ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ធ្វើ​ពិធី​រំឭក​ខួប​មរណភាព​បណ្ឌិត កែម ឡី ៧​ឆ្នាំ

ដោយ ជួន ជំនាង
2023.07.10
ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ធ្វើ​ពិធី​រំឭក​ខួប​មរណភាព​បណ្ឌិត កែម ឡី ៧​ឆ្នាំ បណ្ឌិត កែម ឡី អ្នកវិភាគ​សង្គមដ៏​មាន​ប្រជាប្រិយភាព ត្រូវឃាតកបាញ់សម្លាប់ កាលពីថ្ងៃទី១០ កក្កដា ២០១៦។
រូប៖ ហ្វេសប៊ុកអ្នកស្រី ប៊ូ រចនា

អស់​រយៈពេល ៧​ឆ្នាំ​មក​ហើយ​ដែល​ឃាតក បាន​ឆក់​យក​ជីវិត​លោក បណ្ឌិត កែម ឡី អ្នកវិភាគ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​។ ខណៈ​ដែល​យុត្តិធម៌​ហាក់​នៅ​សែន​ឆ្ងាយ​សម្រាប់​ក្រុម​គ្រួសារ ទាំង​ក្រុម​គ្រួសារ​អ្នក​គោរព​ស្រឡាញ់​លោក បណ្ឌិត កែម ឡី មិន​ភ្លេច​ទេ​ការ​ធ្វើ​ពិធីបុណ្យ​ខួប​ជា​រៀងរាល់​ឆ្នាំ​ដើម្បី​រំលឹក​ពី​វីរភាព និង​ការ​ក្រើនរំលឹក​ដល់​រដ្ឋាភិបាល​ឲ្យ​ទទួលខុសត្រូវ​លើ​អំពើ​ឃាតកម្ម​នេះ។

កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី៩ ខែ​កក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ​ភរិយា​លោក កែម ឡី សហការ​ជាមួយ​សមាគម​ខ្មែរ​រដ្ឋ​វ៉ិកតូរីយ៉ា​បាន​រៀបចំ​ពិធីបុណ្យ​រំលឹក​ខួប​លើក​ទី៧ នៃ​មរណភាព​លោក​បណ្ឌិត កែម ឡី ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​តំណាង​អង្គការ​ជាច្រើន ព្រមទាំង​តំណាងរាស្ត្រ​រដ្ឋ​វ៉ិកតូរីយ៉ា លោក តាក ម៉េងហ៊ាង ព្រមទាំង​ពលរដ្ឋ​ដើមកំណើត​ខ្មែរ​រាប់​រយ​នាក់​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​រដ្ឋ​វ៉ិកតូរីយ៉ា នា​ទីក្រុង​ម៉ែលប៊ន (Melbourne)

ក្រៅពី​ការរៀបចំ​ពិធី​ឧទ្ទិស​កុសល​ជូន​សព​លោក​បណ្ឌិត កែម ឡី តាម​បែប​សាសនា​ដោយ​មាន​ការ​ប្រោះព្រំ ពី​ព្រះសង្ឃ ក៏​មាន​ផង​ដែរ​នូវ​ការ​ច្រៀង និង​ការ​ថ្លែងការណ៍​រំលឹក​ពី​ស្នាដៃ និង​វីរភាព​លោក​បណ្ឌិត។

បន្ទាប់ពី​ចប់​កម្មវិធី​សាសនា ពលរដ្ឋ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​លោក សៅ សុខន បាន​ឡើង ច្រៀង​ចំរៀង​មួយ​បទ​ដោយ​ការ​ប្រគុំ​ភ្លេង​ផ្ទាល់ខ្លួន​លោក​ផង ដើម្បី​រំលឹក​ពី​វីរភាព​របស់​លោក​បណ្ឌិត កែម ឡី ដែល​មាន​ចំណងជើង​ថា ដំណក់​ឈាម​វីរជន កែម ឡី។

ប្រធាន​សមាគម​ខ្មែរ​រដ្ឋ​វ៉ិកតូរីយ៉ា លោក ជា យូហ៊ន បាន​ប្រកាស​កាន់ទុក្ខ​ក្នុងនាម​ជា​ប្រធាន​សមាគម ព្រមទាំង​ថ្លែង​ពី​ការដែល​លោក​មិនអាច​បំភ្លេច​បាន​នូវ​ទស្សនា​ទាន​នានា​ដែល​លោក​បណ្ឌិត កែម ឡី បាន​បន្សល់ទុក​ដើម្បី​ដាស់តឿន​អ្នក​ជំនាន់​ក្រោយ ជាពិសេស​នៅត្រង់​ឃ្លា​ដែល​លោក​បាន​លើក​ឡើង​ថា ប្រសិនបើ​មាន​បញ្ហា​អ្វី យើង​ត្រូវ​ជូត​ទឹកភ្នែក រួច​បន្តដំណើរ​ទៅ​មុខ​ទៀត។ «»

