្ត្រី​ថៃ សាម៉ាក់ ស៊ុនថរ៉ៈវេត បាន​ប្រាប់​អ្នកកាសែត​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​បាន​ចរចា​ជាមួយ​មេដឹកនាំ​ភូមា ហើយ​បាន​អញ្ជើញ​ឲ្យ​ភូមា​ចូលរួម​ក្នុង​ក្រុមហ៊ុន​អន្តរជាតិ​នៃ​ប្រទេស​ផលិត​ស្រូវ ដែល​នឹង​រួមមាន​យៀកណាម លាវ និង កម្ពុជា ផង ដើម្បី​កំណត់​តម្លៃ​អង្ករ ។

លោក​នាយករដ្ឋមន្ត្រី​ថៃ ក៏​មាន​ប្រសាសន៍​ផងដែរ​ថា ថៃ​នឹង​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​ប្រទេស​ជា​សមាជិក​ក្នុង​ការកែលំអ​គុណភាព​ផលិតផល​សម្រាប់​នាំចេញ ។

លោក​ថា កម្ពុជា លាវ និង​យៀកណាម បាន​យល់ព្រម​ចូលរួម​ក្នុង​គម្រោង​នេះ​ហើយ ដែល​ក្រុមហ៊ុន​អន្តរជាតិ​នេះ នឹង​មាន​ឈ្មោះ​ថា អង្គការ​ប្រទេស​នាំចេញ​ស្រូវ ហៅកាត់​ថា អូរ៉ិក ៕