ក្រុមហ៊ុន​អាមេរិក​២​ព្រម​សង​ប្រាក់​ដល់​កម្មករ​រោងចក្រ​ឃីងឡែន

ក្រុមហ៊ុន​ធំ​២ ពី​សហរដ្ឋ​អាមេរិក គឺ​ក្រុមហ៊ុន វ៉ល ម៉ាត (Wal-Mart) និង អេច្ឆ អែន អឹម (H&M) ដែល​បាន​បញ្ជា​ទិញ​សំលៀក​បំពាក់​កាត់​ដេរ និង​សម្ភារៈ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ពី​រោងចក្រ ឃីងឡែន (Kingsland) បាន​យល់​ព្រម​ផ្ដល់​ប្រាក់​សំណង និង​ប្រាក់​អតីតភាព​ការងារ​ចំពោះ​កម្មករ កម្មការិនី ប្រមាណ​ជា ២០០​នាក់។
ដោយ ម៉ៅ សុធានី
2013.03.03
កម្មករ​រោងចក្រ​ឃីងឡែន​បន្ត​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​២ ៣០៥ កម្មករ​រោងចក្រ​ឃីងឡែន (Kingsland Garment Cambodia) តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​២ នៅ​ខាង​មុខ​រោងចក្រ ក្នុង​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ ទាមទារ​ប្រាក់​សំណង​ករណី​រោងចក្រ​បិទ​ទ្វារ កាល​ពី​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
RFA/Sochivy

តំណាង​កម្មករ ឃីងឡែន លោក អូន ប៊ុយ ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ ២​ថ្ងៃ​ជា​មួយ​ភាគី​ពាក់ព័ន្ធ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី​២ ខែ​មីនា តាម​ទូរស័ព្ទ​ថា ប្រាក់​សរុប​ទាំង​អស់​មាន​ចំនួន ២០​ម៉ឺន ៥​ពាន់​ដុល្លារ សម្រាប់​បើក​ឲ្យ​កម្មករ​ទាំង​នោះ។

កម្មករ​កម្មការិនី​ជាង ២០០​នាក់​នៃ​រោងចក្រ ឃីងឡែន បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​អត់​អាហារ ២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ និង​ទី​១ ខែ​មីនា ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ទូទាត់​ប្រាក់​សំណង​ទាំង​នោះ។

លោក អូន ប៊ុយ ថ្លែង​បន្ត​ថា លោក​មាន​ពេល ១០​ថ្ងៃ ដើម្បី​ធ្វើ​ការ​ពិនិត្យ​ស្រាវជ្រាវ​រក​ចំនួន​ឈ្មោះ​កម្មករ​ពិត​ប្រាកដ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​រោងចក្រ​បិទ​ទ្វារ​នេះ។

នាយក​មជ្ឈមណ្ឌល​សាមគ្គីភាព​ដែល​ជា​អង្គការ​គាំពារ​សិទ្ធិ​កម្មករ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោក ដេវីដ វ៉ែល្ស (David Welsh) ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នោះ​ដែរ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ប៊្លូម ប៊ឺក (Bloomberg) កាល​ពី​ថ្ងៃ​សៅរ៍ ទី​២ មីនា នេះ​ថា ការ​សម្រេច​យល់​ព្រម​ផ្ដល់​ប្រាក់​ដល់​កម្មករ​រោងចក្រ ឃីងឡែន នេះ ពីព្រោះ​ក្រុមហ៊ុន​បញ្ជា​ទិញ​នៅ​សហរដ្ឋអាមេរិក កំពុង​រង​ការ​គាប​សង្កត់ និង​ទទួល​ការ​ពិនិត្យ​ពិច័យ​លើ​ផលិតផល​ដែល​ខ្លួន​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ផ្សេងៗ ដូច​ជា​នៅ​កម្ពុជា ជាដើម។

លោក ដេវីដ វ៉ែល្ស សង្កត់​ធ្ងន់​ថា ការ​យក​ចិត្ត​ទុក​ដាក់​លើ​សុខទុក្ខ​របស់​កម្មករ​នៅ​កម្ពុជា ក៏​ត្រូវ​បាន​ជំរុញ​ឡើង បន្ទាប់​ពី​មាន​កម្មករ​រោងចក្រ​កាត់​ដេរ​ជាង ១០០​នាក់ នៅ​ក្នុង​ប្រទេស​បង់ក្លាដេស (Bangladesh) បាន​ស្លាប់​ដោយសារ​អគ្គិភ័យ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១២ កន្លង​មក​នេះ ម្ល៉ោះ​ហើយ​ក្រុមហ៊ុន​បញ្ជា​ទិញ​សំលៀក​បំពាក់​នៅ​សហរដ្ឋអាមេរិក ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​លក្ខខណ្ឌ​ការងារ និង​សិទ្ធិ​កម្មករ​ជា​ដើម។

នៅ​កម្ពុជា រោងចក្រ ឃីងឡែន បាន​បិទ​ទ្វារ​មិន​ដំណើរ​ការ​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ដោយ​មិន​បាន​បើក​ប្រាក់​សំណង​ផ្សេងៗ​ដល់​កម្មករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។