តំណាង​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម លោក ម៉េង ប៊ុនឡាយ បាន​ថ្លែង​កោតសរសើរ​នូវ​វីរភាព​របស់​លោក​បណ្ឌិត កែម ឡី ថា​កុលបុត្រ​ស្នេហា​ជាតិ​ពិតប្រាកដ បើទោះបីជា​លោក​បាន​ជួប​លោក​បណ្ឌិត​ផ្ទាល់​តែ​ម្តង​គត់​ក៏ដោយ ក៏​លោក​ចូលចិត្ត​តាមដាន​នូវ​ការវិភាគ​ពី​បញ្ហា​សង្គម​របស់​លោក​បណ្ឌិត​ដែរ។

ប្រធាន​គណបក្ស​ភ្លើងទៀន​ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា លោក អ៊ិន ហែមរា ក៏​មិន​ភ្លេច​រំលឹក​ពី​វីរភាព​លោក​បណ្ឌិត កែម ឡី ដែល​ហ៊ាន​និយាយ​ការពិត បើទោះបីជា​លោក​ដឹង​ថា ការ​និយាយ​ការពិត​អាច​នាំ​ឲ្យ​រូបលោក​ផ្ទាល់​មាន​គ្រោះថ្នាក់​គ្រប់​បែបយ៉ាង​ក្តី។ «»

ចំណែក​សហ​មេធាវី​មួយ​រូប​របស់​លោក កឹម សុខា គឺ​លោក ចាន់ ចេន ដែល​បាន​អញ្ជើញ​ចូលរួម​បុណ្យ​រំលឹក​ខួប​លោក​បណ្ឌិត កែម ឡី បាន​គូសបញ្ជាក់​ពី​ស្ថានភាព​បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា ថា​ជា​ប្រទេស​គ្មាន​លទ្ធិប្រជាធិបតេយ្យ គ្មាន​យុត្តិធម៌ និង​គ្មាន​សេចក្តី​សុខ​ក្នុង​ផ្លូវចិត្ត និង​ផ្លូវកាយ​ជាដើម​។ «»

តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ លោក តាក ម៉េងហ៊ាង បាន​រំលឹក​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក បណ្ឌិត កែម ឡី ដែល​មាន​មាន​គោលបំណង​ពាំនាំ​នូវ​ការពិត​ប្រាប់​ដល់​ពលរដ្ឋ​ខ្មែរ នៅ​អូស្ត្រាលី ការសិក្សា​ពី​ការគ្រប់គ្រង​រដ្ឋបាល​នៅ​ប្រទេស​អូស្ត្រាលី និង​ការ​នាំ​ត្រឡប់​យក​ទៅ​វិញ​នូវ​ការអនុវត្ត​ល្អៗ​ដើម្បី​ជា​គំរូ​ដល់​ប្រទេស​កម្ពុជា​។ លោក​ក៏បាន​កោតសរសើរ និង​លើកទឹកចិត្ត​ឲ្យ​មានការ​រៀបចំ​ពិធី​រំលឹក​នេះ​ជា​រៀងរាល់​ឆ្នាំ ពីព្រោះ​វា​មិន​ត្រឹមតែ​ជា​ការ​រំលឹក​ពី​វីរភាព និង​ស្នាដៃ​ដែល​លោក​បាន​បន្សល់ទុក​សម្រាប់​ពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ​ទេ ប៉ុន្តែ​វា​ថែមទាំង​រំលឹក​ដល់​រដ្ឋាភិបាល​ពី​ការទទួលខុសត្រូវ​លើ​អំពើ​ឃាត​កម្ម​នេះ​។ មិនតែប៉ុណ្ណោះ​លោក​ក៏បាន​ថ្លែង​ផង​ដែរ​ថា ការ​យក​រឿង​ឃាតកម្ម​មក​ធ្វើការ​ប្រៀបធៀប​ជា​រឿង​ខាត ឬ​ចំណេញ​ជា​រឿង​អសីលធម៌​បំផុត​របស់​មេដឹកនាំ។ «»

មក​ទល់​ពេល​នេះ​មានតែ​បុរស​ម្នាក់​គាត់ ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែល​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​លើ​ករណី​ឃាតកម្ម​នេះ ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់ទុកថា ជា​ឃាតក​សិប្បនិម្មិត។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។