រយៈពេល ៦ខែ មន្ត្រីនគរបាលជិត ២០០នាក់ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌពាក់ព័ន្ធគ្រឿងញៀន
2024.03.09
ក្រសួងមហាផ្ទៃបង្ហាញថា រយៈពេលជាង ៦ខែ មន្ត្រីនគរបាល ១៦០នាក់ ត្រូវបានបណ្ដេញនិងលុបឈ្មោះចេញពីក្របខ័ណ្ឌ បន្ទាប់រកឃើញថា មន្ត្រីទាំងនោះ បានប្រើប្រាស់គ្រឿងញៀន។ ជុំវិញរឿងនេះ សង្គមស៊ីវិលចង់ឃើញក្រសួងស្វែងរកនិងចាត់វិធានការលើអ្នកជួញដូរសំខាន់ៗ។
ការដកហូតមុខតំណែង និងបណ្ដេញមន្ត្រីនគរបាលជាតិចេញពីក្របខ័ណ្ឌចំនួន ១៦០នាក់នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ឡើងកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី ហើយបានអនុវត្ត «យុទ្ធនាការសម្អាតផ្ទះខ្ញុំ»។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៩ មីនា ថា ការធ្វើតេស្ដរកសារធាតុញៀនមន្ត្រីកងកម្លាំងនគរបាលជាតិចំណុះក្រសួងមហាផ្ទៃ សម្រេចបានជាង ៨០% ហើយមួយចំនួនកំពុងបន្តធ្វើតេស្ត និងមួយចំនួនទៀតកំពុងរៀបចំលទ្ធផលបញ្ជូនទៅថ្នាក់ដឹកនាំសម្រេច។ លោកថា យុទ្ធនាការនេះ ឱ្យមន្ត្រីនគរបាលជាគំរូដល់យុវជន និងមហាជន ក្នុងនាមជាអ្នកអនុវត្តច្បាប់ និងបង្ក្រាបបទល្មើស។
លោក ទូច សុឃៈ ថា រយៈពេល ៦ខែនៃដើមអាណត្តិទី៧នេះ ក្រសួងបានសម្រេចបណ្ដេញមន្ត្រីនគរបាលចំនួន ១៦០នាក់ ចេញពីក្របខ័ណ្ឌ បន្ទាប់ឃើញមន្ត្រីទាំងនោះ ប្រើប្រាស់សារធាតុញៀន។
លោក ទូច សុឃៈ៖ «ទន្ទឹមការស៊ើបអង្កេតស្រាវជ្រាវបន្តទៀត ប្រកបដោយការប្រុងប្រយ័ត្នតាមជំនាញបច្ចេកទេស ហើយគោរពទៅតាមនីតិវិធី ដែលកំណត់ដោយច្បាប់។ ការស្រាវជ្រាវរកជនល្មើស មិនមែនជាការងាយស្រួលទេ ដែលយើងនិយាយជាចំហធ្វើឱ្យបាត់ដាន បាត់មុខសញ្ញា ដែលគេហៅថា គោះទឹកបង្អើលត្រីនោះឡើយ»។
មន្ត្រីដែលត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ និងទម្លាក់ពីតួនាទី គឺមានមន្ត្រីនគរបាល មន្ត្រីថ្នាក់ខេត្ត និងនាយទាហានជាច្រើននាក់ ដែលមានតំណែងចាប់ពីថ្នាក់វរសេនីយ៍ រហូតដល់ឧត្ដមសេនីយ៍ទោផ្កាយ២ ដែលភាគច្រើនមកពីក្រសួងមហាផ្ទៃ ដោយរកឃើញថា ល្មើសវិន័យការងារ ជាប់ពាក់ព័ន្ធគ្រឿងញៀន និងប្រព្រឹត្តអំពើពុករលួយ រហូតជាប់ពាក្យបណ្ដឹងនៅតុលាការ ក្រោយពេលបញ្ចប់តួនាទី។
ប្រធានមជ្ឈមណ្ឌលប្រជាជន ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៩ មីនា ថា រដ្ឋាភិបាលគួរតែរកអ្នកពាក់ព័ន្ធចែកចាយ ជួញដូរ និងអ្នកលក់គ្រឿងញៀន ត្រូវយកអ្នកទាំងនោះ មកប្រឈមចំពោះមុខច្បាប់ ដើម្បីទប់ស្កាត់ និងឈានទៅលុបបំបាត់បទល្មើសគ្រឿងញៀននៅកម្ពុជាឱ្យមានប្រសិទ្ធភាព ដែលបានធ្វើឱ្យប៉ះពាល់ដល់យុវជន ប្រជាពលរដ្ឋ និងសន្តិសុខសហគមន៍ជាដើម។
លោក យង់ គិមអេង៖ «អាស្រ័យលើឆន្ទៈពិតប្រាកដរបស់ក្រសួង បើក្រសួងពិតជាខ្លាំង ហើយនឹងមានឥទ្ធិពលខ្លាំង គឺអាចចាប់បានដល់អ្នកចែកចាយ អ្នកជួញដូរធំៗ ឬមន្ត្រីពាក់ព័ន្ធធំៗ ដែលពាក់ព័ន្ធនឹងការជួញដូរ និងចែកចាយគ្រឿងញៀនហ្នឹង»។
លោក យង់ គិមអេង ថា ប្រសិនបើក្រសួងចាត់វិធានការតែមន្ត្រីដែលប្រើប្រាស់ គ្រឿងញៀននោះ គឺអាចបង្កើតឱ្យមានភាពអយុត្តិធម៌ចំពោះអ្នកតូចតាច។ លោកសង្ឃឹមថា ក្រសួងមហាផ្ទៃនឹងប្រើដាវអាជ្ញាសឹករបស់ខ្លួន ក្នុងការវែកមុខរបស់អ្នកជួញដូរសំខាន់ៗ ហើយចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីកុំឱ្យមានមន្ត្រីធំៗណាមួយ ពាក់ព័ន្ធនឹងការជួញដូរ ចែកចាយគ្រឿងញៀននៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។